ភ្ជុំបិណ្ឌ​មាន​ប្រវត្តិ​ទាក់ទង​ទៅនឹង​ការ​ឧទ្ទិស​ដល់​ញាតិ​ដែល​បាន​ស្លាប់​ទៅ​ផង​និង​ការ​ចូល​ព្រះវស្សា​របស់​ព្រះសង្ឃ​ផង

ដោយ ញឹម សុផល
20/09/2017
RFI

media
ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ (RFI/Siv Channa)


បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ដទៃ​ទៀត​នៃ​ព្រះរាជ​ពិធី​ទ្វារ ​ទសមាស ​ដែល​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស ​តែង​ប្រារព្ធ​ពិធី​នេះ​ឡើង​តាំង​ពី​បុរាណ​កាល​មក ​មិនដែល​ខកខាន​។ ​ពិធី​បុណ្យ​នេះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ទៀងទាត់​ចាប់តាំង​ពី​ថ្ងៃ​១​រោច ​រហូតដល់​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ ​ពោលគឺ​មាន​រយៈពេល​១៥​ថ្ងៃ ​ដែល​គេ​ហៅ​ថា ​បិណ្ឌ​១ ​បិណ្ឌ​២ ​រហូតដល់​ថ្ងៃ​បញ្ចប់​គឺ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​។ បុណ្យ​ភ្ជុំបិណ្ឌ​ក៏​បាន​ធ្វើ​ឡើង ​ស្របគ្នា​នៅក្នុង​ព្រះ​វស្សា​របស់​ព្រះសង្ឃ​ផង​ដែរ​។

ជា​បឋម​ពាក្យ​ថា«ភ្ជុំបិណ្ឌ» ​មកពីពាក្យ​«ភ្ជុំ»​ រួម​ជាមួយ​ពាក្យ​«បិណ្ឌ»​ មានន័យ​ថា ​ភ្ជុំ​គឺ​ការ​ប្រមូលផ្តុំ ​ឬ​ប្រជុំបិណ្ឌ ​មកពី​ភាសាបាលី​ថា​«ដុំបាយ»​។ ​មានន័យថា​ការប្រជុំ​ឬ​ប្រមូល​ផ្តុំ​ដុំបាយ ​ឬ​ការពូតដុំ​បាយ​ជាដុំ​ៗ​ដែល​គេ​ហៅថា​«បាយបិណ្ឌ»​។ ​តាម​ក្រសួង​វប្បធម៌ ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​កាលពី​សម័យ​កាល​បុរាណ ​គេធ្វើ​ឡើង​ដោយ​បែង​ចែក​ជា​២​វគ្គ​ តែ​បច្ចុប្បន្ន​គេ​បង្រួម​ចូលគ្នា​តែមួយ​។

ទាក់ទង​ទៅនឹង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​អ្នកប្រាជ្ញ​ខ្មែរ​បុរាណ​បាន​បង្កើត​ឲ្យមាន​គម្ពីរ​ចំនួន​៣​គឺ​ទី​១ គម្ពីរ​បេត​វត្ថុ​ ដែល​បកស្រាយ​ពីរឿង​ប្រេត ​អានិសង្ឃ​បិណ្ឌ​និយាយ​អំពី​ផល​នៃ​ការ​ធ្វើបុណ្យ​។ ទី​២​ គឺ​គម្ពីរ​ពិទ្យាធរ​ឬ​វិជ្ជាធរ​ ដែល​ដំណាល​អំពី​ប្រពៃណី​របស់​ជាតិ​ខ្មែរ ​ដែល​ជាប់​ទាក់ទង​មកដល់​សព្វថ្ងៃ​។ ​និង​ទី​៣​គឺ​គម្ពីរ​វិមានវត្ថុ​ ឬ​កម្ពីរ​ធម្មបទ ​ជាដើម​។

តាម​គម្ពីរ ​ពិធ្យាធរ ​ឬ​វិជ្ជាធរ ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​ថេរ​មួយ​ព្រះអង្គ​ព្រះនាម​ឧបគុត្តស្ថេរ ​ទៅ​ស្ថាន​នរក ​ហើយ​បាន​ពាំនាំ​យកមក​នូវ​ការ​ផ្តាំផ្ញើ​ពី​សត្វ​នរក ​នូវ​ភាព​អត់ឃ្លាន ​កំដៅ​ភ្លើង​ខ្លាំង ​ពី​រោគា​ព្យាធិ ​ត្រូវបាន​រៀបរាប់ ​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ពី​បុរាណកាល​ជាហេតុ​ធ្វើឲ្យ​មានការ​ចាប់ផ្តើម​ធ្វើ​បុណ្យ​ដាក់បិណ្ឌ​និង​កាន់បិណ្ឌ​នេះឡើង ​ចំ​ថ្ងៃ​១​រោច​ដល់​១៥​រោច​ខែ​ភទ្របទ ​ដើម្បី​ឲ្យ​ពួក​ប្រេត​ទទួល​បាន​ឆ្អែត​ស្កប់ស្កល់​ផុត​ទុក្ខ​វេទនា​។

បន្ទាប់ពី​មាន​ការ​ប្រកាស​ពី​ព្រះមហាក្សត្រ​ឲ្យ​មាន​ការ​ប្រតិបត្តិ​បុណ្យ​ភ្ជុំបិណ្ឌ ​ប្រជាជន​ខ្មែរ ​ក៏​តែង​តែ​ចងចាំ​និង​យល់គ្រប់​ៗ​គ្នា​ថា ​«​បុណ្យ​ភ្ជុំបិណ្ឌ​» ​គឺ​ជា​បុណ្យ​ដាក់បិណ្ឌ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ បេត​បុគ្គល​ជា​ឪពុក​ ម្តាយ ​បងប្អូន ​ញាតិ​សន្តាន​ទាំងឡាយ​ ដែល​បាន​ចែកស្ថាន​ទៅ​ហើយ ​មិនដឹង​ជា​ទៅ​ចាប់​កំណើត​នៅ​លោក​ខាងមុខ​ជា​អ្វី​នោះ​។ ​ប៉ុន្តែ​បើ​យោង​ទៅ​លើ​អត្ថបទ​របស់​លោក​អាចារ្យ ​សុង ស៊ីវ ​ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ ​ពុំមែន​មានន័យ​តែ​ប៉ុណ្ណឹង​ទេ​។ ​

​លោក ​សុង ស៊ីវ បាន​បកស្រាយ​ដោយ​លើក​យក​អត្ថន័យ​ចំនួន​៣​គឺ ​ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​បេត​បុគ្គល ​ឬ​ប្រេត​បុគ្គល​។ ​ទី​២​ គឺ​ដើម្បី​ឲ្យ​បាន​សេចក្តី​សុខ​ចម្រើន ​សិរីសួស្តី​ដែល​កើត​ពី​ផលទាន​របស់​ខ្លួន​។​ និង​ទី​៣ ​គឺ​ដើម្បី​បង្កើត​សាមគ្គី​ជាតិ​គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេល​វេលា​កំណត់ ​ទាំង​ការ​ធ្វើ​នំគម ​នំអន្សម ​នៅ​ទូទាំង​ប្រទេស​។ ​ពិធី​បុណ្យ​នេះ​ ពី​បុរាណកាល ​ក៏មាន​ជាប់​ទាក់ទង​ទៅនឹង​ការ​ចូល​វស្សា​របស់​ព្រះសង្ឃ​រយៈពេល​៣​ខែ​ដែរ ​ខណៈ​ដែល​បុណ្យ​ភ្ជុំបិណ្ឌ ​ត្រូវគេ​ធ្វើឡើង​ក្នុង​អំឡុង​រដូវ​វស្សា​។​ នេះ​បើតាម​សង្ឃដីកា​របស់​សម្តេច​ព្រះ​មង្គល​ទេពាចារ្យ​អ៊ុំ ស៊ុម​។

ដោយឡែក​ ការ​ប្រារព្ធ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ដែល​មាន​ពេល​១៥​ថ្ងៃ​នេះ ​តាម​បុរាណាចារ្យ ​គឺ​គេ​បែងចែក​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ក្រុម​និង​វេន​បន្តបន្ទាប់​គ្នា ​ដើម្បី​ធ្វើ​ចង្ហាន់​និង​នំ​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ឯ​វត្ត ​និង​ដើម្បី​ដាក់បិណ្ឌ​ឧទ្ទិស​កុសល​ដល់​ញាតិការ​ទាំង​៧​សណ្តាន​ដែល​បាន​ចែកឋាន​ទៅកាន់​លោក​ខាងមុខ​។ ​ក្រៅពី​នេះ ​ក៏មាន​ព្រះសង្ឃ​សូត្រ​បរាភវសូត្រ​នៅពេល​ទៀបភ្លឺ ​មានការ​បោះ​បាយបិណ្ឌ ​និង​ការ​ពូន​ភ្នំ​ខ្សាច់​ជាដើម​៕

What Next?

Recent Articles

One Response to "ភ្ជុំបិណ្ឌ​មាន​ប្រវត្តិ​ទាក់ទង​ទៅនឹង​ការ​ឧទ្ទិស​ដល់​ញាតិ​ដែល​បាន​ស្លាប់​ទៅ​ផង​និង​ការ​ចូល​ព្រះវស្សា​របស់​ព្រះសង្ឃ​ផង"

  1. 😈omen😈 says:

    យើងទាំងអស់គ្នាត្រូវចាំថាមនុស្សគ្រប់រូបពេលស្លាប់ទៅរមេងតែងកើតជាប្រេតហើយប្រេតនេះឯងមានប្រេតប្រភេទល្អនិងប្រេតប្រភេទអាក្រក់។ប្រេតប្រភេទអាក្រក់នេះហើយដែលតែងតែនាំមកយើងវិញនៅសេចក្តី ទុក្ខព្រួយឈឺស្កាត់ព្រាត់ប្រាស់គ្មានទីបញ្ចប់។ យ៉ាងណាមិញដើម្បីនិយាយអោយងាយយល់ពពួកប្រេតគឺជាពពួកបាក់តេរី នេះឯង ពពូកបាក់តេរីនេះហើយដែលយើងទាំងអស់គ្នាលើលោកបានយល់ថាជាពពូក ព្រាយ ប្រេត បីសាច ពីមុនមក។តែសព្វថ្ងៃនេះយើងបានរកឃើញហើយ( ប្រេត គឺ បាក់តេរី ) ។បាក់តេរី ចែកជាពីរប្រភេទ បាក់តេរីល្អ និង បាក់តេរីអាក្រក់ សូមអស់លោកពិចារណានិងសិក្សារបន្តរទៀតចុះ។