ក្រសួង​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រៀម​កម្លាំង​មុន​សវនាការ​រំលាយ CNRP

កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​កាលពី​ដើម​ខែ​នេះ​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស រៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​ត្រូវ​បាន​អធិប្បាយ​ថា​ជា​ «​ឧបាយកល​ផ្តួលរំលំ​រដ្ឋាភិបាល​» ខណៈ​ពេល​ដែល​តុលាការ​កំពូល​កំពុង​ត្រៀម​បើក​សវនាការ​លើ​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាន​ស្អែក​នេះ ខណៈ​ដែល​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ដាក់​ភ័ស្តុតាង​បន្ថែម​ទៅ​តុលាការ​ក្នុង​ការ​ប្តឹង​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ស្ទើរ​ពាក់កណ្តាល​ប្រទេស​នេះ​។

ក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ទៅ​អភិបាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស​ឲ្យ​រៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋអំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា​។

លោក ស ខេង បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ដើម្បី​គ្រប់គ្រង​តាមដាន​សភាពការណ៍ និង​ដោះស្រាយ​បញ្ហា​នានា​បាន​ទាន់​ពេលវេលា​យ៉ាង​ឆាប់​រហ័ស​នៅ​តាម​រដ្ឋបាល​ រាជធានី-ខេត្ត ក្រសួង​មហាផ្ទៃ​ស្នើ​ឯកឧត្តម លោកជំទាវ រៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន​ និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ តទៅ​នឹង​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ​»​។

ជាមួយ​គ្នា​នេះ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ឯក សេក ភូមី កាលពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ក៏​បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន​ឲ្យ​ «​ប្រមូល​កម្លាំង​ទាំងអស់​ប្រចាំការ​តាម​នាយកដ្ឋាន​នីមួយៗ​ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់​» និង​ឲ្យ​ប្រចាំការ​ ២៤ ម៉ោង​ចាប់ពី​ថ្ងៃ​ទី​ ១៥ ​ដល់​ថ្ងៃ​ទី​ ១៧ ​ហើយ​ «​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រយុទ្ធ​» និង​ត្រូវ​រាយការណ៍​មួយ​ថ្ងៃ​ពីរ​ដង​។

ជាមួយ​គ្នា​នេះ​លោក គី តិច មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី ៤ ​រូប​តំណាង​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​អ្នក​កាសែត​ក្រោយពី​បាន​ដាក់​ភ័ស្តុតាង​បន្ថែម​ទៅ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ថា​មាន​ភ័ស្តុតាង​សំខាន់ៗ​ចំនួន​បី​បន្ថែម​ទៀត ដាក់​ជូន​តុលាការ​កំពូល​ដើម្បី​ដាក់​បន្ទុក​លើ​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​បញ្ជាក់​ថា ​ឯកសារ​ទាំង​នោះ​ទាក់ទង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​មេធាវី​ដែល​មាន​ ៦២ ទំព័រ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ជី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន ១១៧ រូប​ត្រូវ​បាន​ស្នើសុំ​ផ្អាក​សកម្មភាព​នយោបាយ​។

លោក​បញ្ជាក់​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ដាក់​ភ័ស្តុតាង​ជាច្រើន​សន្ធឹក​សន្ធាប់​ហើយ​រឹងមាំ​រហូត​ដល់ ២៦ កញ្ចប់​នៃ​ភ័ស្តុតាង​។ បញ្ជី​ឈ្មោះ​នេះ​គឺ​យើង​បាន​ទទួល​ពី​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ចុង​ក្រោយ​ហើយ​យក​មក​ដាក់​នៅ​តុលាការ​។ ក្រុម​មេធាវី​អាច​វាយតម្លៃ​បាន​ថា មួយរយ​ភាគរយ​នឹង​ឈ្នះ​ក្តី និង​តុលាការ​ពិនិត្យ​ភ័ស្តុតាង និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​គិត​ថា​មិន​ខុស​ទេ ការ​ពង្រឹង​កម្លាំង​ដើម្បី​ត្រៀម​ខ្លួន​បំពេញ​ភារកិច្ច​ពេល​ណា​ដែល​មាន​ការ​ចាំបាច់​»​។

លោក​បន្ថែម​ថា​នគរបាល​មាន​វិធានការ​ប្រកប​ដោយ​ការ​បត់បែន​រស់រវើក ហើយ​អ្វី​ដែល​ល្អ​បំផុត​គឺ​នគរបាល​មិន​ចង់​ប្រើ​កម្លាំង​ច្រើន​ទេ​ដោយសារ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ទេសចរ​។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​រក្សា​ភាព​ស្ងប់ស្ងាត់​ធម្មតា ប៉ុន្តែ​យើង​ក៏​មាន​វិធានការ​តាម​បែប​នេះ​ដែរ ប៉ុន្តែ​ពេល​សភាពការណ៍​តម្រូវ​យើង​នឹង​ប្រើប្រាស់​កម្លាំង​ឆ្លើយតប​សមស្រប​។ កម្លាំង​នគរបាល​ដែល​មាន​តួនាទី​រក្សា​សន្តិសុខ​ផ្ទៃក្នុង និង​សង្គម​ត្រូវ​តែ​មាន​វិធានការ​ប្រុងប្រយ័ត្ន​ត្រៀម​ជា​មុន​មិន​អាច​ប្រហែស​បាន​ទេ​កាលណា​យើង​ប្រហែស​ពេល​មាន​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​យើង​សង្គម​យើង​នឹង​ទទួល​រងគ្រោះ​អន្តរាយ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ដែល​មាន​ការ​ណែនាំ​ពី​ថ្នាក់​លើ​ថ្នាក់ក្រោម​នឹង​អនុវត្ត​តាម​ដោយសារ​ថ្នាក់ដឹកនាំ​មើល​ឃើញ​ការ​ទៅ​ចូលរួម​របស់​ប្រជាពលរដ្ឋ​អាច​ធ្វើឲ្យ​ខូច​ប្រយោជន៍ ពលរដ្ឋ ហើយ​នេះ​គឺជា​រឿង​ច្បាប់​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ប្រើ​ប្រជាជន​ធ្វើ​ជា​ខែល ដើម្បី​ផលប្រយោជន៍​ខ្លួន​ធ្វើឲ្យ​ប៉ះដល់​ផលប្រយោជន៍​ជាតិ​។ ​«​យើង​ត្រូវ​តែ​ប្រាប់​គាត់​កុំ​ឲ្យ​គាត់​ធ្វើអ្វី​ដែល​ខុស​ច្បាប់​។ ក្នុង​នាម​អាជ្ញាធរ​យើង​ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​ថែរក្សា​សណ្តាប់ធ្នាប់​សារធារណៈ​ឲ្យ​បាន​ពិសេស​គឺ​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​»​។

លោក យឿង សុធារ៉ា អ្នក​ជំនាញ​ច្បាប់​នៅ​អង្គការ​ខុមហ្វ្រែល​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​ថ្លែង​ថា​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មិន​បាន​ផ្តល់​សមត្ថកិច្ច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ហាមប្រាម​ពលរដ្ឋ​ពី​នយោបាយ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ព្យួរ​គណបក្ស​រយៈពេល​ ៥ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​៖ «​ច្បាប់​នេះ​មិន​បាន​និយាយ​ច្បាស់​ចំពោះ​ការ​ហាម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ ឬ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នយោបាយ​ទេ​»​។

ទាំង​លោក សម រង្ស៊ី និង​កញ្ញា កឹម មនោវិទ្យា មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​អត្ថាធិប្បាយ​ទេ​។

ប៉ុន្តែ​មន្ត្រី​គណគណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ប្រកាស​ជាច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ថា​គណបក្ស​នេះ​មិន​មាន​គម្រោង​ណា​មួយ​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​៕ PS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

Leave a Reply

Submit Comment