អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់​ពី​ការ​លុប​បំបាត់​ជំងឺ​ត្រាក់កូម​នៅ​កម្ពុជា

ដោយ អ៊ឹម រចនា
14/10/2017
RFI

media
ពលរដ្ឋ​ទទួល​ការ​ពិនិត្យ​ភ្នែក​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។ IAPB


កម្ពុជា​ទើប​តែ​បាន​ទទួល​លិខិត​ពី​អង្គការ​សុខភាព​ពិភពលោក ទទួល​ស្គាល់​ពី​ការ​លុប​បំបាត់​ជំងឺ​ភ្នែក «ត្រាក់​កូម» ​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​១២ តុលា​​កន្លង​ទៅ​។ សម្រាប់​ក្រសួង​សុខាភិបាល ការ​លុប​បំបាត់​ជំងឺ​ត្រាក់​កូម ដែល​ជា​បញ្ហា​សុខភាព​សាធារណៈ​មួយ​ គឺ​ជា​សមិទ្ធិផល​ដ៏​ធំ​ធេង​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​។

ជំងឺ​ត្រាក់កូម គឺ​ជា​ជំងឺ​ភ្នែក​​ដែល​កើត​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​បាក់តេរី ក្លាមីដ្យា ត្រាកូម៉ាទីស​។ វា​គឺជា​ជំងឺ​ឆ្លង​នាំ​មុខ​គេ​នៅ​លើ​ពិភពលោក ដែល​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ងងឹត​ភ្នែក​។ មេរោគ​នៃ​ជំងឺ​នេះ ឆ្លង​តាម​រយៈ​កង្វះ​អនាម័យ សត្វ​រុយ​ដែល​ទុំ​លើ​ភ្នែក​ឬ​ច្រមុះ​អ្នក​ជំងឺ ឬការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទឹក​ភ្នែក​ឬ​ពពឹកភ្នែក​របស់​អ្នក​ជំងឺ​ជា​ពិសេស​ក្មេង​តូច​ៗ​។

អង្គការ​សុខភាពពិភពលោក​ទទួល​ស្គាល់​ការ​លុប​បំបាត់​ជំងឺ​ត្រាក់កូម ថាលែង​ជា​បញ្ហា​សុខភាព​សាធារណៈនៅ​ក្នុង​ប្រទេស​មួយ លុះ​ត្រា​តែ​កុមារ​អាយុ​ពី​១​ដល់​៩​ឆ្នាំ មាន​ចំនួន​តិច​ជាង​៥% មាន​រោគ​សញ្ញា​ជំងឺ​ត្រាក់​កូម, ប្រជាជនអាយុ​លើស​ពី​១៥​ឆ្នាំ ក្នុង​ទម្រង់​ជំងឺ​ត្រាក់កូម​ប្រែង​ចាក់ភ្នែក​ធ្ងន់​ធ្ងរ មាន​អត្រា​តិច​ជាង ០,២% និង​ប្រព័ន្ធ​សុខាភិបាល​អាច​កំណត់​និង​គ្រប់​គ្រង​គ្រប់​ករណី​ថ្មី​នៃ​ជំងឺ​ប្រែង​ចាក់​ភ្នែក​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោក វេជ្ជបណ្ឌិត លូវ យ៉ុងហ្គ័រ បាន​លើក​ឡើង​ថា ការ​លុប​បំបាត់​ជំងឺ​ត្រាក់​កូម និង​ទទួល​បាន​ការ​បញ្ជាក់​ពីអង្គការ​សុខភាព​ពិភពលោក គឺ​ជា​ការ​ជំនះ​ឧបសគ្គ​បញ្ហា​សុខភាព​សាធារណៈ​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​។ បើ​តាម​លោក​វេជ្ជបណ្ឌិត លូវ យ៉ុងហ្គ័រ ការ​ចម្លង​ជំងឺ​ត្រាក់កូម បង្ក​ផល​ប៉ះពាល់​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​កុមារ​និង​សហគមន៍ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ងងឹត​ភ្នែក​មិន​អាច​ព្យាបាល​បាន​។ ហើយ​ការ​ពិការ​ភ្នែក​ឬ​ងងឹត​ភ្នែក ជា​លទ្ធផល​ធ្ងន់ធ្ងរ​ក្នុង​បទពិសោធន៍​ជីវិត​របស់​អ្នក​ជំងឺ​ផ្ទាល់ និង​គ្រួសារ​របស់​ពួក​គេ ដែល​ជា​ធម្មតា ជា​អ្នក​ក្រីក្រ​បំផុត​។

ចំណែក​លោក​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង ចាត់​ទុក​ការ​ទទួល​​​ស្គាល់​របស់​អង្គការ​សុខភាព​ពិភពលោក​ពីការ​លុប​បំបាត់​ជំងឺ​ត្រាក់​កូម គឺ​ជា​សមិទ្ធិផល​ថ្មី​មួយ​ទៀត ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ ដោយ​មាន​ការ​ចូល​រួម​ខ្ពស់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​​។ លោក​បញ្ជាក់​ទៀត​​ថា ក្រសួង​សុខាភិបាល ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចែក​រំលែក​បទពិសោធន៍​នេះ ដល់​ប្រទេស​នានា​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក​។

បន្ថែម​ពី​លើ​នេះ ក្រសួង​សុខាភិបាល​កំពុង​តែ​អនុវត្ត​កម្មវិធី​តាមដាន​ជំងឺ​ប្រែង​ចាក់​ភ្នែក ដើម្បី​ធានាថា គ្រប់​អ្នក​ជំងឺ​ដែល​បាន​រក​ឃើញ​ថា​មាន​ជំងឺ​ប្រែង​ចាក់​ភ្នែក ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ភ្លាម​ៗ។ សូម​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​មក ក្រសួង​សុខាភិបាល​បាន​វះកាត់​ជំងឺ​ប្រែង​ចាក់​ភ្នែក​បាន​ជាង​១​ម៉ឺន​ករណី។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​បន្ត​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​តាមដាន​រក​ឲ្យ​ឃើញ និង​គ្រប់​គ្រង​ជំងឺ​ប្រែង​ចាក់​ភ្នែក ក៏​ដូច​ជា​បញ្ហា​សុខភាព​សាធារណៈ​ដទៃ​ផ្សេង​ទៀត​៕

What Next?

Recent Articles