ក្រសួងមហាផ្ទៃ​ត្រៀម​បញ្ជូន​ជនបរទេស​ដែល​សង្ស័យ​​ឃុបឃិត​នឹង​បក្ស​ប្រឆាំង​ទៅ​តុលាការ

ដោយ អាស៊ីសេរី
2017-10-21

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara


មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អះអាង​ថា បាន​កំណត់​មុខសញ្ញា​ជនបរទេស ដែល​សង្ស័យ​ចូល​មក​ធ្វើ​ចារកិច្ច ឃុបឃិត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​ផែនការ​ផ្ដួល​រំលំ រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ត្រៀម​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ក្នុង​ពេល​ឆាប់ៗ​នេះ។

រីឯ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​វិញ ថ្លែង​ថា មិន​ចាប់អារម្មណ៍​បណ្ដឹង​ផ្សេងៗ ដែល​ក្រសួង​មហាផ្ទៃ​កំពុង​សម្ដែង​នេះ​ទេ ដោយ​ចាត់ទុកថា ជា​ឈុត​ឆាក​រៀបចំ​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ដឹង​ថា នឹង​ចាញ់​លទ្ធផល នៃ​ការបោះឆ្នោត​សភា​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្ដមសេនីយ៍ ថោង លីម ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹង​ថា សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនបរទេស​មួយ​ចំនួន ដែល​សង្ស័យ​អំពើ​ចារកិច្ច ក្នុង​ប្រទេស​កម្ពុជា ឃុបឃិត​ជាមួយ​បក្ស​ប្រឆាំង ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។

លោក ថោង លីម ឲ្យ​ដឹង​ដូច្នេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុម​ព័ត៌មាន​ទាន់​ហេតុ​ហ​ការណ៍ ឬ​ហៅថា ហតឡាញ (Hotline) រវាង​កម្លាំង​នគរបាល ជាមួយ​ជនបរទេស​មួយ​ចំនួន ដែល​ចូល​មក​ស្នាក់នៅ ឬ​ធ្វើ​ការងារ ក្នុង​ប្រទេស​កម្ពុជា នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ ទី​២០ ខែ​តុលា។ ទោះជា​មានការ​អះអាង​បែបនេះ​ក្ដី មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់​រូប​នេះ មិន​អាច​បញ្ជាក់​ថា មាន​ជនបរទេស​ប៉ុន្មាន​នាក់ និង​ប៉ុន្មាន​ជាតិ​សាសន៍ ដែល​សមត្ថកិច្ច​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ ធ្វើ​ចារកិច្ច​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ដោយ​គ្រាន់​អះអាង​ថា ជា​ការ​ងារ​សំងាត់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ជាង​នេះ ក៏​មិនបាន​ឲ្យ​ដឹង​ថា នឹង​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​កាន់​តុលាការ នៅ​ថ្ងៃ​ណា ឲ្យ​ពិតប្រាកដ​នោះ​ដែរ។

មេធាវី​ការពារ​ក្ដី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជួង ជូងី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ។ ប៉ុន្តែ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ដឹង តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា នេះ ដោយ​លោក​ចាត់​ទុក​ថា នេះ​គ្រាន់តែ​ជា​ផែនការ​លាប​ពណ៌​រៀបចំ​ដោយ​រដ្ឋាភិបាល លោក ហ៊ុន សែន ព្រោះ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាញ់​ការបោះឆ្នោត​សភា​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨​ខាងមុខ។ លោក អេង ឆៃអ៊ាង ចំអក​ថា រាល់​ថ្ងៃនេះ លោក ហ៊ុន សែន កំពុង​ក្រពុលមុខ​ខ្លាំង ទើប​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្ដឹង​ចោទ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ជា​បន្តបន្ទាប់ រហូតដល់​ប្ដឹង លោក កឹម សុខា ថា​បាន​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការបោះឆ្នោត​ចូល​មក​ដល់។

បន្ថែម​លើ​នេះ លោក អេង ឆៃអ៊ាង ចាត់​ទុក​សកម្មភាព​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ពិសេស​ស្ថាប័ន​តុលាការ រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ថា​កំពុង​អនុវត្ត​តួនាទី​តាម​បង្គាប់បញ្ជា លោក ហ៊ុន សែន ហើយ​លោក​អះអាង​ថា គណបក្សប្រឆាំង នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ផ្ដល់​ក្ដី​សង្ឃឹម​ជូន​ម្ចាស់​ឆ្នោត ដែល​ផ្ដល់​សេចក្ដីទុកចិត្ត​ជូន​គណបក្ស​សង្គ្រោះជាតិ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ឱកាស​ចុះ​ជួប​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​ក្នុង រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និង​ក្រសួង​ការបរទេស ស្រាវជ្រាវ​វត្តមាន ជនជាតិ​អាមេរិក​ទាំងឡាយ ដែល​សង្ស័យ​បាន​ចូល​មក​ធ្វើ​ចារកម្ម នៅ​ពីក្រោយ​ព្រឹត្តិការណ៍​តវ៉ា​ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ដឹង​ថា មាន​ជនជាតិ​អាមេរិក​រូប​ណាខ្លះ បាន​ចូល​មក​កម្ពុជា។

ករណី​នេះ សមាគម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​សំដែង​ការ​ព្រួយ​បារម្ភ ចំពោះ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចោទ​ពី​បទ ថា បាន​រៀបចំ​ផែនការ​ជាមួយ​បរទេស ផ្ដួល​រំលំ​រដ្ឋាភិបាល។ អង្គការ​ទាំងនោះ​ចាត់​ទុក​ថា បណ្ដឹង​រំលាយ​បក្ស​ប្រឆាំង របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា ជា​រឿង​នយោបាយ និង​ជា​ការ​មិន​គោរព​ឆន្ទៈ​ពលរដ្ឋ​ប្រមាណ ៣​លាន​នាក់ ដែល​បាន​បោះឆ្នោត​គាំទ្រ​បក្ស​សង្គ្រោះជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment