តំណាងរាស្ត្រ​ CPP ៤៩ ​រូប​ស្នើ​កែ​ច្បាប់​បោះឆ្នោត​ ដើម្បី​ចែក​កៅអី​នៅ​ក្នុង​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បក្ស​ផ្សេង

បុរស​ម្នាក់​មើល​ដីកា​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ត្រៀម​របស់​តុលាការ​កំពូល​ដែល​បិទ​នៅ​លើ​របង​របស់​ទីស្នាក់ការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហេង ជីវ័ន



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: សមាជិក​រដ្ឋសភា​ ៤៩ ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដើម្បី​អនុម័ត​រូបមន្ត​បែងចែក​កៅអី​ឲ្យ​អំណាច​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប​) ចែក​កៅអី​ទៅ​ឲ្យ​គណបក្ស​ដែល​មិន​ជាប់​នៅក្នុង​រដ្ឋសភា​នៅ​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ខណៈ​ដែល​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ដោយ​ចាត់ទុក​ថា​អាច​ជា​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​​ពិចារណា​ឡើង​វិញ​។

នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ម្សិលមិញ​លោក អេង ឆៃអ៊ាង សមាជិក​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​សេចក្ដី​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅ​ដល់​រដ្ឋសភា​ហើយៗ គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​ចាត់​នីតិវិធី​នៅ​វេលា​ម៉ោង ៧:៣០ ព្រឹក​ថ្ងៃ​ ១២ ខែ​តុលា ឆ្នាំ​ ២០១៧​។

សេចក្តី​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​ ៤ គឺ : ១-ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ២-ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា ៣- ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ៤- ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់​។

លោក ឆៃអ៊ាង បាន​ថ្លែង​ថា​៖ «​ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៤ នេះ​គឺ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ​តាម​រូបមន្ត​សមាមាត្រ​ដែល​ចែង​ក្នុង​ច្បាប់​ទាំង​ ៤ ខាង​លើ​»​។

យោង​តាម​សេចក្ដី​ថ្លែងហេតុ​នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដែល​តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី លោក ប៉ែន បញ្ញា និង លោក​ ជាម យៀប ចុះ​កាលពី​ថ្ងៃ​ទី​ ៦ ខែ​តុលា​បាន​ឲ្យ​ដឹង​ថា​គោលបំណង​សំខាន់​នៃ​ការស្នើ​វិសោធនកម្ម​នេះ​សំដៅ​សម្រួល​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឲ្យ​មាន​សង្គតិភាព (​ស៊ី​) ​ជាមួយ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​វិសោធនកម្ម​ជា​បន្តបន្ទាប់​ដែល​នៅ​ជា​ធរមាន និង​ធានា​ស្ថិរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេរ​យូរអង្វែង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​រដ្ឋសភា​បាន​ទទួល​សេចក្តី​ស្នើច្បាប់​ទាំង​នេះ​កាលពី​ថ្ងៃ​ចន្ទ​រួច​ហើយៗ តាម​នីតិវិធី​គឺ​គណៈអចិន្រៃ្តយ៍​ពិនិត្យ និង​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​។

គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា​មើល​ថា តើ​សំណើ​នេះ​​វា​សមស្រប​តាម​នីតិវិធី ខ្លឹមសារ​រួច​គេ​ធ្វើ​របាយការណ៍​ជូន​គណៈអចិន្រៃ្តយ៍​វិញ ហើយ​គណៈអចិន្រៃ្តយ៍​នឹង​សម្រេច​ទៅ​ថ្ងៃ​ក្រោយ​ទៀត​។

លោក ប៉េងឡុង ថ្លែង​ថា​៖ «​បាន​ទទួល​ហើយ​បាទ​បាន​​រៀបចំ​បញ្ជូន​ទៅ​ដាក់​ក្នុង​សម័យ​ប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រួច​ហើយ​។ យើង​គ្រោង​ប្រជុំ​ថ្ងៃ​ ១២ ខែ​តុលា​នេះ​។ ការ​ប្រជុំ​​ពិនិត្យ​សេចក្តី​ស្នើ​ច្បាប់​ទាំង​ ៤ ​នេះ​ជា​ការ​ប្រជុំ​របៀប​លក្ខណៈរដ្ឋបាល​មិន​មាន​ការ​ពិភាក្សា​អី​ច្រើន​ទេ ដូច្នេះ​ហើយ​យើង​​ឆ្លៀត​ពេល​បន្តិច​ដើម្បី​នឹង​ប្រជុំ​បញ្ហា​ហ្នឹង ហើយ​សម្រេច​តាម​ច្បាប់​»​។

លោក ប៉ែន បញ្ញា តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី​​ចំនួន​ ៤៩ ​រូប​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

ទោះ​ជា​មាន​ការ​បកស្រាយ​យ៉ាង​ណា​ក៏ដោយ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ ៩ ​តុលា ឆ្នាំ​ ២០១៧ ស្ដីពី​ការ​វិវឌ្ឍ​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ដោយ​បាន​អះអាង​ថា​នៅ​ក្នុង​បរិបទ​ (​នៃ​ការ​វិវឌ្ឍ​នយោបាយ​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​) វិធានការ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាត់​ឡើង​ដើម្បី​​ទាមទារ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​គឺ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ដក​យក​ដោយ​បង្ខំ​ពី​ឆាក​នយោបាយ​នៃ​គណបក្ស​មួយ​ដែល​បាន​ឈ្នះ​សំឡេង​ឆ្នោត​ប្រជាពលរដ្ឋ​ជាង​ ៤០ ​ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះ​អាច​ជា​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​អាច​ធ្វើឲ្យ​បាត់បង់​នូវ​កិត្យានុភាព​នៃ​ដំណើរការ​បោះឆ្នោត​បច្ចុប្បន្ន​។ ​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​»​។

កិច្ចប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​កាលពី​ពេល​កន្លង​មក​។ ផា លីណា

ទន្ទឹម​គ្នា​នេះ​ដែរ​តុលាការ​​កំពូល​កាលពី​ថ្ងៃ​ទី​ ៩ ខែ​តុលា​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ដែល​បាន​បិទ​នៅ​លើ​របង​ដែក​នៅ​ពី​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅ​នឹង​ពាក្យ​បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី​ ៦ ខែ​តុលា ឆ្នាំ​ ២០១៧ របស់​ក្រសួង​មហាផ្ទៃ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ​ជូន​តុលាការ​កំពូល​ក្នុង​អំឡុង​ពេល​ ២០ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​បាន​ទទួល​ការ​បញ្ជូន​ដីកា​បង្គាប់​នេះ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ស្វះស្វែង​រក​ភ័ស្តុតាង​ដោះ​បន្ទុក​ករណី​​បណ្ដឹង​នេះ​ដែល​នឹង​មាន​សវនាការ​តតាំង​គ្នា​រវាង​ដើម​បណ្តឹង​​នឹង​ជន​ត្រូវ​ចោទ ដែល​អង្គ​សវនាការ​នេះ​នឹង​មាន​ចៅក្រម​ ៩ ​រូប និង​ព្រះរាជអាជ្ញា​មួយ​រូប​។

លោក​ថ្លែង​ថា​៖ «​ជា​បែបបទ​រដ្ឋបាល​ពេល​ណា​យើង​ផ្ញើ​​លិខិត​ទៅ​ស្ថាប័ន​ណា​មួយ​យើង​ត្រូវ​ផ្ញើ​ទៅ​មនុស្ស យើង​មិន​អាច​ផ្ញើ​ទៅ​ស្ថាប័ន​បាន​ទេ ហើយ​មនុស្ស​នោះ​គឺជា​ប្រធាន​ស្ថាប័ន​ក្នុង​ករណី​មនុស្ស​មិន​នៅ​ ឬ​ក៏​ជាប់​បេសកកម្ម​ទៅ​ក្រៅ​ ឬ​ទៅ​ណា​បាត់​ដូច្នេះ​តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ ឬ​ក៏​ស្តីទី​ទទួល​អនុវត្ត​រឿង​នេះ ទោះបី​គាត់​ទៅ​ណា​ក៏ដោយ​ ឬ​ក៏​ជាប់គុក​ ឬ​ក៏​មិន​នៅ​អ្នក​ដែល​ទទួល​ខុសត្រូវ​ទទួល​ភារកិច្ច​ការងារ​ជំនួស​គឺ​ផ្នែក​រដ្ឋបាល​»​។

លោក​ សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ពី​ម្សិលមិញ ​នៅ​ទីស្នាក់ការ​ក្នុង​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ​ថា​ គណបក្ស​បាន​ទទួល​ដីកា​បង្គាប់​រួច​ហើយ​។

លោក​ សុន ឆ័យ ថ្លែង​ថា​៖ «​យើង​បាន​ដឹង​រឿង​នេះ​ហើយ​យើង​បាន​ទទួល​ព័ត៌មាន​នេះ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្រៃ្តយ៍​បាន​បញ្ចប់​កិច្ចប្រជុំ​ដូច្នេះ​អចិន្រៃ្តយ៍​មិន​ទាន់​បាន​ពិនិត្យ​មើល​នៅ​ឡើយ​ទេ​។ ជាទូទៅ​ការងារ​នេះ​នឹង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​ដើម្បី​ពិនិត្យ​មើល​ថា តើ​នីតិវិធី​អ្វី​ដែល​ត្រូវ​ធ្វើ​? យើង​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​យើង​ដើម្បី​ឱ្យ​ពួកគេ​ពិនិត្យ និង​របៀប​ដែល​ពួកគេ​នឹង​ផ្តល់​ដំបូន្មាន​ដល់​គណបក្ស​ហើយ​យើង​នឹង​ធ្វើការ​សម្រេច​ចិត្ត​»​។

លោក​ក៏​បាន​អះអាង​ផង​ដែរ​នៅ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​កាន់​អំណាច​គឺ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​រក​វិធី​យ៉ាង​ណា​ដើម្បី​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ត្រូវ​តែ​អនុវត្ត​បន្ត​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក សុន ឆ័យ ថ្លែង​ថា​៖ «​តាម​ការ​បញ្ជាក់​ពី​ស្ថានទូត​ខ្លះ​ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​ថា​គណបក្ស​ប្រជាជន​បាន​ធានា​នឹង​គេ​ថា ទោះបី​ជា​យ៉ាងណា​ក៏ដោយ​នឹង​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ហើយ​ស្ថានទូត​ទាំង​នោះ​បាន និង​កំពុង​ធ្វើ​ការងារ​របស់​គេ​ ដូច្នេះ​យើង​នៅ​តែ​សង្ឃឹម​ថា​ហេតុការណ៍​នៃ​ការ​រំលាយ​បក្ស​នោះ​នឹង​មិន​កើត​មាន​ហើយ​ប្រសិន​បើ​កើត​មាន​យើង​ក៏​មិន​ទាន់​ដឹង​ថា​ធ្វើ​អី​ដែរ​មក​ទល់​ពេល​នេះ​ហើយ​នេះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏សែន​អាក្រក់​ណាស់​ព្រោះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ដ៏ធំធេង​»​។

លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល​ថ្លែង​ថា​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ខុស​ពី​ច្បាប់​មុន​ដោយ​ច្បាប់​មុន​មិន​បាន​និយាយ​ពី​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទេ តែ​និយាយ​តែ​ពី​គណបក្ស​ដែល​បោះបង់​ចោល​អាសនៈ​។

លោក សុធារ៉ា ថ្លែង​ថា​៖ «​ការ​កែ​ច្បាប់​ដើម្បី​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​គឺ​ប្រៀប​ដូច​សន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្ស​ប្រឆាំង​គ្មាន​តម្លៃ​»​។

បើ​សិន​ជា​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ហើយ​បើ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​នោះ គណបក្ស​ដែល​នឹង​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង​ដ៏ធំ​នេះ​គឺ​កៅអី​បាន​ទៅ​លើ CPP 68, Funcinpec 41, LDP 6, KAPP 5, CNP 2, KEDP 1៕

(​រាយការណ៍​បន្ថែម​ដោយ Ananth Baliga)


Contact authors: នៀម ឆេង and ម៉ិច ដារ៉ា

What Next?

Recent Articles

4 Responses to "តំណាងរាស្ត្រ​ CPP ៤៩ ​រូប​ស្នើ​កែ​ច្បាប់​បោះឆ្នោត​ ដើម្បី​ចែក​កៅអី​នៅ​ក្នុង​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បក្ស​ផ្សេង"

  1. :( says:

    កែប្រទេសនឹងទាំងមូលដាក់ជារបស់អស់លោកម៉ងទៅ

  2. xxx says:

    បើរំលាយគណបក្សគេហើយ ហេតុអីបានជាប្លន់យកអាសន:របស់គេដែលបានពីប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគេ ឲ្យទៅគណបក្សផ្សេងដែលរាស្ត្រមិនគាំទ្រនោះទៅវិញ ?
    បើគណបក្សគេរលាយហើយ អាសន:របស់គេក៏ត្រូវរលាយដែរ
    រាស្ត្រព្រមឬអត់

  3. ?? says:

    by have been born as an evil monster HUN SEN will not hesitate over kill his enemy . that I have to say to this dumb leader . what left for Cambodian to depending from the king??? or Khmer nationalist???. all Cambodian have to find out themselves in order to stay alive. GOD bless Cambodia

  4. people says:

    This country and her people is belong to veitcon mafia dictator and been controlled by veitcong germs since 1979′ but when U N there (PARISH ACCORD ) veitcong germs and veitcong king jointed together and push khmer to hell again’.Poor cambodia we are so suffer because we have too many evil people to be our leader’ and theses evil brain leaders are promoted by our ancestor’s enemy ‘.Theses veitcong dogs will go to hell soon to meet their friends in hell. GOD bless all cambodian people’

Leave a Reply

Submit Comment