អាណាព្យាបាល​គាំទ្រ​ការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​២​ឆ្នាំ​២០១៧​នៅ​ខេត្ត​ព្រះសីហនុ

ដោយ អាស៊ីសេរី
2017-10-21

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Den Ayuthyea


អ្នកឃ្លាំមើល​សង្គម និង​អាណាព្យាបាល គាំទ្រ​សកម្មភាព របស់​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ខេត្ត​ព្រះសីហនុ ដែល​សកម្ម​ការងារ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​ចាប់​ជនសង្ស័យ​បាន​ជាង ៧០​នាក់ បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស ប៉ុន្តែ​ក៏បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​អ្នក​រត់ពន្ធ​គ្រឿងញៀន​ធំៗ​ផង​ដែរ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​ទៀត សរសើរ ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ដែល​សកម្ម​ចុះ​កំណត់​មុខសញ្ញា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំង​យប់​ថ្ងៃ រហូត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់។

អ្នកស្រី​ទទួល​ស្គាល់​ថា បទល្មើស​គ្រឿងញៀន ដែល​ធ្លាប់​ធ្វើ​សកម្មភាព នា​មូលដ្ឋាន ខេត្ត​ព្រះសីហនុ​កន្លង​មក គឺ​បាន​ថយ​ចុះ​ក្នុង​រយៈពេល​ប្រមាណ ២​ឆ្នាំ​ចុង​ក្រោយនេះ។ អ្នកស្រី​បាន​កត់​សម្គាល់​ថា កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ជាច្រើន​ករណី។ ក្នុង​នោះ​អ្នកស្រី ក៏​ឃើញ​ថា កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​លើ​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ករណី ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ទន្ទឹម​គ្នា​នេះ អ្នកស្រី សុធារី មាន​ចម្ងល់​ថា ហេតុអ្វី​ភាគច្រើន​កម្លាំង​សមត្ថកិច្ច ចាប់​បានតែ​អ្នក​ចែកចាយ រក្សាទុក និង​អ្នកប្រើប្រាស់​គ្រឿងញៀន​តូចតាច ប៉ុន្តែ​មេខ្លោង​ធំ លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ មិនសូវ​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ច្រើន​ទេ​កន្លងមក។

ចំណែក​អាណាព្យាបាល​មួយ​ចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​ទទួល​ស្គាល់​ថា សកម្មភាព​ចុះ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន របស់​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ មាន​សកម្មភាព​ជាប្រចាំ​ទាំង​យប់​ថ្ងៃ។ អាណាព្យាបាល រស់នៅ​ភូមិ១ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះសីហនុ ថ្លែង​គាំទ្រ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ធនធាន និង​ពេលវេលា ក្នុង​ការងារ​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដ៏​មាន​គ្រោះថ្នាក់ ឈាន​ទៅ​ចាប់​បាន​ជនសង្ស័យ​បញ្ជូន​ទៅកាន់​តុលាការ ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​មកនេះ។

តាម​ការ​កត់​សម្គាល់ លទ្ធផល​វិជ្ជមាន​នៃ​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន របស់​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ពេលនេះ គឺ​បាន​កើត​មាន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ក្ដៅ ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ការងារ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

របាយការណ៍ របស់​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា លទ្ធផល​ប្រតិបត្តិ​ការ​អនុវត្ត ផែនការ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២ ប្រចាំ​ត្រី​មាស​ទី​២ ចាប់ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កងកម្លាំង​ចម្រុះ​បាន​សហការ​ចុះ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​សរុប​មាន​ចំនួន ៤២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៧៤​នាក់ ស្រី ១០​នាក់។ ក្នុង​នោះ​ករណី​ចុះ​ចាប់​គ្រឿងញៀន​មាន ៣១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥៥​នាក់ ស្រី ៧​នាក់។ ករណី​ជួញដូរ​គ្រឿងញៀន​មាន ២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ។ ករណី​ប្រើប្រាស់ និង​រក្សាទុក​សារធាតុ​ញៀន​មាន ៦​ករណី ឃាត់ខ្លួន ១៣​នាក់ ស្រី ៣​នាក់ និង​ករណី​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ មាន ២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់។

របាយការណ៍​ដដែល បង្ហាញ​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចំនួន ៧៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង មាន​ចំនួន ៣១​ករណី និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នេះ បញ្ជូន​ទៅកាន់​តុលាការ​មាន ១១​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment