លោក ហ៊ុន សែន​ ថា មាន​បក្ស​ប្រឆាំង​ជាច្រើន​ទៀត ជំនួស​គណបក្ស​សង្គ្រោះជាតិ

ដោយ អាស៊ីសេរី
2017-10-11

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth


លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ថា បើ​ទោះ​បី​ជា រំលាយ​គណបក្សប្រឆាំង​មួយ​ក្ដី ប៉ុន្តែ នៅ​មាន​គណបក្សប្រឆាំង​៥ ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា។ រីឯ​អ្នកវិភាគ យល់ថា ថ្វី​ត្បិត តែ​មាន​បក្ស​ប្រឆាំង​ផ្សេងទៀត​ក្ដី ប៉ុន្តែ​បក្ស​ទាំងនោះ ពុំ​មាន​កម្លាំង​ស្មើនឹង​បក្ស​កាន់អំណាច ហើយ​ការ​រំលាយ​គណបក្សប្រឆាំង​នោះ ក៏​មិន​ដឹង​ថា ត្រឹមត្រូវ​តាម​នីតិវិធី ឬ​អត់​ផង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ដើរ​ហែកហួរ និង​ព្រមាន​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ ជាតិ ជា​បន្តបន្ទាប់ បើ​ទោះ​បី​ជា មជ្ឈដ្ឋាន​ទូទៅ​រិះគន់ និង​ថ្កោលទោស​លើ​រដ្ឋាភិបាល​របស់​លោក ធ្ងន់ៗ​ក្ដី។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន និយាយ​មុន​សេចក្ដី​សម្រេច​របស់​តុលាការ​ថា មិនយូរប៉ុន្មាន​ទៀត​ឡើយ ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា អាច​នឹង​កើតមាន។ លោក​បន្ត​ថា ទោះបីជា​កម្ទេច​បក្ស​ប្រឆាំង មួយ​ចោល ក៏​នៅ​មាន​បក្ស​ប្រឆាំង​ជាច្រើន​ទៀត​ដែរ៖ «សូម​បញ្ជាក់​បើ​រំលាយ​បក្ស​មួយ គណបក្ស​៥​ទៀត​ចូល ជំនួស​បាន​សេចក្ដី​ថា ពី​បក្ស​២ ឡើង បក្ស​៦​នៅ​ក្នុង​សភា នេះ​វា​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន នៅ​ពេល​ខាងមុខនេះ។ នៅ​កម្ពុជា មាន​គណបក្ស​នយោបាយ​រាប់​សិប វា​ជា​ស្ថានសួគ៌​លោកិយ នៃ​បក្ស​នយោបាយ ហើយ​វា​ក៏​ជា​ស្ថានសួគ៌​លោកិយ នៃ​អង្គការក្រៅរដ្ឋាភិបាល​ដែរ»

ការព្រមាន​បែបនេះ ធ្វើឡើង​ស្រប​ពេល​ដែល​ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោកស្រី សែម សក្ដិកូឡា បាន​ចេញ​ដីកា​បង្គាប់​ទៅ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ឲ្យ ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅ​នឹង​ពាក្យ​បណ្ដឹង​សុំ​រំលាយ គណបក្ស​សង្គ្រោះជាតិ​ក្នុង​អំឡុងពេល ២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ជា​ការពិត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ នៅ​ពេល​រំលាយ​គណបក្សប្រឆាំង​មួយ​នៅ​មាន​គណបក្សប្រឆាំង​ជាច្រើន​ទៀត ប៉ុន្តែ​អ្វី​ដែល គេ​អាច​មើល​ឃើញ​ថា មាន​បញ្ហា​ឆ្គាំឆ្គង​នោះ គឺថា​តើ​កា​រំលាយ​គណបក្សប្រឆាំង​មួយ​នោះ វា​ត្រឹមត្រូវ តាម​នីតិវិធី ឬ​មាន​យុត្តិធម៌​ដែរ​ឬទេ។ ម្យ៉ាងទៀត បើ​មើល​ទៅលើ​បក្ស​ប្រឆាំង​ផ្សេងទៀត​នោះ គឺ​បក្ស មួយ​ចំនួន​មាន​កម្លាំង​តិច​គ្មាន​អ្នកគាំទ្រ​ច្រើន និង​បក្ស​ខ្លះ​ទៀត​គ្រាន់តែ​រណប​គណបក្ស​កាន់អំណាច ប៉ុណ្ណោះ៖ «ការ​ចោទ​ប្រកាន់​នេះ វា​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​ទេ ឬមួយ ក៏​អះអាងៗ អ៊ីចឹង​ទៅ​អាង​ថា​ខ្លួនឯង​នៅ​កាន់អំណាច ហើយ​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន»

កាលពី​ថ្ងៃ​ទី​៦ តុលា មេធាវី​មួយ​ក្រុម​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៥​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ឃុបឃិត​នឹង​បរទេស ដើម្បី​រំលាយ​រដ្ឋាភិបាល​កម្ពុជា​ជាដើម។

ទាក់ទិន​បញ្ហា​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ បានទេ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ក៏ប៉ុន្តែ​កាល ពី​ថ្ងៃ​១០ ខែ​តុលា លោក សុន ឆ័យ បាន​ថ្លែង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​គេ​រំលាយ មែន​នោះ គឺ​អ្វី​ដែល​សោកស្ដាយ​មិនមែន​ជា​តួនាទី និង​ឋានៈ​របស់​តំណាងរាស្ត្រ​ឡើយ ពោល​គឺ លោក​សោកស្ដាយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​រំលោភបំពាន និង​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាតិ។ ទោះ​យាង​ណា​ក្តី លោក​នៅតែ​សង្ឃឹមថា គណបក្ស​ធំៗ​ទាំងពីរ នឹង​រក​ច្រក​ចរចា​ដើម្បី​ដោះស្រាយ បញ្ហា​មិន​ចុះ​សម្រុង​គ្នា ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន។

ចំណាត់​ការ​ដែល​អត់​បង្អន់​ដៃ មក​លើ​គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន ៥៥​អាសនៈ ក្នុង​រដ្ឋ សភា និង​មាន​អ្នកបោះឆ្នោត​គាំទ្រ​រហូត​ជាង ៣​លាន​នាក់ នៅ​កៀក​ជិត​ការ​បោះឆ្នោត​ជាតិ​ដូច្នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ខ្លាំង​ក្លា ដែល​មិន​ធ្លាប់​មាន។

សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី៩ ខែ តុលា ដោយ​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ទៅ​នឹង​ការប៉ុនប៉ង​រំលាយ​គណ​បក្ស​ប្រឆាំង​នេះ។ សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ លើក​ឡើង​ថា ការ​ព្យាយាម​លុបបំបាត់ គណបក្ស​នយោបាយ​មួយ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុ​ជាជាង ៤០% ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ នា​ពេល​ថ្មីៗ​បែបនេះ គឺជា​ការ​វាយប្រហារ​ដ៏​សន្ធាប់​មួយ លើ​ដំណើរការ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ទុកចិត្ត​លើ​ដំណើរការ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន។ សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស ២៨ ជា​សមាជិក​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​លើ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment