បទវិភាគ៖ តើ​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចុះ​ចូល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា?

ដោយ ជុន ច័ន្ទបុត្រ
2017-11-09
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


បទវិភាគ៖ តើមន្ត្រីបក្សប្រឆាំងព្រមចុះចូលតាមការអំពាវនាវរបស់ លោក ហ៊ុន សែន ឬទេ?


អតីត​កម្មាភិបាល​ខ្មែរក្រហម ហើយ​ដែល​ឡើង​កាន់​អំណាច​ដោយ​ការ​លើក​បន្តុប​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ លោក ហ៊ុន សែន បាន​បោះពួយ​គំរាមកំហែង​ផង និង​អំពាវនាវ​ផង​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​លំដាប់​ថ្នាក់​ចុះ​ចូល​ជាមួយ​នឹង​លោក។ មេដឹកនាំ​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​យូរ​ជាង​គេ​ក្នុង​ពិភពលោក​រូប​នេះ ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា តុលាការ​កំពូល​នឹង​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ហាម​មិន​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​ទៀត​ផង។

​តើ​ការ​ការ​ខិតខំ​គ្រប់​វិធី​របស់​លោក ហ៊ុន សែន ក្នុង​ការ​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​មក​រួម​រស់​ក្រោម​ទង់​ទេវតា​របស់​លោក​នោះ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ដែរ?

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដក​សិទ្ធិ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​នេះ លែង​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក ហ៊ុន សែន។

​បើ​ទោះ​ជា​បី​ជា​ច្បាប់​ចែង​ថា អំណាច​ទាំង​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏ដោយ ក៏​លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ថា តុលាការ​ផុត​លេខ​មួយ​នេះ នឹង​ចេញ​សាលដីកា​សម្រេច​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដោយ​ជៀស​ពុំ​រួច។ លោក​ហ៊ាន​អះអាង​បែប​នេះ​ដោយ​សំអាង​ថា ក្រសួង​មហាផ្ទៃ មាន​មេធាវី មាន​ភស្តុតាង​គ្រប់គ្រាន់ បញ្ជាក់​ពី​ទោសកំហុស​បក្ស​សង្គ្រោះ​ជាតិ ដែល​សមតែ​នឹង​រលាយ។

ក្នុង​នាម​ជា​មេដឹកនាំ​រដ្ឋាភិបាល​ផុត​កំពូល លោក​ថែម​ទាំង​ជំរុញ​អោយ​ពលរដ្ឋ​លេងល្បែង​ភ្នាល់​គ្នា “ចាក់​មួយ​សង​មួយ​រយ” ហើយ​លោក​ជា​អ្នក​ចេញ​លុយ​ផង ក្នុង​ការ​ភ្នាល់​គ្នា ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ ឬ​មិន​រំលាយ ដោយ​លោក​ចាក់​ខាង​រំលាយ​ទៀត​ផង។

ប្រសិនបើ​ពលរដ្ឋ​ផ្អើល​នាំគ្នា​ភ្នាល់​ល្បែង​រំលាយ​គណបក្ស​ប្រឆាំង ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ តាម​ការ​ពន្យុះ​របស់​លោក ហ៊ុន សែន មែន​នោះ អ្នក​ដែល​ចូល​លេង​ភាគ​ច្រើន ច្រើន​តែ​ខូច​បង់ទ្រព្យ​សម្បត្តិ និង​អបយស​ពុំខាន។ តាម​គំរូ​ដែល​ធ្លាប់​មាន​ពី​មុន​មក អ្នក​ដែល​ចូល​លេងល្បែង​ជាមួយ​លោក ហ៊ុន សែន មិន​ដែល​ឈ្នះ​ទេ ដ្បិត​គឺ​លោក ហ៊ុន សែន ខ្លួន​ឯង​តែម្តង​ដែល​ជា​អ្នកបង្កើត​លក្ខខណ្ឌ​ក្នុង​ការ​លេងល្បែង​នេះ​ផង ជា​មេ​ស៊ីសង​ផង ហើយ​ជួនកាល លោក​ក៏​ដើរតួ​ជា​អ្នក​បង្ក្រាប​ល្បែង​ផង។ ល្បែង​ដែល​មាន លោក ហ៊ុន សែន ជា​មេ​ស៊ីសង​កន្លង​មក អ្នក​ចាក់​ខុស ក៏​លោក​ស៊ី អ្នក​ចាក់​ត្រូវ​ក៏​លោក​មិន​សង។

ថ្វីត្បិត​តែ​លោក​អាច​ស៊ី​រះ​ទាំង​ត្រូវ ឬ​ខុស ដោយ​រំលាយ​គណបក្ស​ប្រឆាំង តាម​ច្បាប់​កែប្រែ​ថ្មី​ដែល​លោក​បញ្ជា​អោយ​ធ្វើ​យ៉ាង​ណា​ក៏ដោយ​ចុះ លោក ហ៊ុន សែន ក៏​ហាក់​នៅ​ខិតខំ​រក​វិធី​ទន់ភ្លន់​និយាយ​បញ្ចុះបញ្ចូល​ថា លោក​អាណិត​អ្នក​បម្រើ​រាស្ត្រ ទើប​លោក​សម្រេច​បើក​ទ្វារ​បក្ស​របស់​ខ្លួន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចុះចូល​ដោយ​សន្យា​ថា នឹង​រក្សា​តំណែង​មិន​ឲ្យ​របូត​ឡើយ។ ​ក៏ប៉ុន្តែ​ប្រហែល​ជា​វិធីសាស្ត្រ​ទន់​ភ្លន់​អូសទាញ​របស់​លោក មិន​សូវ​ជា​បាន​ផល​ដូច​លោក​គ្រោង​ទុក​ហើយ បាន​ជា​ទីបំផុត​លោក​ក៏​បញ្ចេញ​ចរិត​ហ៊្សីន [ចរិត​ដើម] (Origin) ពី​កំណើត​របស់​លោក។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «គេ​អោយ​ខ្លួន​មាន​ឱកាស​ហើយ គេ​ដាក់​ជណ្ដើរ​អោយ​ខ្លួន​ឡើង​ហើយ ខ្លួន​មិន​ឡើង​ទេ ចុះ​នរក​ក៏​ចុះ​ទៅ! មិន​មក​ទេ​មុខ​ដូច​ម៉ែ​អញ​ហ្អេ!»

​ទោះជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​អំពាវនាវ​របស់​បុរស​ខ្លាំង​ឲ្យ​គេ​ចុះចូល​នេះ ជា​យុទ្ធសាស្ត្រ​ដែល​លោក​ធ្លាប់​ប្រើ​បាន​ជោគជ័យ​យ៉ាង​តិច​ណាស់​បី​បួន​ដង​រួច​ទៅ​ហើយ។ លើក​ទី​១ គឺ​ជា​ការ​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​ចូល​បន្ទាប់​ពី​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម ថ្ងៃ ៥-៦ កក្កដា ឆ្នាំ​១៩៩៧។ កាល​នោះ​លោក​បាន​លើក​អ្នក​ក្បត់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មួយ​ចំនួន​ធំ អោយ​កាន់​តំណែង​ច្រើន​ស្អេកស្កះ រាប់​ចាប់​តាំង​ពី​អនុរដ្ឋលេខាធិការ រហូត​ដល់​នាយករដ្ឋមន្ត្រី។

​លើក​ទី​២ ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កងទ័ព​ខ្មែរក្រហម វិល​ចូល​មក​រួម​រស់​ក្នុង​សង្គម​ជាតិ​វិញ ក្រោម​រូបភាព​រក្សា​តំណែង និង​តួនាទី​ដដែល។ ដោយ​ឯកោ​នៅ​ក្រៅ​ច្បាប់ និង​លែង​បាន​ទទួល​ជំនួយ​ពី​បរទេស​ផង​នោះ ខ្មែរ​ក្រហម​តំបន់​ប៉ៃលិន ដឹកនាំ​ដោយ​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម គឺ​លោក អៀង សារី បាន​ដឹកនាំ​កម្លាំង​រាប់​ពាន់​នាក់​ចុះចូល ដោយ​លោក ហ៊ុន សែន ទៅ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​អោយ​លើកលែងទោស ព្រមទាំង​ប្រគល់​តំបន់​ប៉ៃលិន ឲ្យ​គ្រប់គ្រង​ថែម​ទៀត។

លោក​ក៏​ធ្លាប់​រំលាយ​គណបក្ស​២​ផ្សង​ទៀត គឺ​គណបក្ស​ជាតិ​ខ្មែរ របស់​លោក សម រង្ស៊ី និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា (BLDP) របស់​លោកតា សឺន សាន ដោយ​ប្រើ​វិធី​ស្រដៀង​គ្នា​នេះ​ដែរ។

ទោះ​ជា​បែប​ណា​ក្តី ការ​អំពាវនាវ​លើក​នេះ ទំនង​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​លើក​មុន​នោះ​ទេ។ លោក ហ៊ុន សែន ខំ​អំពាវនាវ​ទាំង​ថ្ងៃ​បុណ្យទាន ឲ្យ​គេ​ចុះចូល ដោយ​លោក​និយាយ​រឹង​ផង ទន់​ផង អង្វរ​ផង សន្យា​ផ្ដល់​ក្តី​មេត្តា​ផង ប៉ុន្តែ​មាន​សកម្មជន និង​មន្ត្រី​ថ្នាក់​ក្រោម​របស់​សង្គ្រោះ​ជាតិ មិន​ដល់ ១០០​នាក់​ផង​ដែល​លោក​អូសទាញ​បាន​មក​ទល់​នឹង​ពេល​នេះ។ សំឡេង​ចុះចូល​នេះ​តិច​ណាស់ បើ​ធៀប​នឹង​សំឡេង​ឆ្នោត​ដែល​ពលរដ្ឋ​បោះ​ឲ្យ​បក្ស​ប្រឆាំង​ប្រមាណ​ជាង ៣​លាន​សន្លឹក។

មេ​បក្ស​កាន់​អំណាច​ថែម​ទាំង​អំពាវនាវ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដើម្បី​បើក​ផ្លូវ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចូល​រួម​ទៀត។ ប៉ុន្តែ​លទ្ធផល​គឺ​ស្ងាត់​ឈឹង ស្ងាត់​ទាល់តែ​មែន​ទែន។ គ្មាន​ទេ​ចលនា​ចូល​បក្ស​កាន់​អំណាច​ចេញ​ពី​បក្ស​ទាំង​ហ្វូងៗ ប៉ុន្តែ​មាន​ចលនា​នៅ​ស្ងៀម និង​ចលនា​ប្រឆាំង​តប​នឹង​ការ​អំពាវនាវ​នេះ​យ៉ាង​ខ្លាំង​ក្លា​ទៅ​វិញ។ ក្រៅ​ពី​នោះ មាន​មន្ត្រី​ថ្នាក់​ក្រោម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថ្កោលទោស​លិខិត​ក្លែងក្លាយ​មួយ​ចំនួន​ផង។

​ការណ៍​ដែល​មិន​សូវ​មាន​ចលនា​ចូល​បក្ស​កាន់អំណាច​ទាំង​ក្រុមៗ​នោះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ មាន​មូលហេតុ​មួយ​ចំនួន​បាន​បន្សាប​ទឹក​មាត់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​អំពាវនាវ​នេះ។

មូលហេតុ​ដំបូង គឺ​គំរូ​អ្នក​ជំនាន់​មុន​ដែល​ក្បត់​ម្ចាស់​ខ្លួន ក្បត់​ឆន្ទៈ​រាស្ត្រ​ទៅ​ចុះចូល​ជាមួយ​លោក ហ៊ុន សែន តែ​ចុង​ក្រោយ​លទ្ធផល​ភាគ​ច្រើន​ជាប់​គុក ឬ​ក៏​បាត់​ឈ្មោះ​បោះ​សំឡេង​អសោច​កេរ្តិ៍។

អតីត​នាយករដ្ឋមន្ត្រី​ទី​១ លោក អ៊ឹង ហ៊ួត មន្ត្រី​ជាន់​ខ្ពស់​ហ្វ៊ុនស៊ិនប៉ិច លោក ទន់ ចាយ លោក ឌួង ខែម លោក អ៊ុង ផន មិន​ត្រូវ​បាន​បក្ស​កាន់​អំណាច​ផ្ដល់​តំណែង​អ្វី​ទៀត​ទេ បន្ទាប់​ពី​បោះឆ្នោត​ឆ្នាំ​១៩៩៨ រួច។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អូសទាញ​មក​បម្រើ​ផលប្រយោជន៍​លោក​តែ​មួយ​ភ្លែត​ក៏​បោះបង់ចោល​ទៅ។

លោក ងួន សឿ អ្នក​បំបែក​គណបក្ស​ជាតិខ្មែរ របស់​លោក សម រង្ស៊ី បាត់​មុខ​ពី​ពិភព​គុន។ លោក ស៊ុត ឌីណា អតីត​យុវជន​បក្ស សម រង្ស៊ី ត្រូវ​បាន​ជាប់​គុក​ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ខណៈ​ដែល​អតីត​មេទ័ព​ដ៏​ល្បីល្បាញ និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ជាប់​គុក​ពី​បទ​ចោទ​ទាក់ទង​នឹង​គ្រឿងញៀន។

អ្នក​ដែល​ក្បត់​បក្ស ហើយ​ដែល​អាច​នៅ​មាន​វត្តមាន​ជាមួយ​លោក ហ៊ុន សែន មួយ​ចំនួន​តូច ក៏​លោក​អោយ​តំណែង​ត្រឹមតែ​ជា​សត្វ​សេក ឬ​ក៏​​ជា​តំណែង​ដែល​ចាំ​តែ​ទប់​ជើង​កៅអី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

​មូលហេតុ​បន្ទាប់​នោះ គឺ​និន្នាការ​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៦​លាន​នាក់​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ក្រុម​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ឧបករណ៍​សម្រាប់​រិះគន់​ទង្វើ​មិន​ត្រឹមត្រូវ​ទាំង​ឡាយ។ អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ចាំ​មើល​ថា​តើ​អ្នក​ណា​ចូល​បក្ស​កាន់​អំណាច នឹង​អាល​ជេរ​អ្នក​នោះ។ ដូច្នេះ​ហើយ បើទោះជា​មនុស្ស​ឆ្លៀត​ឱកាស​មួយ​ចំនួន​ចង់​ចុះចូល​ក៏​ពិបាក​នឹង​ហ៊ាន​ចេញ​មុខ​ចេញ​មាត់​ធំដុំ​នោះ​ដែរ។

កត្តា​ចុងក្រោយ គឺ​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​ខ្លួនឯង​តែម្តង។ គេ​អាច​នឹង​ពិបាក​ជឿ​ណាស់ ថា​តើ​ការសន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​ពិត ឬ​អត់? លោក​ធ្លាប់​សន្យា​ថា នឹង​កាត់​ក្បាល​ចោល បើសិនជា​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​មិន​បាន ប៉ុន្តែ​តាម​របាយការណ៍​ពី​សង្គម​ស៊ីវិល​នានា បង្ហាញ​ថា បទល្មើស​ព្រៃឈើ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ឈើ​ខ្មែរ​ក៏​ហិនហោច​លឿន​ទៅ​ទៀត។ លោក​ក៏​ប្រកាស​កម្ចាត់​គ្រឿងញៀន បោសសំអាត​អំពើ​ពុករលួយ និង​កែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​លទ្ធផល​នៅ​គ្មាន​កោះ​គ្មាន​ត្រើយ​សោះ។ អាជ្ញាធរ​គ្រឿងញៀន​បញ្ជាក់​ថា អ្នក​ប្រើ​គ្រឿងញៀន​កើន​ឡើង អង្គការ​តម្លាភាព​បង្ហាញ​ថា តួលេខ​ពុករលួយ​មិន​ប្រែប្រួល ខណៈ​ដែល​គណៈរដ្ឋមន្ត្រី​កាន់​តែ​មាន​ក្បាល​ធំ​ជាង​ខ្លួន។

សរុប​សេចក្ដី​ទៅ ផ្អែកលើ​គំរូ​អ្នក​មុន បូករួម​នឹង​ការ​ប្រព្រឹត្ត​កន្លង​ទៅ​របស់​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​ផង ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពេល​តុលាការ​កំពូល​សម្រេច​វាសនា​លើ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​រហូត​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨ ចលនា​ងាក​មក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ទំនង​ជា​នឹង​មិន​អាច​កើត​មាន​ធំដុំ​ទេ។ សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ប្រកាន់​ជំហរ​កណ្ដាល គឺ​រង់ចាំ​តែ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ លទ្ធផល​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នឹង​បង្ហាញ​កាន់​តែ​ច្បាស់​ថា ទង្វើ​ដែល​រាជរដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ស្រប​តាម​ឆន្ទៈ​រាស្ត្រ ឬ​ក៏​អត់?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "បទវិភាគ៖ តើ​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចុះ​ចូល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា?"

  1. 😈omen😈 says:

    បងប្អូនមហាជនខ្មែរសួមជ្រាបថា ហ៊ុន សែន កំពុងលេងទុកចិត្តមនុស្សមួយចំនួននៅក្នុងបក្សប្រជាជនហើយ!មានរឿងមួយដែលយើងទាំងអស់គ្នាគួរដឹង ហេតុអ្វីបានជា ហ៊ុន សែន ហ៊ានដាក់ជីវិត្តប្រសិនបើតុលាការមិនរំលាយបក្សប្រឆាំង?ឬមួយ ហ៊ុន សែន គឹតថាតុលាការអាចនៅក្នុងក្រុមមួយទៀតដែលមិនមែនជាក្រុមរបស់ខ្លួនទើប ហ៊ុន សែន ហ៊ានយកជីវិត្តរបស់ខ្លួនទៅដាក់សម្ពាតតុលាការដូច្នេះ?មានក្រុមមួយនៅក្នុងcppបានប្រាប់ទៅបរទេសថាបក្សប្រឆាំងនិងមិនត្រូវបានរំលាយទេព្រោះវាអាចខូចប្រយោជន៌ជាតិនិងប្រយោជន៌របស់ពួកគេ រឿងនេះធ្វើអោយ ហ៊ុន សែន ក្ដៅស្លឹកត្រចៀកនឹងលេងទុកចិត្តមនុស្សក្នុងបក្សខ្លួនទើប ហ៊ុន សែន ធ្វើអំពើផ្លែកៗនិងនិយាយបែបភ្លើៗ។

  2. ?? says:

    OMEN ..I think you are right because I knew there should not be all CPP members are that dump like HUN SEN. all I know HUN SEN is done in the nearest future please be preparing yourself as you know be for he die this guy may bleed some people blood to go along whit him. this time is more then ever our nation is in a great danger that no one can predate how bad can it be. I hop this major problem can solve peacefully without bloody. but you never know about this evil HUN SEN he used to bleed Cambodian blood he will not hesitate to bleed more blood be for he is going hell. GOD bless Cambodia

Leave a Reply

Submit Comment