ក្រុមមន្ត្រី​ខេត្ត​កោះកុង​មិនអធិប្បាយអំពី​ការ​ចាប់​ខ្លួន​សកម្មជន​អង្គការ​មាតាធម្មជាតិ​២​រូប

បរិស្ថាន

រូបភាព​នៃ​កប៉ាល់​បូម​ខ្សាច់​មួយ​នៅ​ខេត្ត​កោះកុង។ (រូបភាព​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​មាតាធម្មជាតិ)


18 កញ្ញា 2017
កាន់ វិច្ឆិកា
វីអូអេខ្មែរ

តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​របស់​​អង្គការ​មាតា​ធម្មជាតិ​២​នាក់​ ​ពី​បទ​ថតរូប​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ​ប៉ុន្តែ​​​មិន​មាន​ជន​​ដែល​អ្នក​ទាំងពីរ​ញុះញង់​នោះ​ទេ។

តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​របស់អង្គការ​មាតា​ធម្មជាតិ​២​នាក់ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ​និង​បទ​ថតរូប​ដោយ​គ្មាន​ការ​អនុញ្ញាត​ ​ប៉ុន្តែ​មិន​បាន​ពន្យល់​ពី​មូលហេតុ​លម្អិត​ ​ដូចជាមិន​មាន​ជនដែល​អ្នក​ទាំងពីរ​ញុះញង់​នោះ​ទេ។ ​រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ​ ​ក្រុម​មន្រ្តី​ពាក់​ព័ន្ធ ​និង​មន្រ្តី​តុលាការ​នៅ​ខេត្ត​កោះកុងមិន​ផ្តល់​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ។​ ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ​សកម្មភាព​របស់​សកម្ម​ជន​បរិស្ថាន​ទាំង​ពីរ​នាក់​នោះ ​មិនមែន​ជា​បទ​ល្មើស​នោះ​ទេ។​

សមត្ថកិច្ច​ ​និង​តុលាការ​ខេត្ត​កោះកុងមិន​ធ្វើ​អធិប្បាយ​ពាក់ព័ន្ធ​នឹងការ​ឃុំ​ខ្លួនសកម្មជន​អង្គការ​មាតា​ធម្មជាតិ​ចំនួន២នាក់​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារខេត្តកោះកុង​ ​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ​និង​បទ​ថតរូប​ដោយ​គ្មាន​ការ​អនុញ្ញាត​ ​ប៉ុន្តែ​មិន​មាន​បង្ហាញ​ជនដែល​អ្នក​ទាំង​ពីរ​ញុះញង់​នោះ​ទេ។

យុវជន​បរិស្ថាន​ទាំង២​នាក់​ ​ដែល​ជា​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នោះគឺ​មាន​ឈ្មោះ​ហ៊ុន វណ្ណៈ​ ​និង​ឈ្មោះ​ ​ឌឹម គុណឌី។​ ​ការ​ឃាត់​ ​និង​ការ​ឃុំខ្លួន​យុវជន​ទាំង​ពីរ​នាក់នោះ​ ​ធ្វើ​ឡើង​បន្ទាប់​ពីសកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​កាលពី​ថ្ងៃទី​១១​ ​ខែ​កញ្ញា​ ​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ ​ឬ​ខ្សាច់​ស​ ​ទៅ​កោះ​តៃវ៉ាន់​ចំនួន​ជាង​១​លានតោន​ ​ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក។​ ​ក្នុង​វីដេអូ​នោះ ​ពួក​គេ​ក៏​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ​ស៊ុយ សែម​ ​ពិចារណា​ចុះ​ចេញ​ពី​តំណែង​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ថ្មី​ផ្សេង​ទៀត​ស្ដារ​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​ឡើង​វិញ។​

ក្រោយ​ការ​ចាប់ខ្លួន​យុវជន​ទាំង​ពីរ​នាក់​ ​នៅ​ថ្ងៃទី​១២​ ​ខែ​កញ្ញា​ ​ ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិបាន​បង្ហោះ​សារ​មួយ​ដោយ​និយាយ​ថា​ ​សកម្មជន​មាតា​ធម្មជាតិ​ទាំង​ពីរ​នាក់​ ​បាន​ថត​កប៉ាល់​យក្ស​២គ្រឿង​ ​ដែល​កំពុង​តែ​ចត​នៅ​ខាង​មុខ​ឃុំ​ព្រែក​ខ្សាច់​ ​នា​ខេត្ត​កោះកុង​ ​ដែល​គេ​សង្ស័យ​ថា​ នឹង​ដឹក​ខ្សាច់​ស៊ីលីកា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។​ ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ត​ថា ​ក្រុម​ហ៊ុន​ដែល​គេ​សង្ស័យ​ថា​ នៅ​ក្រោម​ឱវាទ​របស់​ ​លោក​ ​លី យ៉ុងផាត់​ ​ដែល​មាន​រហ័ស​នាម​ថា​ ​ស្តេច​កោះកុង​ ​បាន​ដាក់​ពាក្យ​ប្តឹង​សកម្មជន​ទាំង​ពីរ​នាក់​នោះ​ថា​ ​បាន​ចូល​ទៅ​ថត​វីដេអូ​ ​នៅ​ក្នុង​ទីតាំង​របស់​ក្រុម​ហ៊ុន​មួយ​នោះ។

លោក​ ​សំ ឃិតវៀន​ ​ស្នងការ​ខេត្ត​កោះកុង​ ​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ ​យុវជន​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ក្រុមហ៊ុនដែល​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​ ​ចាប់​បញ្ជូន​ឲ្យ​ស្នងការ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃទី​១២​ ខែ​កញ្ញា​នេះ។​ ​លោក​បន្ថែម​ថា​ ​បន្ទាប់ពី​បាន​សួរ​នាំ​យុវជន​ទាំង​ពីរ​នាក់​នោះ​រួច​មក​ ​សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការខេត្ត​កោះកុងដើម្បី​បន្ត​នីតិវិធី។

​ដោយ​មិនឆ្លើយលម្អិត​ទៅ​នឹង​សំណួរ​របស់​ ​VOA​ ​លោក​ ​សំ ឃិតវៀន​ ​បញ្ជាក់​ថា៖​

«ខាង​ក្រុម​ហ៊ុន​គេ​ចាប់​បញ្ជូន​មក​ឲ្យ​ខាង​ប៉ូលិស។ ​ប៉ូលិស​ធ្វើការ​ស៊ើបសួរ​ ​កសាង​សំណុំ​រឿង​ ​ដើម្បីបញ្ជូន​ទៅ​តុលាការវិនិច្ឆ័យ​ទោស។​ ​អាហ្នឹង​វា​ជា​រឿង​របស់​តុលាការ។​ ​លទ្ធ​ផល​ ​សួរ​បញ្ជាក់​ខាង​តុលាការ»។

VOA​ ​មិន​អាច​ទាក់​ទង​មន្ត្រី​តុលាការ​ ​និង​អ្នក​នាំពាក្យ​នៃ​តុលាការ​ខេត្ត​កោះកុង​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ ​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​កោះកុង​ ​លោក​ ​អ៊ុន សុវណ្ណធានីមិន​បានទទួលទូរស័ព្ទទេ​ បន្ទាប់​ពី​លើក​ហើយនិយាយ​ថា ​លោក​ស្តាប់​មិនបាន។​ ​ចំណែក​លោក​ព្រះ​រាជអាជ្ញារង​ ​អ៊ីវ ត្រាយ​ ​ដែល​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ ​និង​មន្ត្រី​តុលាការ​មួយ​ចំនួន​ទៀត​ ​មិន​ទទួល​ទូរ​ស័ព្ទ។​ ​ចំណែក​ លោក​ ​ឈិន ឡុង​ ​អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល​តុលាការ​ខេត្ត​កោះកុង​ក៏​សុំ​មិនអធិប្បាយ​ផង​ដែរ​ ដោយ​អះអាងថា​ ​លោក​ជាប់​រវល់​នៅ​ខេត្ត​សៀមរាប។​

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ចំនួន​២​ ​ចេញ​កាលពី​ថ្ងៃទី​១៣​ ​ខែ​កញ្ញា​ដោយ​លោកភាព សុភា ចៅក្រម​ស៊ើបសួរ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ឈ្មោះ ហ៊ុន វណ្ណៈ​ ​និងឈ្មោះ​ ​ឌឹម គុនឌី​ ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ ​ដើម្បី​ឃុំ​ខ្លួន​រហូត​មាន​បទ​បញ្ជា​ថ្មី​ពី​តុលាការ។​

ដីកា​ទាំង​ពីរ​នោះ​សរសេរ​ក្នុង​ន័យ​ដើមថា៖

«ជននេះ​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​ពិនិត្យ​ពីបទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​ប្រព្រឹត្ត​នៅភូមិ​ព្រែក​ខ្សាច់​ ​ឃុំ​ព្រែក​ខ្សាច់​ ​ស្រុក​គិរីសាគរ​ ​ខេត្ត​កោះកុង​ ​កាលពី​ថ្ងៃទី​១២​ ​ខែកញ្ញា​ ​ឆ្នាំ​២០១៧»។​

ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​រូប​បាន​ពីរ​ថ្ងៃ​ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​លុប​ឈ្មោះ​អង្គការ​«មាតា​ធម្មជាតិ»​ ​ចេញ​ពី​បញ្ជីអង្គការ​មិនមែន​រដ្ឋាភិបាល។​ ​លោក​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​ថា ​ការ​សម្រេច​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​នេះ​គឺ​ធ្វើ​ទៅតាម​សំណើរបស់​ព្រះ​តេជគុណ ​ព្រហ្ម ធម្មជាតិ​ ​ដែល​ជា​ប្រធាន​អង្គការ​នេះ​ ដែល​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ចប់​អាណត្តិអង្គការ​មាតា​ធម្មជាតិ។​

បើតាម​លិខិត​មួយ​ច្បាប់​មាន​ស្នាម​មេដៃ​របស់​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ ​ឈ្មោះ​ ​ព្រហ្ម ធម្មជាតិ​ ​សរសេរ​ស្នើ​ទៅ​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​សុំ​ឲ្យ​រំលាយ​អង្គការ​មាតា​ធម្មជាតិ។​

លិខិត​នោះសរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«អង្គការ​មាតា​ធម្មជាតិ​បាន​បើក​អង្គ​សន្និបាត​វិសាមញ្ញ​មួយ​ ​នៅ​ថ្ងៃទី​២៣ ​ខែ​សីហា​ ​ឆ្នាំ​២០១៧ ​ដើម្បី​ពិនិត្យ​ ពិភាក្សា​លើ​ការ​ជម្រះ​បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​អង្គការ​ ​និង​រំលាយ​អង្គការ​មាតា​ធម្មជាតិ។​ ​ជា​លទ្ធផល​នៃ​អង្គ​សន្និបាត​សម្រេច​បាន​នោះ​ ​គឺ​អង្គ​សន្និបាត​បាន​ឯកភាព​គ្នា​រំលាយ​អង្គការ​មាតា​ធម្មជាតិ»។​

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជា​មួយ​ ​VOA​ ​កាល​ពី​ថ្ងៃ​ទី​១៥​ ​ខែ​កញ្ញា​ ​សប្តាហ៍​មុន​ ​លោក​ Alejandro Gonzalez Davidson ​ស្ថាបនិក​នៃ​អង្គការ​មាតាធម្មជាតិ​ ​លើក​ឡើង​ថា​ ​លោក​មិន​បាន​ដឹង​ពី​ការ​ស្នើ​ឲ្យ​រំលាយ​អង្គការ​មាតា​ធម្មជាតិដែល​មាន​ទីតាំង​ក្នុង​ខេត្ត​កោះកុង​នោះទេ។​ ​លោកបន្ថែមថា​ ការ​ស្នើ​ឲ្យ​រំលាយ​អង្គការនោះ​អាច​បណ្តាល​មកពី​ការ​គំរាម​កំហែង​លើសកម្មជន​ ​និង​សហ​ស្ថាបនិក​ផ្សេងៗ​ទៀត​របស់​អង្គការ​មាតា​ធម្មជាតិ​ អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមក​ហើយ។​

រូបឯកសារ៖​ លោក​ Alex Gonzalez Davidson ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​មាតា​ធម្មជាតិ)

រូបឯកសារ៖​ លោក​ Alex Gonzalez Davidson ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​មាតា​ធម្មជាតិ)


លោក​ ​Alejandro Gonzalez Davidson​ ​លើក​ឡើង​ជា​ភាសា​ខ្មែរថា៖

«ខ្ញុំ​សុំ​សរសើរ​វីរភាព​របស់​លោក​ពីរ​អង្គ​ដែល​អត់ធ្មត់​រយៈពេល​ជាង​៣​ឆ្នាំ​ ​ហើយ​បើ​សិន​បើ​លោក​សម្រេច​ចិត្តមិន​ពាក់ព័ន្ធ​ជា​ផ្លូវការជាមួយ​អង្គការ​ ​ដើម្បី​ចៀស​វាងកុំ​ឲ្យ​ជាប់​ពន្ធនាគារ​ ​ខ្ញុំ​សូម​គាំទ្រ​ពេញ​ទំហឹង​តែម្តង។​ ​ប៉ុន្តែ​ខ្លឹមសារ​នៃ​លិខិត ​ឬ​ព័ត៌មាន​លម្អិត ​ខ្ញុំ​អត់​ដឹង ​ហើយ​មូលហេតុ​ដែល​ខ្ញុំ​មិន​ដឹង​ដោយសារ​ខ្ញុំ​ព្យាយាម​ទាក់ទង​ទៅ​ក្រសួង​មហា​ផ្ទៃ​ច្រើន​ដង​ ដើម្បី​ទៅ​ជួប​ចៅក្រម​ ​យោង​តាម​បទ​បញ្ជា​ជា​របស់​ចៅ​ក្រម​ ​ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​គឺ​មិន​ដែល​អើពើ​ មិន​ដែល​ឆ្លើយ​តប ​មិន​ដែល​និយាយ​ជាមួយខ្ញុំ​ទេ»។​

ទោះ​ជា​យ៉ាង​ណា​ ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញ​ពី​កម្ពុជា​ កាល​ពី​ដើមឆ្នាំ​២០១៥​ ​រូប​នេះ​ បាន​ប្តេជ្ញា​ថា​ ​លោក​ ​និង​សកម្មជន​បរិស្ថាន​កម្ពុជា​ជា​ច្រើន​រូបទៀត​ ​នឹង​បន្ត​សកម្មភាព​ឃ្លាំ​មើល​ ​និង​រាយ​ការណ៍​អំពី​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។​

នេះ​មិនមែន​ជា​លើកទី​មួយ​ទេ​ ​ដែល​សកម្មជន​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន។​ ​កាល​ពី​ថ្ងៃទី១ ​ខែកក្កដា​ ​ឆ្នាំ២០១៦​ ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​នាក់​គឺ​លោក​ ​សាន់ ម៉ាឡា​ ​លោក​ ​ទ្រី សុវីគា​ ​និង​លោក​ ​ស៊ីម សំណាង ​ត្រូវ​បាន​តុលាការខេត្ត​កោះកុង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១៨​ខែ ​ ​ពីបទ​ផ្ដើម​គំនិត​ក្នុង​បទល្មើស​ «គំរាម​កំហែង​ថា​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ»​ ​ដោយ​សារ​ពួកគេ​បាន​ចូលរួម​ធ្វើ​សកម្ម​ភាព​ទប់​ស្កាត់​ការ​បូមខ្សាច់​របស់​ក្រុម​ហ៊ុន​ Direct Access ​និង​ក្រុមហ៊ុន​ ​International Rainbow ​Company។​

លោក​ ​ធុន រដ្ឋា​ ​សកម្មជន​បរិស្ថាន​ ​និង​ជា​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​មាតា​ធម្មជាតិ​ ​ប្រាប់​ ​VOA​ ​ថា​ លោក​ ​ឌឹម គុណឌី​ ​និង​លោក​ ​ហ៊ុន វណ្ណៈ​ ​គ្រាន់​តែ​ថតរូប​ និង​វីដេអូ​ដើម្បី​ផលិត​ឯកសារ​ក្នុង​គោល​បំណង​ការពារ​បរិស្ថាន​ ​ស្របទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ ​ដែល​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួយ​ការពារ​បរិស្ថាន​ក្នុង​ពេល​កន្លង​មក។​ ​លោក​បន្ថែម​ថា ​បើ​ទោះបីជា​សកម្មជនបរិស្ថាន​រង​ការ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ក្តី ​ប៉ុន្តែ​លោក​ថា​ លោកនៅ​តែ​បន្ត​សកម្មភាព​ការពារ​បរិស្ថាន​តទៅទៀត​ ដោយ​មិន​រាថយ។​

លោកធុន រដ្ឋា​ ​បញ្ជាក់​ថា៖​

«ខ្ញុំ​ចង់​ផ្តាំទៅ​អាជ្ញាធរ​ខេត្ត​កោះកុង​ ​ជាពិសេស​អ្នក​ដែល​មាន​អំណាច​ខ្លាំង​ទាក់ទង​រឿង​ខ្សាច់​ហ្នឹង​ ឈប់​ទៅ​ ការ​ចាប់​គំរាម​កំហែង​យុវជន​ ដើម្បី​ធ្វើ​ឲ្យ​យុវជន​បាក់ស្បាត។ ​គ្មាន​ទេ… មាន​តែ​ការ​តស៊ូ មាន​តែ​ការ​រើ​បម្រះ​កាន់​តែ​ទៅ​មុខ។​ ដូច​ជាក់​ស្តែង​ បើ​ទោះ​បី​ជា​គេ​ចាប់​ខ្លួន​ខ្ញុំ​ពីរ​ឆ្នាំ​មុន ​ប៉ុន្តែ​សកម្មភាព​របស់​យើង​នៅ​តែ​ដដែល​ ​ហើយ​ខ្លាំង​ជាង​មុន​ ​ហើយ​អ្នក​ចង់​ចូលរួម​ជាមួយ​យើង​ហ្នឹង​គឺ​ច្រើន​ជាង​មុន​ទៀត»។​

ចំណែក​ម្តាយ​របស់​សកម្មជនដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ទាំង​ពីរ​គឺ​លោក​ស្រី​ ឌួង ធារី​ ​និង​លោកស្រី​ ​ទី ម៉ារី​ ​សុទ្ធ​តែ​លើក​ឡើង​ថា​ ​ការ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​កូន​ប្រុស​របស់​លោកស្រីគឺជា​រឿង​«អយុត្តិធម៌»។

លោក​ អ៊ិន គង់ជិត​ ​អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំខេត្ត​កោះកុង​ ​លើក​ឡើង​ថា​ ​ការ​ចាប់ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ ​និង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចូលរួម​ការពារ​បរិស្ថាន​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្ថែម​ថា ​ការ​ចុះ​ថត​រូប​ ​និង​វីដេអូ​របស់​ក្រុម​សកម្មជន​ការពារ​បរិស្ថាន​គឺជា​សកម្មភាព​ការពារ​បរិស្ថាន​សុទ្ធសាធ។​

លោក​ អ៊ិន គង់ជិត​ ​មាន​ប្រសាសន៍​ថា៖​

«ឆ្នាំ​២០១៧​នេះ​ ក្រសួង​រ៉ែ ​និង​ថាមពល​បាន​ចេញ​ប្រកាស​មួយ​ មិន​ឲ្យ​មាន​ការ​នាំ​ធ្វើអាជីវកម្ម​ខ្សាច់​ចេញ​ពី​តំបន់​ខេត្ត​កោះកុង​ទេ។ ​ចុះ​ហេតុ​អ្វី​បាន​ជា​នៅ​តែ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​បន្ត​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ទៅក្រៅ​ប្រទេស​ទៀត?​ ​ចំណុច​នេះ​ហើយ​ដែលធ្វើ​ឲ្យ​សង្គម​ដែល​រង​ផល​ប៉ះពាល់​ ​ឬ​ក៏​សកម្មជន​របស់​យុវជន​ដែល​ចូលរួម​ក្នុង​កិច្ច​ការ​ការពារ​ធនធាន​ធម្មជាតិ​ហ្នឹង ​គាត់​មាន​ការ​ខ្វាយខ្វល់​ គាត់មានមាន​ចម្ងល់​ ​គាត់​នៅ​តែ​មាន​ការ​សិក្សាស្រាវជ្រាវ​ ​ដើម្បី​ប្រៀបធៀប​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​អះអាង​កន្លង​មក»។​

អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ​«ជា​ក្រុម​ញុះញង់»​ បាន​បញ្ចេញ​របាយ​ការណ៍​របស់​រដ្ឋបាល​គយ​តៃវ៉ាន់ ​ក្នុង​ចន្លោះ​ឆ្នាំ​២០១២ ​ដល់​២០១៦​ ដែល​មាន​ភាព​ខុសគ្នាពី​ទិន្នន័យ​ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​និង​ក្រសួង​ពាណិជ្ជ​កម្ម ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​អង្គការ​មាតា​ធម្មជាតិ។​ ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ​ខ្សាច់​ចំនួន២៨ ៩០០​តោន ​ដែល​មាន​តម្លៃ​២៧៥ ៦០៦​ដុល្លារ​អាមេរិក​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា។ ​បើ​តាម​ការ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ ​ទឹក​ប្រាក់​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​តៃវ៉ាន់​ខុសគ្នា​ដល់​ទៅ​ជាង​ ៣០​លាន​ដុល្លារ​អាមេរិក។​

ការ​បង្ហាញ​នេះ​បាន​កើតឡើង​ស្រដៀង​គ្នាទៅ​នឹង​រឿង​អាស្រូវ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរីកាលពី​ឆ្នាំ​មុន​ ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ​៧០០​លាន​ដុល្លារ​អាមេរិកគឺ​ច្រើនជាង​ទិន្នន័យ​របស់​កម្ពុជា​ឆ្ងាយ​ ​ដែល​បង្ក​ឲ្យមាន​ការ​សង្ស័យ​ពី​ភាព​មិនប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ករណី​នាំខ្សាច់​ចេញ​នេះ៕

What Next?

Recent Articles