លោក​ ហ៊ុន សែន ​ថា​កុំ​ស្រមៃ​ពី​ការ​ប្រជុំ​​ប្រទេស​ហត្ថលេខី

លោក​ ហ៊ុន សែន​, ​សម្ដេចឪ​,​ និង​ខាង​ស្ដាំ​ ២ ​រូប​គឺ​លោក​ សឺន សាន និង​ ខៀវ សំផន ក្នុង​ដំណើរ​ចរចា​បញ្ចប់​ជម្លោះ​ខ្មែរ​កន្លង​មក​។ ឯកសារ




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ដោយ​លើក​សំអាង​ថា​គ្រប់​ភាគី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ បាន​រលាយ​បាត់​ហើយ​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចំអក​កាលពី​ម្សិលមិញ​ថា ​សូម​កុំ​ឲ្យ​ស្រមើស្រមៃ​ចំពោះ​ការ​កោះ​ប្រជុំ​នៃ​ប្រទេស​ហត្ថលេខី​ឲ្យ​សោះ ខណៈ​ដែល​អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​ចាត់​ទុក​សន្ធិសញ្ញា​មួយ​នេះ​ថា​ នៅ​មាន​សុពលភាព និង​បាន​ហៅ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ថា​ កំពុង​ដើរ​ខុស​គន្លង​។

ថ្លែង​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ កម្មករ-កម្មការិនី ប្រមាណ​ជា​ ២ ​ម៉ឺន​នាក់​មកពី​រោងចក្រ​ចំនួន​ ១១ ​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយបក​ទៅ​កាន់​បណ្ដា​អ្នក​រិះគន់​ដែល​ទាមទារ​ឲ្យ​ប្រជុំ​ក្រុម​ប្រឹក្សា និង​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ថា​ “​កុំ​ស្រមើ​ស្រមៃ​” ​ខណៈ​គ្រប់​ភាគី​ទាំងអស់​បាន​រលាយ​បាត់​អស់​ទៅ​ហើយ​នោះ​។

លោក​បាន​លើក​ឡើង​ថា​៖ “​សូម​កុំ​ស្រមើស្រមៃ​ថា​កោះប្រជុំ​សន្និសីទ​អន្តរជាតិ​ប៉ារីស​ឡើង​វិញ​នោះ ព្រោះ​សន្និសីទ​ប៉ារីស ខ្មោច​អី បើ​ប្រទេស​សូវៀត​មួយ​​ក្លាយ​ទៅ​ជា​ប្រទេស​រដ្ឋ​មិន​ដឹង​ប៉ុន្មាន​នោះ សូម្បី​តែ​ប្រទេស​ហត្ថលេខី​ក៏​ប្រែប្រួល​អស់​ទៅ​ដែរ​។ វា​នៅ​សល់​អី​ទៀត​?”​។

លោក​បន្ថែម​បែប​ចំអក​ថា​៖ “​អ៊ីចឹង​ទេ ហើយ​ភាគី​ជម្លោះ​របស់​កម្ពុជា ភាគី​ខ្មែរ​ក្រហម​។ បើ​អ៊ីចឹង វា​ទាល់​តែ​បង្កើត​ភាគី​ខ្មែរក្រហម​ឡើង​វិញ​ដើម្បី​ឲ្យ​មក​ចូលរួម​”​។

ទោះ​ជា​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​ថា​ធាតុ​ផ្សំ​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​បាន​ច្របាច់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​ ១៩៩៣ រួច​ទៅ​ហើយ​។

លោក​ថ្លែង​ថា​៖ “​ឥឡូវ​នេះ ២៣ តុលា ២០១៧ ជិត​មក​ដល់​ហើយ​ដែល​ជា​ខួប​លើក​ទី​ ២៦ នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ដែល​យើង​បាន​អនុវត្ត ហើយ​ធាតុ​ផ្សំ​ទាំងអស់​វា​បាន​ប្រមូល​ផ្ដុំ​មក​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​”​។

លោក​ ហ៊ុន សែន ក៏​បាន​រិះគន់​សំដៅ​សហរដ្ឋអាមេរិក​អំពី​ការ​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​ ៧០ ​ផង​ដែរ ដោយ​លោក​ថា​គេ​មិន​និយាយ​ពី​សិទ្ធិ​មនុស្ស​ទេ តែ​បែរ​ជា​ទាមទារ​ឲ្យ​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​លោក​ថែម​ទាំង​ចំអក​ឲ្យ​អង្គការ​សហប្រជាជាតិ​​ថា​ “​គួរ​ឲ្យ​អាម៉ាស់​ណាស់​” ​ខណៈ​​ទទួល​ស្គាល់​អាសនៈ​របស់​ពួក​ខ្មែរក្រហម​នា​សម័យ​នោះ​។

លោក​បន្ត​ថា​៖ “​គេ​អាច​ធ្វើ​ទៅ​រួច​ដោយ​មិន​គិត​ពី​សិទ្ធិ​មនុស្ស​ទេ ឥឡូវ​យើង​ត្រឹម​តែ​ប្រើ​ច្បាប់​ដើម្បី​ការពារ​ជាតិ​ដើម្បី​ការពារ​សន្តិភាព សន្តិសុខ​របស់​ជាតិ គេ​ថា​យើង​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​គេ​លើក​ដៃ​បាញ់​យើង សម្លាប់​យើង ទម្លាក់​គ្រាប់បែក​លើ​ក្បាល​ប្រជាជន​យើង​”​។

ទន្ទឹម​នឹង​នេះ​លោក​ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោក​ឈរ​ឡើង​ដើម្បី​អ្វី​ដែល​លោក​ថា​ជា​ការ​ការពារ​​សន្ដិភាព និង​ការ​អភិវឌ្ឍ​ពិតប្រាកដ​នៅ​កម្ពុជា​ផង​ដែរ​។

លោក ហ៊ុន សែន ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ ១៩៩១។ រូបថត Gerard Fouet/AFP

លោក​ថ្លែង​ថា​៖ “​ខ្ញុំ​សូម​អំពាវនាវ​សម្រាប់​ប្រជាពលរដ្ឋ​យើង ក្រោក​ឈរ​ឡើង​រួម​គ្នា​ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស សន្តិភាព​នេះ​ហើយ​ដែល​ធានា​ដល់​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​យើង​ទៅ​ថ្ងៃ​អនាគត​”​។

ក្នុង​វោហារស័ព្ទ​ព្រមាន​រំលាយ​គណបក្ស​ដែល​លោក​មិន​បាន​​បញ្ចេញ​ឈ្មោះ តែ​ទំនង​ជា​សំដៅ​លើ​គណបក្ស​សង្គ្រោះជាតិ​នោះ​លោក​ ហ៊ុន សែន ​លើក​ឡើង​ថា​កម្ពុជា​គឺជា​ទីឋានសួគ៌​នៃ​បក្ស​នយោបាយ​។

លោក​បាន​បញ្ជាក់​ថា​៖ “​ព្រឹក​មិញ​នេះ​ឃើញ​សារព័ត៌មាន​ចុះ​ផ្សាយ​អំពី​បញ្ហា​កែ​ច្បាប់​មួយ​ចំនួន ព្រោះ​នៅ​កម្ពុជា​មាន​បក្ស​នយោបាយ​រាប់​សិប​។ វា​ជា​ឋានសួគ៌​លោកិយ​នៃ​បក្ស​នយោបាយ ហើយ​វា​ជា​ស្ថានសួគ៌​លោកិយ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ​”​។

យ៉ាង​ណា​ក្ដី​អ្នក​វិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​នៅ​តែ​ «​មាន​សុពលភាព​» ​នៅ​ឡើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​អនុវត្ត​ក្នុង​នាម​ជា​ភាគី​ហត្ថលេខី​។

លោក​បាន​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​អនុវត្ត​ចាក​គន្លង​នៃ​កិច្ចព្រមព្រៀង​នេះ​​ដែល​តម្រូវ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

លោក​ថ្លែង​ថា​៖ “​កិច្ចព្រមព្រៀង​នេះ​ទី​ ១ ​បាន​កំណត់​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទី​ ២ របប​ហ្នឹង​ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​។

នីតិរដ្ឋ​ហ្នឹង​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មិនមែន​កុម្មុយនីស្ត​ទេ អាហ្នឹង​ខុស​គ្នា​។ ឥឡូវ​នេះ​គឺ​ចាប់​អនុវត្ត​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​”​។

លោក​ថា​ប្រទេស​ទាំង​ឡាយ​ដែល​ជា​សមាជិក​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទោះបី​ជា​បាន​ផ្លាស់ប្ដូរ​របប​នយោបាយ​ក្ដី​ក៏​នៅ​តែ​មាន​កាតព្វកិច្ច​ជា​ប្រទេស​ហត្ថលេខី​បើ​ប្រទេស​នោះ​មិន​បាន​ប្រកាស​​បដិសេធ​ទេ​នោះ​។

ស្រដៀង​គ្នា​នេះ​ដែរ​លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ទៅ​បរទេស​ដោយសារ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ថ្លែង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​តែ​មាន​សុពលភាព​។

លោកស្រី​ថ្លែង​ថា​៖ “​សន្តិភាព​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​ស្លាប់​ទេ​។ វា​នៅ​រស់រាន​មាន​ជីវិត​”​។

លោកស្រី​បាន​បន្ត​ទៀត​ថា​៖ “​ប្រទេស​ទាំង​មូល​មាន​ការ​ព្រួយបារម្ភ​។ វា​ច្បាស់​ណាស់​ដែល​គាត់​មិន​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស …​ប៉ុន្តែ​វា​មិនមែន​អំពី​គាត់ វា​គឺជា​រឿង​ប្រទេស​ជាតិ​ទាំង​មូល​។ នេះ​គឺជា​ចេតនា​ដែល​ប្លន់​រដ្ឋធម្មនុញ្ញ​”​។

សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​ ២៣ ខែ​តុលា ឆ្នាំ​ ១៩៩១ ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​ភាគី​ខ្មែរ​ចំនួន​ ៤ ដោយ​មាន​ប្រទេស​ហត្ថលេខី​ចំនួន​ ១៨ ក្នុង​នោះ​រួម​ទាំង​មហាអំណាច​ធំៗ​ក្នុង​លោក​ផង​ដែរ​៕

រាយការណ៍​បន្ថែម​ដោយ Erin Handley


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

3 Responses to "លោក​ ហ៊ុន សែន ​ថា​កុំ​ស្រមៃ​ពី​ការ​ប្រជុំ​​ប្រទេស​ហត្ថលេខី"

  1. :( says:

    ឋានសួគ៌​លោកិយ​នៃ​បក្ស​នយោបាយ ផ្លោក បើមានគណបក្សផ្សេងមានអ្នកគាំទ្រច្រើនលើសលប់
    បើមិនចាប់ភ័យ​ រកវីធីរំលាយគេទៀតជាមិនខានទេ លោកផ្លោកឯងប្រជាជនដឹងចារឹកច្បាស់ណាស់

  2. Anonymous says:

    Hun Sen group is not good for Cambodia country.

  3. people says:

    Hun-sen is the veitcong ha-noi dog’ and betray cambodian people and the nation’.Since long time or history ‘we never see leader agree and gave Tral island to our ancestor enemy like this veitcong dog.This veitcong mafia dictator is the criminal that cambodian people won’t forgive. GOD bless all cambodian people’

Leave a Reply

Submit Comment