អ្នកច្បាប់​ថា រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​សេរីភាព​ធ្វើបាតុកម្ម​គឺ​ខុសច្បាប់​ជាតិ​និង​អន្តរជាតិ

ដោយ ហេង សាកល
2017-11-13
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​រោងចក្រ​កាត់ដេរ​ស៊ីរ៉ាតិច (Seratex) ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​នៅ​មុខ​រោងចក្រ​នា​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្បាលដំរី ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha
កម្មករ​រោងចក្រ​កាត់ដេរ​ស៊ីរ៉ាតិច (Seratex) ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​នៅ​មុខ​រោងចក្រ​នា​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្បាលដំរី ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha


មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​លើក​ឡើង​ថា ការ​ប្រមូល​ផ្តុំ​កម្លាំង​មហាជន ដើម្បី​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ គឺជា​ទង្វើ​ល្មើសច្បាប់។ ក៏ប៉ុន្តែ​អ្នកច្បាប់​លើកឡើង​បញ្ច្រាស​ទៅវិញ​ថា ការ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឱ្យ​សំដែង​មតិ និង​បាតុកម្ម​វិញ​ទេ ដែល​ខុសច្បាប់​នោះ ព្រោះថា ការ​ប្រមូល​ផ្ដុំ​របស់​សាធារណជន​ធ្វើបាតុកម្ម​អហិង្សា ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​រដ្ឋធម្មនុញ្ញ។

សិទ្ធិ​សំដែង​មតិ និង​បាតុកម្ម​ដោយ​អហិង្សា ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ច្បាប់​ជាតិ អន្តរជាតិ​មួយ​ចំនួន​ទៀត​ក្ដី ក៏​ប៉ុន្តែ​សិទ្ធិ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​រឹតត្បិត ពេលខ្លះ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​បង្ក្រាប​ហិង្សា ទៅលើ​អ្នកតស៊ូ​មតិ​ទៀត​ផង។

លោក​មេធាវី ហែម សុជាតិ បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ដោយ​ប្រមូល​ផ្ដុំ​គ្នា ឬ​ការ​ដង្ហែ​ក្បួន ដោយ​មនុស្ស​មួយ​ក្រុម ដើម្បី​ទាមទារ តវ៉ា សម្ដែង​ជា​សាធារណៈ​នូវ​មនោសញ្ចេតនា គំនិត ឬ​ឆន្ទៈ​របស់​ខ្លួន​តាម​រូបភាព ឬ​មធ្យោបាយ​ផ្សេងៗ​ដោយ​សន្តិវិធី។ លោក​មេធាវី​បន្ត​ថា ការ​ប្រមូល​ផ្តុំ​សាធារណជន​ធ្វើបាតុកម្ម​អហិង្សា ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី។

ការ​លើកឡើង​របស់​អ្នកច្បាប់​បែបនេះ ស្រប​ពេល​ដែល​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បាន​សរសេរ​តាម​ទំព័រ​ហ្វេសបុក (Facebook) របស់​លោក​ថា ការ​ប្រមូលផ្តុំ​កម្លាំង​មហាជន ដើម្បី​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ គឺជា​ទង្វើ​ល្មើសច្បាប់។ លោក គឹម សន្តិភាព បន្ត​ថា ហេតុនេះ​អាជ្ញាធរ​សាធារណៈ​ដែល​មាន​កាតព្វកិច្ច តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ល្មើស​ក្នុង​សង្គម មាន​ភារកិច្ច​អនុវត្ត​វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​នូវ​ការប៉ុនប៉ង​ធ្វើបាតុកម្ម​បែប​ណា​មួយ ដោយ​លោក​ចាត់ទុកថា ជា​សកម្មភាព​ល្មើសច្បាប់។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​កាលបរិច្ឆេទ តុលាការ​កំពូល​បើក​សវនាការ​លើ​រឿង​ប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាងមុខ។

តប​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក​មេធាវី ហែម សុជាតិ ពន្យល់​ទៀត​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា ប្រសិន​បើ តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺ​ធ្វើ​ឡើង​ពុំ​មាន​ខុសឆ្គង​ផ្លូវច្បាប់​អ្វី​ឡើយ។ មេធាវី​បន្ត​ថា ក្រមព្រហ្មទណ្ឌ​មិនបាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​ចំពោះ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ឡើយ។ «»

មាត្រា ២ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ចែងថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

មាត្រា ៤ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ដដែល​ចែងថា បាតុកម្ម​ដោយ​សន្តិវិធី សំដៅ​លើ​ការ​ប្រមូល​ផ្ដុំ​គ្នា ឬ​ការ​ដង្ហែ​ក្បួន ដោយ​មនុស្ស​មួយ​ក្រុម ដើម្បី​ទាមទារ តវ៉ា សម្ដែង​ជា​សាធារណៈ​នូវ​មនោសញ្ចេតនា គំនិត ឬ​ឆន្ទៈ​របស់​ខ្លួន​តាម​រូបភាព ឬ​មធ្យោបាយ​ផ្សេងៗ​ដោយ​សន្តិវិធី។

មាត្រា ៣៧​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏បាន​ចែងថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្រម​ខណ្ឌ​នៃ​ច្បាប់។

មាត្រា ៣៨ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដដែល​ចែងថា ការចោទប្រកាន់ ការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន ឬ​ការ​ឃុំខ្លួន​ជន​ណាមួយ នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ដែរ​ថា តាម​គោលការណ៍​ច្បាប់ កិច្ច​ពិភាក្សា​សួរដេញដោល​ត្រូវ​ធ្វើ​ឡើងជា​សាធារណៈ។

មន្ត្រី​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ដំណើរការ​ក្ដី​មួយ​ប្រកបដោយ​ភាព​យុត្តិធម៌ ចាំបាច់​ណាស់ សវនាការ​ត្រូវ​ធ្វើ​ឡើងជា​សាធារណៈ ហើយ​ប្រជាពលរដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ​អាច​ចូលរួម​ស្ដាប់​កិច្ចពិភាក្សា​ដេញដោល​នេះ​បាន។

តុលាការ​កំពូល​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​១៦ ខែ​វិច្ឆិកា ខាងមុខនេះ។

មេធាវី ហែម សុជាតិ ឱ្យ​ដឹង​ថា គណបក្ស​សង្គ្រោះជាតិ​មិន​តតាំង​រឿង​ក្ដី​នេះ​ទេ ដោយសារតែ​រឿង​ក្ដី​នេះ​ជា​រឿង​នយោបាយ។

លោក ឡេង សេងហុង កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា បាន​អំពាវនាវ​ឱ្យ​សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រៀម​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើបាតុកម្ម​អហិង្សា ក្នុង​ករណី​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ មិនមែន​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ការពារ​របប​ប្រជាធិបតេយ្យ ដែល​ចែង​ពី​ពហុបក្ស និង​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​អះអាង​ថា លោក​មាន​កម្លាំង​ប្រមាណ​៤​ពាន់​នាក់​រួចហើយ សម្រាប់​ធ្វើ​បាតុកម្ម​នេះ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ការ​បង្ក្រាប​ណាមួយ​របស់​កងកម្លាំង ប្រដាប់​អាវុធ ដល់​ពលរដ្ឋ​ដែល​តវ៉ា ដើម្បី​ការពារ មិន​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំពើ​ខុសច្បាប់​ជាតិ និង​អន្តរជាតិ។

មក​ទល់​ពេល​នេះ មាន​មនុស្ស​មួយ​ចំនួន​កំពុង​ជាប់ឃុំ​ឃាំង ដោយសារតែ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដោយ​សន្តិវិធី ដូចជា សកម្មជន​គណបក្ស​សង្គ្រោះជាតិ សកម្មជន​ដីធ្លី ជាដើម។ ការ​ចាប់​ឃុំខ្លួន កង​កន្លងមក​ក៏​មានការ​ថ្កោលទោស​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំងនោះ​វិញ ដោយ​គ្មាន​លក្ខខ័ណ្ឌ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​តែងតែ​ចោទប្រកាន់​អ្នកមាន​បំណង​ជួបជុំ​ធ្វើ​បាតុកម្ម​ទាំង​នោះ​ថា ជា​ក្រុម​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកច្បាប់​ថា រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិ​សេរីភាព​ធ្វើបាតុកម្ម​គឺ​ខុសច្បាប់​ជាតិ​និង​អន្តរជាតិ"

  1. xxx says:

    កាល:ទេស:នេះគេឈប់និយាយអំពីច្បាប់ហើយ

Leave a Reply

Submit Comment