ចរចាប្រាក់​ឈ្នួល​កម្មករ​២០១៨៖ សហជីព​ជ្រើស​យក​តួ​លេខ​១៧៦,២៥​ដុល្លារ​​ទៅ​ដាក់​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី

ដោយ អ៊ឹម រចនា
24/09/2017
RFI

media
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។ HRW​


បន្ទាប់​ពី​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​អស់​រយៈ​ពេល​ពេញ​មួយ​រសៀល​ថ្ងៃ​អាទិត្យ​ទី​២៤​កញ្ញា​នេះ ភាគី​សហជីព បាន​ជ្រើស​យក​តួ​លេខ​​១៧៦,២៥ដើម្បី​យក​ទៅ​ដាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​។ កិច្ច​ប្រជុំ​ត្រី​ភាគី ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​កញ្ញា​ស្អែក​នេះ រវាង​សហជីព និយោជក និង​រដ្ឋាភិបាល​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​​នា​រសៀលថ្ងៃ​ទី​២៤​កញ្ញា​​នេះ តំណាង​សហជីព​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ជាង​៣០​នាក់ បាន​ដាក់​តួ​លេខ​ចំនួន​៤​នៅ​លើ​តុ​ប្រជុំ​។ តួ​លេខ​ទាំង​៤​​នោះ​គឺ៖ ១៧៦,២៥ដុល្លារ ១៧៩,៦០​ដុល្លារ ១៩០,៧៣ដុល្លារ និង​២១៨,២៥​ដុល្លារ។

ប៉ុន្តែ​មូលហេតុ​ដែល​នៅ​ទី​បំផុត ក្រុម​សហជីព​សម្រេច​ជ្រើស​យក​តួ​លេខ ១៧៦,២៥ដុល្លារ ក៏​ព្រោះ​តែ​ចំនួន​នេះ​សម​ស្រប​ជាង​គេ​ទៅ​នឹង​តម្រូវ​ការ​ជីវភាព​របស់​កម្មករ​និយោជិត​នា​ពេល​បច្ចុប្បន្ន និង​អនុលោម​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​អង្គការ​អន្ដរជាតិ​ព្រម​ទាំង​អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​​​​នានា​។

ចំណែក​លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីពជាតិ​កម្ពុជា​វិញ។ លោក​យល់​ឃើញ​ថា ១៧៦,២៥​ដុល្លារ គឺជា​តួ​លេខ​ដ៏​ល្អ មិន​ទាប​ពេក មិន​ខ្ពស់​ពេក​។ តួ​លេខ​នេះ​បាន​បង្ហាញពី​ភាព​ចាស់​ទុំក្នុង​ការ​ចរចា​របស់​សហជីព​ ដែល​​គិត​ពី​ការ​ប្រកួត​ប្រជែង​របស់​និយោជក​ផង​និង​គិត​ពី​តម្រូវ​ការ​របស់​និយោជិត​ផង​។ នេះ​បើ​តាម​លោក សោម អូន​។

សូម​ជម្រាប​ថា តួ​លេខ​១៧៦,២៥ដុល្លារ​នេះ នឹង​ត្រូវ​សហជីព​យក​ទៅ​ដាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​នៅ​ថ្ងៃ​ចន្ទទី​២៥​កញ្ញា​។ កិច្ច​ប្រជុំ​ត្រី​ភាគី នឹង​មាន​ការ​ចូល​រួម​ពី​តំណាង​សហជីព តំណាង​សមាគម​ថៅកែ​រោងចក្រ និង​ក្រសួង​ការងារ ដែល​ភាគី​នីមួយ​ៗ​មាន​សមាសភាព​ចំនួន​១៦​រូប​។ តំណាង​និយោជក​មាន​តួលេខ​រួច​ស្រេច​ហើយ ប៉ុន្តែ​លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​សុំ​មិន​បង្ហើប​ប្រាប់​ទេ​នា​ពេល​នេះ។ ប៉ុន្តែ​លោក កាំង ម៉ូនីកា បាន​ព្រមាន​ថា ការ​តម្លើង​ប្រាក់​ឈ្នួល អាច​ប៉ះពាល់​ដល់វិស័យ​កាត់ដេរ​នៅ​កម្ពុជា ព្រោះ​និយោជក​ចំណេញ​កាន់​តែ​តិច​​។

ទាក់​ទង​ទៅ​នឹង​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨​នេះ ក្រសួងការងារ​បាន​ប្រកាស​ប្រើប្រាស់​រូបមន្ត​ចាស់ នោះ​គឺ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច​។ ផ្នែក​សង្គម ​គឺ​ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​គ្រួសារ​ ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​។ ចំណែក​ផ្នែក​សេដ្ឋកិច្ច គឺ​ផ្តោត​លើ​ផលិតភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស និង​ស្ថានភាព​ទីផ្សារ​។ ការ​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​តុលា ហើយ​នៅ​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​ចូល​ជា​ធរមាន​។

គួរ​រំឭក​ជូន​ផង​ដែរ​ថា សព្វ​ថ្ងៃ​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង មាន​ចំនួន​១៥៣​ដុល្លារ​។ ប្រាក់​ឈ្នួល​នេះ​កើន​ឡើង​ប្រមាណ​ជាង​១៣​ដុល្លារ បើ​ធៀប​ទៅ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៦​៕

What Next?

Recent Articles

Leave a Reply

Submit Comment