មេដឹកនាំ​កម្ពុជា​វៀតណាម​សន្យា​រួមគ្នា​បោះ​បង្គោល​ព្រំដែន​ឲ្យ​រួច​នៅ​ឆ្នាំ​២០១៨

ដោយ អាស៊ីសេរី
2017-11-12

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth


មេដឹកនាំ​កម្ពុជា​-​វៀតណាម សន្យា​រួមគ្នា​ថា នឹង​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៨ និង​កសាង​ព្រំដែន​រួមគ្នា​មួយ ប្រកបដោយ​សន្តិភាព និង​ស្ថិរភាព។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ្រ្វេសញូវ (Fresh News) ឲ្យ​ដឹង​ថា ការ​ប្ដេជ្ញា​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ នៅ​ខេត្ត​ដាណាង ប្រទេស​វៀតណាម។ ក្នុង​ជំនួប​នោះ នាយករដ្ឋមន្ត្រី​វៀតណាម សន្យា​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ កាន់តែ​រឹងមាំ​ខ្លាំង​ឡើង ក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍។ បន្ថែម​ពី​នេះ មេដឹកនាំ​ប្រទេស​ទាំងពីរ កោតសរសើរ​ចំពោះ​ខួប ៥០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្រប់​វិស័យ ព្រមទាំង​រឹត​ចំណងមិត្តភាព​រវាង​ប្រជា​ពលរដ្ឋ​កម្ពុជា និង​វៀតណាម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទ្វេ​ថែមទៀត។

នៅ​ថ្ងៃ​ទី១១ វិច្ឆិកា នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ត្រាន់ ដាយក្វាន (Tran Dai Quang)។ ក្នុង​ជំនួប​នោះ លោក ត្រាន់ ដាយក្វាន បាន​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល វៀតណាម​នៅតែ​បន្ត​គោលនយោបាយ​ដដែល​របស់​ខ្លួន ក្នុង​ការ​ពង្រឹង និង​ពង្រីក​មិត្តភាព និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។

ជំនួប​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម​នេះ ធ្វើឡើង​ក្រៅ​ផ្លូវការ ខណៈ​ដែល​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ស្ដីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)។ ក្នុង​កិច្ចប្រជុំ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ជួប​នឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះ​ទេ។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា បាន​អំពាវនាវ​ឲ្យ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​ទទួល​យក​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ឬ​មីយ៉ាន់ម៉ា ធ្វើជា​សមាជិក។

វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៨៩ ដើម្បី​បើក​ចំហ​បញ្ហា ពាណិជ្ជកម្ម។ រហូតដល់​ពេលនេះ APEC មាន​សមាជិក ២១​ប្រទេស នៅ​លើ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មេដឹកនាំ​កម្ពុជា​វៀតណាម​សន្យា​រួមគ្នា​បោះ​បង្គោល​ព្រំដែន​ឲ្យ​រួច​នៅ​ឆ្នាំ​២០១៨"

  1. Eve says:

    There is a lot of information here.

    Eve
    http://recipesfantastic.com

Leave a Reply

Submit Comment