អង្គការ​អន្តរជាតិ​ស្នើ​ពិភពលោក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017-10-06

ស្ដាប់ ឬ​ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាពសំគាល់របស់អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ(Human Rights Watch)​ និងអង្គការ​ឃ្លាំមើល​ពិភពលោក Global Witness (Screen grab from Websites)
រូបភាពសំគាល់របស់អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ(Human Rights Watch)​ និងអង្គការ​ឃ្លាំមើល​ពិភពលោក Global Witness (Screen grab from Websites)


អង្គការ​ធំៗ​ពីរ​របស់​អន្តរជាតិ កំពុង​រួមគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង ស្នើ​ឲ្យ​ពិភពលោក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាច់​ផ្ដាច់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ផ្សេង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង។

អង្គការ​ធំៗ​ទាំងពីរ​នោះ គឺ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​សុទ្ធតែ​មើល ឃើញ​នូវ​គ្រោះថ្នាក់ នៃ​ការដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​របប​ផ្ដាច់ការ ដែល​ពិភពលោក​មិន​អាច​អត់ឱន​ឲ្យ​បាន ជាពិសេស​ចំណាត់​ការ​ចុងក្រោយ ដែល​ចង់​រំលាយ​គណបក្សប្រឆាំង។

អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ប្រាប់​ឲ្យ​អន្តរជាតិ ដាក់ទណ្ឌកម្ម​កម្ពុជា ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប៉ុនប៉ង​រម្លាយ​គណបក្សប្រឆាំង។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ដែល​ចេញ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​កម្ពុជា ចាត់វិធានការ ដើម្បី​រម្លាយ​គណបក្សប្រឆាំង មន្ត្រី​ផ្នែក​យុទ្ធនាការ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) ឲ្យ​ដឹង​ថា ក្រុម​អ្នក​មាន​អំណាច និង​មានទ្រព្យ ដែល​ជា​ជន​ពុករលួយ មួយ​ក្ដាប់​តូច រយៈពេល​ចុងក្រោយ​នេះ កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដើម្បី​បន្ត​ក្រាញ​អំណាច និង​រក្សាទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​រង​ទុក្ខ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។ សហគមន៍​អន្តរជាតិ មិន​អាច​ព្រងើយកន្តើយ និង ឈរ​ឱប​ដៃ​មើល ប្រទេស​កម្ពុជា ដែល​រអិល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ នៃ​របប​ផ្ដាច់ការ​បែបនេះ​បាន​នោះ​ទេ។ ដូច្នេះ ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ត្រូវ​បង្ហាញ​ឥទ្ធិពល ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ។

សេចក្ដី​ថ្លែងការណ៍​ដដែល លើក​ឡើង​ថា សហគមន៍​អន្តរជាតិ បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​កម្ពុ​ជាច្រើន​សម្បើម​ណាស់។ ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​សព្វថ្ងៃ ក៏​ដោយសារ​មានការ​ជ្រោមជ្រែង​ពី​អន្តរជាតិ។ ប៉ុន្តែ ជា​អកុសល ការ​រីក​លូតលាស់​សេដ្ឋកិច្ច​នេះ មិន​បានជា​ប្រយោជន៍​ច្រើន​ទៅដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ទេ ដោយសារតែ​ក្រុម​ត្រកូល​អភិជន និង អ្នក​មាន​អំណាច​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​មួយ​ក្ដាប់​តូច នៅតែ​បន្ត​ក្រាញ​អំណាច និង​កេងប្រវ័ញ្ច​យក​ទ្រព្យសម្បត្តិ​ជាតិ ធ្វើ​មាន​ធ្វើ​បានតែ​ក្រុម​ខ្លួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់ រកតែ​អង្ករ​ច្រក​ឆ្នាំង សឹង​មិនបាន​ផង។

សេចក្ដីថ្លែងការណ៍ បន្ត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់ រួម​ទាំង​បក្សពួក សុទ្ធតែ​កាន់​មុខតំណែង​ធំៗ ទាំង​ផ្នែក​នយោបាយ យោធា ប៉ូលិស និង ក្ដោបក្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​នាំគ្នា​ជួយ​ឃោសនា ការពារ​បក្ស​កាន់អំណាច។

អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) បន្ត​ទៀត​ថា ការណ៍​ដែល​សហគមន៍​អន្តរជាតិ គ្រាន់តែ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​បង្ក្រាប​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង អង្គការ​សង្គម​ស៊ីវិល គឺ​មិនបាន​ផល​ទេ។ លុយ​មាន​ឥទ្ធិពល​ជាង​ពាក្យ​សម្ដី។ ដូច្នេះ មានតែ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ ទើប​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់។ អ្នកស្រី បញ្ជាក់​ឲ្យ សហរដ្ឋអាមេរិក និង​សភាព​អឺរ៉ុប ត្រូវ​តែ​ដាក់ទណ្ឌកម្ម​ជាបន្ទាន់ ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​នេះ បញ្ឈប់​ការ​នាំ​ប្រទេស​កម្ពុជា ទៅ​រក​ភាព​ផ្ដាច់ការ​ដូច្នេះ។

ចំណែក​ឯ​សេចក្ដីថ្លែងការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឯណោះ​វិញ អំពាវនាវ​ឲ្យ​អន្តរជាតិ កាត់​ផ្ដាច់​ជំនួយ ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផង​ដែរ។

នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចាត់​ទុក​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ ដែល​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដែល​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅជា​ជន​ផ្ដាច់ការ ទាំង​ឥត​អៀនខ្មាស។ លោក Phil Robertson បន្ត​ទៀត​ថា ការប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដូច្នេះ គឺ​លោក ហ៊ុន សែន និង​គណបក្ស​កាន់អំណាច កំពុង​សម្លាប់​ប្រជាធិបតេយ្យ ដោយ​ការ​ប្រែក្លាយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាងមុខ ទៅជា​ឆាក​កំប្លែង​មួយ។

លោក​បញ្ជាក់​ថា ការ​ចោទ​គណបក្សប្រឆាំង ថា​ដឹកនាំ​ឲ្យ​មាន​ចលនា​បដិវត្ត​ពណ៌ គឺជា​ការឃោសនា ផ្សព្វផ្សាយ​បោក​បញ្ឆោត​ដើម្បី​ចំណេញ​នយោបាយ ធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​លេស​របស់​ខ្លួន ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ លោក​ថា ការប្រើប្រាស់​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្សប្រឆាំង គឺជា​ផែនការ​គិតទុក​ជាមុន​របស់​គណបក្ស​កាន់អំណាច ព្រោះ​ចៅក្រម​តុលាការ​កំពូល នឹង​សម្រេច​អ្វី​ទៅតាម​តែ​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន បញ្ជា​ប៉ុណ្ណោះ។ ដូច្នេះ លោក​ស្នើ​ថា មធ្យោបាយ​ដ៏​សមគួរ​បំផុត គឺ​មានតែ​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន និង សហគមន៍​អឺរ៉ុប កាត់ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជាបន្ទាន់ ទៅដល់​ការបោះឆ្នោត ដែល​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌។ ប្រជាពលរដ្ឋ​ជប៉ុន និង​អឺរ៉ុប ត្រូវ​ទាមទារ​ឲ្យ ការ​ចំណាយ​របស់​ខ្លួន មិន​ត្រូវ​បាន​ផល ដល់​ការ​ជួយ​ឲ្យ​ជន​ផ្ដាច់ការ បន្ត​កាន់អំណាច​នៅ​កម្ពុជា​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អង្គការ​អន្តរជាតិ​ស្នើ​ពិភពលោក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង"

  1. Anonymous says:

    La communauté internationale doit prendre sa responsabilité ! Il faut agir ! Il ne faut pas donner des faux espoirs !

Leave a Reply

Submit Comment