ក្រសួង​មហាផ្ទៃ​​ ព្រមាន​ចាប់​អ្នក​តវ៉ា​ប្រឆាំង​តុលាការ ​​រំលាយ​បក្ស​ប្រឆាំង

កងកម្លាំង​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​ក្នុង​រាជធានី​ពី​ថ្ងៃ​ពី​ថ្ងៃ​ ៣០ ​តុលា​។ ហុង មិនា



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​មុខ​នឹង​ការ​រំលាយ​នាពេល​ខាង​មុខ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា​ការ​តវ៉ា​ណា​មួយ​គាំទ្រ​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ហាមឃាត់ បើ​ទោះបី​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​អំពី​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក៏ដោយ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ការ​ប្រមូលផ្តុំ​ត្រូវ​ហាមឃាត់​នៅ​កន្លែង​នោះ ហើយ​ប្រសិន​បើ​មាន​ការ​រឹងទទឹង យើង​នឹង​អនុវត្ត​ច្បាប់​នៅ​កន្លែង​នោះ ហើយ​ចាប់​ខ្លួន​ពួកគេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​គ្រាន់តែ​រក្សា​សន្តិសុខ​»​។ លោក​អះអាង​ថា មិន​ត្រូវ​មាន​ «​សំឡេង​រំខាន​ណា​មួយ​» ​ខណៈ​តុលាការ​កំពូល​កំពុង​ធ្វើ​សេចក្តី​សម្រេច​នោះ​ទេ​។

តុលាការ​កំពូល​នឹង​ធ្វើ​សេចក្តី​សម្រេច​ថា​តើ​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​អត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មេដឹកនាំ​គណបក្ស​នេះ​កំពុង​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ​។

បើ​ទោះបី​ជា​មាន​ការ​ហាមប្រាម​នេះ​ក្តី​លោក សុភ័គ បាន​ថ្លែង​ថា​លោក​មិន​រំពឹង​ថា​នឹង​មាន​ការ​តវ៉ា​ណា​មួយ​ទេ​ដោយសារ​ភាគច្រើន​បំផុត​នៃ​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ភ័យខ្លាច​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​។

ទន្ទឹម​នេះ​រដ្ឋបាល​ខេត្ត​កោះកុង​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បោះបង់​គណបក្ស​នេះ​ចោល ហើយ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ចំពោះ​អ្នក​តវ៉ា​។

លិខិត​នេះ​បាន​ប្រកាស​ថា​៖ «​រដ្ឋបាល​ខេត្ត​កោះកុង​សូម​ជម្រាប​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ឈប់​គាំទ្រ​គណបក្ស​….​ប្រសិន​បើ​អាជ្ញាធរ​រកឃើញ​ថា សកម្មជន​…​គ្រោង​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នៅ​តុលាការ​កំពូល អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​»​។

លោក សុខ សុធី អ្នក​នាំពាក្យ​ខេត្ត​កោះកុង​បាន​បញ្ជាក់​អំពី​សេចក្តី​សម្រេច​នេះ ដោយ​បន្ថែម​ថា​អាជ្ញាធរ​នឹង​ហាមឃាត់​នរណា​ក៏ដោយ​ដែល​គ្រោង​ធ្វើការ​តវ៉ា មិន​ឲ្យ​ទៅ​ភ្នំពេញ​។

លោក សុក សំអឿន ដែល​ជា​អ្នក​​ជំនាញ​ច្បាប់​ថ្លែង​ថា​៖ «​បាតុកម្ម​ដោយ​សន្តិវិធី​គឺជា​សិទ្ធិ​» ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ «​ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​ពិបាក​យល់​អំពី​និយម​ន័យ​នៃ​បដិវត្តន៍​ពណ៌​»​។

រដ្ឋាភិបាល​បាន​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដដែលៗ​ថា​ក្បត់​ជាតិ​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​។

លោក​ ប៉ុល ហំម អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​គណបក្ស​នឹង​មិន​រៀបចំ​ធ្វើការ​តវ៉ា​ណា​មួយ​ទេ​។ «​យើង​មិនមែន​ផែនការ​រារាំង​តុលាការ​ទេ​»​។

លោក គៀត ច័ន្ទថារិទ្ធិ អ្នក​នាំពាក្យ​នគរបាល​ជាតិ​ហាក់​ថ្លែង​ផ្ទុយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ដោយ​ថា​ការ​តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​អនុញ្ញាត​។ «​យើង​មាន​ច្បាប់​ធ្វើការ​តវ៉ា ការ​តវ៉ា​សន្តិវិធី​»​។ «​នៅពេល​ស្ថានភាព​មាន​លក្ខណៈ​ស្ងប់ស្ងាត់ នគរបាល​ជាតិ​ក៏​ស្ងប់ស្ងាត់​ដែរ​…. ប្រសិន​បើ​ស្ថានភាព​ត្រូវការ​យើង​នឹង​ឆ្លើយតប​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ថ្លែង​ថា​លោក​ ហ៊ុន សែន «​កំពុង​ធ្វើ​កាន់តែ​ខ្លាំង​ឡើងៗ​ដល់​សិទ្ធិ​កំពូល​ដែល​បំពាន​មេដឹកនាំ​នានា​ក្នុង​អាស៊ាន​»​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​ការ​គំរាម​កំហែង​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​សន្តិវិធី​ដែល​គ្រាន់តែ​ទាមទារ​ឲ្យ​មាន​ការ​ ឮ​អំពី​សិទ្ធិ​របស់​ពួកគេ​បង្ហាញ​ថា​ការ​បំភិតបំភ័យ ការ​ភ័យខ្លាច និង​ហិង្សា​គឺ​ទាំងអស់​នោះ​កើត​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​ប្រជាជន​កម្ពុជា​»​។ ​«​នៅពេល​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​ចូលរួម​ការ​តវ៉ា​…​វា​ច្បាស់​ណាស់​ថា ភាព​ផ្តាច់ការ​ទាំង​ស្រុង​របស់​គាត់​បាន​មក​ដល់​ហើយ​»៕ PS


Contact authors: គង់ មេត្ដា and Andrew Nachemson

What Next?

Recent Articles

One Response to "ក្រសួង​មហាផ្ទៃ​​ ព្រមាន​ចាប់​អ្នក​តវ៉ា​ប្រឆាំង​តុលាការ ​​រំលាយ​បក្ស​ប្រឆាំង"

  1. Phanna says:

    ឲ្យវាចាប់មួយប្រទេសទៅ