វាគ្មិន​នានា​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​បណ្តោយ​ឲ្យ​លោក ហ៊ុន​ សែន ធ្វើ​តាម​ចិត្ត​ចំពេល​ខួប​សន្ធិសញ្ញា​សន្តិភាព

នយោបាយ

ពី​ឆ្វេង​មក​ស្តាំ៖ លោក​មាស ហៃសាន សមាជិកអង្គការ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា (KPNC) លោក​ហុង លឹម​ សមាជិក​សភា​អូស្រ្តាលី លោក​ប្រេដ អាដាម (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី ចូលរួម​ក្នុង​សន្និសីទ​ស្តី​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស លើក​ទី ២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។ សន្និសីទ​នេះ​​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា (KPNC)។ (សុខ ខេមរា/VOA)


16 តុលា 2017
សុខ ខេមរា
ពិន ស៊ីសុវណ្ណ

វីអូអេខ្មែរ

លោក ប្រេដ អាដាម (Brad Adams) នាយក​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ចូលរួម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋប្រហារ​តាម​របៀប​ត្រជាក់ និង​ខុសច្បាប់​ទាំង​ស្រុង ។

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ខ្មែរ​កាណាដា បាន​ជួបជុំ​គ្នា​នៅក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន ស្តេត កាលពី​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧ ដើម្បី​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ជាមួយ​គ្នា​ដែល​មាន​ការ​រៀបចំ​រំលឹក​ខួប​លើក​ទី២៦​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។


ក្រុម​វាគ្មិន​នីមួយៗ​បាន​សម្តែង​ការ​គាំទ្រ​ឲ្យ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន ដែល​ជា​ក្តី​បារម្ភ​សម្រាប់​ពលរដ្ឋ​កម្ពុជា និង​អន្តរជាតិ។

ក្រុម​តំណាង​ពលរដ្ឋខ្មែរ​ទាំងនោះ​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា ហើយ​កម្មវិធី​នេះ​រៀបចំ​ដោយ​អង្គការ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា (KPNC) ដឹកនាំ​ដោយ​លោក មាស ហៃសាន។

វាគ្មិន​ជាច្រើន​បាន​ពិភាក្សា​គ្នា​ថា តើ​នឹង​ដោះស្រាយ​យ៉ាងណា​ជាមួយ​នឹង​បញ្ហា​កម្ពុជា​សព្វថ្ងៃ នៅពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​រំលាយ​គណបក្ស​ជំទាស់នេះ ដើម្បី​យក​អាសន:​ទៅ​ចែក​ជូន​គណបក្ស​ដ៏ទៃ​ទៀត និង​ធ្វើ​ទុក្ខម្នេញ​ខ្លាំង​លើ​ក្រុម​ជំទាស់ ក្រុម​អង្គការ​សង្គមស៊ីវិល បិទ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​គេ​ចាត់ទុក​ថា ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ភាគី​ខ្មែរ​ទាំងបួន​នាអំឡុង​ពេល​នោះ បាន​សន្យា​រួមគ្នា​នៅ​ចំពោះ​មុខ​មហា​អំណាច និង​ប្រទេស​ទាំង​១៩ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

លោក ប្រេដ អាដាម (Brad Adams) នាយក​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ចូលរួម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋប្រហារ​តាម​របៀប​ត្រជាក់ និង​ខុសច្បាប់​ទាំង​ស្រុង។

«នៅពេល​ដែល​លោក​អ្នក​ឃើញ​មាន​រដ្ឋ​ប្រហារ​បែប​ត្រជាក់ វា​គួរតែ​មាន​បាតុកម្ម​ជាសាធារណៈ​កើត​ឡើង​ជំទាស់ និង​គួរតែ​មាន​ប្រតិកម្ម​ជា​សាធារណ:។ ខ្ញុំ​មិន​ចង់​នរណា​ម្នាក់​រងគ្រោះ​ទេ តែ​ខ្ញុំ​ជឿ​ថា វាជា​រឿង​អាច​ទៅរួច​សម្រាប់​ពលរដ្ឋ​ត្រូវ​បង្ហាញ​ការ​ជំទាស់​នោះ​ឡើង»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរកាណាដា​ ធ្វើ​កិច្ចពិភាក្សា​អំពី​ការ​វិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ លើក​ទី​២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរកាណាដា​ ធ្វើ​កិច្ចពិភាក្សា​អំពី​ការ​វិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ លើក​ទី​២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។


ក្រៅពី​លើក​ឡើង​ថា គណបក្ស​ជំទាស់​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​បាតុកម្ម លោក​បាន​ទទូច​ដល់​ពលរដ្ឋខ្មែរ​អាមរិកាំង ខ្មែរ​កាណាដា និង​នៅ​ប្រទេស​ផ្សេងៗ​ឲ្យ​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​តំណាងរាស្ត្រ​របស់​ខ្លួន ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​គេ​ដឹង​ថា ទឹកប្រាក់​ប្រមាណ​២៥ពាន់លានដុល្លារ ដែល​សហគមន៍​អន្តរជាតិ​បាន​ជួយ​កម្ពុជា​ក្នុង​រយ:ពេល​២៦ឆ្នាំ​មក​នេះ ត្រូវ​បាន​បំផ្លាញ​ចោល​តាម​បង្គន់​ហើយ បើ​គ្មាន​អន្តរាគមន៍​ទេ។ ហើយ​លោក​ថា ក្រុម​ប្រទេស​ផ្តល់​ជំនួយ និង​សហគមន៍​អន្តរជាតិ អ្នក​ការទូត​នឹង​ចាំមើល​ថា តើ​នឹង​មាន​ការ​ឆ្លើយតប​យ៉ាងណា​ចំពោះ​រឿងនេះ ឬ​មួយ​ក៏​អនុញ្ញាត​ដោយ​មិន​អើពើ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​អាច​សន្យា​ជាមួយ​អ្នក​រាល់​គ្នា​ថា មេដឹកនាំ​គ្មាន​ការ​តាំងចិត្ត​មួយ​ចំនួន ដែល​កំពុង​ដឹកនាំ​ស្ថាប័ន ដូចជា​អង្គការ​សហប្រជាជាតិ ធនាគារ​ពិភពលោក និង​ក្រសួង​ការបរទេស​អាមេរិក ក្រសួង​ការបរទេស​ជប៉ុន ពួកគេ​នឹង​រីករាយ​ក្នុងការ​និយាយ​ថា មើលន៎ ពលរដ្ឋ​កម្ពុជា​មិន​ធ្វើអ្វី​សោះ ប្រហែល​ជា​ពួកគេ​ពិតជា​មិន​ប្រកាន់​រឿង​នោះ​ទេ។ មិន​អញ្ចឹង​ទេ ខ្ញុំ​ដឹង​ថា នោះ​មិនមែន​ជា​ការពិត​ឡើយ។ ខ្ញុំ​ប្រាកដ​ណាស់​ថា ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ លោក ហ៊ុន សែន​នឹង​គ្មាន​ឱកាស​ឈ្នះ​ការ​បោះឆ្នោត​ទេ។ ខ្ញុំ​គ្មាន​សង្ស័យ​ទេ​អំពី​រឿង​នេះ​ទេ»។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​នឹង​មាន​គណបក្ស​តែមួយ ហើយនឹង​មាន​ការ​បង្កើត​គណបក្ស ៤ ឬ៥​ជា​ឡប់ឡែរ ដែល​អន្តរជាតិ​មិន​ទទួល​ស្គាល់ ពេលនោះ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​កើត​ឡើង ដូចជា​ការ​បង្កក​ទ្រព្យសម្បត្តិ បិទ​សិទ្ធិ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​លោក​សេរី កាត់​បន្ថយ​ពាណិជ្ជកម្ម ប៉ះពាល់​ជំនួយ​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង៣២​ឆ្នាំ ដែល​លោក អាដាម បាន​អះអាង​ថា នឹង​ចាញ់​ការ​បោះឆ្នោត​ជា​ប្រាកដ បើសិន​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

លោក យ៉ែម រិទ្ធិពល ប្រធាន​អង្គការ​តស៊ូ​មតិ​នៅ​សហរដ្ឋអាមេរិក(OMNI) នៅ​សហរដ្ឋ​អាមរិក បាន​ថ្លែង​ពី​ប្រវត្តិ​នៃ​ការ​ចរចា​រវាង​ភាគី​កម្ពុជា​ទាំង​បួន ទាំង​ការ​ចរចា​និង​ការ​ត្រូវ​អនុវត្តន៍ថា បើ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ដោះស្រាយ​មិន​ចេញ​រឿង​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ គឺ​ត្រូវ​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​សន្ធិសញ្ញា​ក្រុង​ប៉ារីស។ លោក​បាន​ថ្លែង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​បណ្តោយ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​កាន់​អំណាច​ធ្វើអ្វី​ស្រេច​ចិត្ត​បាន​ទេ ពីព្រោះ​ពលរដ្ឋ​របស់គេ ដូចជា​ជនជាតិ​អាមេរិកាំង​បង់ពន្ធ​សម្រាប់​ការ​ផ្តល់​ជំនួយ ហើយនឹង​សួរ​នាំ​រដ្ឋាភិបាល​របស់គេ​អំពី​ព្រឹត្តិការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ការ​បោះឆ្នោត​មិន​សេរីយុត្តិធម៌​នៅ​កម្ពុជា។

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)


លោក​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុសត្រូវ​ក្នុងការ​ចំណាយ​លុយកាក់​របស់​មហាជន​អាមេរិកាំង ដែល​បង់ពន្ធ​ជូន​រដ្ឋ​រាល់ខែ រាល់ឆ្នាំ ហើយ​ជំនួយ​សព្វបែប​យ៉ាង​យក​ទៅ​ប្រទេស​កម្ពុជា​តាមរយ:​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ គឺជា​ញើស​ឈាម​របស់​មហាជន​អាមេរិកាំង ដើម្បី​រៀបចំ​ប្រទេសជាតិ​កម្ពុជា​ឲ្យ​មាន​សន្តិភាព មាន​ស្ថរិភាព មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នយោបាយ និង​សិទ្ធិមនុស្ស​សព្វ​បែប​យ៉ាង​ស្រប​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»។

លោក​ថា សន្ធិសញ្ញា​ក្រុងប៉ារីស​នៅតែ​មាន​ឥទ្ធិពល​សម្រាប់​កម្ពុជា ហើយ​ប្រទេស​ជាច្រើន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ​ជា​ហូរហែ ដោយ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន មកលើ​គណបក្ស​ជំទាស់​មុន​ការ​បោះឆ្នោត។

លោក​បាន​បន្ថែម​ថា៖​«ផ្ទុយ​ទៅវិញ បើ​មហាជន​អាមេរិកាំង​ឃើញថា រដ្ឋាភិបាល​អាមេរិកាំង​យក​លុយ​កាក់​របស់​ពួកគាត់​ទៅ​ជះចោល​លើ​របប​មួយ ហើយ​ទទួល​ស្គាល់​និង​សហការ​ជាមួយ​របប​សព្វថ្ងៃនេះ ដែល​ដឹកនាំ​ប្រទេស​តាម​បែប​ផ្តាច់ការ ដោយ​ការ​ជិះជាន់ ដោយ​ការ​លួច​បន្លំ​សន្លឹកឆ្នោត​សព្វ​បែប​យ៉ាង ផ្ទុយនឹង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស នោះ​មហាជន​អាមេរិកាំង​លោក​នឹង​ប្រតិកម្ម​ខ្លាំងក្លា​ទាមទារ​ឲ្យ​ផ្តាច់​ជំនួយ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​បាន​រិះគន់​ខ្លះៗ ចំពោះ​ការ​ពឹងអាង​លើ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​លោកថា​បាន​បង្រួម​ធាតុផ្សំ​ទាំង​នោះ​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ហើយ ហើយ​រដ្ឋាភិបាល​លោក​កំពុង​អនុវត្តន៍។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ថា៖ «សុំ​កុំ​ស្រមើរ​ស្រម័យ​ថា កោះ​ប្រជុំ​សន្និសីទ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឡើងវិញ​នោះ ព្រោះ​សន្និសីទ​អន្តរជាតិ​ប៉ារីស​ខ្មោច​អី ព្រោះ​បើ​ប្រទេស​សូវៀត​មួយ​ក្លាយ​ទៅជា​ប្រទេស​រដ្ឋ​មិន​ដឹង​ប៉ុន្មាន​នោះ សូម្បីតែ​ប្រទេស​ហត្ថលេខី​ក៏​វា​ប្រែប្រួល​អស់​ទៅ​ដែរ វា​មាន​នៅ​សល់​អី​ទៀត។​ ហើយ​ភាគី​ជម្លោះ​របស់​កម្ពុជា ភាគី​ខ្មែរគ្រហម បើ​អីចឹង វា​ទាល់តែ​បង្កើត​ភាគី​ខ្មែរ​ក្រហម​ឡើង​វិញ ដើម្បី​ឲ្យ​មក​ចូល ហើយ​រឿង​កាត់ទោស​ខ្មែរ​ក្រហម​អត់​មាន​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ទេ​ កុំ​សូវ​ស្អី​ក៏​កិច្ចព្រមព្រៀង​ប៉ារីស។ កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស អត់​មាន​ចែង​ពី​រឿង​កាត់ទោស​ខ្មែរក្រហម​ទេ។ អីចឹង​ចាត់ទុក​ថា កាត់ទោស​ខ្មែរក្រហម​ខុស​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស គេ​និយាយ​តែ​ពី​រឿង​ពហុបក្ស។ តែ​សូម​បញ្ជាក់​បើ​រំលាយ​បក្ស​មួយ បក្ស​៥ទៀត​ចូល​ជំនួស បាន​សេចក្តី​ថា​ពី​បក្ស ២​ឡើង​បក្ស៦ នៅក្នុង​សភា។ នេះ​វា​នឹង​កើតឡើង​មិន​យូរ​ប៉ុន្មាន​នៅ​ពេល​ខាង​មុខ​នេះ»។

ទោះជា​យ៉ាណា លោក វ៉ាន់ ស ​ជា​វាគ្មិន​មួយ​រូប និង​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​រដ្ឋ​វ៉ាស៊ីនតោនស្តេត ដែល​ជា​សកម្មជន​អង្គការ​សង្គម​ស៊ីវិល បាន​ព្រមាន​ថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជា​គ្រឹះ ហើយ​បើ​គ្រឹះ​មិន​រឹងមាំ​ទេ គេ​ត្រូវតែ​ប្រយ័ត្ន​ហើយ។

លោក​បាន​លើកឡើង​ថា ជំនាន់​ខ្មែរក្រហម​គេ​ដាក់​ស្រុកគេ​ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​សម័យ​បច្ចុប្បន្ន​គេ​ថា កម្ពុជា​មាន​សន្តិភាព តែ​លោក​ចោទ​សួរ​ថា តើ​សន្តិភាព​ម៉េច​បើ​មន្ត្រី​គណបក្ស​កាន់​អំណាច​ប្រកាស​គំរាម​ចាប់​ខ្លួន​មនុស្ស​១០០ ឬ​២០០នាក់ វ៉ៃ​នឹង​គល់​ឬស្សី វ៉ៃ​អ្នក​តវ៉ា​ឲ្យ​បាក់​ធ្មេញ?

លោក​បាន​ថ្លែង​ថា៖ «សព្វថ្ងៃ​រដ្ឋាភិបាល​ភ្នំពេញ​គេ​ខំ​ការពារ​សន្តិភាព​ណាស់ រួច​ខ្ញុំ​ថា សន្តិភាព​ម៉េច​បើ​មេដឹកនាំ​របស់​យើង​និយាយ​ថា យើង​កម្ចាត់​មនុស្ស​១០០ ឬ​២០០នាក់ រួច​មន្ត្រី​រដ្ឋាភិបាល​យក​គល់​ឬស្សី​ទៅ​ប្រើ ឬ​មួយ​យក​កណ្តាប់​ដៃ​ទៅ​វាយ​បាក់​ធ្មេញ អីចឹង អាហ្នឹង​សន្តិភាព​ម៉េច អាហ្នឹង​វា​គួរ​ឲ្យ​ឆ្ងល់»។

លោក​ថា កម្ពុជា​មិន​ត្រូវ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ក្លែងក្លាយ​មក​ទៀត។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​កម្ពុជា។ លោក វ៉ាន់ ស ថ្លែង​យ៉ាង​ដូច្នេះ គឺ​ចង់​ឃើញ​ថា គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​មួយ​អាច​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ក្នុង​ពេល​បោះឆ្នោត​ក្នុង​ខែកក្កដា ឆ្នាំ២០១៨​ខាងមុខ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរ​កាណាដា​ ធ្វើ​កិច្ចពិភាក្សាអំពី​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​លើក​ទី​ ២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរ​កាណាដា​ ធ្វើ​កិច្ចពិភាក្សាអំពី​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​លើក​ទី​ ២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។


លោក សេង សោភ័ណ ប្រធាន​អង្គការ​គណ:កម្មាធិការ​ដើម្បី​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​កាណាដា បាន​ថ្លែង​ថា ការ​មិន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​ការ​បោះឆ្នោត​នឹង​ប៉ះពាល់​ដល់​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ ប្រធាន​ជាប់​ឃុំឃាំង ឬក៏​សមាជិក​បក្ស​ត្រូវបាន​គេ​គំរាម មិន​អាច​ចូល​ទៅ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន ពេល​ហ្នឹង​មិនមាន​ទេ សេរី យុត្តិធម៌ ទោះបី​មិន​ចាំបាច់​ថា​អ្នក​ជំនាញ​ការ​អន្តរជាតិ​ទេ ដែល​គេ​ថ្កោលទោស ទោះបី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​១៥លាននាក់ ក៏​ប្រហែល​ជា​យល់​ដូចគ្នា​ដែរ ថា​អាហ្នឹង​មិនមែន​ជា​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌​ត្រឹមត្រូវ​ទេ គ្រាន់តែ​ជា​ល្បែង​នយោបាយ​ដើម្បី​កាន់កាប់​អំណាច​ផ្តាច់ការ​ទេ»។

លោក​បាន​ថ្លែងថា ការ​បោះឆ្នោត​សេរី យុត្តិធម៌​ត្រឹមត្រូវ ត្រូវតែ​មាន​កត្តា​ច្រើន​រួមទាំង​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​នានា ដោយ​គ្មាន​ការ​គំរាម​កំហែង គ្មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់ មាន​ស្ថាប័ន​ឯករាជ្យ​ជាដើម ដែល​លោកថា គោលការណ៍​ប្រជាធិបតេយ្យ​ស្របតាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ក្រុងប៉ារីស ដែល​តម្រូវ​ឲ្យមាន​ការ​ចូលរួម​តាម​របប​សេរី ពហុបក្ស​នោះ។

បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​រៀបចំ​បាន​ឲ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ក្រុម​អ្នក​រៀបចំ រួមទាំង វាគ្មិន​ផង​នឹង​ធ្វើការ​អនុម័ត​នៅ​សេចក្តី​សម្រេច​រួមមួយ​អំពី​បញ្ហា​កម្ពុជា ដែល​ជា​ទឹកដី​កំណើត នៅពេល​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ៕

What Next?

Recent Articles

One Response to "វាគ្មិន​នានា​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​បណ្តោយ​ឲ្យ​លោក ហ៊ុន​ សែន ធ្វើ​តាម​ចិត្ត​ចំពេល​ខួប​សន្ធិសញ្ញា​សន្តិភាព"

  1. Anonymous says:

    Hun Sen and Hun Sen group and CPP leaders are killers.