ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការពុលអាហារក្នុងរដូវភ្ជុំបិណ្ឌ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ | សុខភាព


ក្រសួង​សុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះការពុលអាហារនានា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដោយថា រយៈពេលកាន់បិណ្ឌប៉ុន្មានថ្ងៃនេះ មានករណីពុលអាហារបានមានកើតឡើង។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថា អាហារដែលពលរដ្ឋគួរប្រុងប្រយ័ត្នជាងគេនោះ គឺអាហារនំបញ្ចុក អាហារជ្រក់ សាច់ចិញ្ជ្រាំប៉ាតេ រួមទាំងអាហារញាំ ឬអាហារផ្អាប់ជាដើម។

លោក លី សូវ៉ាន់ ឲ្យដឹងទៀតថា មូលហេតុបណ្តាលឲ្យពលរដ្ឋពុលអាហារ ដោយសារតែអាហារនោះគ្មានអនាម័យ ដែលមានផ្ទុកមេរោគប៉ាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត និងផ្ទុកសារធាតុគីមីច្រើនហួសកម្រិត។

លោកបន្ថែមថា៖ «រយៈពេលកាន់បិណ្ឌប៉ុន្មានថ្ងៃនេះ មានករណីពុល រប៉ិសរប៉ោះ ប៉ុន្តែមិនច្រើនទេ អញ្ចឹង ហើយបានយើងមានការព្រួយបារម្ភអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសក្នុងការអនុវត្ត អនាម័យ ធ្វើការទុកដាក់ឲ្យបានសមស្រប ដោយអាហារនោះ កុំទុកយូរ ត្រូវតែយកទៅផ្ញំ[កំដៅ]ឬយកទៅ ក្លេសេត្រជាក់ ដើម្បីកុំមេរោគឆ្លង»។

អនុប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការពុលអាហារឲ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យការនាំចូល ទំនិញខូចគុណភាព ដូចជា បន្លែ ត្រី សាច់ និងរបស់របរផ្សេងៗ ឲ្យបានតឹរឹង ជាពិសេសនូវរដូវបុណ្យទានធំៗ។

លោកស្រីបន្ថែថា៖ «កន្លងមកនៅតាមផ្សារមួយចំនួនហ្នឹង ប្រជាពលរដ្ឋគាត់តែងតែបារម្ភដែរថា បន្លែត្រីសាច់ អីហ្នឹងដាក់ថ្នាក់ដើម្បីរក្សាគុណភាពកុំឲ្យរុយរោម។ យើងស្នើឲ្យមានការចុះត្រួតពិនិត្យកន្លែងហ្នឹង ហើយក៏មិនមែនតែប៉ុណ្ណឹងទេ ត្រូវពន្យល់ឲ្យពលរដ្ឋយល់ព្រោះថា វាជាវត្តនៃជីវិត បើថ្ងៃហ្នឹងគាត់ លក់ឲ្យគេប៉ះចង់ប្អូនគេ បងប្អូនគាត់ វាប៉ះពាល់ដល់សុខាភាពប្រជាពលរដ្ឋខ្មែរទូរទាំងប្រទេស អាហ្នឹងវាក៏ជាបន្ទុករដ្ឋដែរ»។

របាយការណ៍ក្រសួងសុខាភិបាលថា ករណីពុលចំណីអាហារក្នុងឆ្នាំ២០១៧នេះកើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះមានមនុស្ស៤នាក់បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះបានធ្លាក់ចុះជិត២០ភាគរយ បើធៀបទៅ និងឆ្នាំ២០១៦៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles