ក្រសួង​សុខាភិបាល​ប្រាប់​ឲ្យ​ការពារ​ពី​រោគ​សញ្ញា​ដង្កូវ​ពោះ​វៀន​និង​ឈប់​បរិភោគ​សាច់​សត្វ​ឆៅ​និង​មិន​ឆ្អិន​ល្អ

ដោយ ញឹម សុផល
26/09/2017
RFI

media
លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា។ សហការី​


ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​សាធារណៈ​ជន​បាន​យល់​ស្តី​ពី​ករណី​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែឡា ដែល​កំពង់​រាត​ត្បាត​នៅ​តំបន់​ព្រៃ​ឡង់​នា​ខេត្ត​កំពង់​ធំ។ ការ​ជូន​ដំណឹង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ចំនួន​០៩​នាក់ បាន​ស្លាប់​ជា​បន្ត​បន្ទាប់​និង​១៩​នាក់​ផ្សេង​ទៀត កំពុង​តែ​សម្រាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ពួក​គេ​បរិភោគ​សាច់​ជ្រូក​ព្រៃ ដែល​ចំអិន​មិន​ឆ្លិន​ល្អ ក្លែម​ជាមួយ​សុរា។

ប្រឈម​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែឡា​ ហៅ​ទ្រី​ស៊ី​ណែឡូស៊ីស ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​ថា ជំងឺ​នេះ​បាន​ឆ្លង​មក​មនុស្ស តាម​រយៈ​ការ​បរិភោគ​សាច់​ឆៅ​ឬ​សាច់​ចម្អិន​មិន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ដង្កូវ​ព្រូន​ទ្រី​ស៊ីណែ​ឡា។ សេចក្តី​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​គឺ​សំដៅ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ដង្កូវ​ព្រូន​ទ្រីស៊ីណែឡា ដោយ​ក្រសួង​បាន​ប្រាប់​ពី​រោគ​សញ្ញា​ដំបូង មាន​ក្អួត​ចង្អោរ រាក​រូស អស់​កម្លាំង​និង​គ្រុន​ក្តៅ។

លើស​ពី​នេះ មាន​ឈឺ​ពោះ​អាច​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​ពី​១​ទៅ​២​ថ្ងៃ បន្ទាប់​ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ីណែឡា​ចូល​ក្នុង​ខ្លួន​មនុស្ស​យើង។ ហើយ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រសួង​សុខាភិបាល​ថា ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ចលនា និង​បង្ក​បញ្ហា​ដល់​បេះដូង​និង​ដង្ហើម។

សូម​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត លី សុវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​ពុល​ស្រា និង​ពិសារ​សាច់​ជ្រូក​ព្រៃ​មាន​ជំងឺ ប៉ារ៉ាស៊ីត កើត​មាន​ចំនួន​១៥​ករណី ស្លាប់​០៨​នាក់ និង​២០​នាក់ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

អ្នក​ដែល​ស្លាប់ និង​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល គឺ​ដោយ​សារ​តែ​ពួក​គាត់​បាន​ហូប​សាច់​ជ្រូក​ព្រៃ តាំង​ពី​ខែ​សីហា កន្លង​មក​នេះ ហើយ​នៅ​ដើម​ខែ​កញ្ញា ទើប​បាន​ចេញ​រោគ​សញ្ញា ឈឺ​បន្តិច​ម្តងៗ ករណី​ខ្លះ​ធ្ងន់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ម៉ម ប៊ុនហេង តាម​រយៈ​សេច​ក្តី​ជូន​ដំណឹង​នៅ​ពេល​នេះ​ដែរ បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បររិភោគ​សាច់​ឆៅ​ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ហើយ​គ្រប់ៗ​គ្នា ត្រូវ​ចម្អិន​សាច់​ឲ្យ​បាន​ឆ្អិន​ល្អ និង​មាន​អនាម័យ​ម្ហូប​អាហារ​ត្រឹម​ត្រូវ ដើម្បី​ការពារ​ពី​ជំងឺ​ដង្កូវ​ព្រូន​ទ្រីស៊ីណែឡា និង​ជំងឺ​ផ្សេងៗ​ទៀត ហើយ​នាំ​គ្នា​អនុវត្ត​ការ​ប្រុង​ប្រយ័ត្ន​ដ៏​សាមញ្ញ​មួយ​ចំនួន ​នៅ​ពេល​ដែល​កាន់​និង​រៀប​ចំ​ម្ហូប​អាហារ៕

What Next?

Recent Articles