តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស

ដោយ អ៊ឹម រចនា
08/11/2017
RFI

media
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទង់​គណបក្ស​បក្ស​និង​ទង់​ជាតិ​ខ្មែរ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​កន្លង​មក (REUTERS)


តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​៤៣​រូប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ពុធ​នេះ ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រងការ​ គម្រាមជា​រៀងរាល់​ថ្ងៃ ថា​នឹងត្រូវ​​រំលាយ​ចោល​ក៏​ដោយ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក៏​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះ​លែង​លោក កឹម សុខា ដែល​ជា​ប្រធាន​បក្ស ព្រម​ទាំង​អ្នក​នយោបាយ​ដទៃ​ទៀត​ផង​ដែរ​។

សេចក្ដី​ថ្លែងការណ៍​កម្រាស់​៤​ទំព័រ​របស់​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​នូវ​ឧត្តម​គតិ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ។ ប្ដេជ្ញា​រក្សា​ការពារ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹម សុខា ជា​ប្រធាន​បក្ស អម​ដោយ​អនុ​ប្រធាន​៣​រូប គឺ​លោក ប៉ុល ហំម, លោក​ស្រី មួរ សុខហួរ, និង​លោក អេង ឆៃអ៊ាង ខណៈ​លោក សុន ឆ័យ នៅ​តែ​រក្សា​តំណែង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល​។

ក្រៅ​ពី​នោះ ក៏​មាន​ផង​ដែរ ការ​​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ហើយ​បញ្ឈប់​ការ​គំរាម​កំហែង​បំភិត​បំភ័យលើ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ព្រម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​និង​សកម្មជន​ដីធ្លី បរិស្ថាន​ដទៃ​ទៀត​។ លើស​ពីនេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​ក៏​ទាមទារ ​ឲ្យ​រដ្ឋ​អំណាច​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន​ប្រជារាស្ត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ច្បាប់​ជាតិ​និង​អន្ដរជាតិ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​។ អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បញ្ជាក់​ពី​ជំហរ​របស់​ខ្លួនទៀត​ថា សង្គ្រោះ​ជាតិ​នៅ​តែ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ ហើយ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល តំណាង​រាស្ត្រ​៤៣​រូប​របស់​បក្ស​ប្រឆាំង​រួម​មាន​ទាំង​លោក ម៉ៅ មុនីវណ្ណ ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​ក្បត់​បក្ស​ផង បានបន្ត​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​​និង​សមាជិក​របស់​ខ្លួន​គ្រប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេស រក្សា​ជំហរ​របស់​ខ្លួន។ ពោល​គឺ​ បក្ស​ប្រឆាំង ចង់​ឲ្យ​ម្នាក់​ៗ​ត្រូវ​ស្មោះ​ត្រង់ កុំ​ជឿ​តាម​ការ​ឃោសនា​របស់​បក្ស​ផ្សេង ឲ្យ​ក្បត់​ឧត្តម​គតិ និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែល​បោះ​ឆ្នោតឲ្យ​។

សម្រាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដរាប​ណា​សមាជិក​បក្ស​ទាំង​អស់​នៅ​តែ​រក្សា​ជំហរ​រឹង​មាំ នោះ​ស្ថានការណ៍​នយោបាយ​នឹង​ធូរ​ស្រាល​ឡើង​វិញ បន្ទាប់​ពីមាន​អន្តរាគមន៍​ដ៏​ខ្លាំងក្លា​ពី​សហគមន៍​អន្ដរជាតិ។ ការ​អន្តរាគមន៍​ពី​សហគមន៍​អន្ដរជាតិ ដែល​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​ការ​ទាមទារ​ទាំង​អម្បាលម៉ាន​របស់​ខ្លួន បាន​សម្រេច​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​៕

What Next?

Related Articles

One Response to "តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស"

  1. people says:

    Bravo’ all brothers&sisters’we must fight with the communist ‘ . The communist or dictator never good to people ‘and we have been through already ‘ we lost 3 million and lost land,sea area and now we lost our right’ and living in the un-justice ‘like we living in the cage of veitcong mafia dictator .Cambodian people must get out from thid beast regime and slave of mafia group. GOD bless all cambodian people’

Leave a Reply

Submit Comment