ប្រធាន​​ក្រុមប្រឹក្សា​ស្រុក​មួយ​រូប​រង​ការ​ចោទ​ថា​បង្កក​ប្រាក់ខែ​មន្ត្រី​បក្ស​ជំទាស់​ដោយសារ​រឿង​​នយោបាយ

ដោយ អាស៊ីសេរី
2017-11-14

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​ស្ទឹងត្រែង (Photo: RFA)
ផែនទី​ខេត្ត​ស្ទឹងត្រែង (Photo: RFA)


សមាជិក​ក្រុមប្រឹក្សា​ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង មក​ពី​គណបក្ស សម រង្ស៊ី ចោទ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​នេះ​ថា បង្កក​ប្រាក់ខែ​ក្រោម​ហេតុផល​នយោបាយ។ ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សៀមបូក លោក កែវ ប៊ុនរឿន មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ម្នាក់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដោយ​សំអាង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​រូប​នោះ​មិន​បាន​ចូលរួម​ប្រជុំ។

​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ អន្តរាគមន៍​ទាក់ទិន​នឹង​ការ​បង្កក​ប្រាក់ខែ​របស់​លោក​ដោយ​គ្មាន​មូលដ្ឋាន ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​បក្ស​នយោបាយ។

​ក្រុមប្រឹក្សា​ស្រុក​សៀម​បូក​មកពី​គណបក្ស សម រង្ស៊ី លោក ឃីវ ប៊ុនថន ចោទ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សៀមបូក លោក កែវ ប៊ុនរឿន ថា មាន​ចេតនា​បង្កក​ប្រាក់​ខែ​លោក​ក្រោម​ហេតុផល​មិន​បាន​បំពេញ​តួនាទី​ជា​ក្រុមប្រឹក្សា​ឃុំ ដោយ​ខកខាន​មិន​បាន​មក​ប្រជុំ​តាម​ការ​អញ្ជើញ​កន្លង​មក។ លោក​ចាត់​ទុក​ថា ការ​មិន​បើកប្រាក់​ជា​ច្រើន​ខែ​មក​នេះ គឺជា​ចេតនា​រើសអើង​បក្ស​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៖ «គេ​មក​កាត់​ប្រាក់ខែ​ខ្ញុំ​អ៊ីចឹង បើ​ថា​ប្រជុំ​ប្រចាំខែ​បើ​គេ​ហៅ​ខ្ញុំ​ទៅ​តើ! គេ​អត់​ហៅ​ធ្វើ​ការ»

​ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សៀមបូក លោក កែវ ប៊ុនរឿន ឆ្លើយ​តប​ថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​រូប​នោះ​បាន​ដាក់ពាក្យ​ស្នើ​សុំ​ឈប់ ហើយ​កន្លង​មក​លោក​បាន​បើក​ប្រាក់​ខែ​ឲ្យ​ដោយសារ​តែ​សមាជិក​ក្រុមប្រឹក្សា​រូប​នោះ​ចូលរួម​ប្រជុំ និង​ធ្វើ​កិច្ច​ការងារ។ តែ​ក្រោយ​ពី​គាត់​មិន​បាន​មក​បម្រើ​ការងារ យោង​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​ផ្អាក​ប្រាក់​មួយ​រយៈ​សិន លុះ​ណា​មាន​សេចក្ដី​សម្រេច​ពី​ក្រសួង​មហាផ្ទៃ ផ្លាស់ប្ដូរ​សមាសភាព​ថ្មី​ជា​មុន​សិន ទើប​អាច​ប្រើ​ក​ប្រាក់ខែ​បាន៖ «ដោយសារ​គាត់​មិន​មក​ចូល​រួម​ប្រជុំ​ក្នុង​រយៈពេល ២ ទៅ ៣​ខែ អ៊ីចឹង​ប្រាក់​ហ្នឹង​យើង​ត្រូវ​ផ្អាក​មួយ​រយៈ»

​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក សាត ស៊ិន អះអាង​ថា នៅ​ពេល​ដែល​សមាជិក​ក្រុមប្រឹក្សា​ណា​ដាក់​លិខិត​លាលែង ហើយ​ក្រសួង​មហាផ្ទៃ មិន​ទាន់​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា នោះ​មាន​ន័យ​ថា ក្រុមប្រឹក្សា​ដែល​ស្នើសុំ​លាលែង​នៅ​តែ​មាន​សុពលភាព ហើយ​ប្រធាន​ក្រុមប្រឹក្សា​ត្រូវតែ​កោះ​ប្រជុំ​រាល់​ពេល​ប្រជុំ​សាមញ្ញ។ លោក​បញ្ជាក់​ថា ការ​បង្កក​ប្រាក់ខែ​របស់​សមាជិក​ក្រុមប្រឹក្សា​ស្រុក គឺ​ជា​ទង្វើ​ខុស​នីតិវិធី ព្រោះ​ការ​ឡើង​កាន់​តំណែង​របស់​សមាជិក​ក្រុមប្រឹក្សា​ស្រុក គឺ​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ​ដោយ​បោះឆ្នោត។ ដូច្នេះ ការ​បង្កក​ប្រាក់ខែ​អាច​ធ្វើ​បាន លុះ​ត្រា​តែ​មាន​លិខិត​ស្នើសុំ​ពី​គណបក្ស​នយោបាយ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ​ជា​មុន​សិន។

លោក សាត ស៊ិន៖ «គាត់​ប្រាប់​ខ្ញុំ​រង់ចាំ​តែ​លិខិត​អញ្ជើញ​គាត់​នឹង​ទៅ ព្រោះ​ហេតុ​អី​បាន​គាត់​ទៅ? ព្រោះ​អ្នក​ដែល​ទទួល​តំណែង​ពី​គាត់​អត់​ចង់​ផុត​សុពលភាព អ៊ីចឹង​គាត់​នៅ​មាន​សិទ្ធិ ហើយ​បើ​ឆ្លើយ​ថា គាត់​មិន​ទៅ​ធ្វើ​ការ​ទេ អា​ហ្នឹង​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ជាមួយ​ពី​ណា បើ​ប្រធាន​ក្រុមប្រឹក្សា​មិន​កោះ​អញ្ជើញ​គាត់​មក​ធ្វើ​ការ»

​មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា យល់​ថា រឿង​​ចូល​ប្រជុំ និង​មិន​ចូល​ប្រជុំ​របស់​សមាជិក​ក្រុមប្រឹក្សា​ស្រុក គឺ​ពាក់ព័ន្ធ​រឿង​វិន័យ​រដ្ឋបាល បើ​មាន​ចែក​ក្នុង​ច្បាប់​ណា​មួយ​ដែល​កំណត់​ថា ការ​មិន​ចូល​ប្រជុំ​ត្រូវ​បង្កក​ប្រាក់​ខែ​ទើប​អាច​ធ្វើ​ទៅ​បាន៖ «ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​ហិរញ្ញវត្ថុ​រឿង​ប្រាក់​ខែ​នេះ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ហ្នឹង​មិន​អាច​ដាក់​ទោស​ពិន័យ​លើ​សមាជិក​របស់​ខ្លួន​តាម​តែ​អំពើ​ចិត្ត​ទេ»

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​បង្កក​ប្រាក់​ខែ​គឺ​ជា​ចេតនា​លេស​នយោបាយ​ដោយ​គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​មាន​វត្តមាន​គណបក្ស​ជំទាស់​នៅ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment