សមាជិកសភា​អាមេរិក​ផ្ដាំ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​អស់​សង្ឃឹម

ដោយ មួង ណារ៉េត
2017-11-03
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ​អូហាយ៉ូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី។ RFA
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ​អូហាយ៉ូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី។ RFA


សមាជិក​សភា​អាមេរិក ផ្ដាំ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំ​ឲ្យ​អស់​សង្ឃឹម ព្រោះ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក កំពុង​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ​របស់​ខ្លួន។

សមាជិក​សភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​បន្ត​ក្ដី​សង្ឃឹម​នេះ។

ថ្លែង​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា លោក ស្ទីវ ឆាបុត បាន​បញ្ជាក់​អំពី​ការ​បន្ត​គិតគូរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ (វីសា) ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង ការ​បិទ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

លោក ស្ទីវ ឆាបុត៖ «ខ្ញុំ​សូម​ផ្តាំ​ថា កុំ​ឲ្យ​បោះបង់​ក្ដី​សង្ឃឹម។ អ្នក​ទាំង​អស់​គ្នា​អាច​នឹង​មាន​អនាគត​ភ្លឺស្វាង​នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ និង​រស់​នៅ​តាម​របៀប​ចង់​បាន មិន​មែន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​អ្វីៗ​ទាំង​អស់​នោះ​ទេ។ ប្រជាពលរដ្ឋ​ត្រូវ​មាន​សេរីភាព។ សេរីភាព​នេះ​នឹង​មាន​នៅ​កម្ពុជា។ តែ​អភ័ព្វ​ដែល​នៅ​កម្ពុជា គ្មាន​សេរីភាព​ដូច​សព្វ​ថ្ងៃ​នេះ។ តែ​គង់​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ។ សូម​កុំ​អស់​សង្ឃឹម!»

សារ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ការ​តស៊ូ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​ប៉ុនប៉ង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​កាត់​ទោស​លោក កឹម សុខា នេះ ត្រូវ​តំណាងរាស្ត្រ​អាមេរិក​មួយ​រូប​ទៀត ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែរ គឺ​សមាជិក​ព្រឹទ្ធ​សភា​លោក ថេត គ្រូស (Ted Cruz) ព្រមាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា កន្លង​ទៅ​នេះ​ទៀត​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះ​លែង​លោក កឹម សុខា ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ​ទេ លោក​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ខាងតែបាន។ សារ​រម្លឹក​អំពី​ការ​ដាក់​ឱសានវាទ​នេះ លោក ថេត គ្រូស ថ្លែង​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Twitter ភ្លាមៗ​ក្រោយ​តុលាការ​កំពូល សម្រេច​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក លោក ថេត គ្រូស ធ្លាប់​បាន​ដាក់​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​លោក​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។

លោក ថេត គ្រូស ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពេល​កន្លង​មក​ប្រព្រឹត្ត​ទៅ​បាន​ក៏ដោយ​សារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបេតយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធតែជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​បាន​ស្មើ​ភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សមាជិកសភា​អាមេរិក​ផ្ដាំ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​អស់​សង្ឃឹម"

  1. Anonymous says:

    Thanks USA

  2. Anonymous says:

    🇺🇸🇺🇸🇺🇸Made in the USA🇺🇸🇺🇸🇺🇸
    Thank you America, my home sweet home and thank you 🐘🇺🇸🐴. Red, white and blue are very good color.

Leave a Reply

Submit Comment