បក្សប្រឆំាង៖ មានតែអ្នកនយោបាយខ្មែរនិងខ្មែរទេ ទើបដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា​បាន

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ


គណបក្សប្រឆំាង​ បានឲ្យដឹង​ថា ដើម្បីឲ្យ​ស្ថានការណ៍នយោ​បាយនៅកម្ពុជា វិល​ទៅរក​ភាពល្អ​ប្រសើរ​ឡើង​​វិញ បក្សនេះ​ថា មានតែអ្នកនយោបាយខ្មែរនិងខ្មែរទេ ទើប​ដោះស្រាយ​វិបត្តិនយោបាយនេះ​បាន។

សាររបស់គណបក្សប្រឆំាងនេះ ធ្វើឡើងបន្ទាប់ពី សហគមន៍អន្តរជាតិលោក​សេរី បានចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​ ​​ជំរុញឲ្យអ្នកនយោបាយខ្មែរ ​ត្រូវ​ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដោយថា​ដើម្បី​​​​ឲ្យការបោះឆ្នោតនៅឆ្នាំ២០១៨ ​មានអព្យាក្រឹត សេរី និងយុត្តិធម៌។

ក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆំាង​ លោក កឹម សុខា ធ្វើ​ឲ្យស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា កាន់តែ​​​ឡើងកម្តៅ ដោយលោកថា ករណីនេះ មានតែខ្មែរនិងខ្មែរទេ ទើបដោះស្រាយឲ្យស្ថានការណ៍​នយោ​បាយ​​​នៅ​​កម្ពុជា ​​ទៅរកភាពល្អប្រសើរឡើងវិញ។

លោកថ្លែងថា៖ «ការដោះស្រាយបញ្ហា​នៃប្រទេសមួយ អ្វីដែលជាការងារដែលធ្វើជោគជ័យ ហើយមាន​ប្រសិទ្ធ​ភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ បរទេសគ្រាន់តែជួយជំរុញឲ្យមានការយកចិត្តទុកដាក់​ រវាង​ខ្មែរ​​​និ​ងខ្មែរឲ្យដោះស្រាយ​បញ្ហាដោយខ្លួនឯងទេ ព្រោះការអនុវត្តឲ្យមានប្រសិទ្ធភាព គឺវាអាស្រ័យលើខ្មែរ និង​ខ្មែរ​ គឺយើងមានការពិសោធន៍នៅឆ្នាំ១៩៩១ បើទោះបីអន្តរជាតិចង់ឲ្យប្រទេសកម្ពុជា​មានសន្តិភាព ក៏​វា​ត្រូវ​ភាគី [ពាក់ព័ន្ធ]…និយាយគ្នាដែរ​ ដើម្បីដោះស្រាយ​បញ្ហា​ទំាងអស់នេះ​​​​»។

លោក កឹម សុខា ត្រូវ បាន​សមត្ថកិច្ចចាប់ខ្លួន ​ទាំងមានអភ័យឯកសិទ្ធិសភា តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ដោយចោទថាពីបទក្បត់ជា​តិ។ ហើយ បើគ្មានអ្វីប្រែប្រួលនោះទេ លោក កឹម សុខា ក៏នឹង​ត្រូវ​ចូល​រួម​សវនាការ នៅថ្ងៃស្អែក ទី២៦ ខែកញ្ញា លើបណ្តឹងសុំនៅក្រៅឃុំ។

លិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ ផ្ញើទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា បានស្នើឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញ ក្នុងការតម្រូវឲ្យនាំខ្លួនលោក កឹម សុខា ពីពន្ធនា​គារត្រពាំផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ស្អែកនេះ​ ដោយថា ព្រួយ​បារម្ព​ពីបញ្ហា​សន្តិ​សុខ សុវត្ថិភាព មេបក្សប្រឆំាងរូបនោះ​។​

យ៉ាងណាក៏ដោយ ក្នុងករណីពុំមានវត្តមាន លោក កឹម សុខា នៅក្នុង​សវនាការ នៅសាលាឧទ្ធរណ៍នា​ថ្ងៃស្អែកនេះ លោក សុន ឆ័យ អះអាងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងនាំ​គ្នា​ទៅ​ចូល​រួម តាមដានស្តាប់សវនាការលើសំណុំរឿងលោក កឹម សុខា ផង​ដែរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles

One Response to "បក្សប្រឆំាង៖ មានតែអ្នកនយោបាយខ្មែរនិងខ្មែរទេ ទើបដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា​បាន"

  1. :( says:

    បើគេដោះស្រាយគេចំបាច់បង្កើតរឿងច្រើនយ៉ាងនេះធ្វើអ្វី? ឈប់គិតឈប់ធ្វើនយោបាយទៅឯកឧត្តម
    ទាំងអស់គ្នា ឯកឧត្តមមិនអាចធ្វើអោយគេមកដោះស្រាយអ្វីជូនឯកឧត្តមទាំងអស់គ្នាទៀតនោះទេគេរងចាំតែបំបាត់ពួកឯកឧត្តមនោះទេ ពួកឯកឧត្តមនៅគឺជាឆ្អឹងទទឹងកពួកគេតែប៉ុណ្ណោះ ពួកឯកឧត្តម​ ពួកគេនឹងធ្លាក់សម្លេងឆ្នោត ពួកគេពិបាក់ធ្វើការពុករលួយ ពិបាក់នាំជនជាតិយួនចូល​ ពិបាក់
    បំផ្លាញ់ជាតិ តើគេទុកពួកឯកឧត្តមធ្វើអ្វីទៅ?

Leave a Reply

Submit Comment