វិទ្យុ​អាស៊ី​សេរី បាន​ប្រកាស​ផ្អាក​ដំណើរការ

វិទ្យុ​អាស៊ី​សេរី បាន​ប្រកាស​ផ្អាក​ដំណើរការ។


, and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កាលពី​ព្រលប់​ម្សិលមិញ ​វិទ្យុ​អាស៊ីសេរី (RFA) បាន​ប្រកាស​ថា ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​ហើយ​ថា ការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​ចុង​ក្រោយ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ីសេរី បន្ត​បើក​ដំណើរការ​ការិយា​ល័យ​ព័ត៌មាន​របស់​ខ្លួន ដោយ​ធានា​អំពី​សុចរិតភាព នៃ​បេសកកម្ម​សារព័ត៌មាន​របស់​ខ្លួន​ជា​បន្ត​ទៅ​ទៀត​បាន​នោះ​ទេ។

ការ​ប្រកាស​នេះ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កាសែត Cambodia Daily បាន​បិទ​ទ្វារ​របស់​ខ្លួន​ដែរ។

សេចក្តី​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ខណៈដែល​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ ជា​វិទ្យុ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ ត្រូវបាន​គេ​មើល​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​របស់​ពួកគេ​ ត្រូវបាន​កាត់​បន្ថយ​​យ៉ាង​ច្រើន​ បន្ទាប់​ពី​មាន​ការ​បិទ​ស្ថានីយ​វិទ្យុ​ជាង ៣០ ដែល​បាន​ចាក់​ផ្សាយ​កម្មវិធី​របស់​ពួកគេ​នៅ​ទូទាំង​ប្រទេ​ស​។

កាល​ពី​ខែ​មុន​ ពួកគេ​ក៏ត្រូវ​ពិនិ​ត្យ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​ខកខាន​បង់ពន្ធ​និង​ករណី​មិន​មាន​អាជ្ញា​ប័ណ្ណ​ជាដើម។

លោកស្រី Libby Liu ប្រធាន​វិទ្យុ​អាស៊ីសេរី បាន​និយាយ​ថា វា​បាន​ក្លាយ​កាន់​តែ​ច្បាស់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មិន​មាន​បំណង​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​សារព័ត៌មាន នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ។

លោកស្រី​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ដោយ​ប្រើ​ប្រាស់​លេស​បន្តិច​បន្តួច​ អំពី​ការ​រំលោភ​បំពាន​ផ្នែក​រដ្ឋបាល ​និង​ពន្ធដារ​ អាជ្ញាធរ​បាន​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ជាច្រើន​ ដែល​ផ្សាយ​បន្ត​ពី​​វិទ្យុ​អាស៊ី​សេរី​ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​និង​វិទ្យុ​សំឡេង​​ប្រជាធិបតេយ្យ»។

លោកស្រី​បាន​ប្រៀប​ធៀប​ស្ថានភាព​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ ទៅ​នឹង​កាសែត Cambodia Daily ដែល​ត្រូវ​បាន​បិទ​កាល​ពី​សប្ដាហ៍​មុន ដោយ​សារ​តែ​ខក​ខាន​មិន​បាន​បង់​ពន្ធ​ចំនួន ៦,៣ លាន​ដុល្លារ​ ដែល​ត្រូវ​កំណត់​ពេល​មួយ​ខែ​ឲ្យ​បង់ពន្ធ​នោះ។

លោក​ស្រី​​បាន​ថ្លែង​ថា៖ «អាជ្ញាធរ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច​គ្នា​នេះ ​ដើម្បី​ប្រឆាំង​នឹង​វិទ្យុ​អាស៊ី​សេរី​ ទោះបីជា​យើង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពេញ​ទំហឹង ​នៅ​គ្រប់​ជំហាន​ ដើម្បី​គោរព​តាម​សំណើ​ទាំង​អស់​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដោយ​ស្មោះ​របស់​យើង​ ក្នុង​ការ​ចុះបញ្ជី​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ ​ដែល​មាន​អាជ្ញាប័ណ្ណ​ក្តី»។

អ្នក​នាំ​ពាក្យ​វិទ្យុ​អាស៊ីសេរី​លោក Rohit Mahajan គ្រាន់​តែ​បញ្ជាក់​ថា អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​របស់​ខ្លួន​នឹង​ឈប់​ធ្វើ​ការ​នៅក្នុង​ប្រទេស​ ហើយ​អ្វីៗ​អាច​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ការិយា​ល័យ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ វ៉ាស៊ីនតោន។

ជា​ការ​ឆ្លើយតប​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក អ៊ុក គឹមសេង បាន​ថ្លែង​​ថា​ ក្រសួង​មិន​មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បិទ​វិទ្យុ​ អាស៊ីសេរី ​នោះ​ទេ ដែល​វា​ជា​ការ​បោះ​ជំហាន​របស់​អ្នក​ផ្សព្វផ្សាយ​ និង​មិន​ត្រូវ​បាន​បង្ខំ​ដោយ​មន្ត្រី​ណា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «សួរ​ពួកគេ​មើល ថា​តើ​ក្រសួង​ព័ត៌មាន ​បាន​ធ្វើ​អ្វី​ ចំពោះ​សហការី​ការងារ​របស់​ពួកគេ​ទេ… ការ​ចោទ​ប្រកាន់​របស់​ពួកគេ​ទាំង​អស់​​មួល​បង្កាច់»។

នៅ​ព្រឹក​ថ្ងៃ​ដដែល​ សមា​ជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ ​បាន​​ថ្លែង​ថា​ លោក​នឹង​ផ្ញើ​លិខិត​មួយ​ទៅ​ក្រសួង​ ដើម្បី​ឲ្យ​ពន្យល់​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បិទ​ប្រេកង់​វិទ្យុ​ជាច្រើន​ ដោយ​អះអាង​ថា​ ការបិទ​នេះ​វា​មិន​ស្រប​តាម​ច្បាប់​សារព័ត៌មាន​នោះទេ​៕ NS


Contact authors: Ananth Baliga, នៀម ឆេង and ម៉ិច ដារ៉ា

What Next?

Recent Articles