អ្នកវិភាគ​និង​សង្គម​ស៊ីវិល​ថា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ដើរ​ថយ​ក្រោយ​គួរ​ឲ្យ​បារម្ភ​ខ្លាំង

ដោយ អាស៊ីសេរី
2017-10-17

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA


ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ដូចៗ​គ្នា​ថា ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា នៅ​ពេល​នេះ​ដើរ​ថយក្រោយ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង។ ការ​លើក​ឡើង​របស់​អ្នកវិភាគ និង​សង្គម​ស៊ីវិល​ដូចនេះ ស្រប​ពេល​គណបក្ស​កាន់​អំណាច កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង មុន​ការបោះឆ្នោត​២០១៨ ខាងមុខ។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា ធ្វើ​ការ​វិភាគ​ថា ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ឆ្នាំ​១៩៩៧ ដែល​ពេល​នោះ​មាន​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

រដ្ឋប្រហារ​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ​៥៦ ខែ​កក្កដា កាលពី​ជាង​២០​ឆ្នាំមុន ត្រូវ​បាន​គេហទំព័រ​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅច្បាប់។ ភាគច្រើន​នៃ​ជនរងគ្រោះ​ជា​ទាហាន មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច។ ចំនួន​នេះ​មិន​រាប់បញ្ចូល​ជីវិត​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះត្រង់​នឹង​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ នោះ​ទេ។

ខណៈ​មជ្ឈដ្ឋាន​នានា​បង្ហាញ​ភាព​ស្រពិចស្រពិល​ថា នឹង​អាច​កើតមាន​នៅ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនេះ។ លោក យឿង សុធារ៉ា យល់​ថា ការ​បោះឆ្នោត​គឺ​នឹង​អាច​កើតមាន​ដដែល ហើយ​ប្រធាន​គណបក្សប្រឆាំង​នឹង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​កៀក​បោះឆ្នោត។ ការ​ដែល​យល់​ដូចនេះ​ត្រូវ​បាន​លោក យឿង សុធារ៉ា មើល​ឃើញ​ថា មុន​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ សហគមន៍​អន្តរជាតិ​បាន​អន្តរាគមន៍​ឲ្យ​សម្ដេច​ក្រុមព្រះ​នរោត្តម នរោត្តម រណឫទ្ធិ ចូល​ក្នុង​ប្រទេស​បាន​ក្រោយ​ចាញ់​សង្គ្រាមលោក ហ៊ុន សែន។ លោក​ថា មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ សហគមន៍​អន្តរជាតិ​នឹង​ឲ្យ​ប្រធាន​គណបក្ស​វិល​ចូល​ស្រុក​វិញ​ដែរ។

ខណៈ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​កាន់អំណាច​ស្របច្បាប់ គេ​ឃើញ​លោក ហ៊ុន សែន ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ផ្ដួល​គូរ​ប្រកួត​របស់​ខ្លួន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំបិទ​មាត់​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក។ ជាង​នេះ​ទៅ​ទៀត ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ឯក​ឆន្ទ​អនុម័ត​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដ៏​ចម្រូងចម្រាស​នោះ ដើម្បី​យក​កៅអី​របស់​គណបក្ស​ប្រឆាំង​ក្រោយ​ការ​រំលាយ ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេងទៀត​ដែល​គ្មាន​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា។ ទង្វើ​របស់​គណបក្ស​កាន់​អំណាច ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត​ថា ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​នេះ គ្មាន​ប្រទេស​នៅ​លើ​ពិភព​លោក​មាន​ឡើយ។

លោក​មេធាវី សេក សោភ័ណ និយាយ​ថា ច្បាប់​នេះ​តែមួយ​មុខ គណបក្ស​ដែល​ទទួល​បាន​កៅអី​ពី​គណបក្សប្រឆាំង​មិន​អាច​ក្លាយ​ជា​តំណាងរាស្ត្រ ដែល​សុពលភាព​ឬ​ស្រប់​ច្បាប់​នោះ​ទេ។ លោក​ថា តាម​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ តំណាងរាស្ត្រ​ត្រូវ​កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី​យុត្តិធម៌ និង​ដោយ​សម្ងាត់។

នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ច្បាប់​នេះ​យ៉ាង​ប្រញាប់ប្រញាល់​នោះ គណបក្ស​សង្គ្រោះជាតិ​កំពុង​ប្រឈម​ការ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល ព្រោះ​ក្រសួងមហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ តាម​សំណើ​របស់​គណបក្ស​ហ៊្វុនស៊នប៉ិច និង​គណបក្ស​យុវជន​កម្ពុជា។

អ្នកនយោបាយ​ជើងចាស់​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និយាយ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ត្រូវ​រំលាយ​ដែរ ព្រោះ​រដ្ឋសភា​មានតែ​គណបក្ស​នេះ​ទេ​ដែល​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ លោក​ព្រមាន​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​រដ្ឋាភិបាល​ចាំផ្ទះ ឬ​រដ្ឋាភិបាល​មិន​ស្របច្បាប់ ដែល​នឹង​ប្រឈម​ការ​កាត់​ផ្ដាច់​ជំនួយ និង​ការ​វិនិយោគ​ពី​អន្តរជាតិ។

នៅ​ពេល​នេះ​ដែរ រដ្ឋាភិបាល​របស់ ហ៊ុន សែន កាលពីដើម​ខែ​តុលា ត្រូវ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោល​រដ្ឋាភិបាល​កម្ពុជា​ភ្លាមៗ ក្រោយពី​ក្រសួងមហាផ្ទៃ​ដាក់​ពាក្យ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ។

ចំណែក​មន្ត្រី​ផ្នែក​យុទ្ធនាការ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) និយាយ​ថា “​ក្រុម​អ្នក​មាន​អំណាច និង​មានទ្រព្យ ដែល​ជា​ជន​ពុករលួយ មួយ​ក្ដាប់​តូច រយៈពេល​ចុងក្រោយ​នេះ កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដើម្បី​បន្ត​ក្រាញ​អំណាច និង​រក្សាទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ទូទាំង​ប្រទេស។

រីឯ​នាយករង​ប្រចាំ​តំបន់​អាស៊ីសេរី នៃ​អង្គការ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ប៊ឺតសុន (Phil Robertson) ចាត់​ទុក​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ ដែល​ប៉ុនប៉ង​រំលាយ​គណបក្ស ប្រឆាំង​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដែល​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅជា​ជន​ផ្ដាច់ការ ទាំង​ឥត​អៀនខ្មាស។

មិន​អស់​ប្រតិកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅឡើយ​ទេ គឺ​សហភាព​អឺរ៉ុប និង​អូស្ត្រាលី​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​គម្រោង​រំលាយ​គណបក្សប្រឆាំង។ ជាងនេះទៅទៀត តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណ​រដ្ឋនិយម និង​ជា​សហប្រធាន​ទំនាក់ទំនង​ដើម្បី​កម្ពុជា លោក ស្ទីវ ឆាបុត្រ (Steve Chabot) ព្រមាន​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​វិធី​ដ៏​សមរម្យ ក្នុង​ការ​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​តែង​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ មក​លើ​គណបក្សប្រឆាំង និង​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ។

ទាក់ទង​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ខ្ចាត់​ចេញពី​ឆាក​នយោបាយ​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក បណ្ឌិត មាស នី ធ្លាប់​ធ្វើ​ការវិភាគ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ។ លោក​ថែមទាំង​ផ្ដល់​គំនិត​ថា គណបក្សប្រឆាំង​ដ៏​ធំ​នេះ ត្រូវ​ស្វែងរក​គណបក្ស​ដៃគូ​ទុក​ឲ្យ​ហើយ ដែល​អាច​ជ្រក​ខ្លួន​បាន​ដើម្បី​ជីវិត​នយោបាយ។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ច្រានចោល​គំនិត​នេះ ដោយ​លើក​ហេតុផល​ថា បើ​គេ​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មែន​នោះ ទោះ​គណបក្ស​នេះ​ប្រែ​ទៅ​ជា​រូបភាព​បែប​ណា ក៏​គេ​នៅតែ​តាម​កម្ទេច​ចោល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles