រដ្ឋ​សភា​នឹង​បើក​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ដើម្បី​ជ្រើសតាំង​សមាជិក​គណៈកម្មការ​បន្ថែម

ដោយ មាន ឫទ្ធិ
2017-11-13
អាស៊ីសេរី

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា (Photo: RFA)
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា (Photo: RFA)


រដ្ឋ​សភា​ជាតិ នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​បន្ថែម​ ២​រូប​សម្រាប់​គណៈកម្មការ​រដ្ឋ​សភា​សរុប​ចំនួន ១០​គណៈកម្មាការ​រដ្ឋសភា។ ការ​បោះឆ្នោត​នៅ​ក្នុង​សម័យប្រជុំ​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​របៀបវារៈ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​របៀបវារៈ​មួយ​ចំនួន​ទៀត​ដែល​រដ្ឋសភា​គ្រោង​នឹង​លើក​យក​មក​ពិភាក្សា និង​អនុម័ត​នៅ​ក្នុង​សម័យ​ប្រជុំ​នោះ។

​កន្លង​មក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដាក់​បញ្ជី​តំណាងរាស្ត្រ​របស់​ខ្លួន​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បន្ថែម​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ទាំង ១០ នេះ​ទេ ដោយ​លោក​លើក​ហេតុផល​ថា បក្ស​ប្រឆាំង​ពុំ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បោះ​ឆ្នោត​ការពារ​បេក្ខជន​ដែល​ខ្លួន​ដាក់​ឲ្យ​សម័យប្រជុំ​រដ្ឋសភា​ជ្រើសតាំង​នៅ​ពេល​ខាង​មុខ។

លោក សុន ឆ័យ អះអាង​ថា គោលបំណង​របស់​គណ​បក្ស​កាន់​អំណាច​ក្នុង​ការ​បន្ថែម​ចំនួន​​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ពី ៩ ទៅ ១១​រូប ក្នុង​គណៈកម្មការ​នីមួយៗ​នេះ គឺ​ដើម្បី​ឲ្យ​គណបក្ស​នេះ​អាច​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ទាំង​អស់​តែម្ដង ហើយ​អាច​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ថ្មី​ជំនួស​ឲ្យ​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​មក​ពី​ខាង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​គណបក្ស​នេះ​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​សរុប​ចំនួន​៥។

​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋ​សភា​​ក៏​គ្រោង​នឹង​លើក​យក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ មក​ពិភាក្សា និង​អនុម័ត​ផង​ដែរ។ ក្រៅ​ពី​របៀបវារៈ​សំខាន់ៗ​នេះ រដ្ឋសភា​​ក៏​គ្រោង​នឹង​ពិភាក្សា និង​អនុម័ត​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី ចិន ប្រ៊ុយណេ ដារូសាឡឹម និង​ថៃ ស្ដីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment