មន្ត្រី​ គ.ជ.ប ខេត្ត​ព្រះសីហនុ​ថា​អ្នក​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧​មាន​តិចតួច

ដោយ អាស៊ីសេរី
2017-10-12

ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


មន្ត្រី​រៀបចំ​ការងារ​ចុះបញ្ជី​បោះឆ្នោត​ខេត្ត​ព្រះសីហនុ អះអាង​ថា ជាង ១​ខែ​មកនេះ ការ​ចាប់​ផ្តើម​ចុះឈ្មោះ អ្នក​គ្រប់​អាយុ​បោះឆ្នោត ឬ​អ្នក​ចុះឈ្មោះ​ថ្មី​ឆ្នាំ​២០១៧ មិន​សូវ​មាន​អ្នក​មក​ចុះឈ្មោះ​ច្រើន​ទេ។ លោក​អំពាវនាវ​ដល់​អ្នក​គ្រប់​អាយុ​បោះឆ្នោត ឬ​អ្នកមាន​សិទ្ធិ​បោះឆ្នោត ត្រូវ​មក​ចុះឈ្មោះ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាងមុខ។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន មាន​ប្រសាសន៍​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១០ ខែ​តុលា សម្រាប់​អ្នក​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​ចុះ​បោះឆ្នោត គឺ​មិន​សូវ​មាន​មនុស្ស​មក​ចុះឈ្មោះ​ច្រើន​ទេ នៅ​តាម​ការិយាល័យ​តាម​ឃុំ​-​សង្កាត់​នា​មូលដ្ឋាន​នេះ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មាន​អ្នក​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី តាម​ការិយាល័យ​ចុះឈ្មោះ​តាម​ឃុំ​សង្កាត់​ទាំង​២៩ ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​តាម​ការ​ប៉ាន់ស្មាន​អាច​មាន​មនុស្ស​មក​ចុះឈ្មោះ​ថ្មី​ចំនួន ១​ម៉ឺន ៥​ពាន់​នាក់​នោះ ប៉ុន្តែ​ពេលនេះ​ទើប​មាន​ពលរដ្ឋ​បាន​មក​ចុះឈ្មោះ​ជាង ៣​ពាន់​នាក់​ទេ។

លោក ហួត ផុន មាន​ជំនឿ​ថា ចំនួន​អ្នក​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​អាច​មក​ចុះឈ្មោះ​ច្រើន នៅ​ថ្ងៃ​ជិត​ផុត​កំណត់​កាលបរិច្ឆេទ នៃ​ការ​ចុះ​ឈ្មោះ​ចូល​មក​ដល់។ លោក​ថា ការងារ​ចុះឈ្មោះ​បោះឆ្នោត​នា​ខេត្ត​ព្រះសីហនុ មិន​មាន​បញ្ហា​អ្វី​កើតឡើង​នាំ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ​នោះ​ទេ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​មក​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វាន់លី បាន​កត់​សម្គាល់​ថា ជាង ១​ខែ​មកនេះ ពិតជា​មិន​សូវ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត បាន​ទៅ​ចុះឈ្មោះ​ច្រើន​ទេ នៅ​តាម​ឃុំ​-​សង្កាត់​នីមួយៗ។ លោក​បន្ត​ថា ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​នា​មូលដ្ឋាន​នេះ មានដំណើរ​ការ​ជា​ធម្មតា ដោយ​គ្មាន​ការ​គំរាមកំហែង​ពី​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​នោះ​ទេ។ លោក វាន់លី បន្ត​ថា ការដែល​មិន​សូវ​មាន​មនុស្ស​គ្រប់​អាយុ​បោះឆ្នោត មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ច្រើន​នៅ​ពេល​នេះ អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​ចំណាកស្រុក និង​ការ​ផ្សព្វផ្សាយ ទាក់ទង​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ មិនបាន​ទូលំទូលាយ​ដល់​តំបន់​ឆ្ងាយៗ​ពី​ទីប្រជុំជន ទើប​ពលរដ្ឋ​ខ្វះ​ព័ត៌មាន ហើយ​មិនសូវ​ចាប់អារម្មណ៍។

ប្រតិទិន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ..ប បង្ហាញ​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ មាន​រយៈពេល ៧០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ រីឯ​កាលបរិច្ឆេទ​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក ស៊ិក ប៊ុនហុក ប្រធាន​គ..ប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ។

ស្ថាប័ន គ..ប បាន​ឲ្យ​ដឹង​ថា អ្នកមាន​សិទ្ធិ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង មាន​ជាង ៩ លាន ៦ សែន​នាក់ (,៦៦៤,២១៦)។ ក្នុង​នោះ​អ្នក​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​កន្លងទៅ​មាន​ជិត ៨ លាន​នាក់ (,៨៦៥,០៣៣) និង​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្ត​ទី​៤ កន្លងទៅ មាន​ជាង ៧ លាន ១​សែន​នាក់ (,១០៧,៣៩៥)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment