អ្នកច្បាប់​ថា គ្មាន​មូលដ្ឋាន​រំលាយ​បក្ស​ប្រឆាំង​ហើយ​ថា​នេះ​ជា​រឿង​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2017-10-06
អាស៊ីសេរី

លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។ Photo: RFA
លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។ Photo: RFA


ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​ភ្លាមៗ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ​ក្រុម​អ្នកច្បាប់​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ​គួរតែ​ពិចារណា​និង​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​សិន មុននឹង​ទទួលយក​បណ្ដឹង​របស់​គណបក្ស​ពីរ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​សភា ដែល​ប្ដឹង​សុំ​រំលាយ​គណបក្ស​ប្រឆាំង​ដូច្នេះ។

ក្រុម​អ្នកច្បាប់​ពន្យល់​ថា បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ មិន​ត្រូវ​តាមច្បាប់ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ហើយ​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន​នោះ ស្ថាប័ន​សភា​និង​រដ្ឋាភិបាល​ខ្លួនឯង​ក៏​រលាយ​ដែរ បើ​យោង​តាម​រដ្ឋធម្មនុញ្ញ។

មេធាវី ហុង គីមសួន ពន្យល់​ថា ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ក្រសួងមហាផ្ទៃ​ទៅ​តុលាការ​កំពូល ដោយ​យោង​លើ​បណ្ដឹង​របស់​គណបក្ស​គ្មាន​សំឡេង​នៅ​ក្នុង​សភា សុំ​រំលាយ​គណបក្ស​សង្គ្រោះ ហើយ​ក្រសួងមហាផ្ទៃ ប្ដឹង​ទៅ​តុលាការ​កំពូល​នេះ បើ​តុលាការ​រំលាយ​គណបក្ស​នេះ​ចោល​គឺ សមាជិក​គណបក្ស​និង​អ្នកគាំទ្រ​ត្រូវ​ជាប់ទោស​ទាំងអស់។

ការ​លើកឡើង​របស់​ក្រុម​មេធាវី​ដូច្នេះ ធ្វើឡើង​ក្រោយពេល​មេធាវី​មួយ​ក្រុម​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៥​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​៦ តុលា សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ឃុបឃិត​នឹង​បរទេស ដើម្បី​រំលាយ​រដ្ឋាភិបាល​កម្ពុជា​ជាដើម។

មេធាវី​របស់​ក្រសួងមហាផ្ទៃ​មួយ​រូប​ក្នុងចំណោម​៥​រូប គឺ លោក គី តិច មានប្រសាសន៍ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ដោយ​ផ្អែកលើ​ការ​ស្នើ​សុំ​របស់​គណបក្ស​នយោបាយ​ចំនួន​ពីរ និង​យោង​លើ​មាត្រា​៦​ថ្មី មាត្រា​៧ មាត្រា​៣៨ និង​មាត្រា​៤៤​ថ្មី នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​ធ្វើ​វិសោធនកម្ម។ លោក គី តិច អះអាង​ថា ការ​ប្ដឹង​រំលាយ គណបក្សប្រឆាំង​នេះ មិនមែន​ជាប់​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ទេ គឺ​ក្រសួងមហាផ្ទៃ​មាន​ភស្តុតាង ដែល​លោក​បង្ហាញ​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ថា ភស្តុតាង​ដែល​រក​ឃើញ​នោះ មាន​ឯកសារ​ពី​លេខ​រៀង​ទី​១ ដល់​លេខ​រៀង​ទី​២១ ដែល​រក​ឃើញ​ពី​ចេតនា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវរ៉ូវ​ជាមួយ​បរទេស​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

មាត្រា​៤៤​ថ្មី (ពីរ) ចែងថា ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​មាត្រា​៦​ថ្មី​(​ពីរ​) នៃ​ច្បាប់​នេះ និង​មាត្រា​៧​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តុលាការ​អាច​សម្រេច ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​រំលាយ​គណបក្ស​នយោបាយ​នោះ​ចោល។

ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គម្រោង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ្វី​ទេ សូម្បី​តែ​គិត​ក៏​មិនដែល​ផង។ លោក​បញ្ជាក់​ថា គោលការណ៍​គណបក្ស​សង្គ្រោះជាតិ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ។ ចំពោះ​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​វិញ លោក​បញ្ជាក់​ថា ស្ថាន​ទូក​សហរដ្ឋអាមេរិក ក៏បាន​ចេញ​សេចក្ដី​បំភ្លឺ​ហើយ​ដែរ ថា​គ្មាន​ពាក់ព័ន្ធ នឹង​គណបក្សប្រឆាំង​ថា ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ។

អង្គការ​អន្តរជាតិ​ចំនួន​ពីរ​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness និង អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​រដ្ឋាភិបាល​កម្ពុជា​ភ្លាមៗ ដែរ​នៅ​ថ្ងៃ​ទី​៦ តុលា ក្រោយពី​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ប្រាប់​ឲ្យ​អន្តរជាតិ ដាក់​ទណ្ឌកម្ម​កម្ពុជា ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង។ មន្ត្រី​ផ្នែក​យុទ្ធនាការ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ថា “​ក្រុម​អ្នក​មាន​អំណាច និង​មានទ្រព្យ ដែល​ជា​ជន​ពុករលួយ មួយ​ក្ដាប់​តូច រយៈពេល​ចុងក្រោយ​នេះ កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដើម្បី​បន្ត​ក្រាញ​អំណាច និង រក្សាទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ទូទាំង​ប្រទេស។ សហគមន៍​អន្តរជាតិ មិន​អាច​ព្រងើយ​កន្តើយ និង​ឈរ​ឱប​ដៃ​មើល ប្រទេស​កម្ពុជា ដែល​រអិល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ នៃ​របប​ផ្ដាច់ការ​បែបនេះ​បាន​ទេ។ ដូច្នេះ ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ត្រូវ​បង្ហាញ​ឥទ្ធិពល ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ។

ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពាវនាវ​ឲ្យ​អន្តរជាតិ កាត់​ផ្ដាច់​ជំនួយ ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ។ នាយករង​ប្រចាំ​តំបន់​អាស៊ីសេរី នៃ​អង្គការ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ប៊ឺតសុន (Phil Robertson) ចាត់​ទុក​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ ដែល​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដែល​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅជា​ជន​ផ្ដាច់ការ ទាំង​ឥត​អៀនខ្មាស។ លោក Phil Robertson បន្ត​ទៀត​ថា ការប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដូច្នេះ គឺ​លោក ហ៊ុន សែន និង​គណបក្ស​កាន់អំណាច កំពុង​សម្លាប់​ប្រជាធិបតេយ្យ ដោយ​ការ​ប្រែក្លាយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាងមុខ ទៅជា​ឆាក​កំប្លែង​មួយ។

លោក​បញ្ជាក់​ថា ការ​ចោទ​គណបក្សប្រឆាំង ថា​ដឹកនាំ​ឲ្យ​មាន​ចលនា​បដិវត្ត​ពណ៌ គឺជា​ការឃោសនា ផ្សព្វផ្សាយ​បោក​បញ្ឆោត​ដើម្បី​ចំណេញ​នយោបាយ ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​លេស​របស់​ខ្លួន ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ លោក​ថា ការប្រើប្រាស់​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង គឺជា​ផែនការ​គិតទុក​ជាមុន​របស់​គណបក្ស​កាន់​អំណាច ព្រោះ​ចៅក្រម​តុលាការ​កំពូល នឹង​សម្រេច​អ្វី​ទៅតាម​តែ​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន បញ្ជា​ប៉ុណ្ណោះ។

លោក​មេធាវី សេក សុភណ្ឌ ឲ្យ​ដឹង​ថា ការចោទប្រកាន់​ណាមួយ​ត្រូវ​មាន​អំណះអំណាង តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្បាស់។ លោក​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ជាង​នេះ ព្រោះថា បើសិនជា​ការចោទប្រកាន់​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង​មែន។ក្រុម​អ្នកច្បាប់​អះអាង​ថា គណបក្ស​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា ប្ដឹង​លោក​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិន​អាច​ទៅ​រួច​ឡើយ ព្រោះថា បើ​តុលាការ​រំលាយ​គណបក្សប្រឆាំង​មែន​តាម​បណ្ដឹង​នោះ​មែន មានន័យថា ស្ថាប័ន​សភា ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ទាំងអស់ ក៏​រលាយ​ដែរ ដោយហេតុថា រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​ការ​មិន​អាច​រំលាយ​សភា​បាន។ បើសិនជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថាប័ន​សភា​ដែល​កើត​ចេញពី​គណបក្ស​ទាំងពីរ​គឺ​ត្រូវ​រលាយ​ដូចគ្នា។

លោក មេធាវី ហុង គីមសួន ពន្យល់​ថា បើសិនជា​តុលាការ​កំពូល​រំលាយ​គណបក្សប្រឆាំង​មែន មិនមែន​មានន័យថា គណបក្ស​ប្រឆាំង​តែ​១ ត្រូវ​បាត់បង់​អាសនៈ​នៅ​ក្នុង​សភា និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ត នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​វិញ​ក៏​ត្រូវ​រលាយ​ដែរ ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ​នោះ។

រដ្ឋធម្មនុញ្ញ​មាត្រា​៧៨ ចែងថា នីតិ​របស់​រដ្ឋសភា​មាន​កំណត់​៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូលកាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ​ប្រញាប់ប្រញាល់​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ មិនមែន​ហេតុផល​គណបក្ស​សង្គ្រោះ​ជាតិ​មានបំណង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ្វី​ទេ។ បញ្ហា​សំខាន់​គឺ​រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មានការ​ភ័យខ្លាច​អំពី​ការ​ចាញ់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ ដូច្នេះ​គណបក្ស​កាន់អំណាច​ត្រូវតែ​ផ្ដួល​ដៃ​គូ​នៅមុន​ពេល​ថ្ងៃ​ប្រកួត​មកដល់។

ទាក់ទង​និង​បញ្ហា​នេះ តំណាងរាស្ត្រ​ស និង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក បញ្ជាក់ ថា បើសិនជា​រដ្ឋាភិបាល ឬ​តុលាការ នៅតែ​ចាត់ការ​បណ្ដឹង​នេះ​ទាំង​បំពាន​ច្បាប់​នោះ កម្ពុជា​នឹង​មិន​អាច ធ្វើដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ឆ្នាំ​២០១៨​ខាងមុខ តែ​ឯកឯង​បានទេ ព្រោះ​ប្រទេស​ក្រីក្រ​មួយ​នេះ នៅតែ​ត្រូវការ​កិច្ច​គាំទ្រ ពី​សហគមន៍​អន្តរជាតិ។ ម្យ៉ាងទៀត ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​មាន​ភាព​ស្របច្បាប់​នោះ លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត​គោលការណ៍ ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ការចូលរួម​ប្រកួត ប្រជែង​គ្រប់​គណបក្ស​នយោបាយ។

អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness និង អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លើកឡើង​ប្រហាក់​ប្រហែល​គ្នា​ថា មធ្យោបាយ​ល្អ​បំផុត គឺ​មានតែ​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន និង​សហគមន៍​អឺរ៉ុប កាត់ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជា​បន្ទាន់ ទៅ​ដល់​ការ​បោះឆ្នោត ដែល​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ម្យ៉ាងវិញទៀត មានតែ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ ទើប​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់។ ប្រជាពលរដ្ឋ​ជប៉ុន និង​អឺរ៉ុប ត្រូវ​ទាមទារ​ឲ្យ​ការ​ចំណាយ​របស់​ខ្លួន មិន​ត្រូវ​បាន​ផល ដល់​ការ​ជួយ​ឲ្យ​ជន​ផ្ដាច់ការ បន្ត​កាន់អំណាច​នៅ​កម្ពុជា​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment