
លោក ហ៊ុយ ឧត្តម ដែលត្រូវបានសមត្ថកិច្ចខេត្តក្រចេះចាប់ឃាត់ខ្លួនកាលពីថ្ងៃសុក្រ។ រូបថត ហ្វេសប៊ុក
Mon, 25 September 2017
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ក្រចេះ: បុរសអាយុ ២៩ ឆ្នាំម្នាក់រស់នៅខេត្តកំពង់ស្ពឺដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តក្រចេះត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូនៅលើហ្វេសប៊ុកកាលពីឆ្នាំ ២០១៣ ដែលគាត់ច្រៀងខ្លួនឯងដោយជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក ថាន់ ឃុង បានសរសេរនៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីម្សិលមិញថា ចៅក្រមស៊ើបអង្កេតបានសម្រេចឃុំខ្លួនលោក ហ៊ុយ ឧត្តម អាយុ ២៩ ឆ្នាំដែលជាមេការរោងចក្រទឹកសុទ្ធរស់នៅខេត្តកំពង់ស្ពឺដោយជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលប្រព្រឹត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីខែកញ្ញាឆ្នាំ ២០១៣។
ដីកាបង្គាប់ឲ្យឃុំខ្លួននោះបានបញ្ជាក់ថា៖ «យើង ថាន់ ឃុន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ហ៊ុយ ឧត្តម ទៅពន្ធនាគារ ខេត្តក្រចេះដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ប្រធានពន្ធនាគារខេត្តក្រចេះទទួលនឹងឃុំជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ»។
លោក ហ៊ុយ ឧត្តម បានច្រៀងខ្លួនឯងហើយបង្ហោះនៅក្នុងហ្វេសប៊ុកថា៖ «បើកភ្នែកៗឃើញរាស្ត្រឈឺផ្សារ រាស្ត្រខ្មែររស់រងទុក្ខា ព្រោះដោយសារស្នាដៃ ហ៊ុន សែន អស់ដីធ្លីឲ្យយួនកាន់កាប់ឈឺចាប់ក្រៃលែង ឱសឱ ហ៊ុន សែន ឯងនេះមិនមែនជាមនុស្សទេ។ កាប់ឈើគ្មានសល់ ឈប់ខ្វល់អស់រ៉ែត្បូងទៀត បំផ្លាញមច្ឆាតិណជាតិនេះហើយមារយាទរបស់ ហ៊ុន សែន សម្បទានដីធ្លីឲ្យយួនកាន់កាប់ជារឿងមែនទែន…»។
លោកឧត្តមច្រៀងបន្តថា៖ «ល្មោភអំណាចតែម្នាក់ឯង មិនដែលកោតក្រែងចិត្តប្រជាជន…ជ្រុលហួសហេតុពេកហើយ…គួរណាឡើយឯងកុំកន្តើយធ្វើដូចនេះទៀត ឯងកើតជាខ្មែរចរិតជាឆ្កែ ឆ្កែដ៏ចោលម្សៀត…ពេលបានជ្រួតជ្រាបលែងជឿឯងទៀត ឯងត្រូវចប់ហើយ…សែនអើយសែនឯងឆាប់ចុះចេញទៅបើសិនឯងនៅរាស្ត្រខ្មែរវេទនារងឈឺចាប់អស់ដីអស់ធ្លី…ដូច្នេះខ្មែរយើងចូរក្រោកឈរឡើងធ្វើខ្លួនតម្កើងតតាំងឲ្យបាន កម្ចាត់ ហ៊ុន សែន ពួកយួនក្ស័យប្រាណ…»។
ការចោទប្រកាន់នេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ១ លានដល់ ៤ លានរៀល។
ស្នងការរងខេត្តក្រចេះលោក អ៊ុំ ភី ថ្លែងថាអាជ្ញាធររបស់លោកបានចាប់ខ្លួនបុរសនោះ នៅពេលគាត់ទៅលេងប្រពន្ធរបស់គាត់នៅខេត្តក្រចេះ បន្ទាប់ពីអាជ្ញាធរបានឃើញឃ្លីបវីដេអូដែលបានបង្ហោះជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហើយគាត់បានសារភាពថាគាត់បានច្រៀងចម្រៀងនោះ ហើយគាត់បានសម្តែងការសោកស្តាយចំពោះរឿងនេះ។
លោកថ្លែងថា៖ «យើងបានចាប់ខ្លួនគាត់ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈហ្វេសប៊ុក …គាត់បានសារភាពអំពីបទល្មើសរបស់គាត់…គាត់បានច្រៀងចម្រៀងសុំទោសលោកនាយករដ្ឋមន្ត្រី នៅស្នងការដ្ឋាននគរបាលខេត្តហើយគាត់បានសម្តែងការសោកស្ដាយដោយនៅពេលនោះគាត់នៅឈាមរាវ ហើយគាត់ថាមិនគួរប្រព្រឹត្តវានោះទេ ដោយជឿ និងធ្វើតាមអ្នកញុះញង់»។
លោក ឧត្តម បានច្រៀងនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះថាលោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសរបស់លោកដែលបានជេរប្រមាថលោកនាយករដ្ឋមន្ត្រីដោយសារតែជឿលើការញុះញង់របស់គណបក្សប្រឆាំង ហើយឥឡូវនេះលោកបានដឹងច្បាស់ហើយ។
លោកថា៖ «ខ្ញុំពិតជាអាម៉ាស់ខ្លាំងណាស់ដែលបានជេរពូ ហើយគណបក្សប្រឆាំងតែងតែជេរប្រមាថលោកពូជានិច្ច…សម្តេចឲ្យក្មួយសូមទោស»។
ជននេះបន្តថា «ប្រទេសជាតិមានសន្តិភាព ប៉ុន្តែក្រុមប្រឆាំងបានលាបពណ៌ប្រទេសរបស់យើងដូច្នេះហើយប្រជាជនកម្ពុជាត្រូវតែរួមកម្លាំងគ្នាដើម្បីកម្ចាត់ក្រុមប្រឆាំងហើយនឹងមានសន្តិភាព។ ខ្ញុំនៅក្មេង និងល្ងីល្ងើមិនដឹងអីដោយបានជឿលើការញុះញង់របស់គណបក្សប្រឆាំង»។
លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ៕ NS
Contact author: ម៉ិច ដារ៉ា