អតីត​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ហៅ​លោក ហ៊ុន សែន ថា​ជា​ស្ដេច​ពូកែ​ខាង​កម្ទេច

ដោយ ទីន ហ្សាការីយ៉ា
2017-11-09
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ Photo: RFA
លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ Photo: RFA


សម្ភាស​ព្រឹទ្ធាចារ្យ លឺ ឡាយ​ស្រេង​ អំពី​ប្រវត្តិ​ការងារ​កាល​នៅ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា


អតីត​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏​ជិតស្និទ្ធ​បាន​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​ប្រើប្រាស់​ល្បិច​កម្ទេច​អ្នក​ដទៃ​ត​ទៅ​ទៀត ដើម្បី​រស់​បាន​សុខ​ទៅ​ថ្ងៃ​មុខ។ ក្រៅ​ពី​នេះ លោក​ក៏​រិះគន់​អតីត​ប្រធាន​គណបក្ស​របស់​លោក គឺ​ទ្រង់ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ជា​មនុស្ស​រមិលគុណ លោភលន់ ត្រូវការ​តែ​លុយ​កាក់។

​អ្នក​នយោបាយ​ចាស់​វង្សា លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បាន​ចេញ​មុខ​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​ជា​ថ្មី​ទៀត​ថា លោក ហ៊ុន សែន គឺ​ជា​មនុស្ស​ក្ដោបក្ដាប់​អំណាច​បង្កើត​ឲ្យ​មាន​តុលាការ ៤​ជាន់​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ស្ថាប័ន​ជាតិ​៣ បែង​ចែក​ដាក់​ពី​គ្នា គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ​នោះ។

​លោក លឺ ឡាយស្រេង បាន​រិះគន់​លោក ហ៊ុន សែន នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ធ្ងន់ៗ​ថា លោក ហ៊ុន សែន គឺ​ជា​អ្នក​នយោបាយ​ពូកែ​ខាង​កម្ទេច​គូប្រកួត​ដោយ​លោក​បាន​លើក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ឧទាហរណ៍​ស្រាប់។ ក្រៅ​ពី​នេះ លោក លឺ ឡាយស្រេង បាន​ហៅ​លោក ហ៊ុន សែន ថា​ជា​ស្ដេច​កំពូល​កម្ទេច​ទៀត​ផង៖ «»។

ការ​ចេញ​មុខ​រិះគន់​លោក ហ៊ុន សែន របស់​អតីត​អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បបួល​គេ​ភ្នាល់​ជាមួយ​លោក ១០០ ស៊ី​តែ ១​ទេ បើសិនជា​​តុលាការ​កំពូល​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នោះ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​ទទូច​អង្វរ​ឲ្យ​សមាជិក​គណបក្ស​ប្រឆាំង​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក​ទៀត​ដែរ៖ «»។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ក៏​រំលឹក​អំពី​ប្រវត្តិ​ដ៏​ចូរ​ចត់​តស៊ូ​នៅ​ក្នុង​ព្រៃ​ដើម្បី​ការពារ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច រហូត​ដល់​រៀបចំ​ចូល​ប្រកួតប្រជែង​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជោគជ័យ​កាល​ពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ទៀត​ផង។ ក៏ប៉ុន្តែ​លោក​សម្ដែង​ការ​សោកស្ដាយ​ក្រោយ​ពី​ទទួល​បាន​ជ័យជំនះ ហើយ​ដឹកនាំ​រដ្ឋាភិបាល តែ​បែរ​ជា​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ភ្លេច​អ្នក​តស៊ូ ហើយ​ទទួល​សំណូក​សូកប៉ាន់​ក្នុង​ការ​ផ្ដល់​តួនាទី​ជូន​មន្ត្រី​មាន​លុយ​កាក់ រី​ឯ​អ្នក​តស៊ូ​បាន​ត្រឹម​តួនាទី​តូចតាច​ដែល​លោក​ហៅ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថា​ជា​មនុស្ស​រមិលគុណ៖ «»។

​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ចំពោះ​លោក ហ៊ុន សែន វិញ លោក លឺ ឡាយស្រេង លើក​ឡើង​ថា ជា​មនុស្ស​ទទួល​សំណូក​ពី​មន្ត្រី​របស់​ខ្លួន​មិន​ខុស​ពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឡើយ។ លោក​ទាំង​ពីរ​ជា​មនុស្ស​រមិល​គុណ​ដូច​គ្នា។ ចំពោះ​លោក ហ៊ុន សែន វិញ លោក ញឹក ប៊ុនឆៃ សុខ​ចិត្ត​ក្បត់​បក្ស​របស់​ខ្លួន​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ហ្វ៊ុនស៊ិនប៉ិច បែក​បាក់ ចុះ​ខ្សោយ ទីបំផុត​ចាប់​លោក ញឹក ប៊ុនឆៃ ញាត់​គុក។

ក្រៅ​ពី​នេះ​ទៀត លោក​បាន​ចំអក​ឲ្យ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ថា មិន​ចេះ​រក្សា​អំណាច​របស់​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​បាន​គង់វង្ស តែ​បែរ​ជា​មក​ចង់​ដណ្ដើម​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឥត​អៀនខ្មាស​នៅ​ពេល​នេះ​ទៅ​វិញ៖ «»។

​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។ ក៏ប៉ុន្តែ​លោក សុខ ឥសាន ធ្លាប់​បាន​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​គឺ​ជា​ការអនុវត្ត​ច្បាប់​ពង្រឹង​នីតិរដ្ឋ ហើយ​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្បត់​ជាតិ​ជាដើម។

ទោះ​បី​ជា​បែប​ណា​ក៏ដោយ លោក​ព្រឹទ្ធាចារ្យ​ព្រមាន​ថា បើ​លោក ហ៊ុន សែន មិន​បញ្ឈប់​នូវ​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ លោក ហ៊ុន សែន នឹង​ប្រឈម​ការ​អន្តរាយ​ដោយ​ខ្លួន​ឯង ព្រោះ​ថា លោក ហ៊ុន សែន នឹង​ទទួល​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​គ្រប់​ទិសទី និង​រង​សម្ពាធ​ពី​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន ព្រោះ​ថា គណបក្ស​កាន់​អំណាច​ក៏​មាន​បក្សពួក​ពីរ​ដែរ គឺ​បក្សពួក​របស់​លោក ហ៊ុន សែន និង​បក្សពួក​របស់​លោក ស ខេង ដែល​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ដទៃ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment