ក្រុមហ៊ុន​សុខា​ បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​រឿង​សុំ​ប្ដូរ​ឈ្មោះ

អាជ្ញាធរឡើង​រុះរើ​ស្លាក​ឈ្មោះ​នៅ​រមនីយដ្ឋាន​បូកគោ។ រូបថត Fresh News



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​ប្រធាន​ក្រុមប្រឹក្សា​អភិបាល​ក្រុមហ៊ុន សុខា អូតែល កាលពី​ម្សិលមិញ​បាន​ការពារ​ក្រុមហ៊ុន​របស់​ខ្លួន​ថា​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ក្នុង​ការ​ប្ដូរ​ឈ្មោះ​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​លើ​ខ្នង​ភ្នំ​បូកគោ ប៉ុន្តែ​មិន​បាន​ប្រឆាំង​នឹង​ការ​រុះរើ​របស់​អាជ្ញាធរ​ដែល​អនុវត្ត​តាម​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី​​ក្រោយ​មាន​ប្រតិកម្ម​ដ៏ចម្រូង​ចម្រាស​ពី​បណ្ដាញ​សង្គម​នោះ​ទេ​។

នៅ​សប្តាហ៍​មុន​អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​បាន​រិះគន់​ជុំវិញ​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ទៅ​ជា​រមណីយដ្ឋាន​សុខា​ឋានសួគ៌​ដែល​បាត់​ឈ្មោះ​ប្រវត្តិសាស្ត្រ​ខ្មែរ​រហូត​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ និង​ពី​ថ្នាក់​ដឹកនាំ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សម្លៀក​បំពាក់​យោធា​កាលពី​ថ្ងៃ​សៅរ៍​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពត រុះរើ​ស្លាក​ឈ្មោះ​ថ្មី​នៃ​ «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ​ដែល​ត្រូវ​បាន​គេ​ប្តូរ​ទៅ​ជា​ «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ​ជា​អ្វី​ដែល​លោក​ថា​ «​អត់​ច្បាប់​»​។

លោក​សរសេរ​ថា​៖ «​សូម​អរគុណ​បងប្អូន​ជន​រួមជាតិ​ដែល​បាន​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​ដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅ​ជា​ឈ្មោះ​ផ្សេង​ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​បាន​ដឹង និង​មិន​បាន​អនុញ្ញាត​»​។

លោក​សរសេរ​បន្ត​ថា​៖ «​ខ្ញុំ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពត​ទៅ​ដក​ហូត​ចេញ​នូវ​ស្លាក​សញ្ញា​អត់​ច្បាប់​ចេញ​ឲ្យ​បាន​មុន​ម៉ោង​ ១១ ​ថ្ងៃ​នេះ​។ តំបន់​ប្រវត្តិសាស្ត្រ​ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់ខាត​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​​រដ្ឋបាល​ខេត្ត​កំពត​ចេញ​ពី​ថ្ងៃ​សៅរ៍​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី កម្លាំង​ចម្រុះ​បាន​ «​ចុះ​ធ្វើ​ការ​រុះរើ​ជា​បន្ទាន់​» ​នូវ​ស្លាក​ឈ្មោះ​ថ្មី​នៅ​ខ្លោង​ទ្វារ​ឡើង​ទៅ​រមណីយដ្ឋាន​​ និង​បញ្ជា​ឲ្យ​លុប​នូវ​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ក្នុង​សណ្ឋាគារ​ និង​តាម​ដង​ផ្លូវ​ក្នុង​តំបន់​រមណីយដ្ឋាន​នោះ​។

រដ្ឋបាល​ខេត្ត​បាន​ហៅ​ការ​ប្តូរ​ឈ្មោះ​តំបន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​នៃ​ក្រុមហ៊ុន​សុខា​អូតែល​របស់​លោក ឧកញ៉ា សុខ គង់ ថា​ជា​ការ​សម្រេច​ដោយ​ «​ឯកតោភាគី​» ​ហើយ​រដ្ឋបាល​ខេត្ត​មិន​គាំទ្រ​ដាច់​ខាត​ព្រោះ​ជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពត​លោក ស៊ឹម វុទ្ធា ថ្លែង​ថា​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​កើតឡើង​ក្រោយ​សាលា​ខេត្ត​បញ្ជូន​របាយការណ៍​ទៅ​រាជរដ្ឋាភិបាល​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​នា​ថ្ងៃ​ទី​ ២២ កញ្ញា​។

ប៉ុន្តែ​លោក​បាន​ហៅ​ភាព​ចម្រូង​ចម្រាស​នេះ​ថា​ជា​ «​ការ​យល់​ច្រឡំ​» ​រវាង​ភាគី​ក្រុមហ៊ុន​ និង​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​រួច​ទៅ​ហើយ​។

លោក​ថា​៖ «​វា​គ្រាន់​តែ​ជា​ការ​យល់ច្រឡំ ការ​យល់​ខុស​គ្នា​។ ​យល់​ច្រឡំ​រវាង​លិខិត​របស់​ក្រសួង​ដាក់​ឲ្យ​គាត់ រីឯ​ក្រសួង​យល់​ច្រឡំ​នឹង​សំណើ​សុំ​របស់​គាត់​»​។

កាលពី​ថ្ងៃ​ ៣១ ​សីហា​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ស្ដី​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​នេះ​ថា ចាប់​ថ្ងៃ​ទី​ ១ ​កញ្ញា​តទៅ​ «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ជា​ «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ជំនួស​វិញ​។ ជាមួយ​គ្នា​នេះ​បណ្ដាញ​ទំនាក់​ទំនង​សង្គម អ៊ីមែល គេហទំព័រ និង​ឈ្មោះ​ភោជនីយដ្ឋាន​មួយ​ចំនួន​ក៏​ត្រូវ​ប្តូរ​ថ្មី​ដែរ​។

យ៉ាង​ណា​ក៏ដោយ​លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន សុខា អូតែល លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​លោក​បាន​ដាក់​សំណើសុំ​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​នេះ ហើយ​ក្រសួង​សាមី​ក៏​បាន​ឯកភាព​ចុះ​បញ្ជី​ផង​ដែរ​។

លោក​ថា​៖ «​ខ្ញុំ​បាន​សុំ​ទៅ​កន្លែង​ក្រសួង​ពាណិជ្ជកម្ម​។ យើង​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​»​។

លោក​បាន​បកស្រាយ​ពី​បំណង​នៃ​ការ​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​នេះ​ថា​ដើម្បី​ងាយស្រួល​ចំណាំ​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន ខណៈ​សុខា​អូតែល​មាន​ច្រើន​សាខា​។

លោក​បន្ត​ថា​៖ «​វា​មាន​សុខា​ច្រើន​ពេក​ទៅ​…​អ៊ីចឹង​ខ្ញុំ​ចង់​ប្ដូរ​ឈ្មោះ​ហ្នឹង​ឲ្យ​ដូច​សុខា ទាំងអស់​គ្នា​ហ្នឹង​។ អា​នេះ​ក៏​សុខា អា​នោះ​ក៏​សុខា កន្លែង​នេះ​ទៅ​ជា​បំភ្លេច​កន្លែង​ប្រវត្តិសាស្ត្រ​ទៅ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ក៏​មិន​ជំទាស់​ទៅ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រុះរើ​ស្លាក​ឈ្មោះ​ថ្មី​ ឬ​ក៏​ប៉ាណូ​ផ្សព្វផ្សាយ​ក្នុង​សណ្ឋាគារ​នោះ​ដែរ​។

យោង​តាម​លិខិត​ក្រសួង​ពាណិជ្ជកម្ម​ផ្ញើ​ជូន​ក្រុមហ៊ុន​ចុះ​ថ្ងៃ​ ១ កញ្ញា បញ្ជាក់​ថា​«​ក្រសួង​ពាណិជ្ជកម្ម​ទទួល​ចុះ​បញ្ជី​នូវ​នាម​ករណ៍​សាខា​របស់​ក្រុមហ៊ុន សុខាអូតែល​ Sokha Hotel Co.,LTD» ពី​ឈ្មោះ​ចាស់​ «​ឋានសួគ៌​បូកគោ​» ​មក «​សុខា ឋានសួគ៌​»​។

ប៉ុន្តែ​កាលពី​ម្សិលមិញ​ក្រសួង​នេះ​​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយ​​បញ្ជាក់​ថា លិខិត​អនុញ្ញាត​ពី​ថ្ងៃ​ ១ កញ្ញា «​គឺជា​ការ​អនុញ្ញាត​ប្តូរ​នាមករណ៍​ (​ឈ្មោះ​) ​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ មិនមែន​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​បូកគោ​នោះ​ទេ​។

លិខិត​ក្រសួង​បន្ត​ថា​ខ្លួន​ពុំ​មាន​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​កំណត់​ដោយ​ព្រះរាជក្រឹត្យ​នោះ​ទេ​។

បន្ថែម​ពី​នេះ​ក្រសួង​បរិស្ថាន​ដែល​មាន​តួនាទី​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺ​កាលពី​ថ្ងៃ​សៅរ៍​ថា​គ្មាន​ការ​ផ្លាស់ប្តូរ​ផ្សេង​ណា​មួយ​ឡើយ​។

ក្រុមហ៊ុន​សុខា​របស់​លោក ឧកញ៉ា សុខ គង់ បាន​ទទួល​សិទ្ធិ​ក្នុង​ការ​វិនិយោគ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ «​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​» ​នៃ​ខេត្ត​កំពត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០០៨ ហើយ​បាន​ដាក់​ឲ្យ​ដំណើរការ «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ​ក្នុង​ឆ្នាំ​ ២០១២​។

រមណីយដ្ឋាន​មួយ​នេះ​ធ្លាប់​មាន​ភាព​ចម្រូង​ចម្រាស​ជាច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់ពី​មាន​ជនជាតិ​វៀតណាម​មក​ធ្វើ​ពិធី​សាសនា​ជា​បន្តបន្ទាប់​លើ​កំពូល​ភ្នំ​នេះ​ដោយ​ខ្លះ​មាន​ជំនឿ​ថា​ផ្នូរ​បុព្វបុរស​របស់​ពួកគេ​ត្រូវ​បាន​បញ្ចុះ​នៅ​ទី​នោះ​ដែល​បង្ក​ឲ្យ​មាន​ការ​ខឹងសម្បា​ពី​សំណាក់​អ្នក​ជាតិ​និយម​កម្ពុជា​រហូត​ដល់​មាន​តំណាងរាស្ត្រ​ប្រឆាំង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​នៅ​ដើម​ឆ្នាំ ២០១៥ ថែម​ទៀត​ផង​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ដែល​បាន​តាម​ដាន​លើ​ករណី​នេះ​យល់​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ខឹង​សម្បា​ដោយសារ​តែ​ពួកគាត់​គិត​ថា​អត្តសញ្ញាណ​របស់​ឧទ្យាន​ជាតិ​អាច​ត្រូវ​បាត់បង់​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ចាប់ផ្តើម​ពី​ការ​ផ្លាស់ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគាត់​មាន​ការ​បារម្ភ​ថា អត្តសញ្ញាណ​ជាតិ អត្តសញ្ញាណ​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស​របស់​ជាតិ​ខ្មែរ​ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល​ក្សត្រ​ផង វា​នឹង​ត្រូវ​បាត់បង់​ប្រវត្តិសាស្ត្រ​។ ឈ្មោះ​នេះ​អាច​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​លែង​មាន​ការ​ចងចាំ​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

Leave a Reply

Submit Comment