មិន​ត្រឹម​ជា​កន្លែង​ហាត់ប្រាណ ​ស្តាត​អូឡាំពិក​ជា​សំណង់​ស្ថាបត្យកម្ម​ដែល​ពល​រដ្ឋ​ចង់​ឲ្យ​រក្សា​ទុក

កម្ពុជា

ទិដ្ឋភាព​បរិវេណ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​ អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា​ ឆ្នាំ​២០១៧។ ពហុកីឡាដ្ឋាន​ដំបូង​ឡើយ​ត្រូវ​បាន​សង់​ឡើង​ដើម្បី​ត្រៀម​រៀប​ចំ​សម្រាប់​កីឡា​កីឡា​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​១៩៦៤​


11 តុលា 2017
ស៊ុន ណារិន
វីអូអេខ្មែរ

ស្តាត​អូឡាំពិក​ជា​ស្នាដៃ​មួយ​របស់​លោក​ វណ្ណ មូលីវណ្ណ ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​ ដែល​​ទទួល​មរណភាព​កាល​ពី​ខែ​មុន។ ​ពលរដ្ឋ​ចង់​ឲ្យ​រក្សា​ស្នាដៃ​របស់​លោក​ ​​និង​ឈប់​ធ្វើការ​​អភិវឌ្ឍ​ដែល​ប៉ះពាល់​កេរ​ដំណែល​នេះ។

លោកស្រី ​លុយ អ៊ីម ​អាយុ​៧២​ឆ្នាំ ​ជា​ប្រជា​ពលរដ្ឋរស់​នៅ​រាជធានី​ភ្នំពេញ ​ហើយ​បាន​ឆ្លង​កាត់​របប​សង្គម​រាស្រ្ត​និយម​ ដែល​ដឹកនាំ​ដោយ​អតីត​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះ​បាទ​នរោត្តម ​សីហនុ។ ​លោកស្រី​បាន​រំឭក​ពេល​មួយ​ ដែល​លោកស្រី​បាន​មក​ស្គាល់​ស្តាត​អូឡាំពិក ​ជា​លើក​ដំបូង​ កាល​ពី​លោកស្រី​មាន​អាយុ​ប្រហែល​២០​ឆ្នាំ។​

លោកស្រី ​លុយ អ៊ីម ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​សម្តែង​បែប​ចិន​មួយ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្តាត​អូឡាំពិក។​

ក្នុង​ពេល​នោះ ​លោកស្រី ​អ៊ីម ​ដែល​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​បាន​មក​លេង​ម្តាយ​មីង​នៅ​រាជធានី​ភ្នំពេញ។ ​លោកស្រី​មាន​ប្រសាសន៍​ថា ​ពេល​នោះ​មាន​មនុស្ស​ច្រើន​ចូល​ទស្សនា​ការ​សម្តែង​ចិន​នៅ​ស្តាត​អូឡាំពិក ​មាន​ដូច​ជា ​ការ​សម្តែង​ហ៊ី និង​ការ​លេង​សៀក​ជា​ដើម។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖​

« …មនុស្សច្រើន​ណាស់។ ​សំបុត្រ​ថ្លៃ​ទៀត។ ​សប្បាយ​ចិត្ត​ពេល​បាន​មក»។​

លោកស្រី ​លុយ អ៊ីម ​បាន​រៀបការ​ជាមួយ​បុរស​នៅ​ទីក្រុង​ភ្នំពេញ ​ហើយ​បាន​ចាប់​ផ្តើម​ជីវិត​រស់​នៅ​ទីក្រុង ​រហូត​មក​ដល់​ពេល​នេះ​ លើកលែង​សម័យ​ខ្មែរក្រហម។​

មក​ដល់​បច្ចុប្បន្ន​នេះ ​លោកស្រី ​លុយ អ៊ីម ​ដែល​ហាក់​នៅ​មាំ​ទាំ​ ទោះ​មាន​អាយុ​ច្រើន​បន្តិច​ក្តី ​បាន​លើក​ឡើង​ថា ​ជាង​៣០ឆ្នាំ​មក​ហើយ ​លោកស្រី​បាន​មក​ស្តាត​អូឡាំពិក​នេះ​ជា​រៀង​រាល់​ព្រឹក ​ដើម្បី​ហាត់ប្រាណ។​

ក្រោយ​បញ្ចប់​ការ​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក ​នា​ព្រឹក​មួយ ​លោកស្រី ​លុយ អ៊ីម ​មាន​ប្រសាសន៍​ថា ​លោក​ស្រី​បាន​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ គឺ​ចាប់​ពី​ម៉ោង​៦​ព្រឹក​ ហាត់​ប្រាណ​តាម​បទ​ចម្រៀង​ចិន​ ដែល​លោក​ស្រី​ថា​ វា​ជួយ​ដល់​ជីពចរ ​និង​ឲ្យ​គាត់​សម្រាន្តលក់​ស្រួល។​

លោកស្រី ​អ៊ីម ​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​ស្តា​ត​អូឡាំពិក ​បាន​រៀបរាប់​ថា​ ខ្យល់​អាកាស​នៅ​ទី​នេះ​ល្អ ​ហើយ​កន្លែង​ហាត់​ប្រាណ​មាន​ទេសភាព​ស្អាត។​

លោក​ស្រី​បាន​រំឭក​ថា ​លោក​ស្រី​ធ្លាប់​បាន​ឃើញ ​លោក ​វណ្ណ មូលីវណ្ណ ​ស្ថាបត្យ​ករ​ស្តាត​អូឡាំពិក ដើរ​ហាត់​ប្រាណ​នៅ​ស្តាត​នេះ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖​

«មុន​គាត់​កាន់​ឈើ​ច្រត់​មក​តើ!​ ប៉ុន្មាន​ឆ្នាំមុន​ ឃើញ​គាត់។ ​ស្គាល់​គាត់​ទេ​តើ!​ ​គេ​ប្រាប់​ថា​ ហ្នឹង​អ្នក​សាង​សង់។​ អូ!​ ​ខ្ញុំ​ថា​ តា​ហ្នឹង​ពូកែ​ណាស់ ​តាហ្នឹង»។​

លោកស្រី​បន្ត​ថា៖​

«អេ! ​មោទនភាព​តើ!​ មោទនភាព!​ ​ហើយ​បាន​យើង​ហាត់​ប្រាណ​បាន​ស្រួល។​ ទៅ​រក​ណា! បាន​ប៉ុណ្ណឹង​ហើយ​ ម៉េច​ទៀតទៅ​លោក​អើយ!»​

ដោយសារ​តែ​មាន​ការ​អភិវឌ្ឍ​អគារ​ធំៗ​នៅ​ជុំវិញ​ស្តាត ​ លោកស្រី​មាន​ប្រសាសន៍​ថា ​សំណង់​ទាំង​នេះ​ធ្វើ​ឲ្យ​បាត់បង់​ខ្យល់​អាកាស។ ​លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ចាញ់​ពីមុន! ពី​មុន​វា​អត់សូវ​បាំង​ផ្ទះ​អី​ចឹង ​ខ្យល់​ច្រើន។​ ឥឡូវ​បាំង​ មិន​សូវ​ខ្យល់​ដូច​មុន​ទេ»។​

លោកស្រី​បារម្ភ​ថា ​ស្តាត​មួយ​នេះ​អាច​នឹង​ត្រូវ​បាន​បំបាត់​ចោល​នៅ​ពេល​ខាង​មុខ ដោយសារ​ការ​អភិវឌ្ឍ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្លាច​តែ​វាយ​ចោល!​ ខ្ញុំ​អត់​ចង់​ឲ្យ​គេ​វាយ​ចោល!​ ​ចង់​ទុក​អនុស្សាវរីយ៍!​ អូ!​ ​បើ​ចង់​បាន ​បាន​ហើយ ​(តែ)​ គេ​មាន​ស្តាប់​យើង​ឯណា?​ គេ​ធ្វើ​ស្រេច​តែ​គេ!​ យើង​និយាយ​ គេ​ស្តាប់​យើង?»​

យុវជន​បង្ហាញ​សមត្ថភាព​លេងកីឡា​ក្តាររំអិល​របស់ខ្លួន​ នៅ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិច​ កាលពី​ថ្ងៃទី៥​ ខែ​សីហា​ ឆ្នាំ​២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)

យុវជន​បង្ហាញ​សមត្ថភាព​លេងកីឡា​ក្តាររំអិល​របស់ខ្លួន​ នៅ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិច​ កាលពី​ថ្ងៃទី៥​ ខែ​សីហា​ ឆ្នាំ​២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)


ក្នុង​នាម​ជា​អ្នក​សហការ​ដ៏​ស្និទ្ធ​ជាមួយអតីត​ព្រះមហា​ក្សត្រ​ ​ លោក វណ្ណ មូលីវណ្ណ ​កាល​នោះ​ត្រូវ​បាន​ព្រះបាទ​ នរោត្តម​សីហនុ ​ស្នើ​ឲ្យ​សាងសង់​ស្តាត​អូឡាំពិក​ ដើម្បី​ទទួល​ស្វាគមន៍​កីឡា​ស៊ីហ្គេម ​ឆ្នាំ​១៩៦៣។ ​ទោះ​ជា​យ៉ាង​ណា​ កម្ពុជា​មិន​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​នេះ​ទេ ​ដោយសារ​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ពេល​នោះ។​

ស្តាត​អូឡាំពិក​ត្រូវ​បាន​ចាប់​ផ្តើម​សាងសង់​នៅ​ក្នុង​ឆ្នាំ​១៩៦២ ​ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់។​

ក្នុង​ចំណោម​ស្នាដៃ​ជាច្រើន​ទៀត​របស់​លោក​ វណ្ណ មូលីវណ្ណ ​ស្តាត​អូឡាំពិក​ត្រូវ​បានប្រជាជន​កម្ពុជា ​និង​ជន​បរទេស​កោត​សរសើរ​ថា​ ​ស្ថាបត្យកម្ម​ ដែល​មាន​ការ​គិត​គូរ​យ៉ាង​ដិត​ដល់​ចំពោះ​បរិស្ថាន ​និង​ជា​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប។​

សម្រាប់​អតីត​ព្រះ​មហា​ក្សត្រ​ សម្តេច​ឪ​ ដែល​បាន​សោយ​ទិវង្គត​កាល​ពី​ឆ្នាំ​២០១២​ ​ ​ស្តាត​អូឡាំពិក​បាន​ដើរ​តួនាទី​សំខាន់​មួយ​សម្រាប់​«ទំនាក់ទំនង​ក្រៅ​ប្រទេស»។​

លោក ​Julio Jeldres ​អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះ​បាទ ​នរោត្តម ​សីហនុ ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា​ នៅ​ក្នុង​របប​សង្គម​រាស្រ្ត​និយម​ ព្រះ​មហា​ក្សត្រ​បាន​យក​ស្តាត​អូឡាំពិក​ដើម្បី​ស្វាគមន៍​អតីត​ប្រធានាធិបតី​បារាំង ​លោក Charles de Gaulle ​និង​មេ​ដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ស្តាត​អូឡាំពិក​ ​លោក ​Charles de Gaulle ​បាន​ថ្លែង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​១៩៦៦ ​ថ្កោល​ទោស​ការ​អន្តរាគមន៍​របស់​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​បាន​ប្រកាស​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​បារាំង​សម្រាប់​គោល​នយោបាយ​អព្យាក្រឹត្យ ដែល​អតីត​ព្រះ​មហា​ក្សត្រ​បាន​ជ្រើស​រើស​សម្រាប់​ទំនាក់​ទំនង​ក្រៅ​ប្រទេស​របស់​កម្ពុជា»។​

ស្តាត​អូឡាំពិក​ប្រែក្លាយ​ជា​កន្លែង​ហាត់​ប្រាណ​

រហូត​មក​ដល់​ពេល​នេះ ​ស្តាត​អូឡាំពិក ​ដែល​មាន​ទីតាំង​នៅ​ចំ​ទី​ប្រជុំ​ជន ​បាន​ក្លាយ​ជា​កន្លែង​លំហែកាយ ​និង​ហាត់ប្រាណ ​សម្រាប់​ប្រជា​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ចា​ប់​ពី​ពេល​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច។

លោក ​គិន ប៊ុនថន ​អាយុ​៦៣​ឆ្នាំ ​បាន​ចំណាយ​ពេល​ជិត​១២​ឆ្នាំ​មក​ហើយ ​មក​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក ​ប្រមាណ​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​គឺ​ចាប់​ពី​ម៉ោង​ជាង៤​កន្លះ​ព្រឹក​ដល់​ម៉ោង ​៧​កន្លះ។​ បច្ចុប្បន្ន​នេះ ​លោក​បាន​ចំណាយ​ពេល​ដើរហាត់​ប្រាណ​នៅ​ជុំវិញ​ស្តាត។​

លោក​មាន​ប្រសាសន៍​ថា ​ស្តាត​ជា​កន្លែង​ដែល​អាច​ផ្តល់​ខ្យល់​អាកាស​ល្អ ​ហើយ​លោក​បាន​ស្គាល់​មិត្តភ័ក្ដិ​ជា​ច្រើន ​និង​បាន​ពិភាក្សា​ពី​ការ​រក​ស៊ី ​និង​បញ្ហា​សុខភាព​ជាមួយ​គ្នា ​ពេល​មក​ហាត់​ប្រាណ​នៅ​ទី​នេះ។​

ទោះ​ជា​យ៉ាង​ណា ​ លោក​និយាយ​ថា​ ការ​សាងសង់​អគារ​ខ្ពស់ៗ​នៅ​ជុំវិញ​ស្តាត​ ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ខ្យល់​អាកាស​នៅ​ទី​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជា​វាល​ដូច​មុន​ វា​ល្អ​ ១០០​ភាគ​រយ​ហើយ។​ ប៉ុន្តែឥឡូវ ​ជុំវិញវា​ជិត​អស់​ហើយ!​ មិន​ដឹង​ទៅ​ត្រង់​ណា ​យើង​មក​ត្រង់​ហ្នឹង​អា​ដែល​មក!»​

លោក​ក៏​បាន​កោត​សរសើរ​ស្នាដៃ​របស់​លោក ​វណ្ណ មូលីវណ្ណ ​ជា​ពិសេស​ការ​រចនា​អគារ​ស្តាត ​ដោយ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់។​

លោក​មាន​ប្រសាសន៍​ថា៖​

«មើល​ក្នុង​ស្តាត​ទាំង​មូល​ កន្លែង​វ៉ៃ​បុក​ហ្នឹង ​មាន​ដាក់​កង្ហារ​មួយ​ទេ? អត់​មាន​ទេ!​ ​ កន្លែង​អង្គុយ​ អត់​មាន​កង្ហារ​មួយ​ទេ។ ​ហេតុ​អីក៏​ត្រ​ជាក់? ​វា​មាន​រឿង​របស់​គេ​ ដែល​ត្រូវ​ធ្វើ​ហ្នឹង»។​

ប្រជាពលរដ្ឋប្រមាណជាង១.០០០នាក់ប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិកនៃ រាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី១៩ខែមិថុនាឆ្នាំ២០១៦ ដើម្បីប្រារព្ធទិវាយោគៈអន្តរជាតិក្នុងគោលបំណងរក្សាសុខភាពឲ្យបានប្រសើរជាងមុន។ (ឡេង ឡែន/VOA)

ប្រជាពលរដ្ឋប្រមាណជាង១.០០០នាក់ប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិកនៃ រាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី១៩ខែមិថុនាឆ្នាំ២០១៦ ដើម្បីប្រារព្ធទិវាយោគៈអន្តរជាតិក្នុងគោលបំណងរក្សាសុខភាពឲ្យបានប្រសើរជាងមុន។ (ឡេង ឡែន/VOA)


លោក ​គិន ប៊ុនថន ​បាន​រំឭក​ថា ​ថ្ងៃ​មួយ ​ ​លោក​បាន​មក​លេង​ស្តាត​អូឡាំពិកជា​លើក​ដំបូង ​ក្នុង​ឆ្នាំ​១៩៦៥ ​ឬ​១៩៦៦ ​ដែល​ពេល​នោះ ​លោក​បាន​មក​លេង​កម្សាន្ត​ ហែល​ទឹក​ និង​មើល​ការ​ហាត់​កីឡា​នៅ​ទី​នោះ។​ លោក​បាន​កោត​សរសើរ​ស្តាត​អូឡាំពិក​ចាប់​តាំង​ពី​ពេល​នោះ​មក។​

ចំណែក​នៅ​ខាង​ក្នុង​អគារ​មេ​នៃ​ស្តាត​អូឡាំពិក ​មាន​ការ​លេង​កីឡា​ប្រភេទ​បាល់​បោះ។​

នា​ព្រឹក​មួយ ​លោក​ ហេង សេរី​ម៉េង ​អាយុ​៣៧​ឆ្នាំ ​បាន​មក​លេង​បាល់​បោះ​នៅ​ទី​នោះ។ ​លោក​បាន​មក​លេង​កីឡា​នៅ​ស្តាត​អូឡាំពិក​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦។​ បច្ចុប្បន្ន​នេះ ​លោក​បាន​ចំណាយ​ពេល​ពីរ​ម៉ោង​លេង​កីឡា​នៅ​ស្តាត ​ដោយ​ចាប់​ផ្តើម​ពីម៉ោង​៥​កន្លះ​ព្រឹក។​

លោក​បាន​សរសើរ​ថា ​នៅ​ខាង​ក្នុង​អគារ​នេះ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​ ដែល​លោក​ថា​ នេះ​ជា​ការ​គិត​គូ​មួយ​របស់​ស្ថាបត្យករ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្យល់​អាកាស​ហ្នឹង​គឺ​គេ​ធ្វើ​មកល្អ​របស់​គេ!​ គឺ​មាន​ន័យ​ថា ​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់។ ​បើ​បរិយាកាស​អី ​វា​ប៉ុណ្ណឹង​ វាល្អ​ហើយ។ ​បើ​ខាង​ក្រៅ មើល​ទៅ យើង​ឃើញ​គេ​ ឃើញ​ឯង​ច្រើន​ជាង​ហ្នឹង​ទៀត»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«គឺ​មាន​ន័យ​ថា ​ការ​ដែល​គេ​សាង​សង់​ហ្នឹង​គឺ​មាន​ន័យ​ថា ​វិស្វករ​(ស្ថាបត្យករ)​ពី​មុន ​គឺ​គាត់​បាន​គិត​គូរ​ល្អិត​ល្អន់​របស់​គាត់។​ ពួក​ខ្ញុំ ​ ក្មេង​ជំនាន់​ក្រោយ​នេះ ​ខ្ញុំ​សូម​កោត​សរសើរ​ស្នាដៃ​របស់​គាត់។ ​ឃើញ​គាត់​ធ្វើ​បាន ​ហើយ​ល្អ ​អត់​ទាន់​មាន​វិស្វករណា ​ដែល​អាច​ធ្វើ​បាន​ដូច​គាត់​ទេ»។​

ម្តងម្កាល ​ស្តាត​អូឡាំពិក ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រកួត​កីឡា​ធំៗ ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ​និង​ប្រទេស​ដទៃ​ទៀត ​ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​ទស្សនា ​ជា​ពិសេស​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​យុវជន​កម្ពុជា។​

យុវជន ​ប៉ាក តុលា ​អាយុ​២០​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី២​ផ្នែក​ព័ត៌មាន​វិទ្យា​ បាន​មក​លេង​កម្សាន្ត​នៅ​ស្តាជាមួយ​មិត្តភ័ក្ដិ​ ​ក្នុង​ពេល​ទំនេរ​ពី​ការ​សិក្សា​ នា​ព្រឹក​មួយ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ វណ្ណ មូលីវណ្ណ ​បាន​ទទួល​មរណភាព។​

លោក​និយាយ​ថា ​លោក​មាន​ចំណូល​ចិត្ត​មក​ទីនេះ ​ដើម្បី​លំហែ​កាយ ​និង​ជជែក​លេង​ជាមួយ​មិត្តភ័ក្ដិ។​

លោក​បន្ត​ថា៖​

«នៅ​ទីនេះ​ វា​មាន​ទីធ្លា​ធំ​ទូលាយ ​ហើយ​វា​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ល្អ»។​

យុវជន​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​តែង​តែ​ទិញ​សំបុត្រ​មក​ទស្សនា​បាល់​ទាត់ ​នៅ​ពេល​មាន​ការ​ប្រកួត​ណា​មួយ ​ដោយសារ​លោក​ក៏​ជា​អ្នក​ចូលចិត្ត​លេង​បាល់​ទាត់​មួយ​រូប​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឲ្យ​តែ​មាន​ការ​ប្រកួត​គឺ ​មក​មើល»។​

អ្នក​គាំទ្រ​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា​ ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ការប្រកួត​ជាមួយ​ក្រុម​សឹង្ហបុរី ក្នុង​ការប្រកួត​ជំរុះ​វគ្គ​បឋម​អាស៊ី​ (នូវ ពៅលក្ខិណា/VOA)

អ្នក​គាំទ្រ​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា​ ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ការប្រកួត​ជាមួយ​ក្រុម​សឹង្ហបុរី ក្នុង​ការប្រកួត​ជំរុះ​វគ្គ​បឋម​អាស៊ី​ (នូវ ពៅលក្ខិណា/VOA)


លោក​បាន​រំឭក​ថា ​នៅ​ពេល​លោក​បាន​មក​រៀន​នៅ​ភ្នំពេញ ​លោក​ចង់​ស្គាល់​ស្តាត​មួយ​នេះ ​ហើយ​ក៏​បាន​ព្យាយាម​ស្វែង​រក​ទីតាំង។​ លោក​ចង់​ឲ្យ​ទី​កន្លែង​មួយ​នេះ​ត្រូវ​បាន​អភិរក្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់។

នៅ​ពេល​មាន​ការ​ប្រកួត​បាល់ទាត់​ធំៗ ​អ្នក​ចូល​ទស្សនា​មាន​ទៅ​ដល់ ​៥​ម៉ឺន​នាក់។​ បើ​យោង​តាម​មន្រ្តី​ដែល​គ្រប់គ្រង​ស្តាត ​ក្នុង​មួយ​ថ្ងៃ​ មនុស្ស​ប្រហែល ​១.៥០០​នាក់ បាន​ចូល​មក​ស្តាត​អូឡាំពិក ​ដែល​ភាគ​ច្រើន​មក​ហាត់​ប្រាណ ​និង​លេង​កីឡា​ផ្សេងៗ។​

មិន​ត្រឹម​តែ​ជា​កន្លែង​ហាត់​ប្រាណ​ ​ប្រជាជន​មួយ​ចំនួនបានពឹង​ផ្អែក​ការ​លក់ដូរ​តិច​តួច​នៅ​ក្នុង​ស្តាតនេះ​ ជាង​១០ឆ្នាំ​មក​ហើយ។​

លោកស្រី​ ប៉ែន សុភឿន ​អាយុ​៥៥​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោក​ស្រី​បាន​ចាប់​ផ្តើម​លក់ដូរ​នៅ​ទីនេះ ​ចាប់​តាំងពី​ឆ្នាំ​២០០៤ ​ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ ដែល​មាន​កូន​បី​នាក់​ក្នុង​បន្ទុក។

ទោះ​ជា​យ៉ាង​ណា​ ​លោកស្រី​មាន​ការ​រអ៊ូរទាំ​ថា ​ការ​លក់​ដូរ​បច្ចុប្បន្ន​នេះ​មិន​ដូច​មុន​នោះ​ទេ ​ដោយសារ​ខាង​ស្តាត​បិទ​មិន​ឲ្យ​មាន​ការ​លេង​បាល់ទាត់​ និង​បាល់​ទះ​ នៅ​ជិត​កន្លែង​លក់​ដូរ។​

ពីមុន​មក​ លោកស្រី​អាច​រក​បាន​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ​តែ​ឥឡូវ​បាន​តែ​៤​ទៅ​៦​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ​ក្នុង​មួយ​ថ្ងៃ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«លើក​មុន ​វា​គ្រាន់​បើ​មែន!​ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ ដូច​ជា​យ៉ាប់​មែន​ទែន​ហើយ!​ ពិបាក​មែន​ទែន!»​

លោកស្រី​បាន​បន្ថែម​ថា៖​

«ខ្ញុំ​គិត​ថា ​កំពុង​តែ​ដាក់​ផ្ទះ​លក់​អី​ចឹង​ណា!​ ចង់​លក់​ផ្ទះ​អីចឹង​ រក​ផ្ទះក្រោម​នៅ ​រក​ទីតាំង​កន្លែង​ណា​បែបត្រូវ​ការ​លក់​ដូរ​ចិញ្ចឹម​កូន ​ព្រោះ​នៅទី​នេះ ​អនាគត​ទៅ​មិន​ល្អ​ទេ»។​

ម្តងម្តាល ស្តាត​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្រឹត្តិ​ការណ៍​មួយ​ចំនួន​ ដូចជា​ការ​ប្រគំ​តន្រ្តី ​និង​ការ​តាំង​ពិព័រណ៍​ផលិត​ផល ​និង​អាហារ​មួយ​ចំនួន។ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រើប្រាស់​កន្លែងនេះ​ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​វប្បធម៌​មួយ​ចំនួន។​

កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​បាន​យក​ទីកន្លែង​មួយ​នេះ​ ប្រារព្ធ​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​ខេត្ត​កំពង់ធំ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេ​ស្កូ។​

សុបិន​អាក្រក់​សម្រាប់​ស្តាត​អូឡាំពិក​

បច្ចុប្បន្ន​នេះ ​ស្តាត​អូឡាំពិក​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​សំណង់​អគារ​ខ្ពស់ៗ ​ហើយ​សំណង់​ផ្សេងៗ​ទៀត​កំពុង​ដំណើរ​ការ។ ​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​ថា ​តំបន់​នោះ​នឹង​ត្រូវ​អភិវឌ្ឍ​ ដែល​នាំ​ឲ្យ​បាត់​បង់​កន្លែង​ហាត់​ប្រាណ ​និង​ស្នា​ដៃ​របស់​លោក ​វណ្ណ មូលីវណ្ណ។​

ស្តាត​អូឡាំពិក​ថ្មី​មួយ​ក្នុង​ខណ្ឌ​ព្រែកព្នៅ ​ដែល​មាន​តម្លៃ​ប្រមាណ​ ១០០​លាន​ដុល្លារ​កំពុង​ត្រូវ​បាន​ស្ថាបនា​ដើម្បី​ទទួល​ស្វាគមន៍​កីឡា​ស៊ីហ្គេម ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ទោះជាយ៉ាងណា ​ លោក ម៉េត មាស​ភក្តី ​ អ្នក​នាំពាក្យ​របស់​សាលាក្រុង​ បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ រហូត​មក​ដល់​ពេល​នេះ ​សាលាក្រុង​មិន​ទាន់​មាន​គម្រោង​អ្វី​ទាក់ទង​នឹង​ស្តាត​អូឡាំពិក​នៅ​ឡើយ​ទេ។​ លោក​បញ្ជាក់​ថា ​ប្រសិន​បើ​មាន​ការ​ប្រែ​ក្លាយ​ស្តាត​អូឡាំពិក​ជា​តំបន់​អភិវឌ្ឍន៍​ នោះ​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល។​

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាត់ប្រាណ​នៅ​ក្នុង​ទីលាន​ពហុកីឡាដ្ឋាន​អូឡាំពិក កាលពី​ឆ្នាំ២០០៨។ (រូបថត​ដោយ Tharum Bun)

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាត់ប្រាណ​នៅ​ក្នុង​ទីលាន​ពហុកីឡាដ្ឋាន​អូឡាំពិក កាលពី​ឆ្នាំ២០០៨។ (រូបថត​ដោយ Tharum Bun)


កាល​ពី​ឆ្នាំ ​២០១៦​ ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក ​(World Monuments Fund)​ ដែល​បាន​ទទួល​ជំនួយ​ខ្លះ​ពី​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​អភិរក្ស​ប្រាសាទ​មួយ​ចំនួន​នៅ​កម្ពុជា ​បាន​ដាក់​បញ្ចូល​ស្តាត​អូឡាំពិក​ទៅ​ក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ ដែលរង​ការ​គំរាម​កំហែង។​

លោកស្រី​ Ginevra Boatto ​តំណាង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​ប្រាប់​ VOA​ តាម​រយៈ​អ៊ីម៉ែល​ថា ​ការ​ដាក់​បញ្ចូល​ស្តាត​អូឡាំពិក​ទៅ​ក្នុង​បញ្ជី​មូលនិធិ​ប្រាសាទ​ពិភពលោក​នេះ​គឺ​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អន្តរជាតិ​ទៅ​លើ​តម្លៃ​ស្ថាបត្យកម្ម​នៃ​សំណង់​អគារ។​ លោក​ស្រី​បន្ត​ថា ​ស្តាត​មួយ​នេះ​គួរ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«ស្តាត​អូឡាំពិក​កីឡាជាតិ​គួរ​តែ​ត្រូវ​បាន​អភិរក្ស​ដោយ​គ្រប់​មធ្យោបាយ។ ​វា​គួរ​តែ​ត្រូវ​បាន​អភិរក្ស ​និង​ត្រូវ​បាន​ប្រើប្រាស់​ជា​បន្តបន្ទាប់ ​ជា​កន្លែង​សាធារណៈ​សម្រាប់អ្នក​រស់​នៅ​ភ្នំពេញ ​និង​អត្ត​ពលករ។​ កីឡា​ទាំង​កម្រិត​ថ្នាក់​ជាតិ ​និង​អន្តរ​ជាតិ​គួរ​តែ​ត្រូវ​បាន​ប្រារព្ធ​នៅ​ទី​នោះ ​ប៉ុន្តែ​វា​ក៏អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​ព្រឹត្តិ​ការណ៍​វប្បធម៌​ផ្សេងៗ»។​

លោកស្រី​បាន​បន្ថែម​ថា៖​

«តាម​មធ្យោបាយ​នេះ ​អគារ​នឹង​ត្រូវ​បាន​រក្សា​ទុក ​ខណៈ​វា​នឹង​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស ​និង​មិន​ត្រូវ​បាន​បំភ្លេច ​ឬ​បោះ​បង់​ចោល»។​

លោក ​ប៉ែន សិរីបញ្ញា ​អាយុ​៣០​ឆ្នាំ ​ជា​ប្រធាន​ផ្នែក​គម្រោង​វណ្ណ មូលីវណ្ណ​ (The Vann Molyvann Project)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩ ​មាន​ប្រសាសន៍​ថា ​គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចងក្រង​ស្នាដៃ​របស់​លោក​ វណ្ណ មូលីវណ្ណ ​និង​ផ្សព្វផ្សាយ​ស្នាដៃ​របស់​លោក​ទៅ​ក្មេង​ជំនាន់​ក្រោយ។​

លោក ​សិរី​បញ្ញា ​ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ស្ថាបត្យកម្ម​ និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក​ វណ្ណ មូលីវណ្ណ ​បាន​និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​របស់​លោក​បាន​ចង​ក្រង​នូវ​គម្រោង​ប្រហែល​២០ ​ហើយ​ក្រុម​របស់​លោក​រំពឹង​ថា ​នឹង​ពង្រីក​គម្រោ​ង​នេះ​ទៅ​ក្រៅ​ប្រទេស ​ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន ​និង​បារាំង​ ដោយសារ​ឯកសារ​ខ្លះ​ដែល​ទាក់ទង​នឹង​លោក​ វណ្ណ មូលីវណ្ណ​ ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនោះ។​

ទាក់ទង​នឹង​ស្តាត​អូឡាំពិក​វិញ ​ លោក​សិរីបញ្ញា​មាន​ប្រសាសន៍​ថា៖​

«ស្តាត​អូឡាំពិក​សំខាន់ ​ទាំង​ផ្នែក​ស្ថាបត្យកម្ម ​និង​នយោបាយ​សង្គម ​ដោយ​សារ​តែ​គំនិត​នៃ​ការ​រចនា​នេះ ​ហើយ​និង​ប្រវត្តិ​របស់​វា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ក្នុង​តំបន់»៕

What Next?

Recent Articles

Leave a Reply

Submit Comment