សាធារណជន​មួយ​ចំនួន​បញ្ចេញ​ទស្សនៈ​ ជុំវិញ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ



ភ្នំពេញប៉ុស្តិ៍

ខាង​ក្រោម​នេះ​គឺជា​មតិ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សម្ភាស​ដោយ​លោក ឃុត សុភចរិយា និង​ថតរូប​ដោយ​លោក ផា លីណា ៖

អ្នកស្រី វ៉ាន់ លក្ខិណា អាយុ ៤២ ឆ្នាំ ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅក្នុង​តំបន់​កោះពេជ្រ


អ្នកស្រី​និយាយ​ថា​៖ «​បើ​រដ្ឋាភិបាល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បង្ហាញ​ថា​រដ្ឋាភិបាល​មួយ​នេះ​គិតគូរ​តែ​ពី​អំណាច និង​ផលប្រយោជន៍​របស់​បក្ស​ខ្លួន​តែ​ប៉ុណ្ណោះ​មិន​គិតគូរ​ពី​ឧត្តមប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ​ទេ​។ បើ​ដូច្នេះ​មិន​ចាំបាច់​រៀបចំ​ការ​បោះឆ្នោត​ដែល​នាំឲ្យ​មាន​ការ​ខាតបង់​ថវិកា​ជាតិ​នោះ​ទេ ព្រោះ​វា​ជា​រឿង​ឥតប្រយោជន៍ និង​នាំ​តែ​ឲ្យ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត និង​សហគមន៍​ជាតិ អន្តរជាតិ​ថា​គ្មាន​យុត្តិធម៌ និង​តម្លាភាព​។

បើ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​គេ​ទទួល​ស្គាល់​នោះ​គេ​នឹង​ផ្ដាច់​ជំនួយ​ហើយ​ក្រុម​អ្នក​ជំនួញ​មួយ​ចំនួន នឹង​ដក​ទុន​វិនិយោគ​ចេញ​ពី​ប្រទេស​យើង តើ​ពេល​នោះ​ពួកយើង​ជា​ប្រជាជន​ក្រីក្រ​ទៅ​ជា​បែប​ណា​?

ដូច្នេះ​ខ្ញុំ​យល់​ថា​ព្រឹត្តិការណ៍​នយោបាយ​នា​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ យើង​ពិបាក​ស្មាន​យល់​ខ្លាំង​ណាស់ ថា​តើ​អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ ២ ​នេះ​កំពុង​លេង​ល្បែង​អ្វី​នោះ​ទេ​។ យ៉ាង​ណា​ក៏ដោយ​សូម​កុំ​ធ្វើឲ្យ​ប្រទេស​ជាតិ និង ប្រជាពលរដ្ឋ​ដូចជា​ពួកយើង​ធ្លាក់​ក្នុង​ភាព​អវិចី​ដូច​កាលពី​អតីតកាល​»៕

យុវតី ម៉ា និត អាយុ ២១ ឆ្នាំ​ជា​និស្សិត​ផ្នែក​គ្រប់គ្រង ឆ្នាំ​ទី​ ៣ នៃ​សាកល​វិទ្យាល័យ​បៀលប្រាយ


នាង​ថ្លែង​ថា​៖ «​រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​គណបក្ស ឬ​ក្រុម​ណា​មួយ​នោះ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​បញ្ហា​សំខាន់​របស់​ខ្ញុំ​គឺ​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​។

បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ធ្វើអ្វី​មួយ​ខុស​ច្បាប់​ទេ​នោះ គ្មាន​គណបក្ស​ណា​មួយ​ប្ដឹង​ឲ្យ​រំលាយ​ចោល​នោះ​ទេ ប៉ុន្តែ​បើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ខ្លះៗ​ពី​បណ្ដាញ​សង្គម Facebook មេដឹកនាំ​សំខាន់ៗ​នៅ​ក្នុង​បក្ស​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​រកឃើញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា​បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ជា​លក្ខណៈ​ប្រព័ន្ធ​ដែល​នឹង​មិន​អាច​អត់ឱន​ឲ្យ​បាន​»៕


ព្រះតេជគុណ ជឿន ផានិត សមណ​និស្សិត​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ

ព្រះអង្គ​មាន​ថេរដីកា​ថា «​អាត្មា​មិន​មាន​ការ​យល់​ដឹង​ និង​ស៊ីជម្រៅ​ទៅ​លើ​ច្បាប់​បោះឆ្នោត ឬ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ប៉ុន្មាន​ទេ គ្រាន់​តែ​បាន​យល់​ដឹង​ខ្លះៗ​ថា​ការ​បោះឆ្នោត​មួយ​ដែល​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ទទួល​ស្គាល់ និង​អាច​ទទួល​យក​បាន​គឺ​អាស្រ័យ​ដោយ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ តាម​ច្បាប់ និង​ប្រកប​ដោយ​ភាព​យុត្តិធម៌ តមា្លភាព​គ្មាន​អំពើ​ហិង្សា និង​ការ​បំភិត​បំភ័យ​។

អាត្មា​សូម​ឆ្លៀត​ឱកាស​នេះ​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ មេត្ដា​គិតគូរ​អំពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ជា​ចម្បង និង​សូម​កុំ​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​ជា​ចំណាប់​ខ្មាំង​ខាង​ផ្នែក​នយោបាយ​សម្រាប់​ជា​ប្រយោជន៍​របស់​ក្រុម​បក្ស និង​ប្រទេស​របស់​អ្នក​»៕

លោក ម៉េ ចូច អាយុ ២៨ ឆ្នាំ​ជា​អ្នក​រត់​ម៉ូតូ​កង់បី​នៅ​ក្បែរ​ព្រះបរមរាជវាំង


លោក​បាន​ថ្លែង​ថា​ «​ខ្ញុំ​អាច​ទស្សន៍ទាយ​បាន​ថា​គ្មាន​ស្ថាប័ន​ណា​មួយ​អាច​ជំទាស់ ចំពោះ​សំណើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​កម្មវត្ថុ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នោះ​ទេ ខណៈ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​នោះ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មនុស្ស​តែ​ម្នាក់​គឺ​លោក​ [​នាយក​រដ្ឋមន្ត្រី​] ហ៊ុន សែន​។

អ្វី​ដែល​ជា​បញ្ហា​ចម្បង​នៅ​ពេល​នេះ​គឺ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួកយើង​ជា​ម្ចាស់​ឆ្នោត​ព្រោះ​ពេល​ក្រុម​អ្នក​នយោបាយ​យើង​មិន​ចុះ​សម្រុង​គ្នា សហគមន៍​អន្តរជាតិ ពិសេស​អ្នក​ជំនួញ​គេ​ភ័យ​រអា​។ បើ​ពួកគេ​ដក​ទុន​វិនិយោគ​ចេញ អ៊ីចឹង​ប្រជាពលរដ្ឋ​យើង​នឹង​បាត់បង់​ការងារ​»៕

What Next?

Recent Articles

One Response to "សាធារណជន​មួយ​ចំនួន​បញ្ចេញ​ទស្សនៈ​ ជុំវិញ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ"

  1. people says:

    All kon khmer must learn history ‘ During decade 60 king si hak nouk swearing to U S and their associated ‘ and going to joint communist and our country been cheated by communist youn-hanoi and china communist’ then dictator king accused all khmer nationalists and took them to killed without trial ‘ it so bad’ and dictator king went to meet Youn-ho chi minh secretly and let them stay in cambodian land’ that why American bomb but king si hak nouk lie to khmer people ,he the one destroyed khmer ‘because his Youn-spy wife can lead him to become mad-dog.After joint communist ‘cambodia fell down and can’t survive ‘so cambodia keep suffer till now ‘ and We have another worse one’ is veitcong mafia dictator ‘ he wanted to fight with U S ‘ and he will go to hell soon. GOD bless all cambodian people’

Leave a Reply

Submit Comment