សហភាព​អឺរ៉ុប​ថា ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង ស្មើ​​នឹងបាត់​បង់​ប្រសិទ្ធភាព​បោះឆ្នោត​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar និងលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន


គណៈប្រតិភូសហភាព​អឺរ៉ុប តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានបង្ហាញ​ការ​ព្រួយ​បារម្ភ ​ចំពោះវិធានការណ៍​របស់​រដ្ឋាភិបាលកម្ពុជា លើបក្ស​ប្រឆាំង​នាពេល​បច្ចុប្បន្ន និង​បាន​ហៅ ការប៉ុនប៉ងការ​ដក​បក្សប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា​នោះថា ​​អាច​នឹង​ធ្វើ​ឲ្យបាត់​បង់​កិត្យា​នុភាព​នៃដំណើ​ការ​បោះឆ្នោត​។ ​​

កាលពី​ថ្ងៃទី៦ខែតុលាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានប្ដឹងទៅស្ថាប័នតុលាការកំពូល ដើម្បី​សុំ​រំលាយគណបក្សសង្គ្រោះជាតិ ជុំវិញករណីលោក កឹម សុខា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៩ខែតុលាម្សិល​មិញ​ គណៈប្រតិភូ​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ​ដែល​តំណាង​ឲ្យ​ប្រទេស​ជិត​៣០ ​បានជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​ឡើង​វិញ ​ពី​​វិធាន​ការដែលនាំ​ឲ្យ​​មាន​ការរំលាយ​បក្ស​ប្រឆាំង​នេះ​។ គណៈប្រតិភូសហភាព​អឺរ៉ុប ​ចាត់​ទុក​ថា ​ការ​ដក​គណបក្ស​ប្រឆាំង​ចេញពី​ឆាក​នយោបាយ​កម្ពុជា ​ដោយ​បង្ខំ​នេះ ជា​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ ​លើ​លិទ្ធិប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា និង​អាចធ្វើ​ឲ្យ​បាត់​បង់​នូវ​កិត្យានុភាព នៃ​ដំណើ​ការ​បោះឆ្នោត​នាពេល​បច្ចុប្បន្ន​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នេះ ជា​សេចក្តី​ថ្លែង​ការណ៍ ​ធ្វើឡើង​តាម​ខ្លួន​នឹក​ឃើញតែប៉ុណ្ណោះ។ ​លោកថ្លែង​ឆ្លើយ​តប​ទៅ​វិញ​​ថា កម្ពុជា ​ជា​ប្រទេសគោរព​រដ្ឋ​ធម្មនុញ្ញ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ សេរីពហុបក្ស ហើយ​បើ​ទោះ​ជា​គ្មាន ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​បោះឆ្នោត​ នៅ​ឆ្នាំ​២០១៨​ ​ក៏មាន​គណបក្ស​ផ្សេង​​​ទៀត ចូល​រួម​សម្រាប់​ការបោះឆ្នោត​ដែរ។

លោក​ថា៖ «ជាការពិតណាស់ កាលហ្នឹង (ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧) ប្រជាពលរដ្ឋអត់បានដឹងថាបក្សសង្គ្រោះជាតិ ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះកឹម សុខា ដែលជាជនក្បត់ជាតិ។ ទើបតែនៅពេលនេះលោកដឹងហើយថា អ្វីដែលលោក កឹម សុខា បានធ្វើគឺជាការធ្វើឡើង ដោយតាមការណែនាំរបស់បរទេសដែចង់នាំឲ្យប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសដូចជាស៊ីរី លីប៊ី ជាដើម។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា គាត់បានដកឃ្លា មកពិចារណាអំពីសន្លឹកឆ្នោតរបស់ខ្លួនហើយ នៅឆ្នាំ២០១៨»

លោក​ ខៀវ សុភ័គ បញ្ជាក់​បន្ថែមថា ​ជំហរ​របស់​រដ្ឋាភិបាល​ មិន​អាច​ថយ​ក្រោយ​នោះ​ទេ តែ​ថា​ ការ​សម្រេច​រំលាយ ឬ​មិន​រំលាយ​យ៉ាង​ណា​នោះ ​គឺ​ស្ថិត​ទៅ​លើ​ការ​សម្រេចតុលាការកំពូល​។

វី​អូ​ឌី​ មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ​ ដើម្បី​ឆ្លើយតប​បាន​នៅ​ឡើយ​ទេ។

កាលពី​ថ្ងៃទី៧ តុលា ​ពោល​គឺ​មួយ​ថ្ងៃ ​បន្ទាប់​ពី​រដ្ឋាភិបាលកម្ពុជា សម្រេច​ប្តឹង​សុំ​រំលាយ​បក្ស​ប្រឆាំង​រួច​ អង្គការ​អន្តរជាតិ​ចំនួន​ពីរ គឺ Human Rights Watch និង Global Witness បាន​ចេញ​សេចក្តីថ្លែង​ការថ្កោល​ទោស​រដ្ឋាភិបាល​ ថា ​បាន​សម្លាប់​លិទ្ធិ​​​ប្រជា​ធិបតេយ្យ​កម្ពុជា ដោយ​ជម្រុញ​ទៅ​កាន់​ប្រទេស​​ជា​ម្ចាស់​ជំនួយ ពិចារណា​ឡើង​វិញ​ពី​ការ​ផ្តល់​ជំនួយ​ទៅ​កម្ពុជា។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមាន​សហគមន៍អន្តរជាតិ​ ឲ្យ​បញ្ឈប់​​​ការ​ជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា រដ្ឋាភិបាលលោក​ធ្វើ​បច្ចុប្បន្ន​នេះ ជាការ​អនុវត្តន៍​ច្បាប់ ដើម្បីការពារសន្តិភាព៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

One Response to "សហភាព​អឺរ៉ុប​ថា ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង ស្មើ​​នឹងបាត់​បង់​ប្រសិទ្ធភាព​បោះឆ្នោត​"

  1. Serey says:

    On 10/Oct/2017

    Dear E.U. Ambassador,

    U know every one know.
    Who break the party LAW must be in JAIL.
    And its’ politic party must be dissolve.
    It is depend on the EVIDENCE.
    The court is going to tack action dissolve, if there are found evidence .
    U or some one ells can not say like that,like these,like those …..acts.
    Every country have the law which we must respect together.
    Do not try to break the LAW with that,this,those …….reason…..acts.
    God bless all Cambodia to take over the BAD THINGS.
    Cheer!!!.

    Thank a lots.

Leave a Reply

Submit Comment