គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ​ការ​ប្ដឹង​គណៈកម្មការ​រៀបចំ​បុណ្យ​សព្វ​ទៅ​តុលាការ

ដោយ អាស៊ីសេរី
2017-10-09

ស្ដាប់ និង​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Van Vanndeth
ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Van Vanndeth


តុលាការ​បាន​ចាត់ការ​បណ្ដឹង​របស់​ប្រធាន​គណបក្ស​យុវជនកម្ពុជា ដែល​ប្ដឹង​អតីត​គណៈកម្មការ​រៀប ចំ​បុណ្យ​សពបណ្ឌិត កែម ឡី ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់ យ៉ាង​ឆាប់រហ័ស ទោះបីជា​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ ហើយ​ជឿ​ទុកចិត្ត​ថា ក្រុម​អតីត​គណៈកម្មការ​នេះ មិនបាន​កិបកេង​លុយ​បុណ្យ​សព​នោះ​ក្ដី។

ប្អូនប្រុស​បង្កើត​លោក បណ្ឌិត កែម ឡី អះអាង​ថា លោក​ជឿ​ទុក​ចិត្ត​លើ​អតីត​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បងប្រុស​របស់​លោក​ថា មិនបាន​ពាក់ព័ន្ធ​លុយកាក់ ដែល​សប្បុរសជន​បរិច្ចាគ​រៀបចំ​បុណ្យ សព​នោះ​ទេ។

ប្អូនប្រុស​បង្កើត​លោក បណ្ឌិត កែម ឡី លោក កែម រិទ្ធសិត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ តុលា ថា លោក ក៏​ជា​សមាជិក​អតីត​គណៈកម្មការ​រៀបចំ​បុណ្យ សព​បងប្រុស​របស់​លោក​ដែរ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ក្រុម​សមាជិក​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព នេះ មិនបាន​កិបកេង​លុយកាក់ ពី​ការ​ចូល​បុណ្យ​នោះ​ទេ​។ លោក កែម រិទ្ធិសិត បញ្ជាក់​ថា លោក​ក៏ មិន​គាំទ្រ​ចំពោះ​ការ​ប្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្ដឹង​អតីត​គណៈកម្មការ​រៀបចំ​បុណ្យ​សព​នេះ ទៅ​តុលាការ​ដែរ។

ការប្រកាស​ជំហរ​របស់​ក្រុម​គ្រួសារ​លោក បណ្ឌិត កែម ឡី មិន​គាំទ្រ​ការ​ប្ដឹង​អតីត​ក្រុម​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត​កែម ឡី នេះ នៅ​ស្រប​ពេល លោក ប៉ា ងួនទៀង និង លោក មឿន តុលា ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព នៅ​ថ្ងៃ​ទី៩ តុលា បាន​ដាក់​ពាក្យ​ពន្យារ​ពេល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់។

ចំពោះ​ព្រះអង្គ ប៊ុត ប៊ុនតិញ វិញ ដែល​ជាប់​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ​ដែរ នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ តុលា ប៉ុន្តែ ព្រះអង្គ​ធ្លាប់​បញ្ជាក់​ជំហរ​របស់​ព្រះអង្គ​ថា ព្រះអង្គ​នឹង​មិន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​នេះ​ទេ ដោយ​ព្រះអង្គ​ពន្យល់​ថា មានតែ​ថេរសភា​សង្ឃ​ទេ ដែល​អាច​ជំនុំ​ជំ​រះ​រឿង​ប្ដឹងផ្ដល់​ព្រះសង្ឃ​បាន។

ព្រះរាជអាជ្ញា​រង លោក គុជ គឹមឡុង បាន​ចេញ​ដីកា​ដាច់ដោយឡែក​ពី​គ្នា​កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា បាន​កោះហៅ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា ប្រធាន​អង្គការ​សង់ត្រាល់ (Central) ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ទាក់ ទង​នឹង​បច្ច័យ​បុណ្យ​សព​របស់​លោក បណ្ឌិត កែម ឡី។

អ្នកច្បាប់​ពន្យល់​ថា លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា មិន​មាន​គុណសម្បត្តិ​ផ្លូវ ច្បាប់ គ្រប់គ្រាន់ ដើម្បី​ប្ដឹង​ប្រឆាំង​ព្រះ​តេជ គុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​ករណី​បច្ច័យ​បុណ្យ​សព បណ្ឌិត កែម ឡី នោះ​ទេ។

លោក មេធាវី ហុង គឹមសួន បញ្ជាក់​ថា ការ​ប្ដឹង​ផ្ដល់​ទាក់ទង​និង​រឿង​ថវិកា​បុណ្យ​សព​លោក បណ្ឌិត កែម ឡី នេះ មានតែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង​នេះ។

ចំពោះ​ភរិយា​របស់​លោក បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា វិញ បាន​ជំទាស់​ចំពោះ​ការ​ប្ដឹង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ អ្នកស្រី​ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ជួយ​រក​ឃាតក​ពិត​សម្លាប់ លោក បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នោះ បើសិនជា​សាធារណជន​គ្រប់រូប អាណិត​ស្រលាញ់​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា តុលាការ​ត្រូវ​រក​ឃាតក​ពិត​ជូន ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ជា​រឿង​សំខាន់ មិនមែន​ជា​រឿង​ប្ដឹងផ្ដល់​អតីត​គណៈកម្មការ ដែល​ជួយ​ជ្រែង​រៀបចំ​បុណ្យ​សព​នេះ​ទេ។ លោក​បន្ថែម​ថា លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ប្រកាស​ឲ្យ​ជួយ​រក យុត្តិធម៌​ក្នុង​ករណី​បាញ់សម្លាប់​នេះ​ដែរ បញ្ហា​នេះ លោក ហ៊ុន សែន ត្រូវតែ​ចេញមុខ​បន្ថែម​ទៀត ក្នុង​ការ​ស្វះ​ស្វែងរក​យុត្តិធម៌​នេះ។

អតីត​គណៈកម្មការ​បុណ្យ​សព​​បណ្ឌិត កែម ឡី ធ្លាប់​បាន​បកស្រាយ​ពន្យល់​សាធារណជន ជាច្រើនលើក​ច្រើន​សា​ថា ពួកគាត់​មិនបាន​ពាក់ព័ន្ធ​នឹង​ថវិកា ដែល​ទទួល​បាន​ពី​សាធារណជន​ចូលរួម​បុណ្យ​សព​នេះ​ទេ គណៈកម្មការ​គ្រប់គ្រង​តែ​ចំនួន​តួលេខ​តែប៉ុណ្ណោះ ចំពោះ​លុយ​ដែល​ទទួល បាន​គឺ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា​របស់​លោក ផ្ទាល់​ជា​អ្នកទទួល​ថវិកា​ទាំងនោះ។

លោក ពេជ្រ ស្រស់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់តែ​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់ អំណាច​ប៉ុណ្ណោះ ដែល​មក​ទល់​ពេល​នេះ លោក​បាន​ប្ដឹង​គណៈកម្មការ​បុណ្យ​សព្វ​បណ្ឌិត កែម ឡី និង ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ​ការ​ប្ដឹង​គណៈកម្មការ​រៀបចំ​បុណ្យ​សព្វ​ទៅ​តុលាការ"

  1. PHKA says:

    ខ្លិនអាសោច ចេញក្នុងខោខ្លួនឯង មិនគិតទេ បែរទៅយកច្រមុះហិតក្នុងសំពត់នឹងខោអ្នកដ៍ទៃ។

  2. Reall says:

    មនុស្សស្លាប់ទាំងមូលដោយអយុត្តិធម៏មិនគិតគិតតែនាំគ្នាឈ្លោះរឿងអត់បានការ នេះហើយជាសង្គ្រាមត្រជាក់

Leave a Reply

Submit Comment