មួយ​ថ្ងៃ​មុន​ភ្ជុំបិណ្ឌៈ​ ស្ងប់ស្ងាត់​នៅ​រាជធានី​ មូល​មីរ​នៅ​តាម​ខេត្ត

ដោយ ញឹម សុផល
19/09/2017
RFI

media
វិថីនានានៅភ្នំពេញស្ងប់ស្ងាត់ពេលបុណ្យភ្ជុំបិណ្ឌ (Sophal/rfi)


ថ្ងៃ​​ពុធ​​ទី​​២០​​កញ្ញា​​ស្អែក​​នេះ ​​ពិធី​​បុណ្យ​​ភ្ជុំ​បិណ្ឌ​​ឬ​​ភ្ជុំ​​ធំ​​នឹង​​ឈាន​​ចូល​​មក​​ដល់​​។ ​​ប្រជា​ពលរដ្ឋ​ខ្មែរ​​ដែល​​កាន់​​ព្រះ​ពុទ្ធ​សាសនា ​​បាន​​ត្រៀមខ្លួន​​រួច​​ជាស្រេច​​ដើម្បី​​ចូលរួម​​ប្រារព្ធ​​ពិធី​​បុណ្យ​​នេះ​រៀង​​ៗ​​ខ្លួន​​នៅ​​តាម​​វត្ត​​អា​រ៉ា​ម​​ទូទាំង​​ប្រទេស​​។ ​​ការ​​ចូលរួម​​បុណ្យ​​ភ្ជុំបិណ្ឌ​​របស់​​ពលរដ្ឋ​​ខ្មែរ​នៅ​តាម​​បណ្តា​ខេត្ត​ ​បាន​​ធ្វើ​​ឲ្យ ​បរិយាកាស​​ទី​ក្រុង​​ភ្នំពេញ​​ស្ថិត​ក្នុង​​សភាព​​ស្ងប់ស្ងាត់​​ជាង​​ថ្ងៃ​​ធម្មតា​​។

ដោយ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ចុង​សប្តាហ៍​កន្លងទៅ ពលរដ្ឋ​ខ្មែរ​ដែលមាន​ទីលំនៅ​នៅ​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ទីក្រុង បាន នាំគ្នា​ទៅកាន់​ស្រុកកំណើត​ដូនតា នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ជួបជុំ​សាច់ញាតិ និង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ប្រគេន​លោក​នៅក្នុង​ឱកាស​ភ្ជុំ​ធំ​គឺ​ថ្ងៃទី១៥រោច​ខែភទ្របទ។

អ្វីដែល​ជាការ​កត់សម្គាល់​នោះ​គឺ ទីក្រុង​ភ្នំពេញ​ដែល​ធម្មតា​ប្រជុំ​ដោយ​មនុស្ស​ពី២ ទៅ ៣លាន​នាក់​នោះ បាន​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​ជាង​សព្វមួយដង។ ផ្លូវថ្នល់ បាន ប្រែក្លាយ​ពី​ចរាចរណ៍ ចង្អៀត​ណែនណាន់តាន់តាប់​ទៅជា​រង្វើល មាន​ចរាចរ​យានយន្ត​មិនសូវ​មមាញឹក។ គ្រឹះស្ថានសាធារណៈ សហគ្រាស​ឯកជន ហាង​លក់ទំនិញ ទីផ្សារ ត្រូវបាន​បិទទ្វារ​ស្ទើរ​ទាំងស្រុង។

ងាក​ទៅ​មើល​តាម​ច្រកចេញចូល​រាជធានី ស្ទើរតែ​ទាំងអស់​បាន​កកស្ទះ​ដោយ​យានយន្ត​ផ្ទុក​ដោយ​មនុស្សពេញៗសំរុក​ចេញពី​ទីក្រុង​ទៅកាន់​ស្រុកកំណើត។ ដោយឡែក សមាជិក​ខ្លះ​នៃ​គ្រួសារ​មួយចំនួន​ដែលមាន​លំនៅដ្ឋាន​ជាក់លាក់​នៅ​ទីក្រុង​ភ្នំពេញ ក៏​មិនបាន​ចាក​ចោលផ្ទះ​ទាំងស្រុង​ដែរ ដោយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ សុវត្ថិភាព​នៅតាម​មូលដ្ឋាន ដែល​បង្កឡើង​ដោយ អំពើចោរកម្ម​និង​មនុស្ស​ញៀន​ថ្នាំ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ សមត្ថកិច្ច​ប៉ូលីស​ក្រុងភ្នំពេញ បានប្រកាស​ដាក់ពង្រាយ​កងកម្លាំង​ចល័ត​ជាង៣ពាន់​នាក់ ដើម្បី​ទប់ស្កាត់​សកម្មភាព​បទល្មើស ចោរកម្ម អគ្គិភ័យ និង​រក្សា សុវត្ថិភាព សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពិធី​កាន់បិណ្ឌ​អស់​រយៈពេល​ជាង១០ថ្ងៃ​កន្លងទៅនេះ ដោយ​ចែកចេញជា​ពីរ​វេន គឺ​ពាក់កណ្តាល​រង់ចាំ​ឃ្លាំមើល ពេល​ប្រជាជន​ធ្វើដំណើរ​តាមផ្លូវ​ទៅ​វត្ត​អារាម និង​ពាក់កណ្តាល​ទៀត​ល្បាត​លើផ្លូវ​តាម​មូលដ្ឋាន។

សូម​បញ្ជាក់ដែរថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី១៩ ខែកញ្ញា​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​បិណ្ឌ​ទី១៤ ក៏បាន​បន្ត​ជូនពរ​ដល់​ជនរួមជាតិ​ទាំងអស់ សូម​បាន​សប្បាយ រីករាយ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា។

ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ នៅតាម​វត្ត​អារាម និង​រមណីយដ្ឋាន​នានា ដើម្បី​ឲ្យ​ជនរួមជាតិ និង​ភ្ញៀវ ទេសចរ​បានធ្វើ​បុណ្យ និង​ដើរ​កម្សាន្ត​សប្បាយ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ៕

What Next?

Recent Articles