Mon, 13 November 2017
គង់ មេត្ដា and Andrew Nachemson
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ខណៈគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងការរំលាយនាពេលខាងមុខ ក្រសួងមហាផ្ទៃបានប្រកាសថាការតវ៉ាណាមួយគាំទ្រគណបក្សប្រឆាំងនឹងត្រូវហាមឃាត់ បើទោះបីជារដ្ឋធម្មនុញ្ញកម្ពុជាធានាអំពីសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក៏ដោយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា៖ «ការប្រមូលផ្តុំត្រូវហាមឃាត់នៅកន្លែងនោះ ហើយប្រសិនបើមានការរឹងទទឹង យើងនឹងអនុវត្តច្បាប់នៅកន្លែងនោះ ហើយចាប់ខ្លួនពួកគេ»។
លោកបានបន្ថែមថា៖ «យើងគ្រាន់តែរក្សាសន្តិសុខ»។ លោកអះអាងថា មិនត្រូវមាន «សំឡេងរំខានណាមួយ» ខណៈតុលាការកំពូលកំពុងធ្វើសេចក្តីសម្រេចនោះទេ។
តុលាការកំពូលនឹងធ្វើសេចក្តីសម្រេចថាតើនឹងរំលាយគណបក្សសង្គ្រោះជាតិ ឬអត់នៅថ្ងៃព្រហស្បតិ៍ ខណៈមេដឹកនាំគណបក្សនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ថាបានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានដាក់ពន្ធនាគារពីបទក្បត់ជាតិដែលត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថាជារឿងនយោបាយ។
បើទោះបីជាមានការហាមប្រាមនេះក្តីលោក សុភ័គ បានថ្លែងថាលោកមិនរំពឹងថានឹងមានការតវ៉ាណាមួយទេដោយសារភាគច្រើនបំផុតនៃមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិកំពុងភ័យខ្លាចការចាប់ខ្លួនបន្ថែមទៀត។
ទន្ទឹមនេះរដ្ឋបាលខេត្តកោះកុងបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍ដោយជំរុញឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបោះបង់គណបក្សនេះចោល ហើយនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកតវ៉ា។
លិខិតនេះបានប្រកាសថា៖ «រដ្ឋបាលខេត្តកោះកុងសូមជម្រាបប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិសូមឈប់គាំទ្រគណបក្ស….ប្រសិនបើអាជ្ញាធររកឃើញថា សកម្មជន…គ្រោងធ្វើការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនៅតុលាការកំពូល អាជ្ញាធរខេត្តនឹងចាត់វិធានការ»។
លោក សុខ សុធី អ្នកនាំពាក្យខេត្តកោះកុងបានបញ្ជាក់អំពីសេចក្តីសម្រេចនេះ ដោយបន្ថែមថាអាជ្ញាធរនឹងហាមឃាត់នរណាក៏ដោយដែលគ្រោងធ្វើការតវ៉ា មិនឲ្យទៅភ្នំពេញ។
លោក សុក សំអឿន ដែលជាអ្នកជំនាញច្បាប់ថ្លែងថា៖ «បាតុកម្មដោយសន្តិវិធីគឺជាសិទ្ធិ» របស់ប្រជាពលរដ្ឋគ្រប់រូបដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ «ប៉ុន្តែឥឡូវនេះខ្ញុំពិបាកយល់អំពីនិយមន័យនៃបដិវត្តន៍ពណ៌»។
រដ្ឋាភិបាលបានចោទប្រកាន់គណបក្សសង្គ្រោះជាតិជាដដែលៗថាក្បត់ជាតិតាមរយៈការធ្វើបដិវត្តន៍ពណ៌។
លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថាគណបក្សនឹងមិនរៀបចំធ្វើការតវ៉ាណាមួយទេ។ «យើងមិនមែនផែនការរារាំងតុលាការទេ»។
លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិហាក់ថ្លែងផ្ទុយនឹងមន្ត្រីរដ្ឋាភិបាលដោយថាការតវ៉ាដោយសន្តិវិធីត្រូវបានអនុញ្ញាត។ «យើងមានច្បាប់ធ្វើការតវ៉ា ការតវ៉ាសន្តិវិធី»។ «នៅពេលស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ នគរបាលជាតិក៏ស្ងប់ស្ងាត់ដែរ…. ប្រសិនបើស្ថានភាពត្រូវការយើងនឹងឆ្លើយតប»។
លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ថ្លែងថាលោក ហ៊ុន សែន «កំពុងធ្វើកាន់តែខ្លាំងឡើងៗដល់សិទ្ធិកំពូលដែលបំពានមេដឹកនាំនានាក្នុងអាស៊ាន»។
លោកបានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា៖ «ការគំរាមកំហែងបង្ក្រាបទៅលើអ្នកតវ៉ាសន្តិវិធីដែលគ្រាន់តែទាមទារឲ្យមានការ ឮអំពីសិទ្ធិរបស់ពួកគេបង្ហាញថាការបំភិតបំភ័យ ការភ័យខ្លាច និងហិង្សាគឺទាំងអស់នោះកើតចេញពីគណបក្សប្រជាជនកម្ពុជាទៅលើប្រជាជនកម្ពុជា»។ «នៅពេលប្រជាពលរដ្ឋមិនអាចធ្វើដំណើរពីផ្ទះរបស់ពួកគេទៅចូលរួមការតវ៉ា…វាច្បាស់ណាស់ថា ភាពផ្តាច់ការទាំងស្រុងរបស់គាត់បានមកដល់ហើយ»៕ PS
Contact authors: គង់ មេត្ដា and Andrew Nachemson
ឲ្យវាចាប់មួយប្រទេសទៅ