សមាជិក​ព្រឹទ្ធសភា​អាមេរិក​នឹង​ចាប់​ផ្ដើម​ស្នើ​ទណ្ឌកម្ម​ដំបូង​ដោយ​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ដោយ មួង ណារ៉េត
2017-11-09
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។ Photo courtesy of cruz.senate.gov
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។ Photo courtesy of cruz.senate.gov


សមាជិក​ព្រឹទ្ធសភា​អាមេរិក បញ្ជាក់​សា​ជា​ថ្មី​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នឹង​រង​ទណ្ឌកម្ម​អាមេរិក ដោយសារ​មិន​ដោះលែង​លោក កឹម សុខា ត្រឹម​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​ឱសានវាទ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា វិញ ចាត់​ទុក​ការ​គំរាម​ដាក់ទណ្ឌកម្ម​បែប​នេះ ថា​ជា​ទណ្ឌកម្ម​ខ្យល់។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​កម្ពុជា ឡើង​វិញ ឲ្យ​បាន​ឆាប់ ព្រោះ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ពី​អាមេរិក និង​សហគមន៍​អន្តរជាតិ នឹង​ប៉ះពាល់​ខ្លាំង​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។

​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដ៏​មាន​ឥទ្ធិពល និង​ធ្លាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក បញ្ជាក់​ជំហរ​សា​ជា​ថ្មី ថា​លោក​នឹង​ធ្វើ​តាម​ការ​សន្យា​ក្នុង​ការ​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន សែន ក្រោយ​ពី​ឱសានវាទ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចូល​មក​ដល់។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​តប​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណៈ លោក ថិត គ្រូស (Ted CRUZ) អះអាង​ថា លោក​នឹង​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​សភា​អាមេរិក ដើម្បី​ចាត់​វិធានការ​ដំបូង​មួយ​សិន ដោយ​ផ្ដើម​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាក់លាក់​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ទណ្ឌកម្ម​ដំបូង​នេះ គឺ​ការ​ហាម​ប្រាម​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន សែន ទាំង​អស់​នោះ មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក។

​លោក ថិត គ្រូស បញ្ជាក់​បន្ថែម​ថា បើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​ព្រម​ឆ្លើយតប​ទៅ​តាម​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​ទៅ​តាម​ការ​ទាមទារ រួមមាន​ត្រូវ​ដោះលែង​លោក កឹម សុខា ត្រូវ​អនុញ្ញាត​ឲ្យ​វិទ្យុ​បើក​ការ​ផ្សាយ​របស់​ខ្លួន​ឡើង​វិញ និង​ត្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ បើក​ដំណើរការ​នៅ​កម្ពុជា វិញ​ដូច​ធម្មតា​ទេ​នោះ សហរដ្ឋអាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត នឹង​មិន​អាច​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​បាន​នោះ​ឡើយ។

ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​បិទ​ទិដ្ឋាការ ឬ​វីសា​នេះ​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ សុទ្ធតែ​ធ្លាប់​អះអាង​ថា នឹង​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក៏​បញ្ជាក់​ជំហរ​ដូច​គ្នា​នេះ​ទៀត​ថា ការ​គំរាម​ដាក់ទណ្ឌកម្ម​នេះ មិន​ត្រឹមតែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ថែម​ទាំង​ជា​ការ​ជ្រៀតជ្រែក​ក្នុង​ការ​ផ្ទៃក្នុង​របស់​កម្ពុជា ទៀត​ផង៖ «នេះ​ជា​ការ​ដាក់​សម្ពាធ​ខ្យល់ មិន​មែន​កើត​ដោយ​ឈរ​លើ​ភាព​ជាក់ស្ដែង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា។ កម្ពុជា​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ធ្វើ​ដូច្នេះ​គឺ​ជា​ការងារ និង​ផល​ប្រយោជន៍​របស់​គាត់។ ផលប្រយោជន៍​ពីរ​ហ្នឹង​ខុស​គ្នា។ យើង​អត់​មាន​សុំ​អង្វរករ​លោក ថិត នោះ​ទេ»

​លោក ផៃ ស៊ីផាន អះអាង​ថា កម្ពុជា​មាន​ជម្រើស​រើស​មេដឹកនាំ​ដោយ​ខ្លួន​ឯង​មិន​មែន​ដើម្បី​ផលប្រយោជន៍​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​នោះ​ឡើយ។

​ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​យល់​ថា សម្ពាធ​ណា​មួយ​របស់​អន្តរជាតិ គឺ​ជា​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ និង​ជា​ប្រទេស​ដែល​មិន​អាច​ខ្វះ​ជំនួយ និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​បាន​​នៅ​ឡើយ​ទេ។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ភាព​តានតឹង​សព្វ​ថ្ងៃ​ដើម្បី​ឲ្យ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ខាង​មុខ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា៖ «តើ​យើង​ចង់​រស់​នៅ​ក្នុង​ស្ថានភាព​ជា​ប្រទេស​ឯកោ ដូចជា​ប្រទេស​កុម្មុយនិស្ត​មួយ​ចំនួន ឬ​ចង់​រស់​នៅ​ជា​ប្រទេស​សេរី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​មាន​ភាព​សម្បូរ​សប្បាយ មាន​ស្ថិរភាព​នយោបាយ​យូរអង្វែង សន្តិសុខ​សង្គម សន្តិភាព និង​ការ​អភិវឌ្ឍ។ យើង​មាន​ការ​សោកស្ដាយ​ដែរ ដែល​ប្រជាធិបតេយ្យ​កសាង​មក​ជាង ២០​ឆ្នាំ ហើយ​បែរ​ជា​យើង​តែមួយ​ពព្រិច​ភ្នែក ឬ​មួយ​ភ្លែត យើង​ធ្វើ​ឲ្យ​ដំណើរការ និង​សមិទ្ធផល​ប្រជាធិបតេយ្យ​ដែល​បាន​កសាង​ជា​យូរ​មក​នេះ​ទៅ​ជា​សូន្យ​អាសាបង់»

​សេចក្ដី​ថ្លែងការណ៍​របស់​លោក ថិត គ្រូស គឺ​ជា​ឆ្លើយ​តប​ខ្លាំងៗ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​ចង់​បញ្ជាក់​អំពី​ជំហរ​ជាក់លាក់​ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​ជា​សារ​មួយ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​សុទ្ធតែ​ជា​តួអង្គ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ ដែល​ប្រទេស​កម្ពុជា ត្រូវ​គោរព​តាម ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕


សមាជិកព្រឹទ្ធសភា​អាមេរិក​ថានឹង​ចាប់​ផ្ដើម​ពិភាក្សា​ពី​ទណ្ឌកម្ម​ដំបូង​មក​លើ​កម្ពុជា


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment