ភូមិ​ចំនួន​៣​នៅ​សេសាន​ក្រោម​២​កំពុង​រង​ការ​លិច​លង់

ដោយ អេង គីមហុង
21/10/2017
RFI

media
កម្មករកំពុងធ្វើការនៅ​ទំនប់​​វារីអគ្គិសនី​សេសាន​ក្រោមពីរ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​។ សហការី


ភូមិ​ចំនួន៣ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២កំពុង​រង​ការ​លិច​លង់​ខ្លាំង គិត​មក​ដល់​ថ្ងៃ​សៅរ៍​ទី​២១​ខែ​តុលា​នេះ។ ប្រឈម​នឹង​ទឹក​លិចនេះ ពលរដ្ឋ​មួយ​ចំនួន​បាន​ជម្លៀស​ខ្លួន​ឯង​មក​រស់​នៅ​តាម​ដង​ផ្លូវ និង​ស្រែ​ចំការ ផុត​ពី​កន្លែង​លិច​លង់​ជា​បណ្ដោះ​អាសន្ន​សិន។

ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ហ៊ុន​ទំបន់​វារីអគ្គិសនី​សេសាន​ក្រោម​២ ចាប់​ផ្ដើម​បិទ​ទ្វារ​ទឹក​បន្ថែម​នៅ​ថ្ងៃ​ទី​១៥​តុលា ភូមិ​ចំនួន​៣ នៅ​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​បាន​រង​ការ​លិចលង់​។ ភូមិ​ទាំង​៣​នោះ គឺ​ភូមិ​ក្បាល​រមាស​ចាស់ ភូមិ​ស្រែគរ​១ និង​ភូមិ​ស្រែ​គរ​២​។ ប្រឈម​នឹង​ការ​លិចលង់​នេះ លោក​ស្រី វណ្ណនី ប៉ាត តំណាង​សហគមន៍​ស្រែ​គរ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​២១​តុលា​នេះ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​ទឹក​លិច​ផ្ទះ​ទាំង​ស្រុង បាន​បង្ខំ​ចិត្ត​ចាកចេញ​មក​រស់​នៅ​តាម​ដង​ផ្លូវ និង​ស្រែ​ចំការ​។

ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត ដែល​ផ្ទះ​មិនទាន់​ត្រូវ​ទឹក​ជន់​លិច នៅ​តែ​បន្ត​រស់​នៅ​ទីនោះ​ដដែល​។ លោក​ស្រី វណ្ណនី ប៉ាត បាន​ចាត់​ទុក​ការ​លិច​លង់​ភូមិ​របស់​ពួក​គាត់​នេះថា​ ជា​ចេតនា​បង្ករ​ឡើង​ដោយ​អាជ្ញាធរ ច្រើន​ជាង​កើត​ឡើង​ដោយ​សារបាតុ​ភូត​ធម្មជាតិ​។

​ជា​ការ​កត់​សម្គាល់ មុន​នឹង​ឈាន​ដល់​ការ​លិចលង់​នេះ អាជ្ញាធរខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១១តុលា បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​៣ភូមិ ដែល​កំពុង​រស់​ក្នុង​តំបន់​បាត​នៃទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ ឲ្យ​ចាក​ចេញ​ពី​ភូមិ​ជា​បន្ទាន់​។ អាជ្ញាធរ​បាន​ប្រកាស​ពី​ការ​បិទ​ទ្វារ​ទឹក​បន្ថែម​នៅ​ថ្ងៃ​ទី​១៥​តុលា និង​ព្រមាន​ពី​ការ​លិច​លង់​បន្ថែម​ទៀត​ផង​ដែរ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោកស្រី វណ្ណនី ប៉ាត គូសបញ្ជាក់ថា ទោះ​រង​ការ​លិច​លង់​យ៉ាង​ណាក៏​ដោយ ពលរដ្ឋ​មក​ពី​បី​ភូមិ គឺ​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែ​គរ១ ភូមិ​ស្រែ​គរ​២ គឺ​ពួក​គេ​នៅ​តែ​រក្សា​ជំហរ​មិន​ចាក​ចេញ​ឡើយ ដោយ​នឹង​ត្រឡប់​ទៅ​រស់​នៅ​កន្លែងនោះ​វិញ​នៅ​ពេល​ទឹក​ស្រក។ បើ​តាម​លោកស្រី វណ្ណនី ប៉ាត ជីវិត​រស់​នៅ​តាម​ដង​ផ្លូវសម្រាប់​ពួក​គាត់​មិន​សូវ​ជា​ជួប​បញ្ហា​ប្រឈម​ និង​ការ​ខ្វះខាត​ប៉ុន្មាន​ទេ ដោយ​សារ​តែ​ពួកគាត់​នៅ​តែ​មាន​លទ្ធភាព​រក​ត្រី​ចិញ្ចឹម​ជីវិត​នៅ​តាម​ដង​អូរ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​១២​ខែ​តុលា​ ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច ព្នង ឡាវ គួយ និង​ព្រៅ​ បាន​ដាក់​ញត្តិ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរា​គមន៍​លើ​បញ្ហា​នេះ។ ក្នុង​ញត្តិ​នោះ ពួកគេ​បាន​រៀប​រាប់​ថា មិន​ព្រម​ចាក​ចេញ​ដោយ​សារ​តែ​ភូមិ​ចាស់​បាន​បង្កប់​នូវ​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី បន្សល់​ទុក​តាំង​ពី​ជំនាន់​ដូនតា។

ត្បិត​តែ​ពលរដ្ឋ​ទាំង​នេះ​នៅ​តែ​រក្សា​មិន​ព្រម​ចាក​ចេញ ក៏ដោយ តែ​នៅ​មាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត បាន​យល់​ព្រម​ចាក​ចេញ ដោយ​ទទួល​យក​សំណង​និង​ការ​តាំង​ទី​លំនៅ​ថ្មី។ គួរ​ជំរាប​ជូន​ថា ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​ទំនប់​វារី​អគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤០០​ម៉េហ្គាវ៉ាត់ ត្រូវ​បាន​ធ្វើ​ពិធី​បិទ​ទ្វារ​ទឹក​កាល​ពី​ថ្ងៃ​ទី ២៥ កញ្ញា ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕

 

What Next?

Recent Articles

Leave a Reply

Submit Comment