បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ជូន​លោក កឹម សុខា ​ចូល​សវនាការ​ តែ​ក្រសួង​មហាផ្ទៃ​ថា​ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ (រូបភាពពី​ហ្វេស​ប៊ុក​លោក​ កឹម​ សុខា)


គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ លោក កឹម សុខា នៅ​ក្នុង​សនវការ​នៅ​សប្ដាហ៍​ក្រោយ​នេះ ខណៈ​ដែល​ក្រសួង​មហាផ្ទៃ បង្ហាញ​ក្ដី​បារម្ភ​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​អំឡុង​ពេល​បញ្ជូន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​កាន់​រាជ​ធានី​ភ្នំពេញ។

សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ទៅ​តាម​បណ្ដឹង​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ដែល​ជំទាស់​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ខណៈ​ដែល​សវនាការ​គ្រោង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នោះ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ លោក ចាន់ គីមសេង បាន​ផ្ញើ​លិខិត​ទៅ​សាលា​ឧទ្ធរណ៍ ឲ្យ​ពិចារណា​ឡើង​វិញ​អំពី​ការ​បញ្ជូន​លោក កឹម សុខា មក​ចូល​រួម​សវនាការ ដោយ​ថា មាន​ក្ដី​បារម្ភ​ពី​បញ្ហា​សន្តិសុខ​សុវត្ថិភាព​អំឡុង​ពេល​នោះ។

ប៉ុន្តែ គណបក្សសង្គ្រោះជាតិ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ម្សិលមិញថា ការព្រួយបារម្ភរបស់​អគ្គនាយកពន្ធនាគារ​ពីសុវត្ថិភាព និង សន្តិសុខ ក្នុងពេលដឹកជញ្ជូននោះ គ្រាន់តែជាលេសក្នុងការធ្វើសវនាការ​ដោយ​គ្មាន​វត្តមានលោក កឹម សុខា តែ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត បក្ស​ប្រឆាំង​បាន​ស្នើ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​គោរព​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ធានា​សិទ្ធិ​របស់​លោក កឹម សុខា និង​ស្នើ​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ឲ្យ​បញ្ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ ទៅ​កាន់​សនវការ​តាម​កាល​បរិច្ឆេទ។

សេចក្ដី​ថ្លែងការណ៍​បន្ថែម​ថា​ ការ​ចាប់​ខ្លួន​ និង​​ឃុំ​ខ្លួន​លោក កឹម សុខា ​ដែល​ជា​តំណាង​រាស្រ្ត​មាន​អភ័យឯកសិទ្ធិ​ជា​​ទង្វើ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ការណ៍​ដែល​មិន​អនុញ្ញាតិ​ឲ្យ​លោក កឹម សុខា ​ចូល​សវនាការ​ នឹង​ធ្វើ​ឲ្យ​លទ្ធផល​នៃ​​ការ​ជំនុំ​ជម្រះ​ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ផង​ទៀត​។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ហើយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» ជុំ​វិញ​អ្វីដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​២០១៣​ថា លោក​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ រដ្ឋាភិបាល​ចោទ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ឃុប​ឃិត​ជាមួយ​អាមេរិក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ឲ្យ​មានការ​​ថ្កោល​ទោស​ព្រោង​ព្រាត​ពី​សំណាក់​សហគមន៍​អន្តរជាតិ លើក​លែង​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​មួយ​ប៉ុណ្ណោះ ដែល​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ការ​ការពារ​សន្តិសុខ និង​ស្ថេរភាព​ជាតិ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ជូន​លោក កឹម សុខា ​ចូល​សវនាការ​ តែ​ក្រសួង​មហាផ្ទៃ​ថា​ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​"

  1. people says:

    Funny this king dom of veitcong slave’ everything they created to make people believe them ‘what go on and everything they did are good to country or nation’ what a veitcong dog”” they can say what ever they wanted ‘like they sign and gave Tral island to youn ‘they are right ‘ so veitcong mafia dictator and his cronies groups are the traitors .they will go to hell one day soon. GOD bless all cambodian people’