សភាអាមេរិក​ជំរុញសហគមន៍អន្តរជាតិ​ប្រើវិធានការការទូតលើលោក ហ៊ុន សែន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

សភាអាមេរិក​


សមាជិកសភាអាមេរិក​បានជំរុញឲ្យរដ្ឋាភិបាល​ធ្វើការងារជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់និងសហគមន៍អន្តរជាតិ ប្រើប្រាស់វិធានការការទូត និងច្បាប់អន្តរជាតិ ដើម្បី​ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ​ប្រកាន់ភ្ជាប់របបប្រជាធិបតេយ្យ។​

​នៅក្នុងលិខិតរួមគ្នារបស់សមាជិកសភាអាមេរិក​៤រូបផ្ញើទៅ រដ្ឋមន្ត្រីការបរទេសលោក​ Rex Tillerson កាលពីម្សិលមិញ​ បានជំរុញឲ្យរដ្ឋាភិបាលអាមេរិកធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តនិងសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន។​

នៅក្នុងលិខិតនោះ សមាជិកសភាទាំង៤រូបបានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភខ្លាំងពីស្ថានភាពសិទ្ធិមនុស្ស ការគោរពច្បាប់ និងសេរីភាពសារព័ត៌មាន ចាប់តាំងពីមានការបិទអង្គការ NDI ចាប់ខ្លួនមេបក្សប្រឆាំង និងបិទអង្គភាពព័ត៌មានឯករាជ្យជាបន្តបន្ទាប់។​ ក្នុងលិខិតនោះក៏បានលើកឡើងពីការបារម្ភថា កម្ពុជាដើរចេញពីគន្លងប្រជាធិបតេយ្យដែលអាចប៉ះពាល់ដល់ការបោះឆ្នោតនៅឆ្នាំក្រោយ។​

នៅក្នុងលិខិតនោះសរសេរថា៖ «យើងជំរុញឲ្យអ្នកលើកយកបញ្ហាទៅជជែក ដើម្បីឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពនូវសិទ្ធិសេរីភាពសារព័ត៌មាន គោរពសិទ្ធិពលរដ្ឋពួកគេ ដើម្បីឲ្យទទួលបាន​ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។ កម្ពុជាត្រូវតែគោរពរាល់ចំណុចទាំងនេះ បើសិនជាចង់ឲ្យមានទំនាក់ទំនងល្អជាមួយអាមេរិក និង អាចមានឱកាសកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច»។

សហគមន៍អន្តរជាតិ រួមទាំងអាមេរិក អង់គ្លេស សហភាពអឺរ៉ុប និងបារាំង បានសម្តែងការព្រួយបារម្ភនិងថ្កោលទោសរដ្ឋាភិបាលកម្ពុជាបន្តបន្ទាប់ ក្រោយពេលចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងការបិទប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលបានបកស្រាយថា វិធានការទាំងនេះ ជាវិធានការផ្លូវច្បាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមាន​ប្រទេសនានាមិនឲ្យជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles