អ្នកច្បាប់​ថា​រដ្ឋាភិបាល​កំពុង​បំផ្លាញ​រដ្ឋធម្មនុញ្ញ​ដើម្បី​ប្លន់​អំណាច​និង​ជាន់​ឈ្លី​ពលរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2017-10-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Rann Samnang
សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Rann Samnang


ក្រុម​អ្នកច្បាប់ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​៤ ទៅ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ស្នើសុំ​វិសោធនកម្ម ដើម្បី​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ តុលាការ​រំលាយ ចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​គ្មាន​សំឡេង​នៅ​ក្នុង​សភា​នោះ ថា​ជា​រឿង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​នៅ​ថ្ងៃ​ទី​១០ តុលា ថា មិន​ដឹង​រឿង​នេះ​ទេ។

ក្រុម​អ្នកច្បាប់​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ក្រោយពេល​អ្នក​ច្បាប់​របស់​គណបក្ស​កាន់អំណាច​បញ្ជូន​សេចក្ដី​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​នេះ​ថា ជា​ការ​ប្លន់​អំណាច ជាន់​ឈ្លី​ប្រជាពលរដ្ឋ និង​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ដែល​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ​ថា ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ជា​រឿង​អយុត្តិធម៌ ជាទីបំផុត​សម្រាប់​ប្រជាពលរដ្ឋ។

ការ​លើកឡើង​បែបនេះ នៅ​ក្រោយ​ពេល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជូន​សេចក្ដី​ស្នើសុំ​វិសោធនកម្ម ច្បាប់​ចំនួន​បួន គឺ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។

ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន នេះ គឺ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ តាម​រូបមន្ត​សមាមាត្រ ដែល​ចែង​ក្នុង​ច្បាប់​ទាំង​បួន​នេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ តុលា​ថា លោក​មិន បាន​ដឹង​ពី​រឿង​នេះ​ទេ។

ទោះបីជា​យ៉ាង​នេះ​ក្ដី អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា អគ្គលេខាធិការដ្ឋាន រដ្ឋសភា បាន​ទទួល​ការ​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និងបញ្ជូន ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ដែល​នឹង​ប្រជុំ​ពិភាក្សា​នៅ​ថ្ងៃ​ទី​១២ តុលា នៅ​មុន​ពេល​កិច្ច​ប្រជុំ​សភា​លើក​ទី​៩ នីតិកាល​ទី​៥​ចាប់ផ្ដើម ដើម្បី​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា។

ការ​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ នៅ​ក្រោយ​ពេល​ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ យោង​តាម​បណ្ដឹង​គណបក្ស​តូចៗ​ចំនួន​ពីរ ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ធ្លាប់​ឈ្នះ​ឆ្នោត​ដឹក រដ្ឋាភិបាល ហើយ​បាន​បាត់​បង​សំឡេង​ជា​បន្តបន្ទាប់​រហូតដល់​រលាយ​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា និង​គណបក្ស​ទើប​បង្កើត​ថ្មោងថ្មី គឺ​គណបក្ស​យុវជន​កម្ពុជា ដែល​អ្នកវិភាគ​ចាត់​ទុក​គណបក្ស​ទាំងពីរ​នេះ ថា​ជា​គណបក្ស​អាយ៉ង ឬ​ជា​ឧបករណ៍​របស់​គណបក្ស​កាន់អំណាច។

ក្រៅ​ពី​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជាថ្មី​ទៀត នៅ​ថ្ងៃ​ទី​១០ តុលា នេះ ថា គេ​នឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល បើសិនជា​នៅតែ​ការពារ​លោក កឹម សុខា។

ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ ជាង ៣​លាន​នាក់​នេះ ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា គណបក្ស​កាន់អំណាច​កំសាក​ខ្លាច​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ។ ហើយ​ក្រោយពី​រំលាយ យក​អាសនៈ​ទាំងឡាយ​របស់​គណបក្ស​ប្រឆាំង​ប្រគល់​ជូន​បក្ស ដែល​គ្មាន​អាសនៈ​ក្នុង​សភា ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា មាន​សមាជិកសភា​ចម្រុះ​មកពី​គណបក្ស​ផ្សេង​នៅ​ក្នុង​រដ្ឋសភា។

សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះជាតិ សម្រាប់​នីតិកាល​ទី​៥​នេះ មាន​ចំនួន ៥៥​រូប សមាជិក​ព្រឹទ្ធសភា សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ មាន​ជាង​៥​ពាន់​នាក់ សមាជិក​ក្រុមប្រឹក្សា​ស្រុក រាជធានីខែត្រ មាន​ជិត​៨០០​នាក់ និង​សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី មាន​ចំនួន​១១​រួប។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រុម​សមាជិកសភា គណបក្ស​សង្គ្រោះជាតិ​មិន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃទី​១២ តុលា នេះ​ទេ ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ពិសេស​ការ​ចាប់​លោក កឹម សុខា ជាដើម។ លោក អេង ឆៃអ៊ាង បញ្ចេញ​ប្រតិកម្ម​ថា គណបក្ស​កាន់អំណាច​អាច​ធ្វើ​អ្វីៗ​តាម​ចិត្ត​បាន តែ​មិន​ត្រូវ​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ដូច្នេះ​ទេ។

ក្រុម​អ្នក​ច្បាប់​ចាត់​ទុក ការ​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​នេះ​ថា ជា​ការ​ប្លន់​អំណាច ដែល​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​មួយ​ចំហៀង​ប្រទេស។

រដ្ឋធម្មនុញ្ញ​មាត្រា​៧៨ ចែងថា នីតិកាល​របស់​រដ្ឋសភា​មាន​កំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូលកាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ។

មេធាវី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ដែល​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះ ការ​ធ្វើ វិសោធនកម្ម​ច្បាប់​ណាមួយ​បាន លុះត្រាតែ​ច្បាប់​ដែល​មាន​ជា​ធរមាន​ហើយ​អនុវត្ត​ទៅ​ប៉ះពាល់​ផល ប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ ទើប​គេ​ស្នើសុំ​ធ្វើ​វិសោធនកម្ម។ ម្យ៉ាងទៀត​ដើម្បី​វិសោធនកម្ម​បាន គឺ​គេ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ។ លោក​មេធាវី​រូប​នេះ ហៅ​ទង្វើ​របស់​គណបក្ស​កាន់អំណាច​ទាំងនេះ ជា​ទង្វើ​មើល​ប្រជាពលរដ្ឋ ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​ជា ទង្វើ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល ដែល​ច្បាប់​ផ្សេងទៀត មិន​អាច​រំលោភ​បាន។

អ្នកច្បាប់​អះអាង​ថា សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ ម្ដងទៀត ពោល​នៅ​ពេល​ដែល​ខ្លួន​ចង់​ធ្វើ​អ្វីមួយ គឺ​តែងតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ពាក់ព័ន្ធ​តាម​ក្រោយ ដើម្បី​ជា​រូបភាព​មើល​ពី​ខាងក្រៅ​ថា​ស្របច្បាប់ ដូចជា​ការ​ចង់​កម្ចាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង ដែល​ចែង​មិន​ឲ្យ​អ្នកទោស​ធ្វើ​ប្រធាន​បក្ស និង​ច្បាប់​ផ្សេងៗ​ទៀត​ជាដើម។

លើស​ពី​នេះ​ទៀត លោក យឿង សុធា​រា អះអាង​ថា ជា​រឿង​មិន​សមរម្យ​សោះឡើយ ដែល​សមាជិក សភា​គណបក្ស​កាន់អំណាច ធ្វើ​វិសោធនកម្ម​ដោយ​ឯក​បក្ស តម្រូវ​ទៅតាម​អ្វី​ដែល​ខ្លួន​ចង់បាន ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួនឯង​បែបនេះ។

ទោះបីជា​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​១២ តុលា និង​អ្នកច្បាប់​លើក​ឡើង​ថា ការ​គ្រោង​ធ្វើ​វិសោធនកម្ម​សេចក្ដី​ស្នើ​ច្បាប់​ទាំង​៤​នេះ ជា​ការ​ធ្វើ​រដ្ឋប្រហារ​រ​ធម្មនុញ្ញ និង​ក្បត់ ឆន្ទៈ​ប្រជាពលរដ្ឋ​ក្ដី ប៉ុន្តែ​អគ្គលេខាធិការ​រដ្ឋសភា​អះអាង​ថា គេ​នៅតែ​បន្ត​នីតិវិធី​ប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យមើល​សេចក្ដីស្នើ​នេះ និង​សមាជិក​សភា​គណបក្ស​កាន់អំណាច​នៅតែ​បើក​កិច្ច ប្រជុំ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ផ្សេង​មួយ​ចំនួន​ទៀត។

ការ​បោះ​ជំហាន​ទៅមុខ​របស់​គណបក្ស​កាន់អំណាច​នៅ​ពេល​នេះ គឺ​គណបក្ស​នេះ ហាក់​មិន​ខ្វល់​អំពី ការ​ព្រួយបារម្ភ និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​សោះឡើយ។

សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​៩ តុលា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្ស​ប្រឆាំង ពីព្រោះ​ថា គណបក្ស នេះ ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​តាម បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ មាន​អ្នកគាំទ្រ​ជាង​៤០% ដែរ។

សហភាព​អឺរ៉ុប​នៅតែ​ព្រួយបារម្ភ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​ដែរ ចំពោះ​ការ​វិវឌ្ឍ​នយោបាយ​នា​ពេល​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ ពិសេស​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​អាជ្ញាធរ​កម្ពុជា​ចាត់ចែង ដើម្បី​ស្វែងរក​ការ​រំលាយ​គណបក្ស​ប្រឆាំង ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។

អ្នកវិភាគ​លើក​ឡើង​ថា គ្រប់​សកម្មភាព​របស់​គណបក្ស​កាន់អំណាច​ធ្វើ​នេះ អាច​ជោគ​ជ័យ​នូវ​អ្វី ដែល​ខ្លួន​ចង់​ធ្វើ​នៅ​ពេល​នេះ ក៏ប៉ុន្តែ​មិន​សន្មត​ថា អាច​ទទួល​បាន​ជ័យជំនះ​យូរអង្វែង​ឡើយ ថ្វីត្បិតតែ ពលរដ្ឋ​ហាក់​នៅ​ស្ងៀមស្ងាត់ ក៏ប៉ុន្តែ​ពុំ​មានន័យថា ពួកគាត់​ខ្លាច​នោះ​ឡើយ ពលរដ្ឋ​នឹង​អាច​ប្រើ​សិទ្ធិ របស់​ខ្លួន ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ងើប​តតាំង​ទាមទារ​សិទ្ធិ​របស់​ខ្លួន​វិញ នៅ​ពេល​ណាមួយ មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អ្នកច្បាប់​ថា​រដ្ឋាភិបាល​កំពុង​បំផ្លាញ​រដ្ឋធម្មនុញ្ញ​ដើម្បី​ប្លន់​អំណាច​និង​ជាន់​ឈ្លី​ពលរដ្ឋ"

  1. people says:

    Veitcong communist germs are in parliament’ and they are not serve the nation or serve the country’ but they serve the veitcong mafia dictator’ and they never respect the constitution or law&order’ because they are veitcong gems. This parliament is leaded by wild clown who have no education at all ‘ he is the wild buffalo who know nothing about the politic’ all he followed Youn-veitcong germs who hiding in this puppet government .GOD will punish theses veitcong germs soon . GOD bless all cambodian people’

  2. xxx says:

    ជាក់ស្ដែងជាអំពើប្លន់១០០%
    ជាក់ស្ដែងជាទង្វើមើលងាយរាស្ត្រជិតកន្លះនគរពិតប្រាកដ
    ជាក់ស្ដែងរិះរកវិធីបំផ្លាញគេដោយឥតអៀនខ្មាស់ក៏ព្រោះតែខ្លាចចាញ់ជាពោតប្រាកដ

  3. PHKA says:

    មិនដឹងជាយល់យ៉ាងដូចម្ដេច លេងស្នៀតបំពានច្បាប់រដ្ធធម្មនុញ្ញ គាស់រំលាយប្រជាធិប្បតិយ្យ យករបប”អាម៉ាតនិយម”មកជំនួស ហើយស្រែកថា”ថានសួគ៍ ប្រជាធិតេយ្យ” ប្រហែលជាសប្បាយខ្លាំង មិនដឹងថាខ្លួនរស់លើ”ថាន នរកអនាធិបតេយ្យ”ទេដឹង។

  4. ?? says:

    to our Cambodian nationalist we knew HUN SEN was an evil in our nation not just even that his is an evil of the world. he is worse then some dictator in the world that was gone to hell in the past. we also knowing his last will come at any moment but remember when the time come he will straggle to caught his last bread . I can not wait to see that day and we will getting every thing back from him and his family that they have been stolen from our nation. this evil can run but not going to be that fare but he can not hiding from our people. GOD bless Cambodia

Leave a Reply

Submit Comment