លោក ហ៊ុន សែន ប្រកាស​ថា ​នៅពេល​ដ៏ឆាប់​ខាង​មុខ​ នឹង​មាន​គណបក្ស​ ៦ ​នៅ​ក្នុង​រដ្ឋសភា

បុរសម្នាក់​ឈរអានដីកា​របស់​តុលាការ​កំពូល​បិទ​មុខ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​​ជាតិ ស្នើ​​ឲ្យ​​បក្ស​ប្រឆាំងដាក់​ភស្តុតាង​ការពារ​ការ​រំលាយ​គណបក្ស​ចោល។ ហេង ជីវ័ន



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ​នេះ​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​ ៦ ​នៅ​ក្នុង​រដ្ឋសភា ទន្ទឹម​គ្នា​នឹង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការ​ចូលរួម​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​រួម​ទាំង​មិន​អើពើ​ដល់​ដីកា​បង្គាប់​ឲ្យ​ដាក់​​ឯកសារ​ត្រៀម​ដែល​ជា​ភ័ស្តុតាង​ដើម្បី​តតាំង​ការ​ប្ដឹង​រំលាយ​បក្ស​ដោយ​ក្រសួង​មហាផ្ទៃ​។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ប្រមាណ​ជា​ ២ ​ម៉ឺន​នាក់​លោក​ ហ៊ុន សែន ​ថ្លែង​ថា​៖ «​សូម​បញ្ជាក់​ថា​បើ​រំលាយ​​បក្ស​ ១ គឺ​បក្ស​ ៥ ​ទៀត​ចូល​ជំនួស​បាន​សេចក្ដី​ថា​ពី​បក្ស​ ២ ទៅ​បក្ស​ ៦ ​នៅ​ក្នុង​សភា​នេះ​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន​នៅ​ពេល​ខាង​មុខ​នេះ​។ នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​ច្រើន​ប្រៀប​បាន​ឋានសួគ៌​លោកិយ​នៃ​បក្សនយោបាយ បើ​ទោះបី​ជា​​ត្រូវ​រំលាយ​មួយ​ក៏ដោយ​»​។

គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​ចាប់ផ្ដើម​ប្រជុំ​នៅ​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ស្នើ​ដោយ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។

ពាក់ព័ន្ធ​ជាមួយ​នីតិវិធី​រៀបចំ​ឯកសារ​ត្រៀម​របស់​គណបក្ស​ដែល​បង្គាប់​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​ ៩ ខែ​តុលា​នោះ​លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​គណបក្ស​មិន​អើពើ​ដឹង​ទេ​។

លោក មុនីវណ្ណ បាន​ថ្លែង​ថា​៖ «​យើង​ដឹង​ទាំងអស់​គ្នា​ហើយ​តើ​ថា​ទោះបី​ជា​យើង​ដាក់​ឯកសារ​ និង​មេធាវី​អី​ទៅ​ (​ក៏ដោយ​) រឿង​រំលាយ​បក្ស​ប្រុង​នឹង​កើត​វា​នឹង​កើត​ហើយ​វា​ទៅ​មិន​រួច​ទេ​ទោះបី​ជា​យើង​ត្រៀម​មេធាវី​ ១០០០ ​នាក់​ក៏​មិន​អាច​ទប់​បាន​ដែរ​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​យើង​មិន​បាន​ត្រៀម​អី​ទេ​ចំពោះ​រឿង​នេះ​ពីព្រោះ​រឿង​នេះ​តែ​គេ​ចង់​ធ្វើ​គឺ​ធ្វើ​ចេញ​ហើយ និង​នៅ​ពេល​គេ​ចង់​បាន​អី​វា​ទៅ​ដូច្នេះ​ហើយ​។ ​នៅ​ក្នុង​អង្គប្រជុំ​អចិន្រៃ្តយ៍​យើង​បាន​ពិភាក្សា​គ្នា ហើយ​ចំពោះ​រឿង​នេះ​គឺ​យើង​មិន​ខ្វល់​ទេ​»​។

លោក សំ សុខគង់ ជា​មេធាវី​ល្បី​ម្នាក់​ដែល​តែងតែ​ការពារ​ក្ដី​ឲ្យ​សមាជិក​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ការ​ពឹងពាក់​ឲ្យ​ការពារ​ក្ដី​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ​។

លោក សុខគង់ បាន​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​គណបក្ស​ហៅ​ ឬ​ពឹងពាក់​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​គាត់​មិន​ពឹងពាក់​មេធាវី​គឺ​គាត់​មិន​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បណ្តឹង​របស់​ភាគី​ម្ខាង​ទៀត​ទេ​»​។

ក្រាហ្វិក​បង្ហាញ​ពី​អាសនៈ​ក្នុង​សភា​របស់​គណបក្ស​សង្រ្គោះជាតិ (ពណ៌ខៀវ) ដែល​គ្រោង​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ។ ធ្វើដោយ Jenni Reid និង​ទិន្នន័យ​ពី គ.ជ.ប

លោក ជិន ម៉ាលីន បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា​ការ​ត្រៀម​ឯកសារ​ ឬ​មិន​ត្រៀម​វា​ជា​សិទិ្ធ​របស់​គណបក្ស​ប្រឆាំង​តែ ដំណើរការ​ផ្លូវ​ច្បាប់​គេ​ឲ្យ​ភាគី​ចុង​ចោទ​ធ្វើការ​ការពារ​ខ្លួន​ដើម្បី​ជា​ប្រយោជន៍ និង​សិទ្ធិ​ផ្ទាល់​ខ្លួន​។

លោក ម៉ាលីន ថ្លែង​ថា​៖ «​ប្រសិន​បើ​គាត់​បដិសេធ​សិទ្ធិ​នេះ​គឺជា​ការ​ខាតបង់​របស់​គាត់​ពីព្រោះ​ភាគី​ដើម​បណ្តឹង​គាត់​មាន​ភ័ស្តុតាង​ដាក់​បន្ទុក ហើយ​នីតិវិធី​នៅ​តែ​ទៅ​មុខ​តែ​អ្នក​ខាត​ប្រយោជន៍​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោកស្រី សែម សក្ដិកូឡា ចៅក្រម​តុលាការ​កំពូល​បាន​បង្គាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅ​នឹង​ពាក្យ​បណ្ដឹង​សុំ​រំលាយ​គណបក្ស​នេះ​ដែល​ប្ដឹង​ដោយ​ក្រសួង​មហាផ្ទៃ​។

បើ​សិន​ជា​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា ហើយ​បើ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​នោះ​គណបក្ស​ដែល​នឹង​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ក្រោយ​រំលាយ​បក្សប្រឆាំង​ដ៏ធំ​នេះ​គឺ​កៅអី​បាន​ទៅ​លើ​គណបក្ស​នយោបាយ​ផ្សេង​ដូចជា CPP 68, Funcinpec 41, LDP 6, KAPP 5, CNP 2, KEDP 1៕


Contact authors: បែន សុខហ៊ាន and ម៉ិច ដារ៉ា

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ប្រកាស​ថា ​នៅពេល​ដ៏ឆាប់​ខាង​មុខ​ នឹង​មាន​គណបក្ស​ ៦ ​នៅ​ក្នុង​រដ្ឋសភា"

  1. 😈omen😈 says:

    សូមប្រកាសដល់មហាជនខ្មែរទូទាំងខេត្តក្រុងភូមិឃុំទាំងអស់ដែលស្រឡាញ់សិទ្ធិសេរីភាពនិងលិទ្ធិប្រជាធិបតេយ្យសូមជ្រាបនៅពេលដ៏ខ្លីខាងមុខក្រុមតិរិច្ឆានគេនិងរំលាយក្រុមបក្សប្រឆាំងចេញពីរដ្ធសភាដូច្នេះសូមមហាជនខ្មែរដែលស្អប់ខ្ពើមរបបផ្ដាច់ការសូមចេញមកក្រៅផ្ទះវាយចានវាយឆ្នាំងវាយធុងដើម្បីបង្ហាញដល់ពិភពលោកថាយើងមិនគាំទ្រអោយក្រុមតិរិច្ឆានអស់នេះធ្វើអ្វីតាមចិត្តទេ !ចាប់ពីពេលនេះតទៅយើងចាំមើលទាំងអស់គ្នានៅពេលណា

  2. 😈omen😈 says:

    សូមប្រកាសដល់មហាជនខ្មែរទូទាំងខេត្តក្រុងភូមិឃុំទាំងអស់ដែលស្រឡាញ់សិទ្ធិសេរីភាពនិងលិទ្ធិប្រជាធិបតេយ្យសូមជ្រាបនៅពេលដ៏ខ្លីខាងមុខក្រុមតិរិច្ឆានគេនិងរំលាយក្រុមបក្សប្រឆាំងចេញពីរដ្ធសភាដូច្នេះសូមមហាជនខ្មែរដែលស្អប់ខ្ពើមរបបផ្ដាច់ការសូមចេញមកក្រៅផ្ទះវាយចានវាយឆ្នាំងវាយធុងដើម្បីបង្ហាញដល់ពិភពលោកថាយើងមិនគាំទ្រអោយក្រុមតិរិច្ឆានអស់នេះធ្វើអ្វីតាមចិត្តទេ !ចាប់ពីពេលនេះតទៅយើងចាំមើលទាំងអស់គ្នាយ៉ាងស្ងាត់ស្ងៀមនៅពេលណា គេរំលាយបក្សប្រឆាំងនុះយើងនិងនាំគ្នាចេញមកធ្វើសកម្មភាពភ្លាមចូលរួមទាំងអស់គ្នាបង្ហាញពីការមិនពេញចិត្តនិងទង្វើរបស់របបផ្ដាច់ការ ហ៊ុន សែន ។

  3. Phanna says:

    អានេះវាជាន់ឈ្លីប្រជាជនខ្មែរ​ចូលក្នុងជ្រាំយ៉ាងជ្រៅហើយ​ នេះហើយដែលហៅថា​ បទល្មើសជាក់ស្តែង​ សូមតុលាកសរស៊ឺបអង្កេតឲ្យបានល្អផង

Leave a Reply

Submit Comment