ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ដោយ អាស៊ីសេរី
2017-10-19

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea


សាធារណជន បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត នៅ​គ្រា​មាន​ព័ត៌មាន​មក​ថា មុខម្ហូប​សមុទ្រ​ស្រស់​មួយ​ចំនួន ដែល​ត្រូវ​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ មាន​ផ្សារ​លើ​ជាដើម មាន​ដាក់​សារធាតុ​គីមី កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ។

ស្ត្រី​មេផ្ទះ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ខ្លាចរអា​ក្នុង​ការទិញ​មុខម្ហូប​សមុទ្រ​ស្រស់ មាន​ដូចជា បង្គា មឹក ក្ដាម និង​ត្រី​សមុទ្រ​ជាដើម ដើម្បី​យក​ទៅ​ចម្អិន​ទទួលទាន​ទេ ព្រោះ​បារម្ភ​ម្ហូប​ទាំងនោះ មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន។ ការ​ព្រួយ​បារម្ភ របស់​ភ្ញៀវ​ទេសចរ និង​ស្ត្រី​មេផ្ទះ ទៅលើ​សុវត្ថិភាព​ចំណីអាហារ​នេះ បន្ទាប់​កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ពួកគេ​បាន​ទទួល​ព័ត៌មាន​មក​ថា មាន​តូប​លក់​មុខម្ហូប​សមុទ្រ​ស្រស់​មួយ​ចំនួន គឺ​បង្គា​ស្រស់ ត្រូវ​បាន​គេ​ចាក់​ចាហ៊ួយ​ចូល កំពុង​ដាក់​លក់ នៅ​ផ្សារ​លើ ស្ថិត​ក្នុង​ក្រុងព្រះសីហនុ។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា ម្ហូប​សមុទ្រ​ស្រស់ៗ​មួយ​ចំនួន ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ខេត្ត​ព្រះសីហនុ ពិតជា​ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ពិតមែន។ មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ស្នើ​ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ឲ្យ​បន្ត​សកម្មភាព​ចុះ​ពិសោធន៍​អាហារ​សមុទ្រ​ស្រស់ បន្លែ​ត្រី​សាច់ និង​ទំនិញ​ផ្សេងៗ នៅ​តាម​ទីផ្សារ​នា​មូលដ្ឋាន​នេះ ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ទៅលើ​សុវត្ថិភាព​ចំណីអាហារ​ជូន​ស្ត្រី​មេផ្ទះ ពិសេស​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ។

ទន្ទឹម​គ្នា​នេះ លោក វ៉ាល់លី ក៏​ទទូច​ដល់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ត្រូវ​នាំ​ខ្លួន​អាជីវករ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ដាក់​លក់​អាហារ​សមុទ្រ​ស្រស់ ឬ​ទំនិញ​គ្មាន​គុណភាព នៅ​តាម​ស្តង់​លក់ដូរ​របស់​ខ្លួន​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស ដើម្បី​ជា​ការ​ព្រមាន។

មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បាន​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់ បន្លែ​ផ្លែឈើ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ នៅ​តាម​ទីផ្សារ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិសោធន៍​រក​សារ​ធាតុគីមី​ហាមឃាត់​នេះ​ជា​បន្តបន្ទាប់។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​លក់ទំនិញ និង​ចំណីអាហារ នៅ​តាម​ស្តង់​លក់ដូរ នៃ​ការ​តាំង​ពិព័រណ៍​ទំនិញ​មិត្តភាព កម្ពុជាថៃ នៅ​ឆ្នេរ​ឯករាជ្យ និង​នៅ​តាម​ផ្សារ​មួយ​ចំនួន ប៉ុន្តែ​រក​មិន​ឃើញ​សារធាតុ​គីមី​ទេ។ លោក​អះអាង​ថា សកម្មភាព​ចុះ​ពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់​មាន ត្រី បង្គា មឹក​និង​ក្ដាម​សមុទ្រ​ជាដើម នៅ​តាម​ទីផ្សារ​ក្នុង​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ មន្រី្ត​ជំនាញ​រក​មិន​ឃើញ​អាហារ​សមុទ្រ និង​ទំនិញ​ផ្សេងៗ ត្រូវ​គេ​លួច​ដាក់​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក ជា ប៉ិច សង្កត់​ធ្ងន់​ថា សកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ឬ​គុណភាព​ទំនិញ​នេះ មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ចុះ​នៅ​តាម​ទីផ្សារ​នានា និង​តាម​ច្រក​នាំចូល​ទំនិញ​ជាដើម ឲ្យ​បាន​ច្រើន​ថែមទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី បាន​គាំទ្រ​សកម្មភាព​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ពិសោធន៍​គ្រឿង​សមុទ្រ​ស្រស់ មាន​បង្គា មឹក ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ​ជាដើម ដើម្បី​រក​សារ​ធាតុគីមី នាំ​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស​ជា​បន្តបន្ទាប់​មក​នេះ។ ទន្ទឹម​គ្នា​នេះ អ្នកស្រី​បាន​ស្នើ​ដល់​មន្ត្រី​កាំកុងត្រូល ត្រូវ​នាំ​ខ្លួន​អ្នកផ្ដើមគំនិត​លួច​ដាក់​សារធាតុ​គីមី​នៅ​លើ​ចំណីអាហារ ដើម្បី​ស្តុក​ទុក​លក់​ឱ្យ​បាន​យូរ​ថ្ងៃ ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ដើម្បី​ជា​ការ​ព្រមាន។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជំនាញ​អំពាវនាវ​ឱ្យ​ស្ត្រី​មេផ្ទះ ជាពិសេស​ភ្ញៀវ​ទេសចរ បើ​ដឹង​ថា ទីតាំង​លក់ដូរ​ណាមួយ​មាន​លក់ទំនិញ​ខូចគុណភាព អាហារ​សមុទ្រ​ស្រស់ និង​ចំណីអាហារ​វេច​ខ្ចប់ ព្រមទាំង​ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​សង្ស័យ​មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​មកកាន់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាមរយៈ​ទូរស័ព្ទ​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង​លេខ ០១២ ៩៤៦ ០៤៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ"

  1. Anonymous says:

    100000 problems in Cambodia