សកម្មជន​អន្តរជាតិ​ថា​ដល់​ពេល​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ហើយ

នយោបាយ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍ទៅ នៅពេលដែលលោកបានចូលរួមពិធីសម្ពោធស្ពានថ្មីមួយនៅក្បែរខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។


09 វិច្ឆិកា 2017
ម៉ែន គឹមសេង
វីអូអេខ្មែរ

អ្នក​ជំនាញ​នានា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ជាថ្មី​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជា​វិធានការ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​បាន​នាំ​មក​ឱ្យ​ពលរដ្ឋ​កម្ពុជា​កាលពី​២៦​ឆ្នាំ​មុន។

នៅក្នុង​ចំណោម​ទណ្ឌកម្ម​ដែល​បាន​ស្នើ​ឡើង​ ​រួម​មាន​ការធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ឯកា ​ការ​ហាមឃាត់​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ណា​ដែល​ធ្វើ​ឱ្យ​ខូច​ដំណើរការ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការ​តាម​ស៊ើបអង្កេត​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

ការ​អំពាវនាវ​នេះ​កើតឡើង​ ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​កាន់​អំណាច​ដាក់​សម្ពាធ​លើ​គណបក្សប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង​ឡើងៗ​ ដែល​ក្នុង​នោះតុលាការ​កម្ពុជា​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និងការចាប់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជាដើម។

លោក​ ចន ស៊ីពតុន​ នាយក​ទទួល​បន្ទុក​ខាង​ការ​តស៊ូ​មតិ​ប្រចាំ​ទ្វីប​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​បាន​បញ្ជាក់​ប្រាប់​ដល់​អ្នក​ចូលរួម​ស្តាប់​នៅ​ឯ​វេទិកា​ពិភាក្សា​នៅ​មូលនិធិ​បេតិកភណ្ឌ ​កាលពី​ថ្ងៃ​អង្គារ ​ថា​ស្ថានភាព​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​«គួរ​ឱ្យ​ខ្លាច​ជាង​ពេល​មុនខ្លាំង​ណាស់‍»ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​ទាមទារ​ឱ្យ​មាន​ចំណាត់ការ​រួម​ជា​បន្ទាន់​ពី​សហគមន៍​អន្តរជាតិ។

លោក​បាន​បន្ថែម​ថា៖

«យើងត្រូវ​គិត​ពី​យុទ្ធសាស្រ្ត​ដ៏ធំ​ក្នុង​ការ​ធ្វើ​ឱ្យលោក​ ហ៊ុន សែន​ នៅឯកា​ទាំងនៅ​លើ​ពិភពលោក​ និង​ក្នុងប្រទេស​កម្ពុជា​ និង​សូម្បី​តែ​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង​ដោយ​ដាក់លោក ​ហ៊ុន​ សែន​ ​ឱ្យ​នៅ​ឯកា​ជា​មនុស្ស​ក្រៅ​សង្គម ​ដោយ​ធ្វើ​ឱ្យ​គាត់​នៅ​ឯកា​ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​គ្រប់​ផ្នែក​ ដោយ​ឱ្យ​គាត់​នៅ​តែ​ជាបុគ្គល​ម្នាក់ឯង‍»។​


លោកស្រី ​អូលីវៀ អេណូស​ អ្នក​វិភាគ​គោលនយោបាយ​នៃ​មូលនិធិ​បេតិកភណ្ឌ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន បាន​បន្ថែម​ថា ការ​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​ គឺជា​ជម្រើស​ដំបូង​ដែល​ត្រូវ​យក​មក​ប្រើជា​ទណ្ឌកម្ម​ ​ហើយ​សម្រាប់រយៈ​ពេល​យូរ​គឺ​ត្រូវមាន​ក្រុម​ការងារ​ទាក់ទិន​នឹង​បញ្ហា​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​ការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ​

លោកស្រី​បន្ថែម​ថា៖

«សភាជាតិ​បាននាំ​មុខក្នុង​ការដាក់​បម្រាម​ទិដ្ឋាការ​ដោយ​ធ្វើសេចក្តីព្រាង​ច្បាប់​ស្តី​ពី​ប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រៅ​ប្រទេស​មាន​បញ្ចូល​ចំណុច​នេះ​ហើយ។ សេចក្តី​ព្រាងច្បាប់​នេះ កំពុង​ត្រូវ​គេ​យក​មកពិចារណា​ដើម្បី​ដាក់​បម្រាម​ទិដ្ឋាការ ​និង​ការធ្វើ​ដំណើរ​ដទៃទៀត​ ក៏​ដូចជា​ការ​រឹតបន្តឹង​ផ្នែក​ផ្សេង​ទៀត​លើ​មន្ត្រី​កម្ពុជា។ នេះ​គឺជា​ផ្នែក​មួយ​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ​ អាច​គាំទ្រ​បាន​ហើយ​ជំរុញ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​‍»។

​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កម្ពុជា​ បិទ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​របស់​វិទ្យុអាស៊ីសេរី​ និង​វីអូអេ ​ទារពន្ធដា​ហួស​ហេតុលើ​កាសែត​ The Cambodia Daily​ដែលនាំ​ឱ្យ​សារព័ត៌មាន​នេះ​ត្រូវ​បិទទ្វារ ​និង​ផ្អាក​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

រីឯ​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូលទៅ​ចាប់​ខ្លួនទាំងកណ្តាល​យប់​កាលពី​ដើមខែ​កញ្ញា​ យក​ទៅដាក់​ពន្ធនាគារ ហើយ​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិដោយ​សង្ស័យ​ថា​ បាន​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​។

​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ក៏បាន​បង្កើន​វោហាសាស្រ្ត​វាយ​ប្រហារ​មកលើ​សហរដ្ឋ​អាមេរិក​ ក្នុង​ខណៈពេល​ដែល​បង្ហាញ​ភាព​ទន់ភ្លន់​ជាមួយ​នឹង​ប្រទេស​ចិន។

លោក​ រែនឌី ស្រាយវើ ​ប្រធាន​និងជា​នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គម្រោង​2049 ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​អាស៊ី បាន​បញ្ជាក់​ថា​ ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​ប្រទេស​កម្ពុជា​«មាន​សារៈសំខាន់​ណាស់​សម្រាប់​សហរដ្ឋ​អាមេរិក​ គឺ​មិនមែន​តែ​សម្រាប់​ពលរដ្ឋ​កម្ពុជា‍»ទេ​ ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​ដល់​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​កម្ពុជា​ និង​ប្រទេសក្នុងតំបន់​ផងដែរ ​ដោយសារតែ​ទំនាក់​ទំនងរបស់​កម្ពុជាជាមួយ​នឹង​ប្រទេស​ចិន និង​ការ​គាំទ្រ​ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

លោក​ ស្រាយវើ​ ដែល​នឹង​ត្រូវ​ទទួល​តំណែង​ជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា​ ដរាបណា​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ធ្លាប់​តែ​មិន​លូកដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​បង្ហាញ​ជំហរ​ចូល​ក្នុង​នយោបាយ​ប្រទេស​ណាមួយ​ គឺ​មាន​គ្រោះថ្នាក់។

លោក​បានបន្ថែម​ថា៖

«នៅ​ពេលណា​ដែល​ប្រទេស​ចិន​ចូល​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​នៅក្នុង​កិច្ចការ​នយោបាយ​របស់​កម្ពុជា​គឺ​តាម​ធម្មតា​មិនមែន​ជា​រឿង​វិជ្ជមាន​ទេ។ ការពិត​នោះ​គឺ​ប្រវត្តិសាស្រ្ត​បង្ហាញ​លក្ខណៈ​ខ្លោចផ្សារ​ដែល​ក្នុង​នោះ​រួមមាន​ការគាំទ្រ​របស់​ប្រទេស​ចិន​មកលើ​របប​ខ្មែរ​ក្រហម​ដែល​មាន​លក្ខណៈ​ខ្លោចផ្សារ​ជាង​គេ​បង្អស់‍»។ ​

កញ្ញា​ កឹម មនោវិទ្យា​ អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​វេទិកា​ពិភាក្សា​ដែលផ្តោត​លើ​«ការ​ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​ខុស​ត្រូវ​ក្រោយពី​ការធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រ​ជាធិបតេយ្យ‍» ​បាន​ប្រាប់​ដល់​អ្នក​ចូលរួម​ស្តាប់​ថា​ ការណ៍​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ហ៊ាន​ធ្វើ​ដូចនេះ​ ដោយ​សារ​តែ​លោក​គិត​ថា​ ពិភពលោក​លែង​ចាប់​អារម្មណ៍នឹងប្រទេស​កម្ពុជា​ ហើយ​ថា​គ្មាន​ប្រទេស​ណា​នឹង​ចាត់​ការអ្វី​ទៀត​ទេ​ ប្រសិនបើ​គាត់​ធ្វើ​ដូចនេះ។

ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​បាន​បញ្ជូន​សារ​ដ៏គួរ​ឱ្យ​ភ័យខ្លាច​ដល់​អ្នក​បោះឆ្នោត​ ដែល​ចង់​ផ្លាស់ប្តូរ​ថា​អ្វីៗ​ គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​រដ្ឋាភិបាល ​ហើយ​សហគមន៍​អន្តរជាតិ​មិន​អាច​ធ្វើអ្វី​បាន​ទេ។ នេះ​បើ​តាមការ​បញ្ជាក់​របស់​កញ្ញា​ កឹម មនោវិទ្យា។

រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​នៃ​នាយកដ្ឋានទំនាក់ទំនងសាធារណៈ របស់គណបក្សសង្រ្គោះ​ជាតិ​និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា ​នៅ​ការិយាល័យ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ច័ន្ទ​ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​នៃ​នាយកដ្ឋានទំនាក់ទំនងសាធារណៈ របស់គណបក្សសង្រ្គោះ​ជាតិ​និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា ​នៅ​ការិយាល័យ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ច័ន្ទ​ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។


គណបក្ស​ប្រឆាំង​យល់​ថា​ សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ពេល​ច្រើន​ខ្លាំង​ពេក​រង់ចាំ​មើល​ស្ថានការណ៍​អ្វី​ដែល​នឹង​កើត​មានឡើង​ ហើយ​ទើប​បញ្ចេញ​ប្រតិកម្ម​តាម​ក្រោយ។

កញ្ញា កឹម មនោវិទ្យា​ បន្ថែម​ថា ​យុទ្ធសាស្រ្ត​ដ៏ល្អ​គឺ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ចាត់​ការ​មុន​ជាជាង​រង់ចាំ​ ពីព្រោះ​ខ្លួន​មាន​ឥទ្ធិពល​ និង​កម្លាំង​គ្រប់​គ្រាន់​ក្នុងការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

«នៅ​រាល់​ពេល​ដែល​សហគមន៍​អន្តរជាតិ​ឈរ​នៅ​ខាង​ចលនា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​ប្រសិទ្ធភាព។ ជា​ឧទាហរណ៍​កាលពី​ឆ្នាំមុន​ ពេល​ដែល​លោក កឹម សុខា​ ជាប់​នៅក្នុង​ការឃុំឃាំង​នៅក្នុង​ការិយាល័យ​អស់​រយៈពេល​៦ខែ​ គឺ​សហគមន៍​អន្តរជាតិ​ជា​អ្នក​ជួយដោះ​លែង​គាត់​មក​វិញ។ សម្ពាធ​អន្តរជាតិ​មាន​ប្រសិទ្ធភាព​ នៅពេល​ណា​ដែល​សហគមន៍​អន្តរជាតិ​ធ្វើ​សកម្មភាព ​ប៉ុន្តែ​កត្តា​សំខាន់​គឺ​ពេលវេលា។ យើង​ជិត​អស់ពេល​ហើយ ​ប្រសិន​បើ​មិនមាន​សកម្ម​ភាព​អ្វីទេ​នៅ​ចុង​ខែ​នេះ​ ក្នុង​ការ​បង្វែរ​ស្ថានការណ៍​ទេ​គឺ​យឺត​ពេល​ហើយ។ នៅពេលនោះ​គឺ​សហគមន៍ អន្តរជាតិ​ត្រូវ​បន្ទោស​ខ្លួនឯង ​ចំពោះ​ការ​ប្រើ​យុទ្ធសាស្រ្ត​រង់ចាំ​មើល​នេះ​ហើយ‍»។​

យ៉ាងណា​ក៏ដោយ​ លោក វ៉លធឺ ឡូមែន ​នាយក​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អាស៊ីនៃមូលនិធិ​បេតិកភណ្ឌ​ បាន​ចោទ​ជា​សំណួរឡើងថា ប្រសិន​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំង​ តើ​គណបក្ស​ប្រឆាំង​អាច​នឹង​សហការ​បាន​យូរ​ទេ​ ​ដោយសារ​ក្នុង​ពេល​កន្លង​មក​គណបក្ស​សង្គ្រោះជាតិ​បាន​ងាក​មក​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​បញ្ឈប់​ការតវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោតជាតិឆ្នាំ​២០១៣។ ក្នុងពេលនោះបាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​នេះ​ជាច្រើន​ខក​ចិត្ត ​ហើយអង្គការអន្តរជាតិ​មួយ​ចំនួន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ក៏​ឈឺចាប់​ផងដែរ។

កញ្ញា​ កឹម មនោវិទ្យា ​បាន​បញ្ជាក់​ថា៖

«លោក​ត្រូវ​យល់​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លក្ខណៈ​សាំញ៉ាំ។ វា​គឺជា​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ចំនួន​ពីរ ​ហើយ​ការ​សម្រេច​ចិត្ត​មិន​ធ្វើ​ឡើង​ដោយ​បុគ្គល​តែ​ម្នាក់​ទេ​ គឺ​យើង​ធ្វើ​ឡើង​ក្នុង​រូបភាព​ជា​ការ​ឯកភាព​គ្នា​រវាង​មនុស្ស​ដែល​មាន​គំនិត​ខុសៗ​គ្នា។ ប៉ុន្តែ​ជួនកាល​គំនិត​របស់​មនុស្ស​ម្នាក់​ក៏​បាន​ក្លាយ​ជា​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​នោះ​ផងដែរ។ ខ្ញុំ​គិត​ថា ​នោះគឺ​ជា​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​ពេលនោះ ហើយ​នោះ ​មិនមែន​ជាអ្វី​ដែល​លោក កឹម សុខា​ គាំទ្រ​ទេ‍»។​

តុលាការ​កំពូល​គ្រោង​នឹង​បើកសវនាការ​នៅថ្ងៃទី​១៦ ​ខែវិច្ឆិកា​ ដើម្បី​សម្រេច​លើ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បង្ហាញ​នូវ​ការជឿ​ជាក់ថា​ គណបក្ស​ប្រឆាំង​នេះ​នឹង​រលាយ ​ហើយ​លោក​បាន​អំពាវនាវ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ និង​អ្នកតំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ដើម្បី​រក្សា​តំណែង​របស់​ពួកគេ។

ក្នុង​ពេល​កន្លង​មក​នេះ ​ស្ថាប័ន​សភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​សម្តែងការ​ជំទាស់​ខ្លាំងៗ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​ Ted Cruz ​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ បាន​ស្នើ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ កឹម សុខាត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ​ បើ​មិន​ដូច្នេះ​នឹង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក៕

What Next?

Recent Articles

3 Responses to "សកម្មជន​អន្តរជាតិ​ថា​ដល់​ពេល​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ហើយ"

  1. Anonymous says:

    Hun Sen must go down to the ground🇺🇸🇺🇸🇺🇸🐘🐴🇺🇸🇺🇸🇺🇸

  2. Anonymous says:

    One by one, we will take them to justice at international Criminal court ICC. Sadam Hun Sen
    👊😜😜👊 and your allies. May God continue to bless Cambodia,🎁🎁🎁🌲🌲🌲.

  3. Anonymous says:

    Il faut interdire la famille Hun Sen de voyager à l’étranger !

Leave a Reply

Submit Comment