អ្នកឃ្លំាមើលថា ការអនុម័តច្បាប់ដើម្បីដកហូតអាសនៈសភា​ រំលោភ​សិទ្ធិម្ចា​ស់​ឆ្នោត

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 5:13 PM
http://vodhotnews.com

នយោបាយ



អ្នកឃ្លាំមើលកិច្ចការសង្គម និងអ្នកវិភាគនយោបាយ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការអនុម័តទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយសមាជិកសភាមកពីបក្សកាន់អំណាច ដើម្បីបើកផ្លូវឲ្យ​ដក​ហូត​អាសនៈបក្សប្រឆាំងនោះ ជាការ​រំលោភ​សិទ្ធិម្ចាស់​ឆ្នោត​ជាង​៣លាននាក់។

ការលើកឡើងនេះ ធ្វើឡើង​បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សកាន់អំណាច ចំនួន៦៧រូប នៅព្រឹក​ថ្ងៃ​ចន្ទនេះ បានលើកដៃយល់ស្របទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ រួមមាន ច្បាប់ស្តីពី​ការបោះ​ឆ្នោត​ជ្រើសតំាងតំណាងរាស្ត្រ ច្បាប់​ស្តីពី​ការ​បោះ​​ឆ្នោតជ្រើសតំាងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់​​​​​ស្តី​​​​ពី កា​រ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​។

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា បើច្បាប់ទំាង៤ ចូល​ជាធរមាន​ ហើយសភាសម្រេច​បែងចែកអាសនៈ​ របស់​គណបក្ស​សង្គ្រោះជាតិ ​ឲ្យទៅ​បក្សន​យោបាយ​ផ្សេងៗ​ទៀត រួមទំាង​​​តុលាការ​​​កំពូល ក៏​សម្រេច​រំ​លាយគណបក្សប្រឆំាង​នោះ​ លោក​ថា​ នឹ​ង​ធ្វើ​ឲ្យប៉ះពាល់ដល់ឆន្ទៈប្រជាពល​រដ្ឋ​ជាង​៣លាន​នាក់ ដែលបោះឆ្នោតឲ្យគណបក្សប្រឆំាង​។

លោកនិយាយថា៖ «បើសិនជាគណបក្សសង្គ្រោះជាតិរលាយ​ ហើយគេបែងចែកអាសនៈ ចង់បានម៉េច ហើយ​ឆន្ទៈរបស់ប្រជាពលរដ្ឋ​ យើទៅយករបស់គេម៉េច បើគេអត់បោះឲ្យយើង វាអត់ស្របទៅ​តាម​ឆន្ទៈអ្នកបោះឆ្នោត​ ហើយវាត្រូវ​គោលការណ៍ប្រជាធិបតេយ្យផង​»។

រីឯ មន្ត្រីផ្នែកច្បាប់​ នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក យឿង សុធារ៉ា លើកឡើ​ងថា ច្បាប់​បោះឆ្នោតថ្មី ដែលប្រកាសឲ្យប្រើឆ្នាំ២០១៥ មានចែងពីការដកយកអាសនៈ របស់គណ​បក្ស​នយោ​​បា​យ​មួយ ទៅចែកឲ្យគណបក្សនយោបាយមួយផ្សងទៀត ក្នុងករណីគណបក្ស​នោះ ធ្វើពហិកា​រមិន​ចូ​​ល​ប្រជុំ​សភា​ដំបូង ឬមិនចូលស្បថ តាមការកោះរបស់ព្រះមហាក្សត្រ។ ប៉ុន្តែមន្ត្រីផ្នែកច្បាប់រូបនេះ ថា តាម​គោលការណ៍ច្បាប់ថ្មីនេះ មិនអាចអនុវត្តថយក្រោយ ដោ​យទៅ​យកអាសនៈ របស់​គណបក្ស​សង្គ្រោះ​ជា​តិ ​ដែល​ទទួលបានអំឡុងឆ្នាំ២០១៣ មកអនុវត្តបានទេ។

លោកថា៖ «ប៉ុន្តែនៅក្នុងច្បាប់បោះឆ្នោតថ្មី គេមានចែងអំពីបញ្ញត្តិហ្នឹង អញ្ចឹងបើយកច្បាប់​បោះឆ្នោត​ថ្មីហ្នឹង មកអ​នុវត្ត វាទៅជាអនុវត្តច្បាប់ប្រតិសកម្មហើយ មានន័យថា ធាក់ថយក្រោយហើយ»។

ចំណែក អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ឯណោះវិញ ​វិភាគថា បើគណបក្ស​សង្គ្រោះ​ជាតិត្រូវ​បានរំលាយមែន លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយនឹងអាចរង​សម្ពាធសេដ្ឋកិច្ច​ពី​សហគមន៍អន្តរជាតិ​។

លោកវិភាគថា៖ «ខ្ញុំស្វាគមន៍ និងគំាទ្រ ដែលរដ្ឋាភិបាលផ្សារភ្ជាប់ទំនាក់ទំនងជាមួយមហាអំណាចចិនបានល្អ​។ […] ប៉ុន្តែ មិនគួរផ្តាច់ខ្លួនចេញពី​សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក បានទេ ព្រោះបច្ចុប្បន្ន​អត់ ពឹងផ្អែកនាំ​ទំនិញវាយនភ័ណ្ឌ (មិននាំ)​ ទៅទីផ្សារចិនទេ គឺនាំទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក​។ […] ប្រសិនបើរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហថា ខ្លួនឯងថាត្រូវ ហើយប្រទេសនានា ដូច​ជា នៅ​សហគមន៍អឺរ៉ុប ដូចជាប្រទេសមួយចំនួនគេមានវិធានការ ខ្ញុំគិតថា​ កម្ពុជាអាចប្រឈមបញ្ហា​សេដ្ឋកិច្ចធំ​​​»។

ក្នុងសេចក្តីថ្លែងការណ៍ ចុះផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេសអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់រំលាយ​គណ​បក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះពាល់សិទ្ធិនយោបាយ និង​ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថាជាការដើរថយក្រោយ នៃអនាគតលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជា។

ក្រោយពីចាប់ខ្លួនលោក កឹម សុខា គឺ​សហ​គ​ម​ន៍​​​​​អន្តរជាតិ រួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ស​ហគមន៍​អឺរុប បារាំង អាល្លឺម៉ង់ សហ​រដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាន​ហៅ​​ការចាប់​ខ្លួនលោក កឹម សុខា ​ថា ជា​​ការ​គំរាមកំហែង​ផ្នែកន​យោ​​បា​​​យ និងទទូចឲ្យដោះ​លែង​ លោក កឹម សុខា ជា​បន្ទាន់​ ដោយថា ដើម្បីធានាដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​ត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកឃ្លំាមើលថា ការអនុម័តច្បាប់ដើម្បីដកហូតអាសនៈសភា​ រំលោភ​សិទ្ធិម្ចា​ស់​ឆ្នោត"

  1. Anonymous says:

    ព្រះរាជាណាចក្រកម្ពុជានៅពេលឥឡូវនេះកំពុងកើតមានជាបណ្តើរៗនូវ រដ្ឋសភាចោរ ព្រឹទ្ធសភាចោរ និងរាជរដ្ឋាភិបាលចោរ ហើយវើយ!