សង្គមស៊ីវិលអំពាវនាវភាគី​​ហត្ថលេខីកិច្ចព្រមព្រៀមក្រុងប៉ារីសកោះប្រជុំករណីកម្ពុជា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 5:19 PM
http://vodhotnews.com

នយោបាយ


បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវឲ្យម្ចាស់ហត្ថលេខី និងអតីតសហប្រធាននៃសន្និសីទទីក្រុងប៉ារីស បើកកិច្ចប្រជុំ ស្ដីអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយពួកគេយល់ថា រដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងសំឡេងរិះគន់ និងបក្សប្រឆាំង ដែលផ្ទុយពីយន្ដការប្រជាធិបតេយ្យ។

ក្នុងកិច្ចពិភាក្សាមួយនៅព្រឹកនេះ ក្រុមអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័ន បានយកឳកាសនេះ អំពាវនាវឲ្យម្ចាស់ហត្ថលេខីទាំង១៨ប្រទេស និងអតីតសហប្រធាននៃសន្និសីទក្រុងប៉ារីស ដែលរួមមាន ប្រទេសបារាំង និងឥណ្ឌូនេស៊ី កោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងដាក់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ខំរដ្ឋាភិបាលងាកមកអនុវត្តតាមយន្ដការប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ដូចដែលខ្លួនបានសន្យា។

ក្នុងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិល បានយោងមាត្រាមួយ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយថា៖ «សហប្រធានចំនួន២ នៃសន្និសីទទីក្រុងប៉ារីស រួមមាន បារាំង និងឥណ្ឌូនេស៊ី គប្បីផ្ដួចផ្ដើមឲ្យមានការពិគ្រោះយោបល់សមស្របជាបន្ទាន់ ក្នុងគោលបំណងស្វែងរកវិធានការសមស្រប ដើម្បីធានាការគោរពកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ក្នងករណីមានការរំលោភបំពាន ឬគំរាមកំហែងណាមួយ»។

យ៉ាងនេះក្ដី លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗថា ការប៉ុនប៉ងជំរុញឲ្យមានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា មិនអាចទៅរួចនោះទេ។

នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីពិភាក្សាលើខ្លឹមសារ និងស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជា ជាប្រទេសហត្ថលេខី មុននឹងចេញសេចក្ដីថ្លែងការណ៍ផ្លូវការ ដើម្បីទទូចឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានពេញលេញ។

លោកយល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់ស្លាប់ ដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីនោះទេ ដោយថា កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ណាស់ ដើម្បីធានាសន្ដិភាព ការអភិវឌ្ឍជាតិពិសេសគឺលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកថា៖ «យើងអំពាវនាវរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលរដ្ឋហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យលោកពិនិត្យឡើងវិញ តើរយៈពេល២៦ឆ្នាំ កន្លងមកនេះ ការប្ដេជ្ញាចិត្ត នៅទីក្រុងប៉ារីសហ្នឹង វាបានអនុវត្តពេញលេញអីខ្លះ ហើយមានចំណុចណាខ្លះ ដែលគួរធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ហើយនិងកាតព្វកិច្ច របស់រដ្ឋហត្ថលេខីទាំង១៨ និងអង្គការសហប្រជាជាតិថាគាត់ គួរតែធ្វើអីទៀត ជួយកម្ពុជា ឲ្យកាន់តែប្រសើរ ដើម្បីឲ្យកម្ពុជា កាន់តែមានប្រយោជន៍»។

ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងនយោបាយ លោកស្រី ធីតា ឃឹះ រិះគន់ថា កម្ពុជាហាក់ប្រាស់ចាកពីគោលការណ៍មួយចំនួន ដែលកំណត់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងសកម្មភាពគំរាមកំហែងជាបន្ដបន្ទាប់ លើក្រុមអង្គការសង្គមស៊ីវិល និងសំឡេងឯករាជ្យ នៅមុនការបោះឆ្នោត ឆ្នាំ២០១៨។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ដោយថា រដ្ឋាភិបាលបានធានាការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងថា ចំណាត់ការថ្មីៗ គឺដើម្បីរក្សាសន្ដិភាពនៅកម្ពុជា។

 

បើតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាបានចុះហត្ថលេខា កាលពីថ្ងៃទី២៣តុលាឆ្នាំ១៩៩១ បានកំណត់ថា បើមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា រដ្ឋហត្ថលេខីអាចស្នើទៅអង្គការមានសមត្ថកិច្ច របស់អង្គការសហប្រជាជាតិ ឲ្យចាត់វិធានការសមស្របណាមួយ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបែបនេះ ស្របទៅតាមច្បាប់អន្ដរជាតិពាក់ព័ន្ធនានា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles