លោក លឺ ឡាយស្រេង សង្ឃឹម​ជម្រះ​បញ្ជី​ពេល​លោក ហ៊ុន សែន អស់​អំណាច

ដោយ មួង ណារ៉េត
2017-11-07
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA



សម្ភាស​ព្រឹទ្ធាចារ្យ លឺ ឡាយ​ស្រេង​ អំពី​ប្រវត្តិ​ការងារ​កាល​នៅ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា


មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នើ​សុំ​ឲ្យ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​អ្នក​នយោបាយ​ជើងចាស់​ម្នាក់ លោក លឺ ឡាយស្រេង ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជាង ១​សែន​ដុល្លារ ពី​បទ​បរិហាកេរ្តិ៍​លោក ហ៊ុន សែន។

ប៉ុន្តែ ចុង​ចោទ​ដែល​រងគ្រោះ​ព្រោះ​គេ​លួច​ស្ដាប់​សំឡេង​សន្ទនា​គ្នា​ជា​ឯកជន​តាម​ទូរស័ព្ទ​បែប​នេះ ហួសចិត្ត​នឹង​លោក ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ​កម្ពុជា សព្វថ្ងៃ ហើយ​លោក​ប្រកាស​ថា ថ្ងៃ​ណា​មួយ​លោក​នឹង​ប្តឹង​ជម្រះបញ្ជី​វិញ​មិន​ខាន។

ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច រក្សា​ការ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០០​លាន​រៀល ឬ​ជិត ១​សែន ៣​ម៉ឺន​ដុល្លារ (ប្រមាណ ១២៥.០០០​ដុល្លារ) និង​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ចុង​ចោទ​តាម​ច្បាប់។ កម្មវត្ថុ​នៃ​បណ្តឹង គឺ​គ្មាន​អ្វី​ក្រៅ​ពី​សារ​សំឡេង​នៃ​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​រវាង​ចុង​ចោទ គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និង​អ្នកស្រី គី លំអង ដែល​លោក ហ៊ុន សែន ចោទ​ថា អតីត​ឧបនាយករដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រូប​នេះ និយាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រមុខ​ដឹកនាំ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ។

​ចំពោះ​លោក លឺ ឡាយស្រេង ដែល​ត្រូវ​បង្ខំចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ដ៏​អយុត្តិធម៌​នេះ បាន​សម្តែង​ការ​ហួស​ចិត្ត​ទៅ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និង​ហួស​ចិត្ត​ទៅ​នឹង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​លួច​ស្តាប់ និង​ប្ដឹង​គាត់​នេះ​ផង​ដែរ ដ្បិត​លោក​ចាត់​ទុក​ទង្វើ​លួច​ថត​សំឡេង​និយាយ​គ្នា​ជា​ឯកជន​បែប​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​កំពូល​របស់​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ទទួល​យក​បាន៖ «ខ្ញុំ​និយាយ​ក្នុង​ឯកជន ហើយ​មក​លួច​ថត​របស់​ខ្ញុំ​ហើយ​លួច​ផ្សាយ​របស់​ខ្ញុំ​ហើយ លួច​ប្តឹង​ខ្ញុំ​ទៀត ទាំង​បី​នាក់​ហ្នឹង​មាន​ទោស​ទាំង​អស់​គ្នា។ ខ្ញុំ​សុំ​ប្តឹង​មហាជន​ឲ្យ​ជា​សាក្សី។ ថ្ងៃ​ណា​មួយ​យើង​នឹង​ជម្រះ​បញ្ជី​ម្តង លួច​របៀប​នេះ។ និយាយ​សន្ទនាគ្នា​ជា​ឯកជន ការពារ​ដោយ​រដ្ឋធម្មនុញ្ញ យើង​ចេះ​តែ​មក​លួច​ថត។ ខ្ញុំ​មិន​ជឿ​ដល់​នាយករដ្ឋមន្ត្រី​ទាំង​មូល​មក​លួច​ថត​គេ​ដូច្នេះ សម​អី​ធ្វើ​ដល់​នាយករដ្ឋមន្ត្រី​បែប​នេះ»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជនរងគ្រោះ​នៃ​ការ​លួច​ស្ដាប់​សំឡេង​សន្ទនា​គ្នា​ជា​លក្ខណៈ​ឯកជន ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ស្រាប់តែ​ក្លាយ​ជា​ជនរងគ្រោះ​យ៉ាង​អយុត្តិធម៌។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ក៏​ត្រូវ​បាន​ហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា” នេះ លួច​ថត​សំឡេង និង​យកមក​ផ្សព្វផ្សាយ​ដោយ​សេរី​គ្មាន​ញញើត​ច្បាប់​អ្វី​ឡើយ។ ក្រោយ​មក​ការ​លួច​ស្ដាប់​ការ​សន្ទនា​គ្នា​ឯកជន​នេះ បាន​រាលដាល​រហូត​ដល់​ចាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៥​នាក់ ដាក់​គុក​រាប់​ឆ្នាំ។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​សុទ្ធតែ​រងគ្រោះ​ដោយ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ឈ្មោះ “សីហា” នេះ។ ប៉ុន្តែ គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចាត់ការ​ម្ចាស់​ទំព័រ​ដែល​រំលោភ​បំពាន់​ច្បាប់​សិទ្ធិ​ឯកជន​នេះ​ទេ តែ​បែរ​ជា​ចាត់ការ​អ្នក​រងគ្រោះ​នៃ​ការ​លួច​ស្ដាប់​នេះ​យ៉ាង​ប្រញាប់ប្រញាល់ និង​ធ្ងន់ធ្ងរ​ជា​ទីបំផុត​ទៅ​វិញ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​មិន​ថ្កោលទោស ឬ​ចាត់​វិធានការ​លើ​អ្នក​លួច​បញ្ចេញ​សំឡេង និង​លួច​ស្តាប់​ការសន្ទនា​គ្នា​ជា​ឯកជន​នេះ​ទេ លោក​ធ្លាប់​ទាំង​សរសើរ​អា “សីហា” នេះ​ពេញ​មាត់​ទៀត​ផង៖ «អា ផេក (Page) ស៊ីហា ហ្នឹង​វា​ធ្លាយ! ឥឡូវ ខ្ញុំ​អត់​ផ្សាយ​តាម​អា​ផេក សីហា ហ្នឹង​ទេ ព្រោះ​ខ្ញុំ​អត់​ស្គាល់​វា។ គ្រាន់​បើ​អា​សីហា ដែល​ចេះ​ចាប់​សំឡេង​អញ និង​សំឡេង​ឯកឧត្តម កឹម សុខា បាន! អាហ្នឹង​គ្រាន់​បើ​វ៉ី!»

​អស់ពី​សរសើរ “សីហា” លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ថា មិន​ចាំបាច់ “សីហា” បញ្ចេញ​សារ​សម្ងាត់​នេះ ចាំ​គាត់​បញ្ចេញ​ថែម​ទៀត​ក៏បាន៖ «ចង់​សាក? បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ចេញ​ទាំង​អស់។ តិច​ថា​ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ! អ្វី​ដែល​ជា​ស្តុក គ្រាន់​តែ​ឯកសារ​ដែល​អ្នក​ឯង SMS, WhatsApp, Telegram, Line មក​ខ្ញុំ។ អ្នក​ឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ? ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នក​ឯង​មើល​ទាំង​អស់!​ចាំមើល​វា​យ៉ាង​ម៉េច?»។

ការណ៍​ដែល​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិន​ខ្ចី​ប្ដឹង​បក​នៅ​ថ្ងៃ​នេះ ហើយ​រង់ចាំ​ថ្ងៃ​ណា​មួយ​ទើប​ជម្រះ​បញ្ជី​ជាមួយ​លោក ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ គឺ​ដោយសារ​លោក​ស្គាល់​លោក ហ៊ុន សែន ច្បាស់​ថា ជា​អ្នក​បញ្ជា​តុលាការ​ស្រេច​តែ​ចិត្ត ប្តឹង​ឥឡូវ​ក៏​គ្មាន​ផ្លូវ​ទទួល​បាន​យុត្តិធម៌​នោះ​ដែរ៖ «ខ្ញុំ​ដឹង​ផ្ទៃក្នុង​របស់ ហ៊ុន សែន ទាំង​អស់។ តុលាការ​ហ្នឹង ខ្ញុំ​ប្រាប់​ហើយ តុលាការ​តេឡេ តុលាការ​ដុល្លារ​ហ្នឹង គ្មាន​នរណា​ឈ្នះ​ទេ។ បើ​អ្នក​ក្រ​ទៅ​ប្ដឹង ជាប់​គុក​ឲ្យ​ហើយ​ទៅ។ បើ​សិន ហ៊ុន សែន និយាយ​យ៉ាង​ម៉េច​ហើយ កុំ​បាច់​និយាយ​ច្រើន»

​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​បែរ​ជា​គ្មាន​ចំណាត់​ការ​សមស្រប​ទៅ​លើ​អ្នក​ប្រព្រឹត្ត​បែប​នេះ មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) លើក​ឡើង​ថា ប្រព័ន្ធ​យុត្តិធម៌​ជាតិ មិន​អាច​បំពេញ​មុខ​ងារ​ក្នុង​ការ​ថែរក្សា និង​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បាន គឺ​ទាល់តែ​អន្តរជាតិ​ជួយ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃនេះ កុំ​សង្ឃឹម​សូម្បី​តែ​ប៉ុន​សរសៃ​សក់ ថា​នឹង​មាន​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​ឲ្យ​សោះ ព្រោះ​អី​រដ្ឋាភិបាល​មាន​ឥទ្ធិពល​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ។ តុលាការ​កម្ពុជា លែង​មាន​មុខងារ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន។ តុលាការ​កម្ពុជា ជា​តុលាការ​បម្រើ​បក្ស​កាន់​អំណាច ហើយ​ចៅក្រម និង​ព្រះរាជអាជ្ញា សុទ្ធតែជា​តួអង្គ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​រួម​នេះ»

អ្នក​ច្បាប់​ពន្យល់​ថា ករណី​លួច​ថត​សំឡេង​សន្ទនា ដោយ​គ្មាន​ការអនុញ្ញាត​ពី​សាមី​ខ្លួន​នេះ ព្រះរាអាជ្ញា ឬ​រដ្ឋាភិបាល មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្វែងរក និង​ចាប់ខ្លួន​ជនល្មើស​ដែល​លួច​ថត​សំឡេង​គេ​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ មិន​មែន​អ្នក​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​លួច​ថត​សំឡេង​ហើយ​បែរ​ជា​រដ្ឋាភិបាល​មក​ប្ដឹង​ផ្ដល់​ដូច្នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក លឺ ឡាយស្រេង សង្ឃឹម​ជម្រះ​បញ្ជី​ពេល​លោក ហ៊ុន សែន អស់​អំណាច"

  1. ?? says:

    Cambodian knew all about HUN SEN ‘s evil acted normally when a evil person still have his powers people are quiet but wait and see when he have no powers. I knew HUN SEN was desperately hold his powers because he knew himself he have done a lot of harm to his own nation. by having been born as an evil this dump guy never wanted peace . for many years this evil can turn himself to be a hero for his own nation by turn away from Vietcong policy and give the powers to his own people. too bad so sad this evil HUN SEN commit himself to be Vietcong slave forever . the worse is he is not just Vietcong slave he also put his own people and the whole nation at rise to Vietcong intension. to all Cambodian our nation is still at rise of taking over by Vietcong the thief nation on art this cold blood killer will never give up their policy to swallow our nation. I knew the situation right now is worse then any situation in the history of KAMPOUCHEA . through out my study my respectability is so slim because of those Vietcong policy have gone so deep in our nation. this time is more then ever all Cambodian need to come together as one to save their own nation call Cambodia not KAMPOUCHEA any more. my request to Cambodian is get this evil HUN SEN out to save our nation. thank for reading my comment. GOD bless Cambodia and our Cambodian inside the country

Leave a Reply

Submit Comment