មេទ័ព​កំពូល​កម្ពុជា​ព្រមាន​​ដដែលៗ​ពី​ការ​វាយ​បង្ក្រាប​ក្រុម​ណា​ដែល​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស

នយោបាយ

រូបឯកសារ៖ មន្ត្រីកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ប្រចាំ​ការ​ជាមួយ​នឹង​ម៉ូតូ​របស់​ពួក​គេ​នៅ​សង្កាត់​ស្ទឹង​មានជ័យ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​វត្តមាន​ជាសាធារណៈជា​លើក​ដំបូង​ក្នុងអំឡុង​ពេល​បោះឆ្នោត​នៅទីក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ (រូបថត៖AP/Heng Sinith)


17 តុលា 2017
ហ៊ុល រស្មី
វីអូអេខ្មែរ

ការ​ថ្លែង​ព្រមាន​របស់​មេកង​ទ័ព​កំពូល​កម្ពុជា​ ​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​រដ្ឋាភិបាល​ដែល​គេ​សង្កេត​ឃើញ​ថា​ បាន​កំពុង​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ។

ស្រប​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ​កំពុង​ចាត់​វិធាន​ការ​ច្បាប់ដែល​គេ​ជឿ​ថា​ ​នឹង​ឈាន​ដល់​ការ​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ មេដឹកនាំ​យោធា​កម្ពុជា​បាន​ព្រមាន​ផ្ទួនៗ​ ថា​នឹង​វាយ​កម្ទេច​ក្រុម​ណា​ដែល​ប៉ុនប៉ង​បង្ក​ចលាចល​នៅ​ក្នុង​ប្រទេស។​ ការណ៍នេះ​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​ធ្លាប់​លើកឡើង​ទាក់ទង​កុំ​ឲ្យ​មានសកម្មភាព​គំរាមកំហែង ​និង​ការ​បង្ក្រាប​ការ​បះបោរ​ដោយ​ប្រើ​កម្លាំង​ ឬ​សង្គ្រាម។​

អគ្គ​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​ ប៉ុល សារឿន​ បាន​បន្ត​ផ្ញើ​សារ​ព្រមាន​កម្ទេច​ក្រុម​ប្រើ​ស្លាក​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្សនានា​ ​ដែល​នៅ​សន្សំ​ចិត្ត​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា។​

​ការ​ថ្លែង​ព្រមាន​របស់​មេកង​ទ័ព​កំពូល​កម្ពុជា​ ​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​រដ្ឋាភិបាល​ដែល​គេ​សង្កេត​ឃើញ​ថា​ បាន​កំពុង​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ។​

ថ្លែង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ខួប​លើក​ទី​២៣​ នៃ​ថ្ងៃ​កំណើត​កងពល​តូច​ថ្មើរ​ជើង​លេខ​៧០​ ​ដែល​ដឹង​គេ​ថា​ ជា​អង្គភាព​កងទ័ព​មាន​ភក្តីភាព​នឹង​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ លោក​ ប៉ុល សារឿន​អគ្គ​មេបញ្ជាការ​កង​យុទ្ធពល​ខេមរភូមិន្ទ​ បាន​លើក​ឡើង​ថា កម្ពុជា​ ​ជា​រដ្ឋ​ឯករាជ្យ​មិន​រណប​នឹង​បរទេស​ណា​ទាំង​អស់​ ហើយ​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​លោក​បាន​ព្រមាន មិន​អត់​អោន​ដល់​ជន​ណា​ ដែល​ចង់​ជ្រៀត​ជ្រែក​ផ្ទៃក្នុង​ ដែល​នាំ​ទៅ​ដល់​ការ​បង្ក​ភាព​ប្រេះស្រាំ​នៃ​សាមគ្គីភាព​ជាតិ។​

ទំព័រ​ហ្វេសប៊ុក លោក​ ប៉ុល សារឿន​ បាន​សរសេរ​ថា៖​

«កម្ពុជា គឺ​ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ ម្ចាស់ការ​ក្នុង​ការ​សម្រេច​ជោគ​វាសនា​របស់​ខ្លួន។ កម្ពុជា​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ជា​សាកល​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​ជាតិ កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ណាមួយ​ ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ដែល​មាន​ចរិត​បង្ក​ហេតុ ​និង​បំបែកបំបាក់​សាមគ្គីភាព​ជាតិ ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ ដែល​មាន​បំណង​បម្រើ​ផល​ប្រយោជន៍​នយោបាយ​បុគ្គល ឬ ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ និង​បរទេស»។​

នាយ​ឧត្តមសេនីយ៍​ ប៉ុល សារឿន​ ​បាន​សង្កត់​ធ្ងន់​ថា៖​

«ក្នុង​ន័យ​នេះ​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ កង​យោធពលខេមរភូមិន្ទ​ សូម​ប្តេជ្ញា​ការពារ​ឱ្យ​បាន​រឹងមាំ​ជា​អមតៈ​នូវ​សន្តិភាព ​និង​សន្តិសុខជាតិ​ ពីព្រោះ​វា​ជា​ផល​ប្រយោជន៍​រួម​ និង​ជា​សេចក្តី​ប្រាថ្នា​នៃ​ប្រជាជាតិ​ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​បំផុត សម្រាប់​ប្រទេស​ជាតិ​បោះ​ជំហាន​បន្ត​ទៅ​មុខ​ ​លើ​វិថី​អភិវឌ្ឍន៍​ និង​ការ​រីកចម្រើន។ កង​យោធពល​ខេមរភូមិន្ទ សូម​ប្រឆាំង​ដាច់​ខាត​ចំពោះ​សកម្មភាព​នានា​របស់​ក្រុម​ជ្រុលនិយម​ណាមួយ ដែល​គាំទ្រ​ពី​បរទេស ក្នុង​គោល​បំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ តាម​រយៈ​ការ​ញុះញង់​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា មាន​ចរិត​ជា​ បដិវត្ត​ពណ៌​ សំដៅ​បំផ្លាញ​សុខ​សន្តិភាព​ សេចក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ»។​

នេះ​ជា​ការ​ព្រមាន​ជា​លើក​ពីរ​របស់​មេទ័ព​កម្ពុជា​រូប​នេះ។​ បី​ថ្ងៃ​មុន​ការ​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០ ​លោក​ ប៉ុល សារឿន​ ថែម​ទាំង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងទ័ព​កម្ពុជា​ វាយបក​ភ្លាមៗ​ទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា​ «សមរភូមិ​សាធារណមតិ»។​ លោក​បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖​

«បន្ត​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ទាំង​ការ​បណ្តុះបណ្តាល​ ហ្វឹកហ្វឺន​ ការ​ថែទាំ​សុខភាព ការ​ចិញ្ចឹម​ទ័ព​ ជំរុញ​ការ​កសាង​សមត្ថភាព​កង​ឯកភាព ជា​ពិសេស បណ្តា​កង​ឯកភាព បំពេញ​ភារកិច្ច​នៅ​តាម​ព្រំដែន​គោក​និង​ដែនទឹក​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារ​ជាតិ។ ខិតខំ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​បង្កើន​ការ​វាយ​បក​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ប្រព័ន្ធ​Facebookលើ​សមរភូមិ​សាធារណមតិ»។​

ការ​បង្កើន​ការ​ព្រមាន​របស់​មេទ័ព​កំពូល​កម្ពុជា​ធ្វើ​ឡើង​ ​នៅ​ចំ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​កំពុង​ប្រើ​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន​ដែល​គេ​ជឿ​ថា​ ជា​ដំណើរ​នាំ​ការ​វាយ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង​ ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨។

ការ​ព្រមាន​របស់​មេដឹកនាំ​យោធា​លោក​នាយ​ឧត្ដមសេនីយ៍ ​ប៉ុល សារឿន​ ក៏​បាន​ កើត​មាន​នៅ​ក្រោយ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​ រួម​មាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​បង្ហាញ​ពី​ក្តី​បារម្ភ​នៃ​ផល​ប៉ះពាល់​ភាព​ស្រប​ច្បាប់​ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ប្រសិន​បើ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រកួត។ ពួកគេ​បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ប្រយោជន៍ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ និង​សេរី​មួយ​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជ្រើស​រើស​យក​គណបក្ស​នយោបាយ​ណាមួយ​ សម្រាប់​គ្រប់គ្រង​ប្រទេស​កម្ពុជា។​

លោក​នាយ​ឧត្តមសេនីយ៍​ ឈុំ​ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​មាន​ប្រសាសន៍​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ទោះបី​កងទ័ព​កម្ពុជា​មិន​ទាន់​ទទួល​បាន​តម្រុយ​ ឬ​ការ​កំណត់​មុខ​សញ្ញា​នៃ​ក្រុម​ណា​ដែល​នឹង​ចេញ​មក​បង្ក​ចលាចល​ក្នុង​ប្រទេស​ក្តី​ កងទ័ព​បាន​ត្រៀម​រួចរាល់​ និង​ប្រុង​ជើងការ​រួច​ជា​ស្រេច​ដើម្បី​វាយ​កម្ទេច​ អ្នក​ដែល​ហ៊ាន​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រូបភាព​បដិវត្តន៍​ពណ៌។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ​អះអាង​ថា​ ការ​ព្រមាន​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ ប៉ុល​ សារឿន​ គឺ​ការ​ក្រើន​រំឭក​តែ​ប៉ុណ្ណោះ។​

«អាហ្នឹង​មិនមែន​ជា​គំរាម​កំហែង​ ជា​ការ​ធ្វើ​រំឭក​ ដាស់​តឿន​ កុំ​ឲ្យ​ពួក​ជ្រុល​និយម​ វា​មាន​បំណង​អាក្រក់​ ការ​ដាស់​តឿន​មុន​ ការ​ដាស់​តឿន​មុន​កុំ​ឲ្យ​គាត់​ធ្វើ​អាក្រក់​ខុស​ច្បាប់​ លើស​ច្បាប់។​ យើង​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ទាំងអស់។ អីចឹង​កងទ័ព​ គេ​អា​ហ្នុង​ការពារ​រដ្ឋាភិបាល​តាម​ច្បាប់។ អីចឹង​មិន​ឲ្យ​មាន​នរណា​ទៅ​ធ្វើ​អី​ទេ។ ជា​ការ​ធ្វើ​រម្លឹក​ទេ​ មិនមែន​ជា​ការ​ព្រមាន​ទេ។ ក្រែង​គាត់​ធ្វើ​ខុស​ទៅ​ ចោទ​ថា​ គាត់​ប្រើ​អំពើ​ហិង្សា​អីចឹង​ គឺ​ថា​ប្រកាស​ឲ្យ​ដឹងទៅ​កុំ​ឲ្យ​ធ្វើ​ តែ​ធ្វើ​គឺ​ យើង​ត្រូវ​កម្ទេច​ហើយ​អា​ហ្នឹង»។

នាយ​ឧត្តមសេនីយ៍ ​ឈុំ​ សុជាតិ​ ​បាន​ថ្លែង​បន្ថែម​ថា៖

«កម្លាំង​យើង​មាន​ត្រៀម​អស់​ហើយ​ កម្លាំង​ប៉ុណ្ណា​ក៏ដោយ​ ​គឺ​យើង​ត្រៀម​អស់​ហើយ​ កម្លាំង​យើង​មាន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​កម្ទេច​ ពួកបះបោរ​ ពួក​បដិវត្តន៍​ពណ៌»។​

ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លងមក​ថា មិន​មាន​តម្រុយ​នៃ​ក្រុម​ណា​ ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​នោះ​ទេ​ ដោយហេតុ​ថា​ ក្រុម​គណបក្ស​ប្រឆាំង​គ្មាន​អាវុធ​ គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​ ហ៊ុន​ សែន​ ​តែ​ប៉ុណ្ណោះ។​ ​ពួក​គេ​ថា​ ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​គំរាមកំហែង​ ជា​ការ​មិន​អាច​ទទួលយក​បាន​ទេ​ សម្រាប់​មន្ត្រី​សាធារណៈ​គ្រប់​រូប​ដែល​កំពុង​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្លួន។​

អ្នកស្រី​ រ៉ូណា ស្មីត​ ​(Rhona Smith)​ ​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សម្តែង​ក្តី​បារម្ភ​ ចំពោះ​ការ​ប្រើប្រាស់​វោហាសាស្ត្រ​ហិង្សា​នានា​របស់​មន្ត្រី យោធា​កម្ពុជា​ និង​រដ្ឋាភិបាល។​ អ្នកស្រី​ ​បាន​ថ្លែង​ក្នុង​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​លើក​ទី​បួន​របស់​អ្នកស្រី​នៅ​កម្ពុជា​ ​កាលពី​ខែ​សីហា​ តាម​អត្ថន័យ​ដើម​ថា៖​

«ទោះបី​ជា​មាន​ភាព​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឃុំ/សង្កាត់​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​មាន​កង្វល់​អំពី​វោហារសាស្ត្រ​បែប​ហិង្សា​ ដែល​សម្តែង​ឡើង​ដោយ​សមាជិក​រដ្ឋាភិបាល​និង​យោធា។ មតិ​យោបល់​បែប​នេះ​ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ដោយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឡើយ សូម្បី​តែ​នៅ​ក្នុង​ភាព​ជា​ឯកជន​ក៏ដោយ។​ មតិ​យោបល់​បែប​នេះ មិន​ត្រូវ​ឲ្យ​មាន​ នៅ​ក្នុង​សង្គម​ដែល​មាន​សន្តិភាព​មួយ​ ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នៅ​ដិត​ដាម​ ​ដោយ​ស្លាកស្នាម​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ចលាចល​របស់​ខ្លួន»។​

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ប្រទេស​កម្ពុជា​នឹង​ខិត​ចេញពី​ស្ថានភាព​គ្រោះថ្នាក់​ ដោយ​មិន​ឲ្យ​មាន​ទៀត​នូវ​ការ​គំរាមកំហែង​នៃ​អំពើ​ហិង្សា​ ការ​បង្ក្រាប​ការ​បះបោរ​ដោយ​ប្រើ​កម្លាំង​ ឬ​សង្គ្រាម​ ឬ​សេចក្តី​ថ្លែង​មាន​លក្ខណៈ​អុចអាល​ពូជសាសន៍»។​

ការ​ថ្លែង​ព្រមាន​វាយ​បង្ក្រាប​ក្រុម​ជ្រុលនិយម​ដែល​ធ្វើ​សកម្មភាព​បង្ក​ភាព​ច្របូកច្របល់​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍​ ប៉ុល​ សារឿន ​នោះ​ទេ​ តែ​លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ធ្លាប់​គំរាម​វាយ​បំបែក​ធ្មេញ​ជន​ណា​ដែល​ចេញ​មុខ​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត។​ លោក​ វង​ សូត្រ​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ បាន​បន្ទរ​តាម​លោក​ ទៀ បាញ់​ ដោយ​ព្រមាន​វាយ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ ដោយ​គល់​ឫស្សី។​

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​យោធា​ រួម​មាន​លោក​ ទៀ បាញ់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ក៏​បាន​ប្រកាស​ព្រមគ្នា​ថា​ កង​ទ័ពបាន​រួមគ្នា​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ ​Fresh News​ ​ដែល​គេ​ដឹង​ថា ​ជា​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​ ​ទៀ បាញ់​ ​បាន​ប្រកាស​ច្បាស់ៗ​ផង​ដែរថា​ គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រំលាយ​ ​ហើយ​កងទ័ព​ត្រៀម​ជា​ស្រេច​ ប្រឆាំង​បុគ្គល​ទាំងឡាយ​ណា​ដែល​ចង់​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ខ្មែរ។ លោក​បាន​ប្រាប់​អង្គភាព​នេះ​ថា​ បក្ស​ប្រឆាំង​ជាប់​ឆ្នោត​ ៥៥​កៅអី​ មិន​ដែល​បាន​ធ្វើ​អ្វី​នោះ​ទេ​ ក្រៅ​ពី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា។​ លោក​ថា​ រាជរដ្ឋាភិបាល​ហ៊ាន​ចាប់​ប្រធាន​បក្ស​ប្រឆាំង​ ហើយ​អ្វី​ផ្សេងទៀត​ គឺ​មិន​បង្អែបង្អង់​នោះ​ឡើយ។​

កម្ពុជា​នឹង​ធ្វើការ​រៀបចំ​ការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ​ ២០១៨​ ដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ យល់​ថា ​ជា​ពេល​ដែល​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​អាច​នឹង​ទទួល​ការ​គាំទ្រ​ជា​ច្រើនពី​ពល​រដ្ឋ​កម្ពុជា។​ ភ្ជាប់​នឹង​ការ​បោះឆ្នោត​នេះ​ ​លោក​ ប៉ុល​ សារឿន អគ្គ​មេបញ្ជាការ​កងទ័ព​កម្ពុជា​ បាន​បញ្ជា​ឲ្យ​កង​ទ័ព​ត្រៀម​កម្លាំង​មធ្យោបាយ​ និង​សម្ភារៈ​ ​ដើម្បី​ ​«ចូលរួម​សហការ​ការពារ​សន្តិសុខ​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨។​ ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​កិច្ច​សហការ​ថែរក្សា​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​សុខ​សន្តិភាព រក្សា​ស្ថិរភាព សណ្តាប់​ធ្នាប់​សង្គម​ ​និង​ការពារ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ»៕

What Next?

Recent Articles

6 Responses to "មេទ័ព​កំពូល​កម្ពុជា​ព្រមាន​​ដដែលៗ​ពី​ការ​វាយ​បង្ក្រាប​ក្រុម​ណា​ដែល​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស"

  1. Anonymous says:

    It is unfair, not human,

  2. people says:

    What kind of of this soldier’?? he is not cambodian royal army’ he is the body guard of veitcong mafia dictator’ he is former veitcong killer’ and still protected veitcong mafia dictator.What wrong with his brain? Why don’t he bloody look at the other deverlope countries in the world ?? All soldiers never talk followed P M speech’ they have a duty’ and their job but this guy seem to followed all the veitcong dictator said.Why this guy wanted to fight with people?? people have no weapon’ and people just wanted to protest peacefully like democracy world’ why you&your boss so scare?? why don’t theses soldiers go to fight with the our ancestor enemy?? take Tral island back from the robber?? Oh i forgot theses guys are veitcong dogs’. GOD bless all cambodian people’

  3. ?? says:

    PEOPLE .. all these guy is a toy soldier they worked by a remote control if evil HUN SEN press button they will do what HUN SEN wanted. of cause they have no brain more sadly is they can kill their own mother, father, brother, sister, even their own children if their boss order. GOD bless Cambodia

  4. ខ្មែរអង្គរ says:

    ពួកអស់នេះជាឆ្កែប្រដេញរបស់អាខ្វាងម៉ាខាក់។

  5. Anonymous says:

    បងប្អូនត្រូវគឹតអោយបានច្បាស់យើងជាខ្មែរមានឈាមជ៏រជាខ្មែរមុននឹងស្ដាប់មនុស្សពីរបីនាក់កម្ទេចខ្មែរគ្នាឯង

  6. Anonymous says:

    គេបង្កើតបញ្ហាសង្គម និងនយោបាយដើម្បីកុំឱ្យប្រជាជនមានអារម្មណ៍ទៅចុះឈ្មោះបោះឆ្នោត
    នៅពេលហួសកាលកំណត់ចុះឈ្មោះ និងពិនិត្យឈ្មោះហើយសភាពការណ៍នឹងដូចដើមវិញហើយ
    ដូចនេះសល់ពេលបន្តិចបន្តួច សូមបងប្អូនទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា