Ted Cruz បន្ត​ព្រមាន​ថា មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោយ​បោះ​ឆ្នោត បើ​មិន​ដោះ​លែង​លោក កឹម សុខា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​តិចសាស លោក​ លោក​ ថេត គ្រូហ្ស (Ted Cruz)​ (រូបភាពពី Washington Examiner)


សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់​របស់​អាមេរិក បាន​អះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងមិនទទួលស្គាល់​រដ្ឋាភិបាល​ដែល​កើតឡើង​ក្រោយការបោះឆ្នោតនៅឆ្នាំក្រោយទេ ប្រសិនបើគ្មានការដោះលែង លោក កឹម សុខា នៅថ្ងៃទី០៩ វិច្ឆិកានេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» និង​ថា បាន​ឃុបឃិត​ជាមួយ​អាមេរិក ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក Ted Cruz ដែល​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន​នោះ បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ និង​បាន​ទាម​ទារ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​នេះ។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រូប​នេះ បាន​ទាមទារ​ឲ្យ​បាន​ការ​ដោះ​លែង​លោក កឹម សុខា តាម​រយៈ​លិខិត​មួយ​ ដែល​លោក​បាន​ផ្ញើ​ទៅ​កាន់​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​កន្លង​មក​នេះ។

ជា​ការ​ឆ្លើយ​តប​ អគ្គរាជ​ទូត​កម្ពុជា​ប្រចាំរដ្ឋ​ធានី​វ៉ាស៊ីងតោន លោក ជុំ ប៊ុនរ៉ុង បាន​ប្រាប់​ទៅ​នឹង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រូប​នេះ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​សន្តិសុខ ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។

ទោះជាយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធម្សិលមិញ សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz ហៅការបកស្រាយបែបនេះថា គ្មានខ្លឹមសារ និងមិនអាចទទួលយកបានទាល់តែសោះ។

លោកយល់ថា រដ្ឋាភិបាលកម្ពុជាកំពុងគេចវេសពីការទទួលខុសត្រូវ តាមបែបប្រជាធិបតេយ្យ និងផ្ទុយពីកិច្ចខិតខំប្រឹងប្រែង​របស់សហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប ដែលខ្នះខ្នែងជួយកម្ពុជា តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ មក។

ក្នុងសេចក្ដីថ្លែងការណ៍​ដដែល​នោះ លោក Ted Cruz បាន​ព្រមានជា​ថ្មីថា ប្រសិនបើលក្ខខណ្ឌមួយចំនួន មិនត្រូវបានបំពេញ ដោយរួមមាន ការដោះលែងលោក កឹម សុខា និងបញ្ឈប់ចេតនាចង់​រំលាយគណបក្សប្រឆាំងនៅមុនការបោះឆ្នោតទេនោះ លោកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់​ខ្លួន នឹងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងការបោះឆ្នោតនៅឆ្នាំ២០១៨ ថា មានភាពត្រឹមត្រូវ​ និងស្របច្បាប់នោះទេ។

បើតាមសេចក្ដីថ្លែងការណ៍ លោក Ted Cruz មានប្រសាសន៍ថា៖ «នៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍នេះ) ជាថ្ងៃចុងក្រោយ ដែលពលរដ្ឋកម្ពុជា អាចចុះឈ្មោះ​សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានបំពេញ រួមមាន ការដោះលែង​លោក កឹម សុខា ការអនុញ្ញាតឲ្យស្ថាននីយ៍វិទ្យុ អាចផ្សាយឡើងវិញ​ដោយសេរី និងអនុញ្ញាតឲ្យអង្គការ ធ្វើការផ្នែកប្រជាធិបតេយ្យ ដំណើរការ​ក្នុងប្រទេសកម្ពុជាទេនោះ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នឹងមិនអាចទទួលស្គាល់​ភាពស្របច្បាប់​នៃការបោះឆ្នោតទាំងនេះនោះទេ»។

ជាង​នេះ​ទៅ​ទៀត លោក Ted Cruz បាន​ព្រមាន​ថា រូប​លោក និងសមាជិក​ព្រឹទ្ធ​សភា​អាមេរិក​​ដទៃ​ទៀត មាន​លោក John McCain លោក Robert Phillips Corker Jr. នឹងជំរុញទៅ​រដ្ឋការប្រធានាធិបតី​ ដូណាស់ ត្រាំ ឲ្យពិចារណាទណ្ឌកម្មលើមន្ដ្រីកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនេះ ដោយហាមពួកគេ មិនឲ្យទៅជាន់ដីសហរដ្ឋអាមេរិកបន្ដទៀត។

បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា និងការព្រមានរំលាយគណបក្សប្រឆាំង មុនការបោះឆ្នោតនោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលរងការថ្កោលទោសជាបន្ដបន្ទាប់​ពីសហគមន៍អន្ដរជាតិ ដោយពួកគេយល់ថា កម្ពុជាកំពុងឆ្ពោះទៅរកការដឹកនាំបែបផ្ដាច់ការ និងកាន់តែឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

2 Responses to "Ted Cruz បន្ត​ព្រមាន​ថា មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោយ​បោះ​ឆ្នោត បើ​មិន​ដោះ​លែង​លោក កឹម សុខា"

  1. xxx says:

    អត់បានជាការអីទាល់តែសោះហើយ

  2. ?? says:

    let see what will you do to your country and what your country will do to you . last change Mr (O_o)

Leave a Reply

Submit Comment