ក្រុមមេធាវីការពារក្ដីថានឹងចូលសវនាការបើមានវត្តមានលោក កឹម សុខា

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 2:52 PM
http://vodhotnews.com

សង្គម

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)


ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិប្រកាសជំហរថានឹងចូលរួមសវនាការតាមការ​អញ្ជើញ​របស់ តុលាការកំពូល តែនៅទាមទារឲ្យមានវត្តមានលោក កឹម សុខាដែលជាកូនក្ដី ដើម្បីអាចជជែកដេញ ដោលការពារ តាមផ្លូវច្បាប់បានពេញលេញ។​

កាលពីថ្ងៃទី ១៩ ខែ តុលា តុលាការកំពូលបានចេញលិខិតមួយអញ្ជើញមេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក​សំ សុគង់ ចូលទៅតុលាការកំពូលនៅថ្ងៃទី ៣១ ខែតុលាដើម្បីចូលរួមសវនាការ លើបណ្ដឹងសារទុក្ខ​នៃ​សំណុំរឿង​ព្រហ្ម​ទណ្ឌរបស់លោក កឹម សុខា។

លោក សំ សុគង់ ថ្លែងបញ្ជាក់ជំហរនៅថ្ងៃនេះ​ថា ក្រុមមេធាវីនឹងចូលសវនាការតាមការ​អញ្ជើញ​របស់តុលាការកំពូល តែលោកទាមទារឲ្យមានវត្តមានកូនក្ដីទើបងាយស្រួលក្នុងការសាកសួរអង្គហេតុ និង អង្គច្បាប់ ក៏ដូចគោរពសិទ្ធិ ជនត្រូវចោទដែលកំពុងជាប់ឃុំឃាំង។

កាលពីថ្ងៃទី ២៦​ ខែ កញ្ញាកន្លងទៅ ក្រុមមេធាវីដែលការពារក្តីឲ្យមេបក្សប្រឆាំង លោក កឹម សុខា បាន​ដើរចេញពីបន្ទប់​សវនាការ នៃសាលាឧទ្ធរណ៍​ដោយជំទាស់ទៅនឹងនីតិវិធីរបស់តុលាការ​ដែលមិន​បាន​បញ្ជូន​កូន​ក្តី​របស់​​​ពួកគេ ចូលក្នុង​សវនាការ ដើម្បី​សួ​រដេញដោល ។តែករណីនេះត្រូវបានចៅក្រមអះអាង ថាក្នុងដំណាក់ កាលសភា ស៊ើបសួរនៃសាលាឧទ្ធរណ៍ មិនតម្រូវ​ឲ្យមាន​វត្ត​មាន​ជន​ត្រូវចោទនោះទេ ដោយថា ខ្លាចអសន្តិ​សុខសង្គម។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនដោយមានអភ័យឯកសិទ្ធិសភាកាលពីរំលងអធ្រាត្រថ្ងៃទី០៣ ខែកញ្ញា ហើយ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន​ លោក កឹម សុខា ​នៅពន្ធនាគា​រ​ត្រ​​​ពាំង​ផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទថា មានទោសក្បត់ជាតិ​ដែលប្រព្រឹត្តកាលពី​កំឡុង​ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment